ពិព័រណ៍រួមរបស់សិល្បករវ័យក្មេងបីរូបឆ្លុះបញ្ចាំងពីទិដ្ឋភាពនៃជីវិតដែលគេមិនសូវរាប់រក
NEWS 6 years ago កាលពីថ្ងៃទី១៩ ខែមករា កន្លងទៅនេះ ក្រុមសិល្បករវ័យក្មេងបីរូបបានដាក់បង្ហាញនូវផ្ទាំងគំនូរ រួមជាមួយ
នឹងស្នាដៃផ្សេងៗទៀតជាច្រើនរបស់ពួកគេនៅវិចិត្រសាល «Bong The Gallery» រាជធានីភ្នំពេញ។ បន្ថែមពីនេះទៅទៀត នៅក្នុងពិព័រណ៍ក្រោមប្រធានបទ «I Do Not Belong Here» របស់សិល្បករវ័យក្មេងបីរូបដែលមានរហ័សនាម «Homeless» នេះបានបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅដែលបង្ហាញអំពីទិដ្ឋភាពជាក់ស្តែងនៃការរើសអើងយ៉ាងខ្លាំងរបស់មនុស្សដែលរស់នៅជុំវិញខ្លួនរបស់ពួកគេ។
វ័យទើបតែ ២១ ឆ្នាំ ចាង សៀងហៃ ត្រូវបានគេស្គាល់ថាជាអ្នកច្នៃម៉ូតសម្លៀកបំពាក់ដ៏ឆ្នើមនៅក្នុងវិស័យហ្វេហ្សិន និងជាវិចិត្រករ (Visual Artist) ម្នាក់ក្នុងរាជធានីភ្នំពេញ។ រូបថតដែលយើងកំពុងតែឃើញនៅលើជញ្ជាំងនៃពិព័រណ៍នេះជាស្នាដៃរបស់សៀងហៃដែលបានដកស្រង់ចេញពីខ្សែភាពយន្តបរទេសមួយ ហើយវាជាផ្នែកថ្មីមួយក្នុងការបង្កើតនូវចលនានៃសិល្បៈថ្មីៗ។ ជាក់ស្តែង ចំពោះលក្ខណៈរូបថតរបស់ សៀងហៃ នោះផ្តោតសំខាន់ទៅលើ Dark Art ឬហៅថាសិល្បៈងងឹត និងថតរូបអាក្រាតកាយ (Nude Photography) ហើយវាក៏បង្ហាញអំពីអត្តចរិតរបស់គាត់ដែលមិនសូវចូលចិត្តនិយាយជាមួយមនុស្សច្រើន ជាពិសេស ការស្លៀកពាក់ដែលមានលក្ខណៈខុសប្លែកពីអ្នកដទៃដែលធ្វើឲ្យគាត់ទទួលរងនូវការរិះគន់ជាខ្លាំង។
ចាង សៀងហៃ
ងាកមកផ្ទាំងគំនូរជាច្រើនផ្ទាំងដែលជាស្នាដៃរបស់វិចិត្រករ សូ សុទ្ធសុវណ្ណគង់ ដែលលោកគឺជាវិចិត្រករគូររូបលើជញ្ជាំងតាមដងផ្លូវម្នាក់។ សុវណ្ណគង់ បានលើកឡើងថា «គំនូរនៅលើជញ្ជាំងដែលបានគូរនៅតាមដងផ្លូវ ហាក់បីដូចជាមិនសូវមានអ្នកចូលចិត្ត និងស្រឡាញ់នោះទេ ប៉ុន្តែគំនូរទាំងអស់នេះវាបានបង្ហាញអំពីភាពច្នៃប្រឌិតថ្មីៗរបស់វិចិត្រករគូរលើជញ្ជាំងគ្រប់រូប»។ ជាការពិតណាស់ គំនូរនៅលើជញ្ជាំងនេះមើលទៅពិតជាគ្មានអ្វីដែលទាក់ទាញនោះទេ ប៉ុន្តែប្រសិនបើយើងដឹងអំពីអត្ថន័យរបស់គំនូរនោះ យើងប្រាកដជាមើលមិនដាក់ភ្នែកឡើយ។
សូ សុទ្ធសុវណ្ណគង់
ដោយឡែក គ្រប់គ្នាចូលមកដល់កន្លែងតាំងពិព័រណ៍ប្រាកដជាឆ្ងល់ហើយថា គ្រាន់តែចម្រឹងបង្អួចសោះ ហេតុអ្វីបានត្រូវយកមកដាក់តាំងនៅក្នុងពិព័រណ៍នេះ? ជាការពិតណាស់ ចម្រឹងបង្អួចដែលមានលក្ខណៈទ្រុឌទ្រោម ពោរពេញទៅដោយច្រេះនោះ គឺជាការបង្ហាញនូវសំណង់អគារចាស់ៗដែលមាននៅក្នុងសម័យសង្គមរាស្ត្រនិយម និងសម័យអាណានិគមមកម្ល៉េះ ហើយនេះជាស្នាដៃរបស់វិចិត្រករ ស៊ិន ម៉ានី មកពីខេត្តបាត់ដំបង។ ម៉ានី បានប្រាប់មក សូវរីន ថា «ចម្រឹងបង្អួចនេះខ្ញុំបានព្យាយាមស្វែងរកស្ទើរតែគ្រប់ទីកន្លែងមកហើយពីកន្លែងដែលគេវាយកម្ទេចសំណង់អគារចាស់ៗពីសង្គមរាស្ត្រនិយម និងសម័យអាណានិគម ហើយវាគឺជាការចង្អុលបង្ហាញមួយដែលអាចធ្វើឲ្យមនុស្សគ្រប់រូបមានការចងចាំនៃអនុស្សាវរីយ៍ជាច្រើនដែលមាននៅក្នុងអតីតកាល»។ ជាក់ស្តែង វត្ថុប្រើប្រាស់ និងសំណង់អគារមួយចំនួនត្រូវបានបាត់បង់ស្ទើរតែទាំងស្រុងតែម្តង ហើយនេះអាចជាបញ្ហាមួយដែលអាចធ្វើឲ្យមនុស្សជំនាន់ក្រោយភ្លេចនូវទម្រង់មួយចំនួនដែលមាននៅក្នុងអតីតកាល។
ស៊ិន ម៉ានី
គួរបញ្ជាក់ផងដែរថា ការតាំងពិព័រណ៍ស្នាដៃរបស់ «Homeless» បើកជូនឲ្យមហាជនចូលទស្សនាដោយសេរីដែលធ្វើឡើងនៅវិចិត្រសាល «Bong The Gallery» ដោយមានអាសយដ្ឋាន ផ្ទះលេខ 18E2 ស្ថិតនៅលើដងវិថីសុធារស រាជធានីភ្នំពេញ៕
Article by PAN SIVLY