អាការៈមួយប្រភេទដែលធ្វើឲ្យមនុស្សងងុយគេងគ្រប់ពេលហើយគ្រប់គ្នាច្រលំថាជាជំងឺខ្ចិល
TRAVEL & LIVING 5 years ago ឧស្សាហ៍ស្ងាបឬងងុយគេងគ្រប់ពេលវេលាមិនថា ថ្ងៃឬយប់ សូម្បីតែហូបបាយ បើកបរ អានសៀវភៅ អង្គុយលេង ជជែកគ្នាលេងឬក៏ធ្វើអ្វីមួយ ហើយប្រសិនបើពេលយប់វិញគេងភ្ញាក់ៗជាច្រើនលើកច្រើនសារដោយសារតែគ្រាប់ភ្នែកធ្វើចលនាជាញឹកញាប់នៅពេលបិទភ្នែក នេះគឺជាអាការៈ ធម្មជាតិមួយប្រភេទដែលគេហៅថាណាកូឡេបស៊ី (Nacolapsy)។ បើទោះបីជាមនុស្សម្នាក់ដែលព្យាយាមចូលគេងឲ្យលឿនពីព្រលប់ លេបថ្នាំងងុយគេង ឬក៏ខំប្រឹងរកវិធីផ្សេងៗដើម្បីឲ្យគេងឲ្យបានស្កប់ស្កល់នៅពេលរាត្រីយ៉ាងណាក្តី ក៏អ្នកដែលកើតណាកូឡេបស៊ីនៅតែមិនអាចដេកពេញភ្នែកបាននេះក៏ព្រោះតែខួរក្បាល បានបាត់បង់នូវការ គ្រប់គ្រងក្នុងការបញ្ចេញជាតិគីមីដែលធ្វើឲ្យយើងងងុយគេង។ អាការៈបែបនេះជាញឹកញាប់វាតែងតែធ្វើឲ្យយើងងងុយគេង នឹងបង្ខំចិត្តគេងយ៉ាងហោចណាស់ ១៥នាទី ទើបធ្វើឲ្យយើងត្រលប់មកសភាពដូចមនុស្សធម្មតាវិញ។ អ្នកស្រាវជ្រាវជាច្រើនបានបង្ហាញថា ជាទូទៅអាការៈប្រភេទនេះភាគច្រើនកើតមានឡើងជាមួយនឹងមនុស្សចន្លោះចាប់ពីអាយុ ១៥ឆ្នាំ រហូតដល់ ៣៥ឆ្នាំ ដែលជាវ័យពេញកម្លាំងនិងជាវ័យដែលមមាញឹកខ្លាំងបំផុតក្នុងជីវិត។ មូលហេតុដែលបង្កឲ្យមានអាការៈណាកូឡេបស៊ីនេះត្រូវបានអ្នកវិទ្យាសាស្រ្តបានឲ្យដឹងថាដោយសារតែប្រព័ន្ធភាពស៊ាំរបស់មនុស្សដែលប្រឆាំងនឹងជំងឺផ្សេងៗឬជាតិពុលមួយចំនួននោះ បានបកមកប្រឆាំងជាមួយនឹងប្រូតេអ៊ីនម្យ៉ាងដែលហៅថា Trib 2។ Trib 2 គឺជាសារធាតុម្យ៉ាងដែលដើរតួរយ៉ាងសំខាន់ក្នុងការគ្រប់គ្រងដំណេក ដែលវាបានបញ្ចេញនូវសារធាតុគីមីល្អមួយទៅខួរក្បាល ធ្វើឲ្យយើងងងុយគេងនេះឯង។ ដូច្នេះបានន័យថា ណាកូឡេបស៊ី បានធ្វើឲ្យខួរក្បាលបាត់បង់នូវជំនួយការដ៏សំខាន់មួយដែលតែងតែដាស់តឿនខ្លួនឲ្យសម្រាក ហើយបានធ្វើឲ្យខួរក្បាលបាត់បង់ការគ្រប់គ្រងដំណេករបស់ខ្លួននិងលែងដឹងពេលវេលាទទួលដំណេកឲ្យពិតប្រាកដ។ ទាំងអស់នេះបានបង្កឲ្យសារពាង្គកាយចុះខ្សោយ ហើយក៏មានអ្នកខ្លះឆាប់ប្រតិកម្មអារម្មណ៍រហ័សដែលបង្កឲ្យពួកគេសើចទាំងគ្មានហេតុផល ក្រោយមកក៏ទន់ដៃទន់ជើង រួចក៏ដួលមួយសន្ទុះទើបដឹងខ្លួនឡើងវិញ។ នៅមានកត្តាជាច្រើនទៀតដែលធ្វើឲ្យមនុស្សម្នាក់កើតនូវអាការៈ ណាកូលេបស៊ីនេះតួរយ៉ាងដូចជា៖ ស្ត្រេសខ្លាំង, ការផ្លាស់ប្តូអរម៉ូនដើម្បីភាពពេញវ័យ, ការចាក់វ៉ាក់សាំងការពារជំងឺផ្សេងៗ ពិសេសនោះគឺការចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយជ្រូក (H1N1) ព្រោះវ៉ាក់សាំងប្រភេទនេះបានចូលទៅបំផ្លាញនូវសារធាតុគីមីដែលធ្វើឲ្យងងុយគេងរបស់ខួរក្បាលនេះឯង។ ណាកូឡេបស៊ី អាចប៉ះពាល់ខ្លាំងហើយធ្វើ កម្លាំងសាច់ដុំក សាច់ដុំមុខ ភ្នែក និងតាមសន្លាក់ផ្សេងៗលែងស្តាប់បញ្ជា ដែលធ្វើឲ្យយើងជួនមានសភាពស្វាហាប់ ជួនទន់ខ្សោយ ហើយតែងតែងងុយគេងជាញឹកញាប់។ ដូចនេះប្រសិនបើអ្នកមានអាការៈងងុយគេងគ្រប់ពេលវេលា សម្រាកមិនស្កប់ស្កល់ ដេកភ្ញាក់ៗជាច្រើនដងនៅពេលរាត្រី អ្នកគួរទៅពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិតជំនាញដើម្បីទទួលបានការព្យាបាល។ យ៉ាងណាមិញអ្នកស្រាវជ្រាវក៏បានដាស់តឿនរំឭកឲ្យឧស្សាហ៍ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ ព្យាយាមធ្វើសម្មាធិផងដែរ៕
Article by KEO SONG