កម្មវិធីទូរសព្ទដៃសម្រាប់ជួលសម្លៀកបំពាក់ចូលរួមកម្មវិធីពិសេសៗបង្កើតឡើងដោយក្រុមយុវជនវ័យក្មេងមួយក្រុម
NEWS 5 years agoរាល់ពេលមានកម្មវិធីពិសេសម្តងៗដូចជា៖ ពិធីរៀបអាពាហ៍ពិពាហ៍ ពិធីខួបកំណើត ឬកម្មពិធីផ្សេងៗ ដែលអ្នកត្រូវបានគេអញ្ជើញឲ្យចូលរួម អ្នកប្រាកដជាជួបប្រទះនូវបញ្ហាក្នុងការសម្រេចចិត្តជ្រើសរើសសម្លៀកបំពាក់ប្រភេទណាដែលសមរម្យ ស័ក្តិសមទៅនឹងកម្មវិធី រូបរាង ហើយថែមទាំងចំណាយថវិកាតិចសម្រាប់ទិញសម្លៀកបំពាក់ទាំងនោះជាក់ជាមិនខាន។ បញ្ហាដដែលនេះ គឺជាឧបសគ្គដ៏ធំបំផុតសម្រាប់មិត្តៗនារីមួយចំនួនដែលត្រូវត្រៀមសម្លៀកបំពាក់យ៉ាងហោចណាស់រយៈពេលពីរសប្តាហ៍ ឬមុនមួយខែសម្រាប់កម្មវិធីទាំងនោះ។ យ៉ាងណាមិញ ដើម្បីដោះស្រាយនូវបញ្ហាទាំងអស់នេះ សូវរីន នឹងបង្ហាញជូននូវកម្មវិធីទូរសព្ទដៃថ្មីមួយ បង្កើតឡើងដោយក្រុមយុវជនវ័យក្មេង ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់អ្នក។
«Style-ស្តាយ៍» ជាកម្មវិធីទូរសព្ទដៃថ្មីស្រឡាងបង្កើតឡើងដោយក្រុមយុវជនវ័យក្មេងបួនរូប ជានិស្សិតឆ្នាំទី២ សិក្សានៃសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្កន ក្នុងនោះរួមមាន៖
កញ្ញា សូ សម្ផស្ស (CEO), កញ្ញា ហេង ប៊ុណ្ណាវីន (CMO) សិក្សាលើមុខជំនាញ ធនាគារ និងហិរញ្ញវត្ថុ, កញ្ញា រិទ្ធី ពេជ្រចរណៃ (CBO) សិក្សាលើមុខជំនាញពាណិជ្ជកម្មអន្តរជាតិ និងភស្តុភារ និង ស៊ីម លីម៉េង (CTO) សិក្សាលើមុខជំនាញ គ្រប់គ្រងប្រព័ន្ធព័ត៌មាន។ ជាមួយគ្នានេះដែរ កញ្ញា សូ សម្ផស្ស ជាសមាជិកក្នុងក្រុម បានលើកឡើងពីបទពិសោធន៍ផ្ទាល់ខ្លួនដូច្នេះថា រាល់ពេលមានកម្មវិធីម្តងៗកញ្ញាត្រូវចំណាយថវិកាច្រើន រួមទាំងពេលវេលាក្នុងការដើរទិញសម្លៀកបំពាក់តម្រូវកម្មវិធីទៀតនោះវាបានធ្វើឲ្យកញ្ញាមានភាពលំបាកយ៉ាងខ្លាំងក្នុងការសម្រេចចិត្តថា គួរចូលរួមកម្មវិធី ឬមិនគួរចូលរួមកម្មវិធី។ ហេតុដូចនេះ ទើបកញ្ញាក៏ចាប់ផ្តើមយកបញ្ហាទាំងនោះពិភាក្សាជាមួយសមាជិកដទៃទៀត ដើម្បីបង្កើតនូវអ្វីដែលថ្មី ហើយផ្តល់ជាភាពងាយស្រួលដល់អ្នកដែលមានបញ្ហាដូច្នេះដែរ។
មិនត្រឹមតែប៉ុណ្ណោះ «Style-ស្តាយ៍» ក៏ត្រូវបានបែងចែកជាពីរផ្នែក៖ សម្រាប់ផ្នែកទីមួយ គឺបុរសអាចជួលអាវធំខាងក្រៅ និងអាវប្រពៃណី ចំណែកឯផ្នែកទីពីរវិញសម្រាប់នារី ពួកគេអាចជួលរ៉ូប និងសម្លៀកបំពាក់ប្រពៃណីជាដើម។ យ៉ាងណាមិញ រាល់ពេលដែលអ្នកធ្វើការកក់សម្រាប់ជួលសម្លៀកបំពាក់តាមរយៈ «Style-ស្តាយ៍» វានឹងផ្តល់ទីតាំង និងតម្លៃជួលក្នុងមួយឈុតនៃហាងសម្លៀកបំពាក់នីមួយៗ ហើយអ្នកក៏ តម្រូវឲ្យធ្វើការកក់ប្រាក់មួយចំនួននៃតម្លៃដែលបានបង្ហាញនៅក្នុង «Style-ស្តាយ៍» ឬរក្សាទុកនូវអត្តសញ្ញាណប័ណ្ណរបស់អ្នកជាមួយនឹងម្ចាស់ហាង អ្នកក៏អាចទទួលបានវាមកវិញរាល់ពេលដែលអ្នកប្រគល់សម្លៀកបំពាក់នោះទៅម្ចាស់វិញ។ គួរបញ្ជាក់ផងដែរថា «Style- ស្តាយ៍» នឹងចាប់ផ្តើមដាក់ដំណើរការកម្មវិធីរបស់ខ្លួននៅក្នុង ខែកញ្ញា ខាងមុខនេះ៕
Article by PAN SIVLY