×

ចាន​ដាក់​អាហារ​ដែល​ធ្វើ​ពី​មើមដំឡូង​មី​ ​ពី​កញ្ញា​ ​សៀ​ ​ឡុង​ស្រី​នាថ​

NEWS 4 years ago
 
 

​            ​ស្រប​ពេល​ដែល​ពិភពលោក​បាន​និង​កំពុង​រក​មធ្យោបាយ​ផ្សេង​ៗ​ក្នុង​ការកាត់បន្ថយ​ប្លាស្ទិក​ដែល​ជា​សារធាតុ​នាំឲ្យ​ខូច​បរិស្ថាន​នោះ​ ​នៅ​កម្ពុជា​ក៏​កំពុងតែ​រក​ដំណោះស្រាយ​ធ្វើ​យ៉ាងណា​ឲ្យ​មានការ​ប្រើប្រាស់​ប្លាស្ទិក​បាន​តិច​បំផុត​ផង​ដែរ​ ​ក៏ប៉ុន្តែ​ការចូលរួម​នេះ​ហាក់​នៅ​មិនទាន់​ឆ្លើយតប​នឹង​ការ​ចង់បាន​របស់​មហាជន​ទូទៅ​នៅឡើយ​។​ ​ដោយសារតែ​តម្រូវការ​ប្រើប្រាស់​ជាចាំបាច់​និង​មិន​អាច​រក​អ្វី​មក​ជំនួស​បាន​នោះ​ទើប​ធ្វើឲ្យ​ម្ចាស់​អាហារដ្ឋាន​ ​ភោជនីយដ្ឋាន​ក៏ដូចជា​ប្រជាជន​កម្ពុជា​មួយចំនួន​ ​បាន​បង្ខំចិត្ត​ប្រើប្រាស់​នូវ​ចាន​ស្នោ​និង​កែវ​ជ័រ​មក​ប្រើ​ដើម្បី​ដាក់​នូវ​ចំណីអាហារ​វេច​ខ្ចប់​ផ្សេង​ៗ​។​ ​ដោយ​សម្លឹង​មើលឃើញ​ពី​បញ្ហា​ទាំងអស់​នេះ​និង​មក​ពីក​ត្តា​យល់ដឹង​ពី​បរិស្ថាន​ផង​ ​និង​បានឃើញ​ពី​ទុក​លំបាក​របស់​កសិករ​ក្នុង​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​ផង​នោះ​បាន​ធ្វើឲ្យ​យុវតី​មួយ​រូប​បាន​បបួល​មិត្តភក្តិ​ដើម្បី​ចងក្រង​ជា​ក្រុម​មួយ​ដែល​មានឈ្មោះ​ថា​ ​CAMBO​ ​BIO​ ​GREEN​ ​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងអស់​នេះ​ដោយ​បាន​ច្នៃ​មើមដំឡូង​មី​ឲ្យ​ក្លាយទៅជា​ចាន​សម្រាប់​ដាក់​អាហារ​បរិភោគ​ជំនួស​ឲ្យ​ចាន​ស្នោ​រវិ​ញ​។​ ​នៅក្នុង​វ័យ​ ​ម្ភៃ​បី​ឆ្នាំ​ ​កញ្ញា​ ​សៀ​ ​ឡុង​ស្រី​នាថ​ ​គឺជា​និស្សិត​ផ្នែក​ ​គីមី​ចំណីអាហារ​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​និង​ជា​ស្ថាបនិក​នៃ​ ​CAMBO​ ​BIO​ ​GREEN​ ​បាន​ប្រើប្រាស់​ចំណេះដឹង​មូលដ្ឋាន​នៅ​សាលា​ ​បូក​ផ្សំនឹង​ការស្រាវជ្រាវ​ខ្លួនឯង​ផង​នោះ​ ​ស្រី​នាថ​និង​មិត្ត​រួម​ក្រុម​ក៏​សម្រេច​បាន​នូវ​ផលិតផល​ដំបូង​របស់​ខ្លួន​គឺ​ចាន​ដែល​ច្នៃ​ពី​មើមដំឡូង​មី​ ​ហើយ​ត្រូវ​បាន​គេ​ទទួលស្គាល់​តាមរយៈ​ការចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ជាច្រើន​ទាំង​ក្នុង​និង​ក្រៅប្រទេស​ទៀតផង​។​

​            ​ខុសប្លែក​ពី​ចានជ័រ​ធម្មតា​ដែល​មិនបាន​ផ្តល់​ផលប្រយោជន៍​អ្វី​ច្រើន​ត្រលប់​មកវិញ​នៅពេល​ដែល​ប្រើ​រួច​ ​ចាន​មើមដំឡូង​មីនេះ​អាចយ​ក​ទៅ​លាយ​ជា​ចំណីសត្វ​ដែល​មិន​ធ្វើឲ្យ​ប៉ះពាល់​សុខភាព​ឬ​អាចយ​ក​ទៅ​ធ្វើជា​ជីកំប៉ុស​សម្រាប់​បន្លែបន្លុក​និង​ផ្លែឈើ​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​កសិ​ឧស្ស​ហក​ម្ម​បន្ទាប់ពី​ប្រើប្រាស់​រួច​ទៀតផង​។​ ​យ៉ាងណាមិញ​ចាន​ដែល​ធ្វើ​ពី​មើមដំឡូង​មីនេះ​ប្រើ​រយៈពេល​តែ​ ​បួន​សប្តាហ៍​ប៉ុណ្ណោះ​ដើម្បី​រំលាយខ្លួន​នៅពេល​ដែលគេ​បាន​ប្រើប្រាស់​រួចមក​។​ ​ចំណែក​ឯ​ការ​រក្សាទុក​មិនទាន់​បាន​យក​ទៅ​ប្រើប្រាស់​នោះ​ ​ត្រូវ​បាន​ស្រី​នាថ​បញ្ជាក់​ប្រាប់​ថា​អាច​រក្សាទុក​បាន​រយៈពេល​មួយឆ្នាំ​ឯណោះ​។​ ​ឆ្លងកាត់​ការចូលរួម​ក្នុង​កម្មវិធី​ជាច្រើន​ក៏ដូចជា​ធ្លាប់​ចូល​ហាត់​ការ​នៅក្នុង​ស្ថាប័ន​នានា​ទាំង​ក្នុង​និង​ក្រៅប្រទេស​ផង​នោះ​ ​បាន​ធ្វើឲ្យ​ ​ស្រី​នាថ​ ​ទទួល​បាន​គំ​និ​ត​ថ្មី​ៗ​ក៏ដូចជា​ដំបូន្មាន​ជាច្រើន​ដែល​អាច​ឲ្យ​នាង​ជឿជាក់​លើ​ផលិតផល​របស់​ខ្លួន​ ​និង​មាន​គម្រោង​នឹង​បង្កើត​នូវ​របស់​ប្រើប្រាស់​ដែល​ច្នៃ​ពី​វត្ថុធាតុដើម​ពី​ធម្មជាតិ​ជាច្រើន​ទៀតផង​។​ ​បើ​ទោះបីជា​យ៉ាងនេះ​ក៏ដោយ​ ​ចាន​ដែល​ធ្វើ​ពី​មើមដំឡូង​មីនេះ​ ​គឺ​កំពុងតែ​ស្ថិតនៅ​ក្នុង​ដំណាក់កាល​អភិវឌ្ឍន៍​នៅឡើយ​ ​ដោយ​ស្រី​នាថ​ ​បាន​ប្រាប់ឲ្យដឹង​ថា​ក្រុមការងារ​កំពុងតែ​ស្វែងរក​ទុន​ដើម្បី​ដំឡើងម៉ាស៊ីន​ ​ខណៈ​ដែល​បច្ចុប្បន្ន​ផលិតផល​មួយ​នេះ​ផលិត​ដោយ​ការផ្សំ​សមាសធាតុ​ ​ការ​ចាក់ពុម្ព​និង​ការប្រើ​ប្រាស់​បច្ចេកទេស​ផ្សេងទៀត​ឡើង​ដោយដៃ​។​ ​យ៉ាងណាក៏ដោយ​ ​CAMBO​ ​BIO​ ​GREEN​ ​នឹង​រំពឹង​ថា​ផលិតផល​ដំបូង​របស់​ខ្លួន​ពោល​គឺ​ចាន​ដែល​ធ្វើ​ពី​ដំឡូងមី​នេះ​នឹង​មាន​លក់​នៅក្នុង​ទីផ្សារ​នៅ​ពាក់កណ្តាល​ឆ្នាំក្រោយ​ប្រសិនបើ​ពួកគេ​អាច​ស្វែងរក​ទុន​គ្រប់គ្រាន់​ក្នុង​ការ​តំឡើង​ម៉ាស៊ីន​នោះ​។​

​            ​ចូលរួម​ជួយ​លើក​កំពស់​ស្នាដៃ​ដែល​ផលិត​ដោយ​កូនខ្មែរ​ ​ក៏ដូចជា​កាត់បន្ថយ​ការប្រើ​ប្រាស់​ប្លាស្ទិក​ទាំងអស់គ្នា​ដោយ​គ្រាន់តែ​ជួយ​គាំទ្រ​នូវ​ស្នាដៃ​របស់​ ​CAMBO​ ​BIO​ ​GREEN​៕​

​Article​ ​by​ ​KEO​ ​SONG​


SUGGESTIONS