×

លោក ស៊ីវ រិទ្ធី បង្ហាញពីគោលជំហរដ៏រឹងមាំក្រោយបង្កើត Plus855 Music

NEWS 4 hours ago
 
 

          ផ្តើមចេញពីក្រុម HipHop “La Cima Cartel” ដែលមានសមាជិក៧រូបដូចជា៖ Ycn Rakhie, All3rgy, Ycn Tomie, Meezy 24k, Mut Phearin, Hasha និង Ycn Dizzy បានក្លាយជាចំណែកមួយដែលបានធ្វើឲ្យឧស្សាហកម្មតន្ត្រីខ្មែរបច្ចុប្បន្នមានសន្ទុះគាំទ្រយ៉ាងច្រើនគួរឲ្យកត់សម្គាល់ក្នុងមួយរយៈពេលចុងក្រោយនេះ។
         អ្នកគាំទ្រភាគច្រើនច្បាស់ជាស្គាល់ La Cima Cartel តាមរយៈ អាល់ប៊ុម (Album) ដំបូងបង្អស់ដែលមានឈ្មោះថា “Cartel Meeting VOL.1”បានចេញផ្សាយលើកដំបូងនៅក្នុងឆ្នាំ ២០២១ ដែលបទចម្រៀងចំនួន ៦ ចំណងជើងចម្រៀង។ ក្នុងនោះបទចម្រៀងមានចំណងជើងថា “កំរ”ច្រៀងដោយ Mut Phearin និង YCN TOMIE បានធ្វើឲ្យសន្ទុះនៃការគាំទ្រទទួលបានប្រជាប្រិយភាពបំផុត រហូតទៅដល់ ៤៧ លាននាក់(ទិន្នន័យបច្ចុប្បន្ន) នៅលើទំព័រ YouTube ផ្លូវការរបស់ពួកគេ។

 
         ក្រោយពីបញ្ចប់ការសម្ពោធ Plus855 Music ជាផ្លូវការ លោក ស៊ីវ រិទ្ធី ដែលជាស្ថាបនិកផ្ទាល់បានបង្ហាញថា “ខ្ញុំមិនធ្លាប់គិតថា យើងនឹងឈានមកដល់កន្លែងនេះទេ អ្វីៗគ្រប់យ៉ាងគឺសុទ្ធសឹងតែចាប់ផ្តើមនៅពេលដែលខ្ញុំជ្រើសយក La Cima Cartel មកបង្ហាញលើឆាក ហើយប្រិយមិត្ត និងអ្នកគាំទ្រចាប់ផ្តើមស្គាល់ពីការងារ ក៏ដូចជាស្នាដៃរបស់ពួកយើងពីមួយជំហាន ទៅមួយជំហាន។” លោកបានបន្ត “មុនពេលបង្កើត Plus855 Music នោះ La Cima Cartel គឺជាក្រុម HipHop មួយដែលកំណត់និយមន័យសិល្បៈតន្ត្រីនៅកម្ពុជាប៉ុណ្ណោះ។

 
         រំឮកពីដំណើរនៃការចាប់ផ្តើម រួមទាំងបទពិសោធន៍ការងារជាមួយនឹងតន្ត្រី ស្ថាបនិករូបនេះ គឺជាអតីត DJ មួយរូប។ លោកមានសមត្ថភាពខ្លាំងពីវិធីដែលអាចធ្វើឲ្យតន្ត្រីមានភាពរស់រវើក និងមានចលនាដែលអាចភ្ជាប់ទំនាក់ទំនងរបស់មនុស្ស និងតន្ត្រី។ ក្រោមការដឹកនាំរបស់ រិទ្ធី បានបង្ហាញឲ្យឃើញថា សិល្បករ និងសិល្បការិនីជំនាន់ថ្មីគឺពោរពេញទៅដោយភាពច្នៃប្រតិដ្ឋ និងមហិច្ឆតាខ្ពស់ក្នុងការតាមចាប់យកនូវក្តីស្រមៃរបស់ខ្លួន ក៏ដូចជាចំណែកមួយដែលធ្វើឲ្យឧស្សាហកម្មតន្ត្រីខ្មែរកាន់តែមានភាពលេចធ្លោរ។ 
         ទន្ទឹមនឹងត្រៀមបញ្ចប់ការសន្ទនារបស់ក្រុមការងារ សូវរីន និងស្ថាបនិកPlus855 Music លោក ស៊ីវ វិទ្ធី បានបញ្ជាក់យ៉ាងច្បាស់ថា “Plus855 Music ប្រកបទៅដោយ គុណតម្លៃចម្បង ៥យ៉ាងគឺ៖ ការធ្វើការជាក្រុម ការជឿទុកចិត្ត ការចូលចិត្ត ការស្មោះត្រង់ ក្នុងវិជ្ជាជីវៈ និងការច្នៃប្រតិដ្ឋ”។
         គួររំឮកថា Plus 855 Music បច្ចុប្បន្នមានសិល្បករ និងសិល្បការិនីចំនួន ១០ រូប ផងដែរ៕

Article by Sivly Pan (Émilie Siv)


SUGGESTIONS