×

«កម្ពុជា​កន្លះ​សតវត្សរ៍​មុន​និង​ក្រោយ» សៀវភៅ​ឯកសារ​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​មនុស្ស​ខ្មែរ​ជំនាន់​ក្រោយ

NEWS 4 years ago
 
 

​          សំណង់​អគារ​ចាស់ៗ​ពោរពេញ​ទៅ​ដោយ​ក្បូរ​ក្បាច់​ស្ថាបត្យកម្ម​កម្រៗ​ជា​ច្រើន​តាំង​ពី​សម័យ​អាណានិគម​បារាំង​និង​សម័យ​សង្គម​រាស្រ្តនិយម​ដែល​នៅ​ពាសពេញ​រាជធានី​ភ្នំពេញ​ត្រូវ​បាន​គេ​លួច​ស្ញប់ស្ញែង​ថា​ជា​ស្ថាបត្យកម្ម​ដ៏​អស្ចារ្យ​មួយ​ដែល​តាំង​នៅ​លើ​ទឹក​ដី​កម្ពុជា​យើង​នេះ។ ក៏​ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ​សំណង់​អគារ​ដែល​នៅ​មាន​សភាព​រឹង​មាំ​និង​មាន​ក្បូរ​ក្បាច់​ដ៏​ស្អាតៗ​មួយ​ចំនួន​ ត្រូវ​បាន​គេ​វាយ​កម្ទេច​ចោល​បាត់​ស្រមោល​អតីត​កាល​ដែល​ធ្លាប់​តែ​ត្រូវ​បាន​គេ​ឲ្យ​តម្លៃ​កាល​រយៈពេល​កន្លង​មក​ដែល​នេះ​ជា​ហានិភ័យ​មួយ​សម្រាប់​អ្នក​សិក្សា​ស្រាវជ្រាវ និស្សិត បញ្ញាវន្ត​ជា​ច្រើន​ដែល​មាន​បំណង​ចង់​ស្វែង​យល់​និង​ស្វែង​រក​មើល​ពី​រូបរាង​និង​ទី​តាំង​ពិត​ប្រាកដ ព្រម​ជាមួយ​ព័ត៌មាន​ប្រវត្តិសាស្រ្ត​នៃ​សំណង់​អគារ​ចាស់ៗ​អស់​ទាំង​នោះ។ ដោយសារ​តែ​សម្លឹង​មើល​ឃើញ​នូវ​ចំណុច​ទាំងអស់​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ លោក ស្រ៊ិន សុខ​មាន ចាប់​ផ្តើម​មាន​ទឹក​ចិត្ត​ចង់​រៀប​រៀង​ចង​ក្រង​សៀវភៅ​ដើម្បី​ទុក​ជា​ឯកសារ​មួយ​ដែល​រៀបរាប់​ពី​ព័ត៌មាន​និង​ជា​ការ​ប្រៀបធៀប​របស់​សំណង់​អគារ​បេតិកភណ្ឌ​ទាំងអស់​នោះ​កាល​ពី​មុន​និង​ឥឡូវ​សម្រាប់​មនុស្ស​ខ្មែរ​ជំនាន់​ក្រោយ​មិន​ថា​អ្នក​សិក្សា​ស្រាវជ្រាវ ​ឬ​មហាជន​ទូទៅ​ឲ្យ​បាន​ដឹង​និង​ស្វែង​យល់​នូវ​ស្នាដៃ​របស់​មនុស្ស​ជំនាន់​មុន​ ហើយ​បាន​ដាក់​ចំណង​ជើង​សៀវភៅ​នោះ​ថា «កម្ពុជា កន្លះ​សតវត្សរ៍​មុន​និង​ក្រោយ» ភាគ ១ ជា​ខេមរ​ភាសា។

លោក ស្រ៊ិន សុខ​មាន

          សៀវភៅ​ដែល​មាន​កម្រាស់ ១២០ ទំព័រ អម​ទៅ​ដោយ​រូបភាព​នៃ​សំណង់​ចាស់ៗ​ចាប់​តាំង​ពី​ការ​បើក​សម្ពោធ ​ដំបូង​និង​រូបភាព​បច្ចុប្បន្ន​ចំនួន ៤៨ អគារ​នៅ​ក្នុង​រាជធានី​ភ្នំពេញ មិន​ត្រឹម​តែ​ប្រាប់​ពី​ទី​តាំង​ភូមិសាស្ត្រ​នៃ​អគារ​ទាំងអស់​នោះ​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​ព័ត៌មាន​ជា​ច្រើន​ផង​ដែរ​ដូចជា​ឈ្មោះ​ស្ថាបត្យករ ​កាល​បរិច្ឆេទ​សម្ពោធន៍​ បំលាស់​ប្តូរ​ឈ្មោះ​និង​តួនាទី​អគារ​ទៅ​តាម​សម័យកាល និង ព័ត៌មាន​ជា​ច្រើន​ទៀត​ដែល​របស់​អគារ​នីមួយៗ​ដែល​អ្នក​រៀបរៀង​បាន​ស្រាវជ្រាវ​រក​ឃើញ​ផង​ដែរ។ លោក ស្រ៊ិន សុខមាន ដែល​ជា​ម្ចាស់​ទំព័រ​ហ្វេសប៊ុក Amazing Cambodia បាន​ចំណាយ​ពេល​ជិត​ដប់​ឆ្នាំ​ដើម្បី​ស្រាវជ្រាវ​សិក្សា​ពី​សាវតារ ក៏​ដូច​ជា​ដើរ​ផ្តិត​យក​រូបភាព​នៃ​សំណង់​អគារ​ចាស់ៗ​ទាំងអស់​នោះ​ផង​ដែរ។ ការ​ខិតខំ​នេះ​បាន​ធ្វើ​ឲ្យ​លោក​សម្រេច​បាន​នូវ​សមិទ្ធិផល​សៀវភៅ​ឯកសារ​ពី​ប្រវត្តិ​អគារ​ទាក់ទាញ​ទេសចរណ៍ វត្ត​អារាម សាលា​រៀន មន្ទីរ​ពេទ្យ សណ្ឋាគារ និង ភោជនីយដ្ឋាន ក្នុង​នោះ​រួម​មាន​ជាអាទ៍ សារ​មន្ទីរជាតិ សាលា​រចនា ផ្សារ​ធំ​ថ្មី​ វត្ត​ឧណ្ណាលោម វត្ត​សារាវ័នតេជោ បុរី​កីឡា ធនាគារ​ជាតិ​នៃ​កម្ពុជា សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ សាលា​គរុ​វិជ្ជា​ជាន់​ខ្ពស់​ (សព្វ​ថ្ងៃ ​វិទ្យាស្ថាន​ភាសា​បរទេស ជា​ដើម ដែល​បាន​បន្សល់​ទុក​តាំង​ពី​មុន​ឆ្នាំ​១៩៧៥​ទាំងអស់​នេះ​និង​បាន​បោះ​ពុម្ព​ផ្សាយ​ជា​លើក​ដំបូង​ចំនួន ១០០០ ច្បាប់​នៅ​ចុង​ឆ្នាំ ២០១៩។

Image Courtesy: Amazing Cambodia

          សៀវភៅ​នេះ​បង្កើត​ឡើង​ក្នុង​គោល​បំណង​ដើម្បី​មិន​ចង់​ឲ្យ​អ្នក​សិក្សា​ស្រាវជ្រាវ​ពឹង​តែ​លើ​ឯកសារ​យោង​ពី​បរទេស​ច្រើន​ពេក ស្រប​ពេល​ដែល​កូន​ខ្មែរ​ក៏​មាន​សមត្ថភាព​ក្នុង​ការ​ចង​ក្រង​នូវ​ឯកសារ​ជា​ច្រើន​ដែល​អាច​ទុក​ចិត្ត​បាន​ផង​ដែរ។ ក្នុង​ដំណាក់កាល​ប្រទេស​កម្ពុជា​កំពុង​តែ​មាន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរ​ភាព​ អគារ​ពាណិជ្ជកម្ម​ខ្ពស់​ៗ​ជា​ច្រើន​ក៏​បាន​ចាប់​ផ្តើម​ចាប់​បដិសន្ធិ​ឡើង​ជា​បណ្ដើរៗ​ ក៏​ប៉ុន្តែ​ប្រវត្តិ​សាស្ត្រ​នៅ​តែ​ជា​មេរៀន​ក៏​សំខាន់​ដែល​កូន​ខ្មែរ​ជំនាន់​ក្រោយ​គួរ​ដឹង​និង​គួរ​យល់​ផង​ដែរ ហើយ​សៀវភៅ “ កម្ពុជា​កន្លះ​សតវត្សរ៍​មុន​និង​ក្រោយ” នេះ​គឺ​ជា​ឯកសារ​ដ៏​កម្រ​មួយ​ដែល​យុវជន​ជំនាន់​ក្រោយ​មិន​គួរ​មើល​រំលង​ឡើយ ​ជាពិសេស​គឺ​សិស្ស​និស្សិត​ដែល​កំពុង​តែ​រៀន​ក្នុង​វិស័យ​ស្ថាបត្យកម្ម​ដែល​ត្រូវ​ការ​ជា​ចាំ​បាច់​នូវ​ឯកសារ​ដែល​អាច​ទុក​ចិត្ត​បាន​និង​អាច​យោង​សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ​នេះ​ផង​ដែរ។ សៀវភៅ កម្ពុជា កន្លះ​សតវត្សរ៍​មុន​និង​ក្រោយ​ជា​សៀវភៅ​ពណ៌​ដែល​មាន​រូបភាព​ដើម​ងាយ​ស្រួល​មើល មាន​តម្លៃ ៥០០០០ រៀល នៅ​លើ​ទី​ផ្សារ។ ដូច្នេះ​ប្រសិន​បើ​លោក​អ្នក​មាន​បំណង​ចង់​ជាវ​សៀវភៅ​ឯកសារ​នេះ សូម​ទំនាក់​ទំនង​មក​កាន់​ទំព័រ​ហ្វេសប៊ុក (Facebook Page): Amazing Cambodia ផ្ទាល់៕

Article by KEO SONG


SUGGESTIONS