×

អតីត​សិស្ស​អង្គការ PSE ម្នាក់​សម្រេច​មហិច្ឆតា​បង្កើត​ភោជនីយដ្ឋាន​សួន​មេអំបៅ​ដំបូង​បង្អស់​លើទឹកដី​សៀមរាបអង្គរ

NEWS 4 days ago
 

            កន្លង​មក ប្រិយមិត្ត​អ្នក​អាន​ច្បាស់​ជា​ធ្លាប់​ឃើញ​ច្រើន​ដង​មក​ហើយ​នូវ​គំនិត​នៃ​ការ​បង្កើត​ភោជនីយដ្ឋាន​បែប​ផ្ទះ​ឈើ​ដំបូល​ប្រក់​ក្បឿង​តាម​លំនាំ​ស្ថាបត្យកម្ម​ប្រពៃណី​ខ្មែរ ឬ​បែប​ជា​សំណង់​វីឡា​សម័យ​អាណានិគម​បារាំង ឬ​ជា​លក្ខណៈ​ភោជនីយដ្ឋាន​មាន​ខ្ចុះ​អង្គុយ​លេង​ដំបូល​ប្រក់​ស្បូវ​បែប​ជនបទ​ស្រុកស្រែ​ស្ថិត​នៅ​ពាសពេញ​ទាំង​ក្នុង​តំបន់​ទី​រួមខេត្ត និង​ទាំង​តំបន់​ជាយ​ក្រុង​សៀមរាប​ផង​ដែរ។ យ៉ាង​ណា​មិញ លោក ឌុក ដេត អតីត​សិស្ស​ផ្នែក​ចុងភៅ​នៃ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ (Pour un Sourire d' Enfant) ហៅ​កាត់​ថា​អង្គការ PSE ដែល​ជា​អង្គការ​បារាំង​នៅ​កម្ពុជា​ល្បី​ឈ្មោះ ខាង​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ​ដល់​កុមារ​កំព្រា និង​ទីទ័លក្រ​ជា​យូរឆ្នាំ​មក​ហើយ​នោះ បាន​ច្នៃប្រតិដ្ឋ​ទីតាំង​ដីទំនេរ​មួយ​កន្លែង​នៅ​ក្នុង​ក្រុង​សៀមរាប​ឲ្យ​ក្លាយ​ជា​សួន​មេអំបៅ​ចម្រុះ​ពណ៌​គ្រប់​ប្រភេទ​ដែល​ភ្ញៀវ​ទេសចរ​អាច​ទទួល​ទាន​អាហារ​ចម្អិន​ដោយ​ថ្វីដៃ​សិស្ស​អង្គការ​ពិតៗ ព្រម​ទាំង​បាន​ទស្សនា​ហ្វូង​មេអំបៅ​ស្អាតៗ​ហិចហើរ​យ៉ាង​រស់រវើក​បង្កើត​បាន​ជា​ផ្ទាំង​ទស្សនីយភាព​ដ៏​ស្រស់​ស្រាយ​មិន​ធ្លាប់​មាន​នៅ​តំបន់​នោះ​ពី​មុន​មក។ តោះ! មក​ឈ្វេង​យល់​អំពី​លក្ខណៈ​ពិសេស​នៃ​ហាង​នេះ និង​ផ្នត់​គំនិត​របស់​ស្ថាបនិក​ទាំង​អស់​គ្នា!

            ភោជនីយដ្ឋាន​ដ៏​ត្រកាល​ប្លែក​មួយ​កន្លែង​នេះ​មាន​ឈ្មោះ​ថា ភោជនីយដ្ឋាន សួន​មេអំបៅ ឬ Butterflies Garden Restaurant​ ជា​ភាសា​អង់គ្លេស។ វា​ត្រូវ​បាន​ស្ថាបនា​ឡើង​ដំបូង​ក្នុង​ឆ្នាំ២០០៦ នៅ​ភូមិ​វត្តបូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្ត​សៀមរាប ប៉ុន្តែ​ចាប់​តាំង​ពី​ខែកក្កដា ឆ្នាំ២០១៩ មក សួន​មេអំបៅ​ត្រូវ​បាន​ផ្លាស់ប្តូរ​ទីតាំង​មក​ភូមិ​ចុងកៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប វិញ ដែល​មាន​ផ្ទៃដី​កាន់​តែ​ធំទូលាយ បរិយាកាស​កាន់​តែ​សែន​មនោរម្យ។ បរិយាកាស​នៅ​ក្នុង​ភោនីយដ្ឋាន​ត្រូវ​បាន​រៀបចំ​ឲ្យ​មាន​លក្ខណៈ​រ៉ូមែនទិច ដោយ​មាន​ការ​តុបតែង​ដើម​ឈើផ្សេងៗ​តាម​បែប​ធម្មជាតិ និង​មាន​ពាស​សំណាញ់​ឲ្យ​ហ្វូង​មេអំបៅ​ចាប់​ទ្រនំ​សម្រាប់​ភ្ញៀវ​ទស្សនា​កម្សាន្ត។ គួរ​បញ្ជាក់​ផង​ដែរ​ថា​មេអំបៅ​ទាំង​នោះ​មិនមែន​ជា​ពូជ​មេអំបៅ​នាំចូល​ពី​បរទេស​នោះ​ទេ ប៉ុន្តែ​ជា​ពូជ​មេអំបៅ​ក្នុង​ស្រុក​នៅ​តំបន់​សៀមរាបអង្គរ​តែ​ម្តង ដែល​កុមារៗ​បាន​រក​បាន​នៅ​តាម​ភូមិ ហើយ​ត្រូវ​បាន​យក​មក​ចិញ្ចឹម​អភិរក្ស​នៅ​ទីនេះ ក្នុង​គោល​បំណង​ដើម្បី​ទាក់ទាញ​ភ្ញៀវ ឲ្យ​ក្មេង​ជំនាន់​ក្រោយ​បាន​ឃើញ និង​ស្គាល់​ប្រភេទ​មេអំបៅ​ខ្មែរ និង​ផ្តល់​ចំណូល​ខ្លះ​ដល់​កុមារៗ​ឲ្យ​បាន​រៀន​សូត្រ ទិញ​កង់ជិះ​ទៅ​រៀន ទិញ​សម្លៀកបំពាក់​ថ្មី និង​សម្ភារ​សិក្សា​ដែល​ចាំបាច់​ក្នុង​ជីវភាព​រស់​នៅ​របស់​ពួកគេ ។

            លោក ឌុក ដេត ដែល​ជា​ស្ថាបនិក បាន​ប្រាប់ សូវរីន ថា លោក​ជា​អតីត​មេចុងភៅ​មួយ​រូប​ដែល​ធ្លាប់​មាន​បទ​ពិសោធន៍​ផ្នែក​ចម្អិនម្ហូប​ពី​អង្គការ PSE ផង និង​ពី​រីសត​សណ្ឋាគារ Shinta Mani ដែល​ជា​សណ្ឋាគារ​លំដាប់​ខ្ពស់​ល្បីល្បាញ​មួយ​ប្រចាំ​ខេត្ត​សៀមរាប។ ដោយ​សារ​តែ​បទ​ពិសោធន៍​ជា​យូរឆ្នាំ​លើ​ឯកទេស​នេះ លោក ឌុក ដេត មាន​គំនិត​ចង់​បើក​ភោជនីយដ្ឋាន​ដោយ​ខ្លួនឯង​ដើម្បី​មាន​ឱកាស​បង្កើត​បញ្ជី​ប្រជុំ​មុខម្ហូប​បែប​ប្រពៃណី​ខ្មែរ​ដែល​មាន​រូបមន្ត​ចម្អិន​ច្បាស់លាស់ គួបផ្សំ​នឹង​គ្រឿងផ្សំ​ធម្មជាតិ​ស្រស់ៗ​ដែល​អាច​រក​បាន​នៅ​មូលដ្ឋាន​ខេត្ត​សៀមរាប​តែម្តង “ខ្ញុំ​ចង់​បម្រើ​ជូន​ភ្ញៀវ​នូវ​មុខ​ម្ហូប​ខ្មែរ​ដែល​ផ្តល់​សុខភាព​ដោយ​ការ​ប្រើប្រាស់​គ្រឿងផ្សំ​ស្រស់​បំផុត​ពី​សួន​ដំណាំ​របស់​យើង ពី​ប្រជាកសិករ និង​ពី​ទីផ្សារ​តាម​ភូមិ​ដោយ​ផ្ទាល់។”

            ​លោក ឌុក ដេត​ បាន​បន្ត​ទៀត​ថា មូល​ហេតុ​មួយ​ទៀត​គឺ លោក​ចង់​ផ្តល់​ឱកាស​ការងារ​ឲ្យ​យុវជន​ក្រីក្រ​អាច​រក​ចំណូល​ទ្រទ្រង់​ជីវភាព​គ្រូសារ ជាពិសេស​ឲ្យ​ពួក​គេ​ស្គាល់​ពី​តម្លៃ​នៃ​ការ​តស៊ូ ឆ្លង​កាត់​ទុគ៌ត​ភាព​ដើម្បី​ឈាន​ទៅ​រក​ភាព​ជោគជ័យ​ក្នុង​ឆាក​ជីវិត​តាម​រយៈ​ការ​បង្កើត​ស្នាដៃ​ច្នៃប្រតិដ្ឋ រិះរក​មុខរបរ​អ្វី​ដែល​ថ្មី​ប្លែក​ក្នុង​ន័យ​អភិវឌ្ឍ​សង្គម ដោយ​មិន​ចាំបាច់​ពឹង​ផ្អែក សង្ឃឹម​តែ​លើ​ការងារ​រាជការ ឬ​ការងារ​ក្រុមហ៊ុន​ក្រោម​ការ​ដឹកនាំ​ត្រួតត្រា​ពី​ជនបរទេស។ ទន្ទឹម​នឹង​នេះ ការ​បង្កើត​អាជីវកម្ម​មួយ​នេះ​ក៏​ដើម្បី​ចូល​រួម​ចំណែក​ក្នុង​ចលនា​ជួយ​សង្គម​ថែម​ទៀត​ផង​តាម​រយៈ ការ​ឧបត្ថម្ភ​ថវិកា​ចំពោះ​កុមារ និង​យុវជន​ក្រីក្រ និង​ការ​បង្កើត​ថ្នាក់​បណ្តុះ​បណ្តាល​ភាសា​អង់គ្លេស​បន្ថែម​ដល់​បុគ្គលិក​ភោជនីយដ្ឋាន។ លោក​បាន​សង្កត់​ធ្ងន់​ថា​ប្រាក់​ចំនេញ 20% នៃ​ចំណូល​ភោជនីយដ្ឋាន​ត្រូវ​បាន​ចែកចាយ​ឲ្យ​បុគ្គលិក​បន្ថែម​ពី​លើ​ប្រាក់ខែ និង​ប្រាក់​ចំនេញ 10% ទៀត​ត្រូវ​បាន​ឧបត្ថម្ភ​ទៅ​កាន់​មន្ទីរពេទ្យ​កុមារ អង្គការ សហគមន៍​ និង​ការងារ​សង្គម​ផ្សេងៗ​ដែល​ពាក់ពន្ធ័​ទៅ​នឹង​ការងារ​បរិស្ថាន “វា​ពិត​ជា​សំខាន់​ណាស់​ក្នុង​ការ​ផ្តល់​ទៅ​វិញ និង​បង្កើត​កាលានុវត្តភាព​ដល់​អ្នក​ដែល​ពិត​ជា​កំពុង​ត្រូវ​ការ”។ ដោយ​សារ​តែ​ស្ថាបនិក​រូប​នេះ​ធ្លាប់​ឆ្លង​កាត់​ជីវិត​ក្រីក្រ​លំបាក​មាន​ប្រវត្តិ​ជា​ក្មេង​អង្គការ ទើប​លោក​មិន​ដែល​បំភ្លេច​យុវជន និង​កុមារ​ដែល​មាន​ស្ថានភាព​រស់នៅ​ដូច​ដែល​លោក​ធ្លាប់​ឆ្លង​កាត់​កន្លង​មក! លោក​សង្ឃឹម​ថា ទៅ​ថ្ងៃ​អនាគត ពួក​គេ​ទាំង​នោះ​នឹង​ក្លាយ​ជា​ធនធាន​មនុស្ស ជា​សសរ​ទ្រូង​ប្រទេសជាតិ​ក្នុង​វិស័យ​ណា​មួយ​ដូច​ជា​រូប​លោក​ជាក់​ជា​មិនខាន។

            លើស​ពី​នេះ​ទៅ​ទៀត ភោជនីយដ្ឋាន សួន​មេអំបៅ មិន​ត្រឹម​តែ​ជា​កន្លែង​ទទួល​ទាន​អាហារ​យ៉ាង​រ៉ូមេនទិក​នោះទេ ប៉ុន្តែ​ទីនេះ​ក៏​មាន​រៀបចំ​សេវាកម្ម​ថ្នាក់​រៀន​ធ្វើ​ម្ហូប​ខ្មែរ​ផង​ដែរ។ លោក ឌុក ដេត នឹង​នាំ​ភ្ញៀវ​ដែល​ចុះឈ្មោះ​ចូល​រៀន​ទៅ​កាន់​ទីផ្សារ​សហគមន៍​ដើម្បី​ស្វែង​រក​គ្រឿងផ្សំ​ស្រស់ៗ​បំផុត​ដោយ​ផ្ទាល់​នឹង​ភ្នែក ព្រម​ទាំង​ពន្យល់​ប្រាប់​ពី​គន្លឹះ​សំខាន់​ក្នុង​ការ​ចម្អិន​មុខម្ហូប​ខ្មែរ​នីមួយៗ​ឲ្យ​ឆ្ងាញ់​ថែម​ទៀត​ផង។ នៅ​ក្រោយ​ពេល​បញ្ចប់​ការ​សិក្សា ភ្ញៀវ​នឹង​ទទួល​បាន​វិញ្ញាបនបត្រ​បញ្ជាក់​ការ​សិក្សា​មួយ​ភ្លាម​ពី​ភោជនីយដ្ឋាន។ ​តោះ!​ មក​មើល​ទាំង​អស់​គ្នា​ថា​ភោជនីយដ្ឋាន សួន​មេអំបៅ មាន​បរិយាកាស​ស្រស់​បំព្រង​កម្រិត​ណា? មុខម្ហូប​ត្រូវ​បាន​ចម្អិន​ប្រកប​ដោយ​សិល្បៈ​ច្នៃប្រតិដ្ឋ​កម្រិត​ណា? ហើយ​ភ្ញៀវ​ទទួល​បាន​ភាព​សប្បាយ​រីករាយ​កម្រិត​ណា? សូម​ទស្សនា​កម្រង​រូប​ភាព​ខាង​ក្រោម

Article by SRIN SOKMEAN

Image Courtesy: Butterflies Garden Restaurant​


SUGGESTIONS