×

ព្រឹទ្ធាចារ្យ ម៉ាច ម៉ុយ អ្នក​ស្នង​ជំនាញ​ផលិត​ឧបករណ៍​តន្រ្តី​ខ្មែរ​នៅ​​ឧដុង្គ តស៊ូ​ជិត​៤០ឆ្នាំ​ដើម្បី​អភិរក្ស​សិប្បកម្ម​នេះ

NEWS 4 years ago
 
 

            ស្ថិត​ក្នុង​វ័យ​៦០ឆ្នាំ​ទៅ​ហើយ លោកអ៊ំ ម៉ាច ម៉ុយ នៅ​តែ​មមាញឹក​ជា​មួយ​កូន​ជាង​នៅ​ក្នុង​សិប្បកម្ម​មួយ​កន្លែង​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិព្រះកិល ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ តាម​បណ្តាយ​ផ្លូវ​ជាតិ៥១ ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ១០ (បើ​ធ្វើ​ដំណើរ​ចេញ​ពី​ផ្លូវ​បំបែក​ពី​ផ្លូវ​ជាតិ​លេខ៥ ទល់​មុខ​វត្ត​ទេពប្រណម្យ ហួស​ផ្លូវ​ចូល​រមណីយដ្ឋាន​ភ្នំ​ព្រះរាជទ្រព្យ​បន្តិច)។ ពេល​ដែល​បាន​ចូល​ទៅ​ដល់​កន្លែង​សិប្បកម្ម​បែប​ប្រពៃណី​ដែល​មាន​ស្លាក​ឈ្មោះ​ថា “សិប្បកម្ម​ខ្មែរ ម៉ាច ម៉ុយ” មាន​អក្សរ “ម” ​ពណ៌​មាស​អម​ដោយ​ក្បាច់​ភ្ញីរាង​រង្វង់​ជា​សម្គាល់​នេះ លោក​អ្នក​នឹង​មាន​អារម្មណ៍​ហាក់​ដូច​ជា​បាន​ឈាន​ជើង​ចូល​មក​ដល់​សារមន្ទីរ​ឯកជន​ឧបករណ៍​ភ្លេង​ខ្មែរ​យ៉ាង​ដូច្នោះដែរ។ ​ឧបករណ៍​ភ្លេងខ្មែរ​ជា​ច្រើន​ប្រភេទ តួយ៉ាង ស្គរតូច ស្គរធំ ស្គរសម្ភោរ ស្គរឆៃយ៉ាំ ទ្រខ្មែរ ទ្រសោ គង ឃ្មោះ ស្រឡៃ​ ឃឹម​ តាខេ ចាប៉ីដងវែង រនាតឯក និង​រនាតធុង ត្រូវ​បាន​តម្រៀប​តាំង​នៅ​ផ្នែក​ខាង​មុខ​នៃ​ផ្ទះ​ប្រក់​ក្បឿង​មួយ​ខ្នង រីឯ​ឧបករណ៍​ដែល​មិន​ទាន់​ធ្វើ​រួច​រាល់​ត្រូវ​បាន​តម្កល់​ទុក​ជា​ច្រើន​ទៀត​នៅ​រោង​ជាង​ខាង​ក្រោយ​ផ្ទះ។

            ជួប​ជា​មួយ​អ្នក​យក​ពត៌មាន​របស់​គេហទំព័រ​ទស្សនាវដ្តី សូវរីន លោក​ព្រឹទ្ធាចារ្យ ម៉ាច ម៉ុយ សម្បុរ​ស្រអែម​បែប​ខ្មែរអង្គរ សក់ស្កូវ​ល្បាយ​អាចម៍​ខ្លា​ បាន​រំព្ញក​អំពី​ប្រវត្តិ​ដ៏​តស៊ូ​នៃ​អាជីព​នេះ​ថា លោក​បាន​ចាប់​ផ្តើម​មុខ​របរ​លក់​គ្រឿង​គងឃ្មោះ​តាំង​ពី​របប​ខ្មែរ​ក្រហម​ទើប​នឹង​ដួល​រលំ​ហើយ​ថ្មីៗ ក្នុង​អំឡុង​ឆ្នាំ១៩៨២-១៩៨៣ មកម្ល៉េះ។ មូល​ហេតុ​ដែល​លោក​ចាប់​ផ្តើម​ចូល​ប្រឡូក​អាជីព​នេះ​គឺ​ដោយ​សារ​តែ​លោក​មាន​ឈាម​ជ័រ​បុព្វបុរស​ជា​ជាង​ចម្លាក់​ស្ពាន់​ផង និង​តន្រ្តីករ​ភ្លេង​បុរាណ​ផង ទើប​ធ្វើ​ឲ្យ​លោក​ហាក់​មាន​ឧបនិស្ស័យ​ចំពោះ​ឧបករណ៍​ភ្លេងខ្មែរ​ទាំង​អស់​នេះ។ ម្យ៉ាង​វិញ​ទៀត កាល​ពី​សម័យ​នោះ ស្រុក​ទេស​នៅ​ក្រលំបាក ទើប​លោក​សម្រេច​ចិត្ត​ជ្រើស​រើស​យក​របរ​សិប្បកម្ម​ធ្វើ​គ្រឿង​ភ្លេង​បន្តិច​បន្តួច​ដើម្បី​កសាង​ជីវភាព​ចិញ្ចឹម​ជីវិត​ខ្លួនឯង។ លោក​បាន​បន្ត​ថា កាល​ពី​ក្មេង លោក​បាន​ហាត់​រៀន​សង្កេត​មើល​ព្រឹទ្ធាចារ្យ​ក្នុង​តំបន់​ឧដុង្គ​ដែល​ជា​ស្រុក​កំណើត​ផ្ទាល់​របស់​លោក និង​អ្នក​ឯកទេស​មក​ពី​តំបន់​ខាង​ក្រៅ​នានា​ដែល​ចេះ​ជំនាញ​​ផលិត​ឧបករណ៍​ភ្លេង​បុរាណ​បែប​នេះ។ លោក​បាន​ព្យាយាម​ធ្វើ​ស្វ័យសិក្សា​តាម​រយៈ​ឯកសារ​ក្បួនខ្នាត​ដែល​មាន​ស្រាប់​ចេះ​តៗ​គ្នា​រហូត​រយៈ​ពេល​២០ឆ្នាំ ទើប​លោក​ចេះ​ស្ទាត់​អាច​ធ្វើ​គ្រឿង​ភ្លេង​ជា​ច្រើន​ប្រភេទ​លក់​ជូន​អតិថិជន​បាន។

             អនុស្សាវរីយ៍​ជូរចត់​បំផុត​ដែល​លោក​នៅ​តែ​ចងចាំ​ដក់ជាប់​អារម្មណ៍​រហូត​មក​ដល់​សព្វថ្ងៃ​នេះ​ គឺ​កាល​ពី​៣០ឆ្នាំ​មុន លោក​ត្រូវ​ជិះ​កង់​តស៊ូ​ដើរ​លក់​គ្រឿង​ដាច់​សង្វែង​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​រាប់រយ​គីឡូម៉ែត្រ ហើយ​នៅ​ពេល​មេឃភ្លៀង ជាពិសេស​នៅ​ផ្លូវ​ទន្លេ តាម​តំបន់​ជាប់​ដងទន្លេ​មេគង្គ មាន​សភាព​រអិល​ដី​ជាប់ផុង តម្រូវ​ឲ្យ​លោក​បង្ខំ​ចិត្ត​លី​កង់​បន្ត​ដំណើរ​ទៅ​មុខ ទាំង​មាន​ទំនិញ​ជាប់​ជា​មួយ​យ៉ាង​សំពីង​សំពោង​រយីង​រយោង អម​ដោយ​តំណក់​ទឹក​ភ្លៀង​ដែល​បង្អុរ​ចុះ​មក​ពី​លើ​មេឃ​គួរ​ឲ្យ​អាសូរ។ ម្យ៉ាង​វិញ​ទៀត ដោយ​សារ​ជំនាន់​នោះ​គ្មាន​ផ្សារ គ្មាន​ហាង​សម្បូរ​បែប​ដូច​សព្វថ្ងៃ​នេះ​ទេ លោក​ត្រូវ​លើក​ដៃ​សំពះ​ព្រះសង្ឃ​សុំអង្ករ បាយ​ទឹក និង​ឈប់​សម្រាក​តាម​វត្ត​អារាម អណ្តែត​ត្រសែត យប់​ត្រង់​ណា សម្រាក​ត្រង់​នោះ មិន​អាច​កំណត់​ឡើយ ពោល​គឺ​ផ្សងព្រេង​តាម​ជោគ​វាសនា។

            ដោយ​ឡែក អស់​រយៈ​ពេល​២០ឆ្នាំ​ក្រោយ​មក ទើប​លោក​មាន​លទ្ធភាព​បើក​ជា​សិប្បកម្ម​ទ្រង់​ទ្រាយ​ធំ​ដុំ​ដូច​សព្វថ្ងៃ នៅ​ក្នុង​ឆ្នាំ២០០៣។ ចំណាយ​ពេល​ជិត​៤ទសវត្សរ៍​លើ​អាជីព​នេះ លោក​បាន​ធ្វើ​ការ​ប្រៀប​ធៀប​ភាព​ខុស​ប្លែក​គ្នា​រវាង​សិប្បកម្ម​គ្រឿង​ភ្លេង​កាល​ពី​សម័យ​មុន និង​បច្ចុប្បន្ន​នេះ​ថា កាល​ពី​មុន ចំណេញ​បាន​ច្រើន ដោយ​សារ​យើង​ផលិត​ដោយ​ខ្លួន​ឯង ហើយ​ជិះ​ដើរ​លក់​ដោយ​ខ្លួន​ឯង​ទៀត ប៉ុន្តែ​លក់​បាន​តិច។ ឥឡូវ យើង​ចំណេញ​បាន​តិច ដោយ​សារ​ត្រូវ​ជួល​កម្លាំង​ពលកម្ម​មក​ជួយ តែ​លក់​ដាច់​បាន​ច្រើន​ខុស​ឆ្ងាយ​ពី​មុន ដោយ​សារ​មាន​ការ​ផ្សព្វផ្សាយ​ទូលំ​ទូលាយ។ ចំពោះ​សង្វាក់​ផលិតកម្ម លោក​បាន​អះអាង​ថា​ក៏​រីក​ចម្រើន​រហ័ស​តាម​សម័យ​កាល​ដែរ។ ជាក់​ស្តែង ឧបករណ៍​ស្គរ​មួយ​ដែល​កាល​ពី​ជំនាន់​មុន​ត្រូវ​ចំណាយ​ពេល​ផលិត​រហូត​៥ថ្ងៃ ប៉ុន្តែ​សព្វថ្ងៃ​ចំណាយ​ពេល​ត្រឹម​តែ​១-២ថ្ងៃ​ គឺ​បាន​រួច​រាល់​ស្រេច។

            ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​សព្វថ្ងៃ​សិប្បកម្ម​កំពុង​ជួបប្រទះ​នឹង​បញ្ហា​ប្រឈម​គឺ កំណើន​ថ្លៃ​នៃ​វត្ថុ​ធាតុ​ដើម។ ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា ឧបករណ៍​តន្រ្តី​បុរាណ​ខ្មែរ​យើង​ភាគ​ច្រើន​ធ្វើ​ពី​ឈើ ហើយ​ឈើ​សព្វថ្ងៃ​កាន់​តែ​ខ្សត់ ហើយ​កាន់​តែ​ឡើង​ថ្លៃ។ ព្រឹទ្ធាចារ្យ ម៉ាច ម៉ុយ បាន​បញ្ជាក់​ថា សព្វថ្ងៃ សិប្បកម្ម​របស់​លោក​ប្រើប្រាស់​តែ​ប្រភេទ​ឈើ​ធម្មតា​ក្នុង​ស្រុក​ដែល​មាន​តម្លៃ​សមស្រប​តាម​ជីវភាព​ប្រជាជន​ខ្មែរ តួយ៉ាង ឈើក​កោះ ឈើ​គគីរ ឈើ​ខ្នុរ ឈើ​អម្ពិល​បារាំង ជា​ដើម មិន​មាន​ប្រើ​ប្រភេទ​ឈើ​ប្រណិត​ពពួក​បេង នាងនួន គ្រញូង នោះទេ ព្រោះ​ឈើ​ទាំង​នោះ​មាន​តម្លៃ​ថ្លៃ​ខ្លាំង​ដែល​គេ​ច្រើន​និយម​យក​ទៅ​ច្នៃ​ធ្វើ​ជា​គ្រឿង​សង្ហារិម​ជា​ជាង​យក​មក​ធ្វើ​ឧបករណ៍​តន្រ្តី។ ដោយ​សារ​មូល​ហេតុ​នេះ សិប្បកម្ម​មិន​ទទួល​ផលិត​ឧបករណ៍​ភ្លេង​ធ្វើ​ពី​ប្រភេទ​ឈើ​ប្រណិត​ទាំង​នេះ​ឡើយ ទោះ​បី​ជា​មាន​ភ្ញៀវ​កុម្ម៉ង់​ឲ្យ​ធ្វើ​ក៏​ដោយ។ ម្ចាស់​សិប្បកម្ម​ខាង​លើ​បាន​សង្កត់​ធ្ងន់​ថា ថ្វី​ត្បិត​តែ​មិន​ធ្វើ​ពី​ឈើ​ប្រណិត តែ​ឧបករណ៍​ភ្លេង​ទាំង​អស់​របស់​សិប្បកម្ម​នេះ​នៅ​តែ​មាន​គុណភាព​ល្អ​អាច​ប្រើ​ការ​បាន​យូរ​តាម​ក្បួន​ខ្នាត​បច្ចេកទេស​ផលិត​ត្រឹមត្រូវ​ច្បាស់​លាស់​របស់​សិប្បករ។

            សព្វថ្ងៃ ផលិត​ផល​របស់​សិប្បកម្ម​ខ្មែរ ម៉ាច ម៉ុយ កាន់​តែ​មាន​ការ​គាំទ្រ​ទទួល​ស្គាល់​ច្រើន​ឡើងៗ​សឹង​តែ​មួយ​គុណ​នឹង​ដប់​តាម​រយៈ​ការ​ល្បី​ពី​មាត់​មួយ​ទៅ​មាត់​មួយ និង​ការ​ផ្សព្វផ្សាយ​តាម​គេហទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​សិប្បកម្ម​ផ្ទាល់។ ឧបករណ៍​ភ្លេង​គ្រប់​ប្រភេទ​ដែល​ចេញ​ពី​សិប្បកម្ម​នេះ​មាន​ចរាចរណ៍​លក់​នៅ​លើ​ទីផ្សារ​គ្រប់​ទូទាំង​២៥ខេត្ត-រាជធានី។ ដោយ​ឡែក​នៅ​រាជធានី​ភ្នំពេញ ឧបករណ៍​ភ្លេង​ទាំង​នេះ​ត្រូវ​បាន​ចែកចាយ​នៅ​ម្តុំ​ផ្សារ​ទួលទំពូង និង​ម្តុំ​សាលារចនា (សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ)។ លោក​ព្រឹទ្ធាចារ្យ ម៉ាច ម៉ុយ បាន​បន្ត​ចំណេះ​ដឹង​នេះ​ដល់​កូន​ប្រុស​ទាំង​អស់​របស់​គាត់​ដើម្បី​ចូល​រួម​ចំណែក​លើក​ស្ទួយ​កេរដំណែល​វប្បធម៌​ជាតិ​ឲ្យ​គង់​វង្ស​ស្ថិត​ស្ថេរ។ ទៅ​ថ្ងៃ​អនាគត លោក​មាន​បំណង​ចង់​អភិវឌ្ឍ​សិប្បកម្ម​នេះ​ទៅ​ជា​រមណីយដ្ឋាន​មួយ​កន្លែង​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ឲ្យ​ចូល​មក​ទស្សនា និង​សិក្សា​ឈ្វេង​យល់​អំពី​សិប្បកម្ម​ប្រពៃណី​ខ្មែរ “សូម​អញ្ជើញ​មក​មិន​ខុស​បំណង​ទេ! ទោះ​មិន​ប្រើ ក៏​អាច​តាំង​ឲ្យ​កូន​ខ្មែរ​ស្គាល់​ដែរ”។

Article by SRIN SOKMEAN


SUGGESTIONS