×

អធិរាជ​​ស​ម្លេ​ង​​ស្អក​ ​ហួរ​ ឡា​វី​ ​តារា​​ចម្រៀង​​ជើងចាស់​​ម្ចាស់​បទ​​ ​“​អា​ណែ​ត​មាសបង​”​

NEWS a month ago
 
 

          ក្នុង​ឆ្នាំ​២​០​១​៩​នេះ​ ​ទោះបីជា​ស្ថិត​ក្នុង​វ័យ​ជ្រេ​យ៉ាងណា​ក៏​តារា​ចម្រៀង​ ​ហួរ​ ឡា​វី​ ​ហាក់បីដូចជា​នៅ​មាន​សុខភាព​រាងកាយ​រឹង​មាំ​ក្នុង​ស​ម្លៀ​ក​បំពាក់​ខោ​ខូ​វ​ប៊​យ​និង​អាវយឺត​ក​មូល​ដៃ​ខ្លី​ ​គ្រង​ដោយ​អាវធំ​ពណ៌​ខ្មៅ​ដែល​ជា​ស្ទី​ល​ពេញ​និយម​របស់​លោក​តាំងពី​ដើម​រៀងមក​។​ ​តារា​ចម្រៀង​រៀមច្បង​រូប​នេះ​បាន​ផ្តល់​បទសម្ភាសន៍​ជាមួយ​ទស្សនាវដ្តី​សូវ​រី​ន​កាលពី​ពេលថ្មីៗនេះ​ថា​ ​លោក​បាន​ប្រសូត​នៅ​ភូមិ​ទួល​កណ្ដាល​ ​ឃុំ​កំពង់ចាម​ ​ស្រុក​កំពង់​សៀម​ ​ខេត្ត​កំពង់ចាម​ ​ក្នុង​ឆ្នាំ​១​៩​៤​៨​ ​ក្នុង​គ្រួសារ​ត្រកូល​កសិករ​ក្រខ្សត់​មួយ​ ​ដែល​មាន​​​រូបលោក​ជា​កូនច្បង​ក្នុងចំណោម​បងប្អូនបង្កើត​ចំនួន​៦​នាក់​ (​ប្រុស​៣​ ​ស្រី​៣​)​។​ ​ដោយសារ​បញ្ហា​ជីវភាព​ ​កាលពី​កុមារភាព​ ​លោក​បាន​ឆ្លងកាត់​ការងារ​កំប៉ិកកំប៉ុក​ជាច្រើន​ដើម្បី​សម្រាល​បន្ទុក​ឪពុក​ម្តាយ​ ​ហើយក៏​បាន​ផ្លាស់ប្តូរ​សាលារៀន​និង​ទីលំនៅ​ឆ្លងខេត្ត​ហើយ​បាន​រសាត់អណ្តែត​មកដល់​ទីក្រុង​ក្នុង​ដើម​សម័យ​សាធារណរដ្ឋ​ខ្មែរ​។​ ​លោក​ត្រូវ​បង្ខំចិត្ត​បញ្ចប់​ការសិក្សា​ថ្នាក់​ត្រឹម​ទី​៧​ចាស់​សម័យ​នោះ​នៅ​សាលាវត្ត​ទួល​ថ្ម​ ​ខេត្ត​កំពង់ចាម​។​

          ចំពោះ​ប្រវត្តិ​អាជីព​សិល្បៈ​វិញ​ ​លោក​បាន​ចាប់ផ្តើម​ក្លាយ​ជា​អ្នក​ចម្រៀង​នៅ​តាម​បារ​ក្នុង​ទីរួមខេត្ត​កំពង់ចាម​ក្នុង​អំឡុង​ឆ្នាំ​១​៩​៦​៣​តាម​ការ​ជួយជ្រោមជ្រែង​របស់​សិល្បករ​ខាង​ភ្លេង​ម្នាក់​ឈ្មោះ​ ​ប្រាក់​ ​ប៊ុន​ថន​ ​ដែល​បាន​ស្គាល់​លោក​ដោយចៃដន្យ​នៅ​ពេល​លោក​ប្រកប​អាជីព​ជា​អ្នក​រត់​តុ​គុយទាវ​នៅ​កំពង់ចាម​។​ ​ត្រង់​ចំណុច​នេះ​ ​លោក​បាន​បញ្ជាក់​បន្ថែម​ថា​ ​នៅ​គ្រានោះ​ ​លោក​ ​ប្រាក់​ ​ប៊ុន​ថន​ ​បាន​ស្តាប់ឮ​លោក​ច្រៀង​លេង​ ​ហើយ​សរសើរ​ថា​មាន​ទឹកដម​ស​ម្លេ​ង​ពីរោះ​អាច​ប្រកបរបរ​ជា​អ្នក​ចម្រៀង​បាន​។​ ​តាមពិត​ទៅ​ ​លោក​មិនបាន​ហាត់​រៀន​ច្រៀង​នៅ​សាលា​សិល្បៈ​ណា​ទេ​ពីមុន​មក​ ​ពោល​គឺ​ហាត់​រៀន​ដោយខ្លួនឯង​តាមវិទ្យុ​តាម​បទ​ចម្រៀង​របស់​អធិរាជ​ស​ម្លេ​ង​មាស​ ​ស៊ី​ន​ ​ស៊ី​សា​មុត​ ​ដែល​លោក​ចាត់ទុកជា​គ្រូ​ដើម​នៃ​អាជីព​ចម្រៀង​របស់​លោក​។​ ​ប៉ុន្តែ​មុន​នោះ​បន្តិច​ ​គឺ​ក្នុង​អំឡុង​ឆ្នាំ​១​៩​៦​០​ ​លោក​បាន​ចូល​ច្រៀង​ក្នុង​ក្រុម​ត​ន្រ្តី​មួយ​របស់​មិត្តភក្តិ​រួមសាលា​ជាមួយ​លោក​ ​ហើយ​ក្រុម​នោះ​តែងតែ​ច្រៀង​តាម​កម្មវិធី​ការ​បុណ្យ​ផ្សេងៗ​ក្នុង​ខេត្ត​កំពង់ចាម​ដើម្បី​រក​ប្រាក់ចំណូល​។​ ​ក្រោយមក​ ​លោក​បាន​ចេញ​ច្រៀង​នៅ​ពេលយប់​តាម​បារ​មួយ​ចំនួន​ក្នុង​ក្រុង​កំពង់ចាម​ ​រួម​មាន​ ​បារ​បុប្ផា​រីក​ ​បារ​ទួល​ស្បូវ​ ​និង​ ​បារ​ហុងកុង​។

          នៅ​ចុង​ទសវត្សរ៍​ទី​៦​០​ ​ប្រហែលជា​អំឡុង​ឆ្នាំ​១​៩​៦​៩​ ​លោក​បាន​ចូល​ជា​អ្នក​ចម្រៀង​ម្នាក់​ក្នុង​ក្រុម​ត​ន្រ្តី​រាជតម្រួត​ភិរម្យ​ដ៏​ល្បី​រន្ទឺ​លំដាប់​ជាតិ​របស់​​​ក្រសួង​ការពារ​ជាតិ​ដែល​ជា​ដៃគូ​នឹង​ក្រុម​ត​ន្រ្តិ​យោធា​ភិរម្យ​របស់​​​ក្រសួងមហាផ្ទៃ​ ​ដែល​មាន​សមាជិក​ដូចជា​ ​លោក​សា​ស្រ្តាចារ្យ​ភ្លេង​ ​ស្វាយ​ ​សរ​ ​និង​ ​តារា​ចម្រៀង​រៃ​កណ្តឹង​ ​សូ​ ​សាវឿន​។​ ​ចាប់ពី​ឆ្នាំ​១​៩​៧​០​រហូតដល់​ចុង​ឆ្នាំ​១​៩​៧​១​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​ ​លោក​បាន​រស់នៅ​ក្នុង​រដ្ឋធានី​ភ្នំពេញ​ ​ប្រកបរបរ​ជា​អ្នក​ចម្រៀង​តាម​ភោជនីយដ្ឋាន​និង​រង្គសាល​ល្បី​ៗ​ ​តួយ៉ាង​ ​ភោជនីយដ្ឋាន​ឡា​ប៉ៃ​យ៉ុ​ត​ (​ម្តុំ​ផ្សារ​ថ្មី​) ​បារ​អា​ប៉ូ​ឡូ​ (​ម្តុំ​ផ្សារ​អូ​ឡាំ​ពិ​ក​) ​បារ​អប្សរា​ (​ម្តុំ​ផ្សារ​តា​ប៉ាង​) ​និង​ ​បារ​អូ​ឡាំ​ពិ​ក​ (​ម្តុំ​ស្តា​ត​អូ​ឡាំ​ពិ​ក​)​។​ ​តារា​ចម្រៀង​រូប​នេះ​បាន​បន្ត​ទៀត​ថា​ ​នៅ​គ្រា​ដែល​លោក​កំពុង​ច្រៀង​នៅ​បារ​ទាំងនោះ​ ​លោក​បាន​ស្គាល់គ្នា​ជាមួយ​សិល្បករ​ ​សិល្ប​ការិនី​រួម​អាជីព​ល្បី​ៗ​ជាច្រើន​ ​ជាអាទិ៍​រួម​មាន​ ​លោក​ ​អ៊ឹង​ ​ណារី​ ​លោក​ ថេ​ត​ ​សម្បត្តិ​ ​លោក​ ​វ៉ា​ ​សូ​វី​ ​លោក​ ​អ៊ឹម​ ​សុង​សឺ​ម​ ​អ្នកនាង​ ​រស់​ ​សេរី​សុទ្ធា ​ប៉ែន​ ​រ៉ន​ ​ប៉ែន​ ​រ៉​ម ​ម៉ៅ​ ​សារ៉េត​ ​និង​ ​ឈួន​ ​ម៉ា​ឡៃ ​ជាដើម​ ​ប៉ុន្តែ​ក្នុងចំណោម​តារា​ចម្រៀង​ទាំងអស់​ ​តារា​ចម្រៀង​មួយ​រូប​ដែល​លោក​ជិតស្និទ្ធ​ជាងគេ​នោះ​ ​គឺ​ ​អ្នកនាង​ ​នូវ​ ​ណា​រិន​ ​ម្ចាស់​បទ​“​គេង​មក​បង​” ​និង​“​ឱ​!​សត្វ​សារិកា​”​។​

           រស់នៅ​ភ្នំពេញ​មិនទាន់​បាន​មួយ​ឆ្នាំ​ស្រួលបួល​ផង​ ​នៅ​អំឡុង​ខែវិច្ឆិកា​ ​ឆ្នាំ​១​៩​៧​១​ ​លោក​បាន​ចាកចេញ​ពី​រដ្ឋធានី​ភ្នំពេញ​ទៅ​បន្ត​អាជីព​ជា​អ្នក​ចម្រៀង​នៅ​ឯ​បរ​ប៉ៃលិន​។​ ​នៅ​ប៉ៃលិន​ ​លោក​បាន​ប្រកប​អាជីព​ពីរ​ដើម្បី​ដោះស្រាយ​ជីវភាព​គឺ​ពេលថ្ងៃ​ធ្វើជា​កម្មករ​ជីក​ត្បូង​ ​ឯ​ពេលយប់​ចេញ​ច្រៀង​ក្នុង​បារ​មួយ​ឈ្មោះ​ ​បារ​ដើម​អំពិល​ ​រហូតដល់​ឆ្នាំ​១​៩​៧​៥​។​ ​នៅ​ក្នុង​របបប្រល័យពូជសាសន៍​ខ្មែរក្រហម​ ​លោក​ត្រូវ​បាន​ជម្លៀស​ទៅ​រស់នៅ​ក្នុង​ទឹកដី​ខេត្ត​បាត់​ដំបង​ ​ហើយ​រស់នៅ​លាក់​អតីតភាព​រហូតដល់​របប​នោះ​ដួល​រលំ​។​ ​ក្រោយ​ឆ្នាំ​១​៩​៧​៩​ ​លោក​បាន​ចូល​បម្រើ​ការ​ជាតា​រា​ចម្រៀង​ប្រចាំ​មន្ទីរ​វប្បធម៌​ខេត្ត​បាត់​ដំបង​។​ ​ក្នុង​ឆ្នាំ​១​៩​៨​២​ ​លោក​បាន​ផ្លាស់មក​បំ​ពេញការ​ងារ​ដដែល​នៅ​មន្ទីរ​វប្បធម៌​រដ្ឋធានី​ភ្នំពេញ​ ​រួម​ជាមួយ​សិល្បករ​ជើងចាស់​មួយ​ចំនួន​ ​ដូចជា​ ​កវី​ ​អ៊ុក​ ​សំអាត​ ​ត​ន្រ្តី​ករ​ ​ហេង​ ហួ​វ៉េ​ង​ ​លោក​ ​ថោ​ង​ ​សែម​ ​និង​ ​លោក​ ​ទី​ ​លី​ ​ជាដើម​។​ ​ក្នុង​សម័យ​សាធារណរដ្ឋប្រជាមានិត​កម្ពុជា​ ​បទ​ចម្រៀង​ដែល​លោក​បាន​ច្រៀង​ហើយ​មាន​ភាព​ល្បី​រន្ទឺ​ជាងគេ​នោះ​គឺ​ ​បទ​ ​វាសនា​បាត់​ដំបង​ (​បច្ចុប្បន្ន​ ​ខេមរៈ​ ​សិរីមន្ត​ ​ច្រៀង​តាម​លំនាំ​មេ​ឡូ​ឌី​ដើម​ ​ប្តូរ​ចំណងជើង​ថា​“​អនុ​ស្សា​វ​រី​យ៍​បាត់​ដំបង​”) ​និង​ ​បទ​ ​អនុ​ស្សា​យើង​ទាំងពីរ​ (​អ្នកខ្លះ​ហៅថា​“​ផ្ការាំង​រីក​រោយ​”)។​

          ក្រោយមក​ទៀត​ ​ចាប់តាំង​ពី​ចុង​ទ​.​វ​.​ទី​៨​០​ ​រហូតដល់​ទ​.​វ​.​ទី​៩​០​ ​លោក​បាន​ចូល​ច្រៀង​ក្នុង​ផលិតកម្ម​ថត​កា​ស្សែ​ត​ចម្រៀង​ ​គឺ​ ​ផលិតកម្ម​ឆ្លង​ដែន​ ​និង​ ​ផលិតកម្ម​រស្មី​ហង្ស​មាស​។​ ​បទ​ចម្រៀង​ដែល​ល្បី​បំផុត​របស់​លោក​ក្នុង​ជំនាន់​នោះ​ជា​ប្រភេទ​បទ​មនោសញ្ចេតនា​ ​ដូចជា​ ​បទ​ “​អា​ណែ​ត​មាសបង​” ​បទ​ “​សែន​អាល័យ​” ​បទ​ “​អាល័យ​ក្លិន​អូន​” ​ដែល​សុទ្ធសឹងតែ​ជា​បទ​លោក​និពន្ធ​ឡើង​ដោយខ្លួនឯង​។​ ​រីឯ​ចម្រៀង​ពីរ​បទ​ទៀត​ដែល​លោក​បាន​យក​បទ​ដើម​មក​ច្រៀង​ឡើងវិញ​ហើយ​ធ្វើឲ្យ​ផ្ទុះ​ល្បី​ខ្លាំង​ជាង​ម្ចាស់​ដើម​ទៅទៀត​ ​រហូត​ធ្វើឲ្យ​មហាជន​ភាគច្រើន​យល់​ច្រឡំ​ថា​លោក​ជា​ម្ចាស់​បទ​នោះ​ ​គឺ​បទ​“​ពីរ​ម៉ាត់​យ៉ាង​ខ្លី​” ​និង​បទ​“​ឲ្យ​បង​សុំ​ស្រឡាញ់​ផង​”​។​ ​លោក​បាន​អះអាង​ថា​ ​ជំនាន់​នោះ​ ​ក្នុងចំណោម​តារា​ចម្រៀង​ប្រុស​ ​មានតែ​លោក​ទេ​ដែល​ច្រើន​ច្រៀង​បញ្ចូល​ទៅ​ក្នុង​ខ្សែភាពយន្ត​ ​និង​ វីដេអូ​ខ្មែរ​ ​តួយ៉ាង​ ​បទ​ចម្រៀង​៣​បទ​ដែល​លោក​បាន​ច្រៀង​ឆ្លងឆ្លើយ​ជាមួយ​អ្នកស្រី​ ​ស៊ិន​ សុ​វណ្ណា​រី​ ​បញ្ចូល​ទៅ​ក្នុង​ភាពយន្ត​រឿង​ “​ស្នេហា​មួយ​” ​របស់​ផលិតកម្ម​កង​ចក្រ​ភាពយន្ត​សម្តែង​ដោយ​ ​លោក​ យុត្ថា​រា​ឆា​នី​ ​និង​ ​កញ្ញា​ ហុ​ក​ ​ល​ក្ខិ​ណា​ ​ថត​ក្នុង​ឆ្នាំ​១​៩​៩​០។​

          នៅ​ពេល​ក្រុម​ការងារ​សួ​រលោក​ថា​ ​ចំណុច​អ្វី​ដែល​ជា​មោទនភាព​ចំពោះ​អាជីព​សិល្បៈ​របស់​លោក​? ​តារា​ជើងចាស់​ ​ហួរ​ ឡា​វី​ ​បាន​ឆ្លើយតប​ថា​ ​អ្វី​ដែល​ធ្វើឲ្យ​លោក​​​មាន​មោទនភាព​គឺ​ត្រង់ថា​លោក​មិន​ត្រឹមតែ​ចេះ​ច្រៀង​នោះ​ទេ​ ​ប៉ុន្តែ​លោក​ចេះ​សរសេរ​និពន្ធ​បទ​ចម្រៀង​តាមរយៈ​ការសង្កេត​រៀនសូត្រ​ដោយខ្លួនឯង​លើ​ស្នាដៃ​រៀមច្បង​ដូចជា​លោក​ ​ស៊ី​ន​ ​ស៊ី​សា​មុត​ ​ជាដើម​។​ ​សំខាន់​ ​លោក​ចេះ​ដាក់​មនោសញ្ចេតនា​ទៅតាម​បទ​ចម្រៀង​នីមួយៗ​ធ្វើឲ្យ​អ្នកស្តាប់​ស្លុង​អារម្មណ៍​ទៅតាម​បទ​ចម្រៀង​របស់​លោក​។​ ​ចំពោះ​លោក​ផ្ទាល់​ ​លោកនិយម​បទ​ចម្រៀង​ប្រភេទ​មនោសញ្ចេតនា​ជាង​បទ​ញាក់​។​ ​ប៉ុន្តែ​ជាក់ស្តែង​ ​នៅ​ពេល​កន្លងមក​ ​យើង​សង្កេតឃើញ​ថា​ ​ប្រជាពលរដ្ឋ​ខ្មែរ​ក៏ដូចជា​ម្ចាស់​កម្មវិធី​ប្រគំ​ត​ន្រ្តី​នានា​និយម​សំណូមពរ​ឲ្យ​លោក​ច្រៀង​បទ​ចម្រៀង​បែប​ញាក់​ជា​ញឹកញាប់​ផង​ដែរ​ ​ដូចជា​ ​បទ​ “​នារី​ស៊ិ​ច​ស៊ី​” ​បទ​ “​នារី​ម៉ាក​ស៊ី​” ​និង​បទ​ “​គេង​យល់សប្តិ​” ​។​ល​។​ ​និយាយឲ្យខ្លី​ ​លោក​ច្រៀង​បាន​ល្អ​ទាំង​បទ​បែប​មនោសញ្ចេតនា​ ​និង​ ​បទ​ញាក់កន្ត្រាក់​អារម្មណ៍​ ​ពោរពេញ​ដោយ​ទឹកដម​ស​ម្លេ​ង​ពីរោះ​ប្លែក​ខុស​ពី​តារា​ចម្រៀង​ផ្សេងៗ​ទៀត​ដាច់​ស្រឡះ​គ្មាន​អ្នកណា​ធ្វើ​បាន​ដូច​ឡើយ។​

          លោក​ជាតា​រា​ចម្រៀង​ជើងចាស់​មួយ​រូប​ដែល​ប្រកបដោយ​គុណធម៌​វិជ្ជាជីវៈ​ ​ដោយសារ​លោក​បាន​ ​ចំណាយ​ពេល​បណ្តុះបណ្តាល​កូនខ្មែរ​ពន្លក​សិល្បៈ​រហូត​ជិត​២​០​០​០​នាក់​ ​ហើយ​ក្នុងចំណោម​នោះ​ ​មាន​អ្នក​ក្លាយ​ជាតា​រា​ចម្រៀង​ល្បីឈ្មោះ​ ​ដូចជា​ ​លោក​ ​កែវ​ ​វាសនា​ ​លោក​ ​អ៊ី​ណូ ​និង​ ​លោក​ ​ប៊ុន​សក្តិ​ ​ជាដើម​។​ ​ទោះបីជា​យ៉ាងណា​ ​គុណបំណាច់​ក្នុង​វិ​ស​័​យ​សិល្បៈ​របស់​លោក​រយៈពេល​៥​០​ឆ្នាំ​មកនេះ​ហាក់បីដូចជា​មិនទាន់​ត្រូវ​បាន​ទទួលការ​តបស្នង​ឲ្យ​សក្តិ​សម​នៅឡើយ​ទេ​ ​ព្រោះ​លោក​ពុំ​ធ្លាប់​ទទួល​បាន​មេដាយ​ការងារ​ ​ឬ​ ​ពានរង្វាន់​សិល្បៈ​ណាមួយ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​នៅឡើយ​ទាល់តែសោះ​។​ ​លោក​បាន​អះអាង​ថា​ ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​ពុំសូវ​មាន​ខាង​អ្នក​រៀបចំ​កម្មវិធី​អញ្ជើញ​លោក​ឲ្យ​ចេញទៅ​សម្តែង​នៅ​តាម​ខេត្ត​ដូច​តារា​ស្រករក្រោយ​នោះ​ទេ​ ​មានតែ​ចូលរួម​ក្នុង​ការ​ប្រគំ​ត​ន្រ្តី​តាម​ស្ថា​នី​យ៍​ទូរទស្សន៍​ធំ​ៗ​ម្តងម្កាល​ប៉ុណ្ណោះ​។​ ​ប៉ុន្តែ​លោក​ក៏​នៅ​មានឱកាស​ច្រៀង​កំដរ​ភ្ញៀវ​ជា​រៀងរាល់​យប់​នៅ​ភោជនីយដ្ឋាន​ “​ផ្ទះ​ម៉ែ​ក្មេក​” ​បាន​មួយ​កន្លែង​ដែរ។​

          ស្ថិត​ក្នុង​ជី​វ​ភាពសមរម្យ​ ​លោក​ក៏​សប្បាយចិត្ត​ដែល​មាន​កូនស្រី​ម្នាក់​ ​គឺ​ ​កញ្ញា​ ​វី​ ​ឌី​ណែ​ត​ ​បាន​ស្នង​បន្តវេន​សិល្បៈ ​ពី​លោក​ ​នៅ​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស​ ​តែ​លោក​បាន​បញ្ជាក់​ថា​ ​លោក​មិន​ចង់​លូកដៃ​ក្នុង​វិថី​សិល្បៈ​របស់​កូន​នោះ​ទេ​ ​ព្រោះ​លោក​​​មាន​វ័យចាស់​ហើយ​ ​ហើយ​ស្ថានភាព​សិល្បៈ​ចម្រៀង​ក្នុង​សម័យ​លោក​ ​និង​ ​សម័យនេះ​ក៏​មិន​ដូចគ្នា​ដែរ​។​ ​ជាចុងក្រោយ​ ​ក្នុងនាម​ជាតា​រា​ចម្រៀង​អាជីព​រៀមច្បង​ម្នាក់​ ​លោក​សូម​ផ្តែផ្តាំ​ឲ្យ​តារា​ចម្រៀង​រលក​ក្រោយ​ទាំងអស់​មេត្តា​កុំ​ភ្លើតភ្លើន​ភ្លេចខ្លួន​នៅ​ពេល​បាន​ល្បីឈ្មោះ​ ​ហើយ​បើ​ចង់ឲ្យ​បទ​ចម្រៀង​ល្បី​បាន​យូរ​ដូច​សម័យ​មុន​ ​អ្នកនិពន្ធ​ត្រូវ​ខ្លាំង​ខាង​កំណាព្យកាព្យឃ្លោង​ ​មិនគួរ​ចម្លង​បទ​របស់​គេ​ទេ​ ​គួរ​យក​លោក​ ​ស៊ី​ន​ ​ស៊ី​សា​មុត​ ​ជា​គ​ម្រូ​ស្រាប់​៕​

Article by SRINSOKMEAN


SUGGESTIONS