សួស្តីខែមិថុនា! សម្រាប់ខែទីពីរនៃសករាជ ព.ស. ២៥៦៤ ថ្មីនេះ ទស្សនាវដ្តី សូវរីន បានសម្រិតសម្រាំងលើកយកឈុតហ្វេហ្សិនបែបទីក្រុងពោរពេញដោយសិល្បៈសហសម័យយ៉ាងរស់រវើករំលេចឡើងតាមរយៈការតុបតែងមុខគូសចិញ្ចើមប្លែកជាទម្រង់បក្សីប្រតិដ្ឋលេចធ្លោគួរឲ្យទាក់ទាញជក់ចិត្តដិតអារម្មណ៍។ ទោះបីជាយ៉ាងណាក៏យើងមិនអាចបំភ្លេចបាននូវទម្រង់មត៌កសិល្បៈបុរាណដែលជាអត្តសញ្ញាណជាតិបានដែរ យើងពិតជាមានក្តីសោមនស្ស ដែលបានធ្វើបទសម្ភាសន៍ពិសេសមួយជាមួយលោកជំទាវ សុទ្ធ សុម៉ាលី អគ្គនាយករងនៃនាយកដ្ឋានបច្ចេកទេសវប្បធម៌នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈស្តីពីជីវប្រវត្តិ និងបេសកកម្មការងារអភិរក្ស និងអភិវឌ្ឍសិល្បៈរបាំក្បាច់បុរាណ ឬ របាំព្រះរាជទ្រព្យខ្មែរ។
ទន្ទឹមនឹងនេះ យុវជន មូលចាន់នីន ដែលកំពុងចាប់ផ្តើមកសាងកេរ្តិ៍ឈ្មោះក្នុងវិស័យសិល្បៈគំនូរបុរាណស្នងពីបុព្វវិចិត្រករក៏បានចូលរួមលាតត្រដាងពីទេពកោសល្យ និងការខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងជំនាញអាជីពមួយនេះដែរ។ ពិធីករដ៏មានប្រជាប្រិយភាពលើកញ្ចក់ទូរទស្សន៍គឺ លោក សុខ រ៉ាស៊ី និងតារាភាពយន្តជំនាន់ថ្មី រ៉េត សារីតា ក៏បានចូលខ្លួនមករ៉ាយរ៉ាប់អំពីបទពិសោធន៍ និងក្តីស្រមៃរបស់ខ្លួននៅក្នុងសង្វៀនសិល្បៈដែលមិត្តអ្នកអានភាគច្រើនមិនទាន់បានដឹង។ ភ្នំជើងព្រៃ ទីសក្ការៈដ៏ពិសិដ្ឋតាំងពីបុរាណកាល ក៏ដូចជា ភូមិកោះចិនដែលមានប្រវត្តិល្បីរន្ទឺលំដាប់ប្រទេសខាងឯកទេសចម្លាក់ប្រាក់ស្ពាន់តពីដូនតាក៏នឹងបង្ហាញវត្តមានតាមរយៈទំព័រ សូវរីន ក្រោមជំនោរខែមិថុនាដ៏សែនមនោរម្យ។