×

​ពិព័រណ៍​ សិល្បៈ​តម្បាញ​ហូល​ពិតាន​ខ្មែរ​ ​ដែល​កំពុង​ប្រឈមមុខនឹង​ការ​បាត់បង់​

NEWS 2 months ago

           ​ភ្នំពេញ​៖​ ​នៅ​ថ្ងៃពុធ​ ​ទី​៣​០​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​០​ ​វេលា​ម៉ោង​៥​ល្ងាច​ ​នៅ​សារមន្ទីរ​ខ្លែង​ ​ទល់មុខ​រដ្ឋសភា​ ​ជាប់នឹង​អតីត​សាល​មហោស្រព​ទន្លេ​បាសាក់​ ​មាន​ការរៀបចំ​កម្មវិធី​សម្ពោធន៍​ផ្លូវការ​ពិព័រណ៍​សិល្បៈ​តម្បាញ​ហូល​ពិតាន​ខ្មែរ​ ​ក្រោម​អធិបតីភាព​​ដ៏​​ខ្ពង់​ខ្ពស់​របស់​លោកជំទាវ​បណ្ឌិតសភា​ចារ្យ ភឿ​ង​ ​សកុណា​ ​និង​ ​វត្តមាន​ចូលរួម​ពីសំណាក់​ម​ន្រ្តី​រាជការ​ក្រោម​ឱវាទ​ក្រសួង​ ​សិប្បករ​តម្បាញ​ពី​តាម​បណ្តា​ខេត្ត​ ​ព្រមទាំង​សិស្ស​ ​និស្សិត​ ​ជាច្រើន​ទៀត​។​

           ​​លោក​ ​ឈឹម​ ​សុធី​ ​ប្រធាន​នាយកដ្ឋាន​សិល្បៈ​សូនរូប​និង​សិប្បកម្ម​ ​នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស​វប្បធម៌​នៃ​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ ​បាន​ថ្លែង​ក្នុង​ឱ​កា​សកម្មវិធី​សម្ពោធន៍​ជា​ផ្លូវការ​នោះ​ថា​ ​កម្មវិធី​ពិព័រណ៍​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​ដើម្បី​លើក​តម្កើង​មត៌ក​វប្បធម៌​អរូបី​តម្បាញ​ហូល​ពិតាន​ខ្មែរយើង​ឲ្យ​គង់វង្ស​ស្ថិតស្ថេរ​ “សិល្បៈ​តម្បាញ​ពិតាន​ខ្មែរ​កំពុង​ប្រឈម​នឹង​ការ​បាត់បង់​ ​ដោយ​សិល្បៈ​តម្បាញ​ហូល​និង​ផាមួង​ទូទៅ​មានការ​រីក​ចម្រើន​ ​ប៉ុន្តែ​តម្បាញ​ហូល​ពិតាន​នេះ​មាន​អ្នក​តម្បាញ​តិចតួច​បំផុត​ ​ហើយ​ពួកគាត់​កាន់តែ​ចាស់ៗ​ ​ក្រុម​គ្រួសារ​របស់​គាត់​មួយ​ចំនួន​ងាក​ទៅ​រក​វិ​ស័​យ​រោងចក្រ​ ​វាយនភណ្ឌ​ទំនើប​ […] ” ​។​

           ​​ក្នុងខណៈនោះ​ដែរ​ ​លោក​ក៏បាន​រាយការណ៍​អំពី​កិច្ចការ​គាំពារ​អភិ​រក្ស​សិល្បៈ​តម្បាញ​ហូល​ពិតាន​ខ្មែរ​ដោយ​នាយកដ្ឋាន​សិល្បៈ​សូនរូប​និង​សិប្បកម្ម​ថា​ ​សព្វថ្ងៃនេះ​នាយកដ្ឋាន​កំពុង​ផ្តោត​ខ្លាំង​លើ​ការ​អភិ​រក្ស​ផង​និង​ការ​អភិវឌ្ឍ​ផង​។​ ​ឈ​រលើ​ស្មារតី​នេះ​ ​នាយកដ្ឋាន​បាន​បង្កើត​ជា​សាលា​តម្កល់​ផលិតផល​សិល្បៈ​ជាច្រើន​ប្រភេទ​ ​តួយ៉ាង​ ​ចម្លាក់​ខ្មុក​ ​ចម្លាក់​ស្បែក​ ​ជាដើម​ ​ទុក​សម្រាប់​ជា​គំរូ​ដល់​អ្នក​ជំនាន់​ក្រោយ​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ​ ​ក៏​លោក​សំណូមពរ​ដល់​លោកជំទាវ​រដ្ឋ​ម​ន្រ្តី​ឲ្យ​ជួយ​ផ្តល់​ទីតាំង​សារមន្ទីរ​ខ្លែង​ទាំងមូល​ដែល​ជា​អតីត​សាល​ពិព័រណ៍​សមិទ្ធផល​សង្គម​តាំងពី​សម័យ​សម្តេច​តា​ (​ព្រះ​បរម​រត​ន​កោដ្ឋ​) ​នេះ​ធ្វើ​សាល​ពិព័រណ៍​សិល្បៈ​ដូចដើម​វិញ​ ​ព្រោះ​បច្ចុប្បន្ន​ ​សារមន្ទីរ​ខ្លែង​នេះ​អាច​ប្រើប្រាស់​បានតែ​មួយ​ផ្នែក​តែប៉ុណ្ណោះ​។​

           ​ឆ្លើយតបនឹង​របាយការណ៍​របស់​ប្រធាន​នាយកដ្ឋាន​ខាងលើ​ ​លោកជំទាវ​បណ្ឌិតសភា​ចារ្យ ភឿ​ង​ ​សកុណា​ ​បាន​ថ្លែង​សុន្ទរកថា​​ថា​ សិល្បៈ​តម្បាញ​ហូល​ពិតាន​ខ្មែរ​ពិតជា​មាន​លក្ខណៈ​ពិសេស​និង​មាន​បញ្ហា​លំបាក​ជាង​ទម្រង់​វប្បធម៌​រូបី​ក្នុង​ការ​អភិ​រក្ស​ “​ដូច​យើង​ដឹង​ស្រាប់ហើយ​ ​វត្ថុ​សិល្បៈ​អរូបី​នេះ​គឺ​ងាយ​បាត់​ណាស់​! ​ប្រាសាទ​ថ្ម​យើង​អាច​សល់​ទុក​រាប់ពាន់​ឆ្នាំ​ ​ប៉ុន្តែ​មនុស្ស​មិន​អាច​រស់​រាប់ពាន់​ឆ្នាំ​ទេ​ ​៧​០​-​៨​០​ឆ្នាំ​ ​តែ​គាត់​ស្លាប់​ទៅ​ ​អត់មាន​អ្នកណា​បន្ត​ ​គឺ​បាត់​ហើយ​ ” ​។​ ​លោកជំទាវ​បាន​លើកទឹកចិត្ត​ដល់​មហាជន​​ឲ្យ​បន្ត​ជួយ​គាំទ្រ​ជាវ​ហូល​ពិតាន​នេះ​ទៅ​ប្រើប្រាស់​តុបតែង​គេហដ្ឋាន​តាម​សម័យនិយម​ដើម្បីឲ្យ​អ្នក​ត្បាញ​មានលទ្ធភាព​បាន​បន្ត​ការងារ​តម្បាញ​បែប​បុរាណ​នេះ​ទៅមុខ​ទៀត​។​ ​ទន្ទឹម​នឹង​នេះ​ ​លោកជំទាវ​សូម​អំពាវនាវ​ចំពោះ​យុវជន​ជំនាន់​ក្រោយ​ឲ្យ​ក្រោក​ឡើង​រួមគ្នា​រៀនសូត្រ​ ​ផ្តល់​តម្លៃ​ ​និង​ផ្សព្វផ្សាយ​មត៌ក​សិប្បកម្ម​តម្បាញ​ប្រភេទ​នេះ​កុំឲ្យ​បាត់បង់​ក្នុង​ជំនាន់​យើង​ “​ឲ្យ​មាន​ទឹក​ចិត្តស្រឡាញ់​អ្វី​ដែល​ជា​របស់​ជាតិ​! ​បើ​គ្មាន​ព្រលឹង​ជាតិ​ក្នុង​ខ្លួន​ទេ​ ​មនុស្សយើង​មានតែសំបក​ទេ​!”​។​

           ​ដោយឡែក​ ​លោក​ ​ផេង​ ​សុផល​ ​ម្ចាស់​ហាង​លក់​ផលិតផល​តម្បាញ​សូត្រ​ “​កី​ខ្មែរ​” ​រាជធានី​ភ្នំពេញ​ ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​ ​កម្មវិធី​នេះ​នឹង​ជួយ​មហាជន​ទាំងឡាយ​ឲ្យ​ទទួល​បាន​នូវ​ចំណេះ​ដឹង​អំពី​ហូល​ពិតាន​ខ្មែរ​ ​និង​ ​ផលិតផល​ទាក់ទង​នឹង​តម្បាញ​សូត្រ​ ​ដូចជា​ ​ល័ក្តខ្មែរ​ធម្មជាតិ​ ​និង​ ​ឧបករណ៍​តម្បាញ​បែប​បុរាណ​ ​ជាដើម​។​ ​លោក​បាន​ចូលរួម​រៀបចំ​ជ្រើសរើស​សម្រិត​សម្រាំង​ផលិតផល​ហូល​ពិតាន​ចំនួន​៦​ផ្ទាំង​ស្តីពី​ពុទ្ធ​ប្ប​វត្តិ​ ​និង​ ​រូប​សត្វ​លម្អ​ផ្សេងៗ​ដែល​មាន​ខ្នាត​ទំហំ​ពី​១​ម៉ែត្រ​ដល់​៤​ម៉ែត្រ​ ​និង​ ​ល័ក្តខ្មែរ​ ​ដើម្បី​តាំង​បង្ហាញ​ឲ្យ​មហាជន​បាន​ទស្សនា​។​

           ​​តាមរយៈ​បទពិសោធន៍​លក់​នា​ពេល​កន្លងមក​ ​លោក​សង្កេតឃើញ​ថា​ ​ប្រជាជន​ខ្មែរយើង​ងាក​មក​គាំទ្រ​ផលិតផល​សូត្រ​ជ្រលក់​ល័ក្តខ្មែរ​ធម្មជាតិ​គួរឲ្យ​កត់​សម្គាល់​ក្នុងរយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​ ​ប៉ុន្តែ​ដោយឡែក​ ​ការ​គាំទ្រ​ចំពោះ​ហូល​ពិតាន​នៅ​មាន​ក​ម្រិ​ត​ទាប​នៅឡើយ​។​ ​លោក​សង្ឃឹម​ថា​ ​ក្រោយ​ពី​ពិព័រណ៍​នេះ​ទៅ​ ​ប្រជាជន​ខ្មែរយើង​នឹង​មាន​ការចាប់អារម្មណ៍​ចំពោះ​ហូល​ពិតាន​ ​ប៉ុន្តែ​ត្រង់ថា​វា​ជំរុញ​ដល់​កា​រលក់​ដល់ក​ម្រិ​ត​ណា​នោះ​ ​លោក​ក៏​ពុំទាន់​ហ៊ាន​សន្និដ្ឋា​ន​ដែរ​៕

Article by SRIN SOKMEAN


SUGGESTIONS