×

ព្រះអង្គម្ចាស់​ក្សត្រិយ៍​ ​នរោត្តម​ ​ពង្ស​សូ​រិ​យា​ ​ព្រះ​បុត្រី​ដ៏​មាន​ព្រះ​បញ្ញាញាណ​ឈ្លាសវៃ​

NEWS 3 months ago

            ​កិត្តិ​ស័ព្ទ​របស់​ព្រះអង្គម្ចាស់​ក្សត្រិយ៍​ ​នរោត្តម​ ​ពង្ស​សូ​រិ​យា​ ​ដែល​មាន​សម្រស់​ព្រះ​កាយ​ស្រស់​សោភា​ ​និង​ព្រះជន្ម​ក្មេង​វ័យ​មួយ​អង្គ​នៅ​សែ​រាជវង្សានុវង្ស​ខ្មែរ​បាន​លេចឮ​ល្បី​រន្ទឺ​កាលពី​បី​បួន​ឆ្នាំមុន​នៅ​លើ​បណ្តាញ​សង្គម​តាមរយៈ​ការ​បង្ហោះ​ព្រះ​ឆាយា​លក្ខណ៍​របស់​ទ្រង់​រួម​ជាមួយ​ព្រះ​បិតា​ទ្រង់​ដោយ​ទំព័រ​ ​ហ្វេសប៊ុក​រាជា​និយម​មួយ​ចំនួន។​ ​យ៉ាងណាមិញ​ ​កាលពី​ពេល​ថ្មីៗ​កន្លងទៅ​នេះ​ ​ព្រះភ័ក្រ្ត​របស់​ទ្រង់​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​ល្បី​កក្រើក​ម្តងទៀត​តាមរយៈ​ព្រះ​ឆាយា​លក្ខណ៍​ថ្មីៗ​ប៉ុន្មាន​សន្លឹក​ក្នុង​ឱកាស​ដែល​ទ្រង់​ទើប​តែ​ទទួល​បាន​នូវ​សញ្ញាបត្រ​បញ្ចប់​ការសិក្សា​ពី​បរទេស​គួរឲ្យ​កោត​ស្ញប់ស្ញែង​ក្រៃលែង​សម្រាប់​សែ​រាជវង្ស​ដ៏​ខ្ពង់ខ្ពស់​ក៏ដូចជា​សម្រាប់​ប្រជាជាតិ​កម្ពុជា​ទាំងមូល​ផង​ដែរ។​ 

            ​ព្រះអង្គម្ចាស់​ក្សត្រិយ៍​ ​នរោត្តម​ ​ពង្ស​សូ​រិ​យា​ ​ជា​ព្រះ​បុត្រី​របស់​សម្តេច​ព្រះ​ម​ហិស្ស​រា​ ​នរោត្តម​ ​ចក្រពង្ស​ ​ឧត្តម​ប្រឹក្សា​ផ្ទាល់​របស់​ព្រះមហាក្សត្រ​ ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ​ ​នរោត្តម​ ​សី​ហ​មុនី​ ​និង​ជា​សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ​និង​ព្រះ​មាតា​ព្រះនាម​ ​មែន​ ​កែវមុនីរ៉ែន។​ ​ទ្រង់​ប្រសូត​នៅ​រាជធានី​ភ្នំពេញ​ ​គិត​មកដល់​សព្វថ្ងៃនេះ​ ​ទ្រង់​មាន​ព្រះជន្ម​២២​វស្សា​តែប៉ុណ្ណោះ​ ​ប៉ុន្តែ​ទ្រង់​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ប្រកបដោយ​ចំណេះ​ដឹង​ខ្ពង់ខ្ពស់។​ ​ទ្រង់​បាន​រំ​ព្ញ​កថា​ ​ទ្រង់​បាន​ចាប់ផ្តើម​សិក្សា​នៅ​សាលារៀន​ឯកជន​មួយ​ឈ្មោះថា​ ​សាលារៀន​អន្តរជាតិ​ភ្នំពេញ​ (International​ School​ of​ ​Phnom​ ​Penh)។​ ​ទ្រង់​បាន​បន្ត​ការ​ ​សិក្សា​នៅ​ទីនោះ​រហូត​បញ្ចប់​ថ្នាក់​វិទ្យាល័យ​នៅ​ក្នុង​ឆ្នាំ​២​០​១​៥​ ​ហើយក៏​បាន​សម្រេច​ព្រះទ័យ​ចាកចេញ​ពី​ ​ប្រទេស​កម្ពុជា​ទៅ​បន្ត​ការសិក្សា​នៅ​ក្រៅ​ប្រទេស​អស់​រយៈពេល​៥ឆ្នាំ។​ ​នៅ​ទីនោះ​ ​ទ្រង់​បាន​សិក្សា​ជំនាញ​ឯកទេស​នយោបាយ​អន្តរជាតិ​ ​នៅ​សាកលវិទ្យាល័យ​ពាណិជ្ជកម្ម​អន្តរជាតិ​និង​សេដ្ឋកិច្ច​ ​នៃ​រដ្ឋធានី​ប៉េកាំង​ ​សាធារណរដ្ឋប្រជាមានិត​ចិន។​

            ​ទ្រង់​សម្រេច​ព្រះទ័យ​ចាប់​យក​មុខជំនាញ​នយោបាយ​អន្តរជាតិ​ ​ដោយសារតែ​កាលពី​នៅ​សិក្សា​នៅ​ថ្នាក់​វិទ្យាល័យ​ ​គ្រូបង្រៀន​របស់​ទ្រង់​បាន​សង្កេតឃើញ និង​ចាប់អារម្មណ៍​លើ​សមត្ថភាព និង​ទេពកោសល្យ​របស់​ទ្រង់​លើ​មុខវិជ្ជា​អក្សរ​សា​ស្រ្ត ​និង​ប្រវត្តិវិទ្យា​ ​ដែល​ទ្រង់​អាច​ចងចាំ​បាន​ល្អ​ ​ទើប​គាត់​បាន​លើក​ទឹកព្រះទ័យ​ទ្រង់​ឲ្យ​ចាប់​យក​មុខជំនាញ​ខាងលើ​នេះ​សម្រាប់​ថ្នាក់​មហាវិទ្យាល័យ។​ ​ទន្ទឹម​នឹង​នេះ​ ​ទ្រង់​ក៏​មានបំណង​ចង់​ទៅ​សិក្សា​នៅ​បរទេស​ដើម្បី​ទទួល​បាន​បទពិសោធន៍​ថ្មីៗ​ក្នុង​ឆាក​ជីវិត​ផង​ដែរ។​ ​នៅ​ពេល​ទៅដល់​មហាវិទ្យាល័យ​នៅ​ប្រទេស​ចិន​ ​ទ្រង់​ត្រូវ​ចំណាយ​ពេល​សិក្សា​ថ្នាក់​មូលដ្ឋាន​គ្រឹះ​អស់​រយៈពេល​មួយឆ្នាំ​ពេញ​មុននឹង​ឈាន​ទៅ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​៤ឆ្នាំ​បន្ថែម​ទៀត។​ ​ក្រៅពី​នេះ​ ​ទ្រង់​ក៏​ត្រូវ​សិក្សា​ពី​ជំនាញ​រស់នៅ​ជាច្រើន​ដែល​ទ្រង់​មិន​ធ្លាប់ធ្វើ​ពីមុន​មក​ដែរ។​

            ​មិន​ខុស​អ្វី​ពី​និស្សិត​ខ្មែរ​សិក្សា​នៅ​បរទេស​ដទៃទៀត​ប៉ុន្មាន​នោះ​ទេ​ ​ទ្រង់​ដែល​ធ្លាប់​រស់នៅ​ជាមួយ​ក្រុម​ ​គ្រួសារ​ប្រកបដោយ​ផាសុកភាព​ ​និង​សុភមង្គល​យ៉ាង​កក់ក្តៅ​នោះ​ត្រូវ​រៀន​សម្រប​ព្រះ​កាយ​ទៅ​បរិ​បទ​ ​ជីវិត​រស់នៅ​ថ្មី​មួយ​បែប​ទៀត​ពោរពេញ​ដោយ​ភាព​ម្ចាស់ការ​លើ​ខ្លួនឯង​ច្រើនជាង​មុន។​ ​ជាក់ស្តែង​ ​ទ្រង់​បាន​រំ​ព្ញ​ក​អនុ​ស្សា​វ​រី​យ៍​នៅ​ពេល​ទៅដល់​ទីនោះ​ដំបូង​ថា​ “ខ្ញុំ​នៅចាំ​បាន​ថា​ ​កាលពី​ឆមាស​ទីមួយ​ ​ខ្ញុំ​មាន​អារម្មណ៍​នឹកផ្ទះ​ខ្លាំង​ណាស់! ​ពេល​នោះ​ ​ខ្ញុំ​យំ​ព្រោះតែ​គ្រូ​ដាក់​កិច្ចការ​ឲ្យ​ខ្ញុំ​ធ្វើ​ច្រើនពេក”។​ ​ទោះបីជា​ជួបប្រទះ​ឧបសគ្គ​យ៉ាងណាក៏ដោយ​ ​ក៏​ទ្រង់​នៅតែ​មាន​ព្រះ​តម្រិះ​ប្រកបដោយ​សុទិដ្ឋិនិយម និង​ភាព​វៃ​ឆ្លាត​ជានិច្ច។​ ​ទ្រង់​ចេះ​បង្កើត​ដំណោះស្រាយ​ដើម្បី​បន្ធូរ​ភាព​តានតឹង​ដោយខ្លួន​ទ្រង់​ ​ពោល​គឺ​ ​ទ្រង់​តែងតែ​រំព្ញក​ខ្លួន​ទ្រង់​អំពី​មូល​ហ​តុ​ដែល​ទ្រង់​កំពុង​ធ្វើ​វា​ ​ហើយ​ព្យាយាម​នៅ​ម្នាក់ឯង​ដោយ​ស្ងប់ស្ងាត់​ដើម្បី​ឈ្វេងយល់​ពី​បញ្ហា​ទាំងនោះ។​ ​ពេលខ្លះ​ ​ទ្រង់​ឆ្លៀតពេល​សាកល្បង​អាហារ​ថ្មីៗ​ប្លែកៗ​នៅ​ស្រុក​គេ​ ​ដើម្បី​កម្សាន្ត​អារម្មណ៍​បំបាត់​ភាព​ស្មុគ​ស្មាញ​ផង​ ​និង​ដើម្បី​បង្កើន​បទពិសោធន៍​ថ្មី​ផង។​

            ​​អ្វី​ដែល​ធ្វើឲ្យ​ទ្រង់​មាន​មោទកភាព​ខ្លាំង​បំផុត​ក្នុង​ឆាក​ជីវិត​ជា​និស្សិត​ខ្មែរ​គង់នៅ​បរទេស​នោះ​គឺ​ ​ព្រឹត្តិការណ៍​ធំៗ​ចំនួន​ពីរ​លើក។​ ​ទ្រង់​បាន​អះអាង​ថា​ ​លើកទីមួយ​គឺ​នៅពេលដែល​សាលា​បាន​រៀបចំ​បង្កើត​កម្មវិធី​មហោស្រព​វប្បធម៌​ (Culture​ ​Festival) ​ធំ​មួយ​ដែល​មាន​ស្តង់​ចូលរួម​តាំង​ពិព័រណ៍​រហូតដល់​លើស​ពី​ ​១០០​ស្តង់។​ ​ដោយឡែក​ ​ទ្រង់​បាន​ចូលរួម​ជា​តំណាង​ស្តង់​ប្រទេស​កម្ពុជា​បង្ហាញ​និង​ផ្សព្វផ្សាយ​អំពី​ឈុត​ ​សម្លៀក​បំពាក់​ប្រពៃណី​ជាតិខ្មែរ​ឲ្យ​ជនជាតិ​បរទេស​ទាំងឡាយ​ដែល​ចូលរួម​កម្មវិធី​បាន​ស្គាល់​។​ ​ជា​លទ្ធ​ ​ផល​ ​ជនជាតិ​បរទេស​ជាច្រើន​បាន​ចូលរួម​ទស្សនា​ ​និង​កោតសរសើរ​ពី​សិល្បៈ​វប្បធម៌​របស់​ខ្មែរ​ ​ដែល​ធ្វើ​ ​ឲ្យ​ទ្រង់​សប្បាយ​ព្រះទ័យ​យ៉ាង​ខ្លាំង​។​ ​ដោយឡែក​ ​នៅ​ក្នុង​ឆ្នាំ២០២០​នេះ​ ​ទ្រង់​បាន​គ្រង​ឈុត​ទទួល​សញ្ញាបត្រ​អម​ដោយ​សញ្ញាបត្រ​ផ្លូវការ​មួយ​ ​និង​វិញ្ញាបនបត្រ​និស្សិត​ឆ្នើម​មួយ​នៅ​ក្នុង​ព្រះហស្ថ ​ដែល​ទ្រង់​ចងចាំ​ ​មិន​ភ្លេច​ ​ព្រោះ​នេះ​ជា​កិត្តិយស​សម្រាប់​សែ​រាជវង្ស​របស់​ទ្រង់​ព្រមទាំង​ប្រទេស​កម្ពុជា​ផង​ដែរ។​

            ​​ទាក់ទិន​នឹង​ច​ម្ងល់​របស់​មហាជន​ទាំងឡាយ​ថា​តើ​ទ្រង់​មាន​ព្រះ​បំណង​អ្វី​ជា​បន្ត​ទៀត​ ​ទ្រង់​បាន​ ​មាន​បន្ទូល​ប្រាប់​តាមរយៈ​ទស្សនាវដ្តី​សូវរីន​ថា​ ​នៅ​ពេល​អនាគត​ឆាប់ៗ​ខាងមុខនេះ​ ​ទ្រង់​នឹង​បន្ត​សិក្សា​ ​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ​ដោយ​ជ្រើសរើស​យក​ជំនាញ​រដ្ឋបាល​សាធារណៈ​នៅ​ប្រទេស​ចិន​។​ ​អ្វី​ដែល​កាន់តែ​ពិសេស​នោះ​គឺ​ទ្រង់​មិន​ភ្លេច​ទេ​នូវ​ទឹកព្រះទ័យ​ចំពោះ​ជាតិ​មាតុភូមិ​ដោយ​ទ្រង់​បាន​អះអាង​ថា​ ​ទ្រង់​នឹង​ជួយ​តបស្នង​សង្គមជាតិ​តាម​លទ្ធភាព​របស់​ទ្រង់​ដោយ​វិធី​ណាមួយ។​ ​ឧទាហរណ៍​ថា​ ​ប្រសិនបើ​ទ្រង់​បាន​ក្លាយ​ជា​រដ្ឋមន្រ្តី​វ័យក្មេង​មួយ​រូប​ ​ទ្រង់​នឹង​ផ្ទេរ​សិទ្ធិ​អំណាច​ដល់​ស្រ្តី​វ័យក្មេង​របស់​កម្ពុជា​យើង​ឲ្យ​ពួកគេ​មាន​ឥទ្ធិពល​ក្នុង​សង្គម​ដែល​ពួកគេ​កំពុង​រស់នៅ​តាមរយៈ​ការ​បង្កើត​ប្រព័ន្ធ​ដឹកនាំ​មួយ​ដែល​អនុញ្ញាត​ឲ្យ​ស្រ្តី​មិន​មាន​ភាព​ភ័យខ្លាច​ចំពោះ​ការ​បញ្ចេញមតិ។​

            ​​ស្រប​ជាមួយគ្នា​នេះ​ដែរ​ ​ទ្រង់​ក៏បាន​សង្កេតឃើញ​ដែរ​ថា​ស្រ្តី​កម្ពុជា​យើង​ក្នុង​ពេល​បច្ចុប្បន្ននេះ​មាន​ ​ភាព​ក្លាហាន​ហ៊ាន​បញ្ចេញ​ការយល់​ឃើញ​និង​អារម្មណ៍​ផ្ទាល់ខ្លួន​របស់​ពួកគេ​ទៅកាន់​សង្គម​ច្រើនជាង​ពី​ ​អតីតកាល​ ​តួយ៉ាង​ ​ពួកគេ​ហ៊ាន​ក្រោកឈរ​និយាយ​អំពី​បញ្ហា​វិបត្តិ​ផ្លូវចិត្ត​ (Depression) ​និង​បញ្ហា​ការ​រំលោភបំពាន​ផ្លូវ​ភេទ​ (​Sexual​ ​Harassment​) ​នៅ​លើ​បណ្តាញ​សង្គម​ជាដើម។​ ​ទោះបីជា​ពួកគេ​មិន​ដឹង​ថា​ ​ទទួល​ប្រតិកម្ម​យ៉ាងណា​ខ្លះ​ពី​មជ្ឈដ្ឋាន​ជុំវិញ​ក៏ដោយ​ ​យ៉ាងហោចណាស់​ក៏​ពួកគេ​បាន​បើក​ជជែក​សន្ទនា​ ​អំពី​បញ្ហា​ទាំងអស់​នោះ​ដែរ។​ ​ជា​ចុង​បញ្ចប់​ ​ទ្រង់​សូម​ថ្លែង​អំណរគុណ​យ៉ាង​ស្មោះ​អស់ពី​ព្រះទ័យ​ទៅកាន់​ ​ប្រជាជន​កម្ពុជា​ទាំងអស់គ្នា​ដែល​តែង​គោរព​ស្រឡាញ់​គាំទ្រ​ទ្រង់​ ​ព្រមទាំង​ក្រុម​រាជវង្សានុវង្ស​ទាំងអស់​ ​តាំងពី​ដើម​រៀង​មក​ដល់​ពេល​នេះ។​ ​អ្វី​ដែល​ទ្រង់​ចង់​ផ្តែផ្តាំ​ដល់​អ្នក​ទាំងអស់គ្នា​ ​ជាពិសេស​យុវជន​ជំនាន់​ ​ក្រោយ​នោះ​គឺ​ “ត្រូវ​មានទំនុក​ចិត្ត​លើ​ខ្លួនឯង​ ​និង​ស្រឡាញ់​ខ្លួនឯង​។​ ​អ្នក​អាច​ឈាន​ទៅ​សម្រេច​អ្វីៗ​គ្រប់​ ​បែបយ៉ាង​ប្រសិនបើ​អ្នកមាន​វា”៕​

Article​ ​by​ SRIN​ ​SOKMEAN​


SUGGESTIONS