×

នាយក​សាលា​បឋមសិក្សា​វត្តបូព៌៖ “ការ​ដឹកនាំ​ដោយ​មាន​ការ​ព្រមព្រៀង​គឺ​ជា​រូបរាង​នៃ​ការ​អភិវឌ្ឍ!”

NEWS 6 years ago
 
 

          បើ​និយាយ​ពី​សាលា​វត្តបូព៌​ភាគ​ច្រើន​អ្នក​ទាំង​អស់គ្នា​នឹង​នឹកភ្នក​ទៅ​ដល់​សាលារៀន​ដ៏​គំរូ​មួយ​ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ទឹកដី​អង្គរ​ដ៏​បវរ​នៃ​យើង ដែល​ទទួល​បាន​ភាព​ល្បាញល្បី​លើ​វិស័យ​អប់រំ​ក្នុង​កម្រិត​បឋមសិក្សា​ភ្ជាប់​ជា​មួយ​ការ​អប់រំ​យ៉ាង​ខ្ជាប់ខ្ចួន​តាម​ក្បួន​ខ្នាត។

          សាលា​បឋមសិក្សា​វត្តបូព៌ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ១៩៨៧ ដែល​មាន​ផ្ទៃដី​សរុប ១៣,៧០២.៦០ម៉ែត្រការ៉េ។ សាលា​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​វត្តបូព៌ សង្កាត់​សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោកនាយកសាលា ពឹង គិមឆេន​សាលា​បឋមសិក្សា​វត្តបូព៌​ត្រូវ​បាន​វាយ​តម្លៃ​ក្នុង​កម្រិតជា​សាលាបឋមសិក្សា​គំរូ​បំផុត​ក្នុង​ប្រទេស​កម្ពុជា។ ដោយ​ឈរ​លើ​ទស្សនវិស័យ​ចំនួន​០៣​គឺ ១.គុណភាព​សិក្សាខ្ពស់ (បញ្ចប់​បឋមសិក្សា​១០០% រៀន ICT និង​០២ភាសា) ២.សុខភាព និង​បរិស្ថាន​ល្អ និង ៣.ឥរិយាបថ​ថ្លៃថ្នូរ (សុជីវធម៌ សីលធម៌ គុណធម៌) លោកនាយក ពឹង គិមឆេន ​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ផ្តល់​កិត្តិយស​ជានាយកសាលា​ឆ្នើមបំផុត​ប្រចាំ​ឆ្នាំ២០១៥។ មាន​សារពត៌មាន​ជាតិ អន្តរជាតិ ជាពិសេស​​ឥស្សរជន​ជាន់​ខ្ពស់​របស់​រាជរដ្ឋាភិបាល និង​បណ្តា​អង្គការ​ផ្សេងៗ​តែងតែ​ចុះ​ទៅ​បំពេញ​ទស្សនកិច្ច​​សិក្សា​ដើម្បី​​សម្តែង​ការ​លើក​ទឹកចិត្ត​ដល់​កិច្ច​ប្រឹងប្រែង​របស់​សាលា​ទាំង​មូល​ផងដែរ។ ​

          “អ្នក​មិន​ទទួល​ស្គាល់​កំហុស​ពិត ធ្វើ​ឲ្យ​ជីវិត​ជួប​បរាជ័យ!”

          ស្ថិតក្នុង​ឯកសណ្ឋាន​ដែល​បាន​បង្ហាញ​ពីវិន័យ​នឹង​សេចក្តី​ថ្លៃថ្នូរ​ លោកនាយក​បាន​​អត្ថាធិប្បាយ​​ថា “សាលា​បឋមសិក្សា​វត្តបូព៌ មាន​ទិសដៅ​អភិវឌ្ឍន៍​សមត្ថភាព​គ្រូបង្រៀន​គ្រប់​រូប​ឲ្យ​មាន​ចំណេះដឹង​ទាបបំផុត​ក៏​កម្រិត​បរិញ្ញាបត្រ​ដែរ (ចេះ ដឹង ធ្វើ)​ និង​ចេះ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេក​វិទ្យា (ICT) ព្រមទាំង​អាច​និយាយ​បាន​ពីរភាសា​នៅ​ចុង​ឆ្នាំ២០១៨។ លើស​ពី​នេះ​ទៀត​​ គ្រូបង្រៀន​ត្រូវ​មាន​ឥរិយាបថ​ល្អប្រកប​ដោយ​សមធម៌ មានស្មារតី​ចែករំលែក​ទូលំ​ទូលាយ​នឹង​រួមរស់​ជា​មួយគ្នា​ប្រកប​ដោយ​សុខដុមភាព ដើម្បី​បណ្តុះបណ្តាល​សិស្សានុសិស្ស​ឲ្យ​ទទួល​បាន​គុណភាព​និង​ភាពជោគជ័យ។ ពួកយើង​ប្រឹងប្រែង​ដើម្បី​ឲ្យ​សិស្ស​ថ្នាក់ទី៦​ទាំងអស់​បាន​ឆ្លង​ភូមិសិក្សា​ជោគជ័យ​១០០%។” ជា​ការ​ពិត​ណាស់​កេរ្តិ៍ឈ្មោះ​នៅ​សាលា​បឋមសិក្សា​វត្តបូព៌​បានមក​ដោយសារ​វិន័យ​ និងគុណភាព​នៃ​ការ​អប់រំ​ប្រកប​ដោយ​សុជីវធម៌ សីលធម៌ និងគុណធម៌។ លោកនាយក​បានបន្ថែមបន្ត​ទៀត​ថា​ “យើង​លុបបំបាត់​រូបភាព​ដែល​នាំ​ឲ្យ​មាន​ការ​រើសអើង​ក្នុង​ថ្នាក់រៀន។ សិស្ស​ទាំងអស់​ប្រើប្រាស់​​ឯក​សណ្ឋាន​​ដូចគ្នា​។ សេវា​នៅ​ក្នុង​សាលា​គឺ​សម្រាប់បម្រើ​ឲ្យ​ការ​សិក្សា​របស់​សិស្ស។ យើងមិន​បង្រៀន​ក្មេង​ឲ្យ​រាប់អាន​គ្នា​ដោយ​សារ​សម្ភារ ឬវណ្ណៈគ្រួសារ​​ឡើយ។ ដូច្នោះ​ដើម្បី​ធានា​ស្មារតី​​តម្លាភាព​​និង​សមធម៌​​នេះ ខ្ញុំ​ត្រូវ​តែ​ធ្វើ​ខ្លួន​ជាគំរូ​និង​លះបង់​ក្នុង​នាម​ជា​ថ្នាក់​ដឹកនាំ។”

          “មនុស្ស​សកល ស្អាត របៀប សុភាព ទៀងពេល និងសមាធិ!”

          បន្ថែម​លើ​ការ​រៀបរាប់​ខាង​ដើម លោកនាយក បាន​លើក​ឡើង​ពី​គោលការណ៍​ពិសេស​ចុងក្រោយ​មួយ​ដែល​ជា​គោលការណ៍​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​គ្រប់គ្រង​សិស្សានុសិស្ស​ទាំងអស់​នៅ​ទី​នេះ។ គោលការណ៍​នោះ​គឺ​សិស្សានុសិស្ស​ទាំងអស់​ត្រូវ​បាន​ទទួល​នូវ​ការ​អប់រំ​សុជីវធម៌​មួយ​ដើម្បី​ក្លាយ​ទៅ​ជា​មនុស្សសកល ដែល​មាន​លក្ខណៈ​សម្បត្តិ​៥យ៉ាង​គឺ ស្អាត របៀប សុភាព ទៀងពេល និង​សមាធិ។ លក្ខណៈ​សម្បត្តិ​ទាំង​នេះ​អាច​បង្ហាញ​ជា​ឧទាហរណ៍​តាម​រយៈ​សកម្មភាព​ឈរ​ជា​ជួរយ៉ាង​មាន​របៀបរៀប​រយ​ក្នុង​រយៈពេល​ដ៏​ខ្លី​នាពេល​គោរព​ទង់ជាតិ​របស់​សិស្សានុសិស្ស​ទាំងអស់​ដែល​មាន​ចំនួន​ប្រហាក់​ប្រហែល​៦៤០០នាក់។ ថ្វីត្បិត​តែ​វា​មិនមែន​ជា​ការ​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង ប៉ុន្តែ​សាលា​បឋមសិក្សា​វត្តបូព៌ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ទូទាំងប្រទេស​បាន​ឃើញ​តាម​រយៈ​វីដេអូ​ដែល​សាលា និង​ស្ថាប័ន​ព័ត៌មាន​មួយចំនួន​បាន​ផ្សព្វផ្សាយ។ ក្រោយ​ពេល​មើល​វីដេអូ​នោះ មាន​ប្រជាពលរដ្ឋ​ខ្លះ​ប្រាថា្ន​ថា​នឹង​នាំ​កូនៗ​របស់​ខ្លួន​ទៅ​រៀន​នៅ​ទី​នោះ ឬ​អ្នក​ខ្លះ​ទៀត​ក៏​រំភើប​ចិត្ត​រហូត​ស្រក់​ទឹកភ្នែក​នៅ​ពេល​ឃើញ​ទំពាំង​របស់​កម្ពុជា​កំពុង​តែ​លូតលាស់​នៅ​ក្នុង​មាគ៌ា​ត្រឹមត្រូវ​មួយ​របស់​ពួកគេ។ ក្រៅ​ពី​ប្រព័ន្ធ​គ្រប់គ្រង​សុជីវធម៌​សម្រាប់​សិស្ស​កម្រិត​ថា្នក់​ទី១​ដល់​ទី៦ លោកនាយក ក៏​មិន​ភ្លេច​លើក​ឡើង​ពី​របៀប​គ្រប់គ្រង​នៅ​កម្រិត​មត្តេយ្យសិក្សា​ផងដែរ។ លោកនាយក​វាចារ​ដោយ​ទឹកមុខ​ញញឹម​បន្តិច​ថា “យើង​បាន​ធ្វើ​កម្មវិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​ក្មេងៗ​ដែល​បាន​បញ្ចប់​មត្តេយ្យសិក្សា​ដូច​ជា​ពិធី​មនុស្សធំ​អ៊ីចឹង។ ទង្វើ​នេះ យើង​ចង់​ធ្វើ​ឲ្យ​កុមារ​មាន​អនុស្សាវរីយ៍​ជា​មួយ​ការ​សិក្សា​ឲ្យ​កាន់​តែ​ខ្លាំង ជាពិសេស​បង្ហាញ​ដល់​ម្តាយឪពុក ឬ​អាណាព្យាបាល​ថា​ចំណេះវិជ្ជា​គឺ​ជា​ទ្រព្យ​ជាប់ខ្លួន​ដែល​ចោរ​មិន​អាច​លួច​បាន​ឡើយ ហើយ​ចំណេះវិជ្ជា​នេះ​ទៀត​សោត​គឺ​ជា​កេរ្តិ៍​ដែល​ឪពុកម្តាយ​គួរ​តែ​បន្សល់​ទុក​ឲ្យ​កូនៗ​របស់​ពួកគេ។”

          “សាលារៀន​ល្អ​កុំទាន់​ថា​ស្អាត បើ​មិន​សង្វាត​បាន​ជា​ប្រចាំ!” 

          ដោយ​ឆ្លង​កាត់​ការងារ​នៅ​ទី​នេះ​តាំង​ពី​សាលា​បឋមសិក្សា​វត្តបូព៌​មាន​សិស្ស​ត្រឹមតែ​៤២៧នាក់ (នាឆ្នាំ១៩៩៣) រហូត​កើន​ដល់​ជិត​៦៤០០នាក់ (នាឆ្នាំ២០១៦) លោកនាយក​បាន​និយាយ​បន្ត​​ដោយ​ស្នាមញញឹម​ថា “កេរ្តិ៍ឈ្មោះ​និង​ការ​រីកចម្រើន​របស់​សាលា​សព្វថ្ងៃ​នេះ​កើត​ចេញ​ពី​ការ​ចូលរួម​និង​បរិច្ចាគ​ទាំង​កម្លាំងកាយ​និង​ចិត្ត​របស់​គ្រូបង្រៀន​គ្រប់​ជំនាន់។ ពួកគាត់​យល់​ច្បាស់​អំពី​ក្រមសីលធម៌​វិជ្ជាជីវៈ​គ្រូបង្រៀន។ លើស​ពី​នោះ​ទៀត គឺ​ការ​ចូលរួម​របស់​អាណាព្យាបាល​សិស្សានុសិស្ស​​ដែល​ពួកគាត់​បាន​ឲ្យ​តម្លៃ និង​យល់​ពី​អត្ថន័យ​នៃ​ការ​អប់រំ​កម្រិត​មូលដ្ឋាន​នេះ តើ​វា​មាន​សារ​សំខាន់​អ្វីខ្លះ​សម្រាប់​អនាគត​កូនៗ​របស់​ពួកគាត់។ មួយ​វិញ​ទៀត វា​ក៏​កើត​ចេញ​ពី​ការ​គាំ្រទ្រ​ដៃគូ​អភិវឌ្ឃន៍​នានា​ដែល​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​ជំរុញ​គុណភាព​វិស័យ​អប់រំ​កម្ពុជា​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ឆាប់រហ័ស និង​ជាពិសេស​បំផុត​ពី​ការ​អភិបាល​របស់​រាជរដ្ឋាភិបាលកម្ពុជា​តែម្តង។

          ទន្ទឹមនឹង​កេរ្តិ៍ឈ្មោះ​ដែល​សាលា​បឋមសិក្សា​វត្តបូព៌ និង​លោកនាយក​ទទួល​បាន​សព្វថ្ងៃ​លោកនាយក​ក៏​មិន​ភ្លេច​លើក​ឡើង​ពី​ឧបសគ្គ​ជា​ច្រើន​ដែល​បាន​កើត​ឡើង​នៅ​លើ​កិច្ចការ​ដ៏​លំបាក​ទាំង​នេះ​ផង​ដែរ។ លោក​មាន​ប្រសាសន៍​ថា “ឧបសគ្គទី១​គឺ​ខ្លួនឯង តើ​ខ្ញុំ​មាន​ឆន្ទៈ​នឹង​ធ្វើ​កិច្ចការ​ទាំង​នេះ​ទេ? ទី២​គឺ​ក្រុមគ្រួសារ​របស់​ខ្ញុំ តើ​ប្រពន្ធកូន​របស់ខ្ញុំ​នឹង​មាន​ជីវភាព​បែប​ណា? ទី៣​គឺ​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន តើ​កិច្ចការ​ដែល​ខ្ញុំ​ធ្វើ​នឹង​ប៉ះទង្គិច​ទៅ​ក្រុមបុគ្គល​ណាខ្លះ? ទី៤​គឺ សហការី​របស់ខ្ញុំ​នឹង​សហការ​ជា​មួយ​ខ្ញុំ​ដែរ​ឬទេ​?” ជាក់ស្តែង​ណាស់​ប្រសាសន៍​របស់​លោកនាយក​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ន័យ​របស់​ពាក្យ​ស្លោក​​មួយ​គឺ ការ​អប់រំ​មាន​រសជាតិ​ល្វីង​ តែ​ផ្តល់ផល​ផ្អែម​ណាស់។ ដូច្នេះ​ការសិក្សា​គឺជា​​វិធីសាស្ត្រ​តែមួយគត់​ដែលនាំឲ្យ​សង្គមជាតិ​មាន​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​បាន។

          “ការ​អប់រំ​គឺ​ជា​កាតព្វកិច្ច​របស់​យើង​​គ្រប់គ្នា​ដើម្បី​ភាព​រីកចម្រើន​ឥត​ឈប់ឈរ​របស់​សង្គម!”

          ជាចុង​ក្រោយ ដើម្បី​បន្ត​និរន្តរភាព​នៃ​ការ​រីកចម្រើន​នេះ លោកនាយក និង​ថ្នាក់​ដឹកនាំ​សាលា​ទាំងមូល​បាន​រៀបចំ​គោលការណ៍​០៤​​ដែល​វា​ស្រប​ទៅ​តាម​គោល​នយោបាយ​​របស់​ក្រសួង​អប់រំយុវជន​និងកីឡា គឺ ១.សាលារៀន​មាន​សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​ធ្វើ​ឲ្យ​មាតាបិតា​សិស្ស​ ​មាន​ភាព​កក់ក្ដៅ និង​ទំនុកចិត្ត។ ២.ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សុខុមាលភាព​របស់​សិស្សានុសិស្ស និង​គ្រូបង្រៀន។ ៣.គុណភាព​បង្រៀន​ដោយ​ផ្ដោត​លើ​សមាសភាគ​ទាំង៥ ដែល​មាន​ការអប់រំ​បញ្ញា ​កាយ សិល្បៈ ពលកម្ម សោភ័ណ ដើម្បី​មាន​បំណិន​ជីវិត និង​ប្រកប​ដោយ​ចតុស្ដម្ភ។ ៤. ជួយ​ធ្វើ​ឲ្យ​សមត្ថភាព គុណភាព និង​ជីវភាព​របស់​គ្រូបង្រៀន​កាន់​តែ​ប្រសើរ​ឡើង​តាមរយៈ​ការលើក​ទឹកចិត្ត​ពី​សប្បុរសជនជាតិ អន្តរជាតិ និង​សហគមន៍។

          លោកនាយក ពឹង គិមឆេន នឹងចូល​និវត្តន៍​ក្នុង​ពេល​ខាងមុខ​នេះ។ លោកនាយក​គិត​បែប​សុទិដ្ឋិនិយម​ថា កុមារ​ទូទាំង​ប្រទេស​នឹង​ទទួល​បាន​ការ​អប់រំ​ប្រកប​ដោយ​គុណភាព តម្លាភាព និង​សមធម៌​នាពេល​នោះ ពួកគេ​នឹង​មាន​ឱកាស​ពេញលេញ និង​ស្មើភាពគ្នា​ដើម្បី​ក្លាយ​ជា​បញ្ញាជនកម្ពុជា​ដ៏មាន​សក្តានុពល​ក្នុង​ការ​រួម​ចំណែក​អភិវឌ្ឍន៍​ប្រទេសជាតិ​លើ​គ្រប់​វិស័យ​។ សព្វថ្ងៃ​នេះ លោកនាយក កំពុង​ចំណាយ​ពេល​ដ៏​មមាញឹក​របស់​លោក​ចូលរួម​ក្នុង​វេទិកា​ថ្នាក់ជាតិ និង​អន្តរជាតិ​នានា​ដែល​មាន​ខ្លឹមសារ​ទាក់ទង​ទៅ​នឹង​ការ​ដឹកនាំ​ស្ថាប័នអប់រំ​។ កេរ្តិ៍ឈ្មោះ​របស់​លោកនាយក​កំពុង​សាយភាយ​ពេញ​ស្ថាប័នអប់រំ​ថ្នាក់ជាតិ​របស់​ព្រះរាជាណាចក្រថៃ។​ ពួក​គេ​មាន​ចម្ងល់​ថា ហេតុអ្វី​លោកនាយក ពឹង គិមឆេន អាច​សម្រេច​កិច្ចការ​ដ៏​លំបាក​នេះ​បាន​យ៉ាង​ជោគជ័យ​ដូច្នោះ ទាំង​ដែល​ពួកគេ​ខិតខំ​មក​ជា​យូរ តែ​មិន​សូវ​ទទួល​បាន​ផល​ដូច​ជា​សាលា​បឋមសិក្សាវត្ត​បូព៌​ទាល់​តែ​សោះ?

Article by SVAY LEEMENG


SUGGESTIONS