ឡូរ៉ែន អ៊ីដា ស្រ្តីបរទេសដំបូងដែលបង្កើតកញ្ចប់ទេសចរណ៍ផ្តោតលើសិល្បៈសហសម័យនៅកម្ពុជា
NEWS 3 years ago “Open Studio Cambodia” (អូផិនស្ទូឌីយោខេមបូឌា) ជាមជ្ឈមណ្ឌលប្រមូលផ្តុំសិល្បករសហសម័យដែលកំពុងលេចធ្លោឡើងនៅចំបេះដូងក្រុងសៀមរាប មិនឆ្ងាយប៉ុន្មានពីតំបន់ក្រុមប្រាសាទអង្គរ។ ស្ទូឌីយោដ៏ថ្មីសន្លាងនេះដើរតួនាទីជាទីតាំងសហគមន៍សិល្បករសហសម័យផងនិងជាវិចិត្រសាលសម្រាប់តាំងពិព័រណ៍ ស្នាដៃសហសម័យរបស់សិល្បករទាំងនោះផង ដែលត្រូវបានបង្កើតឡើងដោយស្ថាបនិកឈ្មោះ ឡូរ៉ែន អ៊ីដា (Lauren Iida) ជនជាតិអាមេរិក-ជប៉ុន ជាសិល្បករសហសម័យផ្នែកសិល្បៈកាត់ក្រដាស។ តើហេតុអ្វីបានជានារីជនជាតិបរទេសម្នាក់នេះសុខចិត្តចំណាយពេលទៅលើសិល្បៈសហសម័យនៅលើទឹកដីសៀមរាបអង្គរ ប្រទេសកម្ពុជា? តើនាងបានរៀបចំកញ្ចប់ទេសចរណ៍របស់នាងយ៉ាងដូចម្តេចខ្លះ? ហើយតើនាងមានគម្រោងធ្វើអ្វីខ្លះទៀតទាក់ទងនឹងការងារមួយនេះ?
ជាបឋម កញ្ញា ឡូរ៉ែន អ៊ីដា បានណែនាំខ្លួនថា «នាងខ្ញុំជាសិល្បករសញ្ជាតិអាមេរិក-ជប៉ុនមកពីទីក្រុង Seattle រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ ខ្ញុំបាននិងកំពុងរស់នៅប្រទេសកម្ពុជាអស់រយៈពេល១១ឆ្នាំមក ហើយ។ ខ្ញុំជាស្ថាបនិកនិងជានាយិកាគ្រប់គ្រងក្រុមហ៊ុនទេសចរណ៍ផ្នែកសិល្បៈនិងមជ្ឈមណ្ឌលសិល្បៈសហសម័យ អូផិនស្ទូឌីយោខេមបូឌានៅក្នុងខេត្តសៀមរាប» ។ ស្ថាបនិករូបនេះបានបន្តថា «ខ្ញុំស្រឡាញ់ប្រទេសកម្ពុជា ហើយក្នុងមួយឆាកជីវិតខ្ញុំ ខ្ញុំបានរស់នៅកន្លែងជាច្រើននៃប្រទេសកម្ពុជាចាប់តាំងពីភូមិតូចមួយ នៅខេត្តស្វាយរៀង រហូតដល់ភាគខាងត្បូងជាប់មាត់សមុទ្រ និង រាជធានីដ៏អ៊ូអរកុះករ។ សព្វថ្ងៃនេះ ខ្ញុំកំពុងនៅក្រុងសៀមរាប ជាទីកន្លែងដែលខ្ញុំទើបតែបានផ្លាស់ប្តូរមកនៅដើម្បីបាននៅជិតជាមួយនឹងទម្រង់សិល្បៈជាច្រើន និង បរិបទវិចិត្រសាលដែលរីកដុះដាលនៅទីនេះ» ។
Image Courtesy: Open Studio
មូលហេតុចំបងដែលជំរុញទឹកចិត្ត កញ្ញា ឡូរ៉ែន ឲ្យប្រឡូកក្នុងអាជីពជាអ្នករៀបចំដឹកនាំកញ្ចប់ទេស ចរណ៍សិល្បៈសហសម័យនៅកម្ពុជា គឺដោយសារកញ្ញាបានស្វែងយល់ឃើញថា សិល្បករ សិល្បការិនីផ្នែកសហសម័យនៅកម្ពុជាបានចាប់ផ្តើមរីកដុះដាលឡើងវិញ ក្រោយពេលដែលសិល្បករ សិល្បការិនី ដែលមានគំនតច្នៃប្រតិដ្ឋជឿនលឿនជាច្រើនកាលពីជំនាន់មុនបានបាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍។សព្វថ្ងៃ ប្រទេសកម្ពុជាកំពុងផ្តោតការយកចិត្តទុកដាក់លើវិស័យសិល្បៈ។ ប្រជាជនក្នុងស្រុកក្មេងៗកំពុងចាប់ផ្តើមផ្តល់តម្លៃលើសិល្បៈ បំពេញការងារលើផ្នែកសិល្បៈ និងជំរុញវិស័យសិល្បៈនៅកម្ពុជាឲ្យមានសន្ទុះលឿនទៅមុខក្នុងបរិបទថ្មីមួយដែលគួរឲ្យរំភើបចិត្ត។ ដូចនេះ កញ្ញាចង់ស្វែងរកមធ្យោបាយមួយក្នុងគោលបំណងផ្សារភ្ជាប់ភ្ញៀវទេសចរដែលមកទស្សនាប្រទេសកម្ពុជាទៅនឹងចំណុចនៃសិល្បៈសហសម័យកម្ពុជាជាច្រើនដែលពួកគេមិនសូវបានយល់ដឹង។ ម្យ៉ាងវិញទៀត កញ្ញាក៏ចង់ស្វែងរកវិធីសាស្រ្តដើម្បីគាំទ្រលើកស្ទួយសិល្បករសហសម័យកម្ពុជាតាមរយៈរូបភាពជាអ្នករៀបចំកញ្ចប់ទស្សនកិច្ចផងនិងជាការផ្តល់និកម្មភាព (ការងារ)ផងនៅពេលដែលនាងនាំភ្ញៀវទៅទស្សនាស្ទូឌីយោរបស់សិល្បករទាំងនោះនិងស្តាប់បាឋកថារបស់ពួកគេ។
Image Courtesy: Open Studio
កញ្ញាបានអះអាងថា កញ្ញាពិតជាស្រឡាញ់ការងារនេះណាស់ ដោយសារតែកញ្ញាចូលចិត្តផ្សារភ្ជាប់ទំនាក់ទំនងរវាងមនុស្សមានវប្បធម៌ផ្សេងៗគ្នាតាមរយៈស្នាដៃសិល្បៈ ហើយជំរុញឲ្យមនុស្សកោតស្ញប់ស្ញែងចំពោះគំនិតច្នៃប្រតិដ្ឋដែលពោរពេញដោយលក្ខណៈសិល្បៈ។ ទន្ទឹមនឹងនេះ ការងារនេះបានទាក់ទាញទេសចរអន្តរជាតិដែលមានបំណងចង់ស្វែងយល់ពីសិល្បៈនៃប្រទេសកម្ពុជាក៏ដូចជាប្រជាជនក្នុងស្រុកនិងជនបរទេសដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជាដែលមិនទាន់យល់ដឹងច្បាស់អំពីទម្រង់សិល្បៈសហសម័យនៅទីនេះ។ ជាជំហានដំបូង កញ្ញាបានចាប់ផ្តើមបើកស្ទូឌីយោតូចមួយនៅផ្ទះរបស់នាងនៅខេត្តកំពត ហើយនាងបានបបួលសិល្បករឲ្យមកជួបជុំគ្នាធ្វើការនៅទីនោះដោយមានផ្តល់វត្ថុធាតុដើមចាំបាច់សម្រាប់ការងារសិល្បៈរបស់ពួកគេ ហើយក៏បានជួយស្វែងរកអតិថិជនគោលដៅដើម្បីជាវស្នាដៃរបស់ពួកគេថែមទៀតផង។ ជាលទ្ធផល ចំនួនសិល្បករបានកើនឡើងយ៉ាងឆាប់រហ័សរហូតដល់៩នាក់ ហើយពួកគេភាគច្រើនក៏បានសម្រេចចិត្តផ្លាស់ប្តូរទីតាំងមករស់នៅនិងធ្វើការនៅខេត្តសៀមរាបទាំងអស់គ្នា។
Image Courtesy: Open Studio
រហូតមកដល់ពេលបច្ចុប្បន្ននេះ អូផិនស្ទូឌីយោខេមបូឌាមានលទ្ធភាពពេញលេញក្នុងការផ្គត់ផ្គង់ការងារដល់សិល្បករទាំង៩រូបជាអចិន្រ្តៃយ៍តាមរយៈប្រាក់ចំណូលដែលបានមកពីសេវាកម្មទេសចរណ៍។ សព្វថ្ងៃនេះ ក្រុមសិល្បកររបស់ស្ទូឌីយោនេះកំពុងរៀបចំគម្រោងតាំងពិព័រណ៍ជាច្រើនទាំងនៅក្នុងនិងក្រៅប្រទេស ជាអាទិ៍រួមមាន នៅវិចិត្រសាល Artxchange (រដ្ឋវ៉ាស៊ីងតោន សហរដ្ឋអាមេរិក), រីសត Anantara Angkor Resort (ខេត្តសៀមរាប), វិចិត្រសាល Galerie Lee (ទីក្រុងប៉ារីស ប្រទេសបារាំង), មជ្ឈមណ្ឌលសោតទស្សន៍បុប្ផាណា (រាជធានីភ្នំពេញ) និង ទីកន្លែងជាច្រើនទៀតសម្រាប់ឆ្នាំ២០២០នេះ។ ក្រៅពីនេះស្ទូឌីយោនេះនឹងពង្រីកកម្មវិធីសិក្ខាសាលាស្តីពីការបង្កើតវត្ថុសិល្បៈនៅរៀងរាល់ថ្ងៃអាទិត្យដែលផ្តល់ឱកាសឲ្យបងប្អូនស្រ្តីកម្ពុជាដែលមិនមានប្រវត្តិការងារសិល្បៈ ប៉ុន្តែចង់សាកល្បងអ្វីដែលថ្មី ចង់ស្វែងរកកន្លែងបញ្ចេញស្នាដៃខ្លួន និង ក្លាយជាផ្នែកមួយនៃសហគមន៍ស្រ្តីច្នៃប្រតិដ្ឋ។
ចំពោះកញ្ចប់សេវាកម្មទេសចរណ៍សម្រាប់ភ្ញៀវវិញ ស្ទូឌីយោនេះបានបែងចែកជាកញ្ចប់ជាបីប្រភេទគឺកញ្ចប់រយៈពេលកន្លះថ្ងៃនៅក្នុងខេត្តសៀមរាប កញ្ចប់ទេសចរណ៍ឯកជនរយៈពេលច្រើនថ្ងៃ និងកញ្ចប់ទេស ចរណ៍ចំនួន៤-៥លើកក្នុងមួយឆ្នាំដែលមគ្គុទ្ទេសក៍អូផិនស្ទូឌីយោនឹងដឹកនាំភ្ញៀវចំនួន១២នាក់ក្នុងមួយក្រុមទៅទស្សនាកន្លែងសិល្បៈនៅភ្នំពេញ ខេត្តបាត់ដំបង និង សៀមរាប ចំនួន១៤ថ្ងៃក្នុងមួយលើក។ លោកអ្នកអាចទាក់ទងសម្រាប់ព័ត៌មានលម្អិតនៅស្ទូឌីយោដែលមានទីតាំងស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប បើកពីថ្ងៃអង្គារដល់ថ្ងៃសៅរ៍ ចន្លោះម៉ោង ១០ព្រឹក ដល់ម៉ោង ៥រសៀល ។ ជាចុងក្រោយ ស្ថាបនិករូបនេះសង្ឃឹមថាប្រជាជនកម្ពុជានឹងត្រូវបានជំរុញទឹកចិត្តឲ្យគាំទ្រនិងប្រើប្រាស់វត្ថុសិល្បៈបែបសហសម័យ និងចូលរួមព្រឹត្តិការណ៍សិល្បៈឲ្យបានច្រើន ជាពិសេសគឺព្យាយាមរៀនជំនាញសិល្បៈជាការកម្សាន្ត ព្រោះជំនាញនេះមានតម្លៃជាច្រើនមិនមែនតែតម្លៃផ្នែកពាណិជ្ជកម្មនោះទេ!
Article by SRIN SOKMEAN