ជម្រើស ៤ ស្ទីលហ្វេហ្សិនសម្រាប់មិត្តនារីក្នុងការលេងស្ទាយ៍ជាមួយនឹងស្បែកជើងប៉ាត់តាពណ៌ស
FASHION & BEAUTY 5 years agoស្បែកជើងប៉ាត់តា កំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងវិស័យហ្វេហ្សិន។ ម៉ាកហ្វេហ្សិនធំៗកំពុងតែបែរមកធ្វើការច្នៃផលិតផលម៉ូដស្បែកជើងប៉ាត់តាកាន់តែច្រើនឡើងៗ ហើយឆាកបង្ហាញម៉ូដអន្តរជាតិនានា ក៏បានបញ្ចូលស្បែកជើងប៉ាត់តាកាន់តែច្រើន មិនដូចទំនោរនិយមពីមុនដែលប្រើតែស្បែកជើងកែងខ្ពស់ៗនោះទេ។ ស្របពេលនេះដែរ ការច្នៃម៉ូដស្បែកជើងប៉ាត់តាក៏កាន់តែមានភាពសម្បូរបែបជាងមុន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ម៉ូដស្បែកជើងប៉ាត់តាសាមញ្ញពណ៌ស នៅតែជាជម្រើសដ៏ល្អបំផុតសម្រាប់មនុស្សទូទៅ ព្រោះអ្នកខ្លះក៏មិនហ៊ានលេងម៉ូដខ្លាំងពេកដែរ ខណៈដែលចង់ដើរឲ្យទាន់សម័យកាលនឹងគេផងនោះ។ ហេតុដូច្នេះហើយ សូវរីន ថ្ងៃនេះនឹងបង្ហាញពីការជ្រើសរើសសម្លៀកបំពាក់យ៉ាងណាឲ្យស័ក្ដិសមជាមួយនឹងស្បែកជើងប៉ាត់តាពណ៌ស ហើយរក្សាបានភាពសាមញ្ញ និងឡូយឆាយ។
1. Denim Mate
ខោខូវប៊ូយ គឺជាមិត្តភក្ដិដ៏ជិតស្និទ្ធជាមួយនឹងស្បែកជើងប៉ាត់តាពណ៌សនេះឯង។ ដើម្បីបង្ហាញពីភាពហ្វេហ្សិន គួរណាជ្រើសរើសខោខូវប៊ូយណាដែលមានម៉ូដ រហែក ឬឆ្លាស់ពណ៌ជាដើម ដោយប្រើជាមួយនឹងអាវយឺតសាមញ្ញ ឬអាវក្រៅបែបសាច់ខូវប៊ូយជាដើម។ ម៉ូដនេះនឹងបង្ហាញថាអ្នកនាងកញ្ញាពោរពេញទៅដោយថាមពល ហើយស្ទាវបែបយុវវ័យសម័យថ្មី។ វាជាម៉ូដសាមញ្ញទូទៅសម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃ វាផ្ដល់នូវភាពងាយស្រួលក្នុងការដើរផ្សារ ឬដើរកម្សាន្ដ ប៉ុន្តែវារក្សាភាពហ្វេហ្សិនជានិច្ច។
2. Casual but Official
បង្កើនភាពហ្វេហ្សិនជាមួយនឹងស្បែកជើងប៉ាត់តាពណ៌ស ក្នុងឈុតអាវធំខោខ្លី វាពិតជាឡូយ ហើយសង្ហាក្រៃលែង។ សម្រាប់នារីដែលនិយមភាពហ្វេហ្សិន ពិតជាមិនរំលងនូវម៉ូដមួយបែបនេះទេ ដោយបង្ហាញពីភាពរម្យទមបែបអ្នកធ្វើការ តែស៊ីវិល័យបែបអ្នកហ្វេហ្សិន។ ម៉ូដនេះក៏ជាការនិយមរបស់តារាម៉ូឌែលអន្តរជាតិ និងតារាហូលីវ៉ូដស្រីជាច្រើនផងដែរ តួយ៉ាង Gigi Hadid, Zendaya, Kendall Jenner, Rita Ora និង Hailey Baldwin ជាដើម។
3. Skirt Time
ស្បែកជើងប៉ាត់តាពណ៌ស ក៏អាចលេងស្ទីលជាមួយនឹងសំពត់ផងដែរ។ វាជាបដិវត្តថ្មីមួយ ព្រោះនារីៗដែលនិយមស្លៀកសំពត់រមែងរអ៊ូថាពាក់ស្បែកជើងកែងយូរពេក វានាំឲ្យឈឺជើង។ ដូច្នេះហើយទើបមានការផ្លាស់ប្ដូរមកប្រើស្បែកជើងណាដែលងាយស្រួលពាក់ ជាអាទិ៍ស្បែកជើងប៉ាត់តានេះឯង ព្រោះកាលៈទេសៈខ្លះមិនតម្រូវឲ្យមិត្តនារីៗពាក់ស្បែកជើងផ្ទាត់ ឬស្បែកជើងរាបដែលឃើញម្រាមជើងឡើយ ដោយសារវាមើលទៅមិនសមគួរ។ ស្បែកជើងប៉ាត់តាពណ៌ស ក៏បានក្លាយជម្រើសដ៏ឡូយឆាយបំផុតសម្រាប់ការលេងស្ទីលជាមួយនឹងសំពត់។ មួយឈុតនេះក៏បង្ហាញឲ្យឃើញពីភាពរាក់ទាក់ គួរឲ្យចង់រាប់អានជាទីបំផុត។
4. Day Dress
ឈុតមួយទៀតដែលស័ក្ដិសមនឹងស្បែកជើងប៉ាត់តាពណ៌ស គឺប្រភេទរ៉ូបវែង ឬខ្លី (Day Dress) ដែលមានទម្រង់រលុង មិនរឹបរាង និងងាយស្រួលស្លៀក។ ដោយសារវាជាប្រភេទរ៉ូបដែលគេនិយមស្លៀកវាជាប្រចាំថ្ងៃ ដូច្នេះហើយទើបការប្រើប្រាស់ស្បែកជើងកែងត្រូវបានជំនួសដោយគ្មានមេត្តា ហើយលទ្ធផលគឺពិតជាស្រស់ស្អាតមួយបែបទៀត។ ស្បែកជើងប៉ាត់តាពណ៌ស បានរំលេចរូបរាងរបស់អ្នកនាងកញ្ញាគ្រប់គ្នា ដោយមិនរើសពណ៌សម្បុរឡើយ សូម្បីតែពណ៌នៃរ៉ូបក៏មិនសូវជារើសពណ៌ ឬក្រឡាផងដែរ៕
Article by LENG CHANREASEY