×

“Jungle Drapes the Temple” by Laisim Soeung

FASHION & BEAUTY Yesterday
 
 

          ជំនួបជាមួយនឹង ស៊ឹង ឡៃស៊ីម ជានិស្សិតខ្មែរមួយរូបទើបបញ្ចប់ការសិក្សារបស់ខ្លួនលើផ្នែកហ្វេហ្សិនឌីហ្សាញ នៃសាកលវិទ្យាល័យ The New School Parsons ពីទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក បានបង្ហាញក្រុមការងារ សូវរីន ទាក់ទងនឹងការបំផុសគំនិតក្នុងការច្នៃម៉ូដ Couture “Jungle Drapes the Temple” គឺជាការប្រមូលផ្ដុំ នៃការបំផុសគំនិតដោយប្រាសាទខ្មែរបុរាណដែលត្រូវបានហុំព័ទ្ធដោយធម្មជាតិ ដូច្នេះប្រិយមិត្តនឹងពីការដេរ និងការរចនាម៉ូដលើសម្លៀកបំពាក់នេះយ៉ាងលម្អិត។ 

          បើតាមការលើកឡើងរបស់អ្នកច្នៃម៉ូដរូបនេះបានបញ្ជាក់ឲ្យដឹងថា “ពីឈុតសម្លៀកបំពាក់មួយទៅឈុតសម្លៀកបំពាក់មួយទៀតគឺមានការរចនាសម្ព័ន្ធបែបជាខ្សែបណ្តាញ ដែលយកគំរូតាមលំនាំក្រឡារបស់ប្រាសាទ ហើយបន្ថែមបណ្តុំផ្កាប្រៀបទៅនឹងផ្កាដ៏ស្រស់បំព្រង ដែលតំណាងឱ្យភាពអត់ធ្មត់ នៃធម្មជាតិក្នុងការកើតឡើងវិញជាថ្មី។ ខ្ញុំបានបញ្ចូលពណ៌ផ្កាឈូកស្រាល ពណ៌បៃតង និងពណ៌មាស ដើម្បីបង្ហាញពីភាពអង់អាច ស្មោះត្រង់ ក្នុងជីវិតធម្មជាតិ ដោយហេតុទើបខ្ញុំច្នៃផ្ទៃខាងក្រោយជាពណ៌បៃតង ដើម្បីបញ្ជាក់ពីភាពស្រស់ត្រកាល និងសម្រស់របស់ព្រៃឈើធម្មជាតិដ៏ស្កឹមស្កៃ។” មិនត្រឹមតែប៉ុណ្ណោះ ចំណុចដែលគួរឲ្យកត់សម្គាល់ពីខូឡិកហ្សិននេះគឺជាការប្រើប្រាស់ពេលវេលា វត្ថុធាតុដើម រួមនឹងដំណាក់កាលនៃការរចនាម៉ូដពីដើមរហូតដល់ក្លាយជាសមិទ្ធិផល ។ ជាក់ស្តែង ការប្រើប្រាស់រយៈពេល ២៥ ម៉ោងទៅលើការដេរលើខូឡិកហ្សិនដោយដៃនេះមានដូចជា៖ (Hand Embroidery) ៣ ម៉ោងសម្រាប់ការបាញ់ខ្សែជាមួយនឹងខ្សែរីបូន (Braiding wih Ribbon) ការចំណាយពេលទៅលើ ៤ម៉ោង សម្រាប់ការដេរភ្ជាប់ក្រណាត់ដោយដៃ (Hand Gathering) ៤ ម៉ោងជាការដាក់ម្ជុលខ្សែរីបូនក្នុងលំនាំឆ្លងទ្រេត (Diagonal Crisscross Pattern) និង១៥ម៉ោងជាការដេរដោយដៃ (Hand Stitched)។ អ្នកច្នៃម៉ូដខ្មែររូបនេះ ក៏បានបញ្ជាក់ថា “ខ្ញុំបានចំណាយពេលជាច្រើនខែ ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍគំនិត មុននឹងបង្កើតខូឡិកហ្សិននេះ។ ដំណើរការនេះរួមមានការសិក្សាប្រវត្តិសាស្ត្រ ការសិក្សាទស្សនីយភាពអំពីប្រាសាទ និងលំនាំវាយនភាពនៃព្រៃឈើ ការសាកល្បងសម្ភារ និងការសាកល្បងការរំលេចពណ៌លើសម្លៀកបំពាក់ និងរាងកាយ។ ដំណើរការនៃការច្នៃនេះអាចនឹងមានភាពយឺតយ៉ាងបន្តិច ក៏ប៉ុន្តែខ្ញុំផ្តោតទៅលើគុណភាព ដើម្បីធានាបានថាមិនមានភាពខ្វះខាត និងរក្សាទម្រង់ និងអត្ថន័យក្នុងសម្រង់សម្លៀកបំពាក់នេះបានយ៉ាងពិតប្រាកដ។”

          មុននឹងបញ្ចប់កិច្ចសន្ទនាជាមួយ ក្រុមការងារ សូវរីន ឡៃស៊ីម ក៏បានបង្ហើបពីផ្នត់គំនិតរបស់ខ្លួនថា “ចំពោះខ្ញុំ Couture Jungle Drapes the Temple គឺជាគ្រឹះដ៏សំខាន់សម្រាប់អាជីពទៅថ្ងៃអនាគតរបស់ខ្ញុំ។ ខ្ញុំមានបំណងចង់បង្ហាញពិភពលោកនូវសមត្ថភាពរបស់ខ្ញុំ ក្នុងនាមជាអ្នករចនាម៉ូដមួយរូបដែលអាចបញ្ចូលគ្នានូវតម្លៃវប្បធម៌ និងបច្ចេកទេស Couture យ៉ាងមានវិជ្ជាជីវៈ។ គោលដៅរបស់ខ្ញុំគឺចង់ឱ្យស្នាដៃនេះនាំមកនូវទំនាក់ទំនងថ្មីៗ ការបង្ហាញមួយដែលធំទូលាយ រួមទាំងឱកាសផ្សេងៗ ដើម្បីឱ្យខ្ញុំអាចបន្តពង្រីកសមត្ថភាពលើការងារសិល្បៈ និងការរចនាបែប Conceptual ឱ្យកាន់តែអស្ចារ្យជាងនេះ” ៕

Article by Sivly Pan (Emily Siv)


SUGGESTIONS