×

ភាព​ខ្លាំង​របស់​ស្រ្តី​ក្នុង​វិ​ស័យ​កីឡា​កម្ពុជា​

NEWS 3 years ago
 
 

           ​តម្លៃ​នៃ​សមត្ថភាព​ការងារ​របស់​ស្រ្តី​ត្រូវ​បាន​ទទួលស្គាល់​កាន់តែ​ទូលំទូលាយ​ទ្វេ​ដង​នៅ​តាម​បណ្តា​ប្រទេស​នានា​ដែល​ក្នុង​នោះ​រួម​មាន​ប្រទេស​កម្ពុជា​យើង​ផង​ដែរ​។​សមត្ថភាព​ការងារ​របស់​ស្រ្តី​សព្វថ្ងៃ​ត្រូវ​បាន​ឆ្លុះបញ្ចាំង​តាម​វិ​ស័​យ​ផ្សេងៗ​ ​តួយ៉ាង​ វិ​ស័​យ​នយោបាយ​ វិ​ស័​យ​អប់រំ​ វិ​ស័​យ​រដ្ឋបាល​ វិ​ស័​យ​សេដ្ឋកិច្ច​ វិ​ស័​យសង្គមកិច្ច​ វិ​ស័​យវប្បធម៌​ វិ​ស័​យ​សារ​ព័ត៌មាន​ វិ​ស័​យ​ទូរគមនាគមន៍​ វិ​ស័​យ​ទេសចរណ៍​ វិ​ស័​យ​អាកាសចរណ៍​ ​និង​ វិ​ស​័​យ​កីឡា​ ​។​ល​។​ ​តើ​ស្រ្តី​ណាខ្លះ​ដែល​ជា​វីរនារី​ផ្នែក​កីឡា​បាន​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន​ ​និង​ ​មាន​កិត្តិ​ស័ព្ទ​ល្បីល្បាញ​ក្នុង​វិ​ស័​យ​នេះ​ទូទាំង​ប្រទេស​នៅ​ពេល​បច្ចុប្បន្ននេះ​?

​          វិ​ស័​យ​កីឡា​ប៉េ​តង់​ជាតិ​នេះ​ដែរ​ ​វីរ​កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជា​ពីរ​រូប​ ​គឺ​ ​អ្នកស្រី​ ​កែ​ ​ឡេង​ ​និង​ ​អ៊ុក​ ​ស្រីមុំ​ ​ទើប​តែ​ដណ្តើម​បាន​នូវ​មេដាយ​មាស​ ​នៅ​ក្នុង​វិញ្ញាសា​ប្រភេទ​កីឡា​ប៉េ​តង់​ជា​គូ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ (​SEA​ ​Game​s) ​លើក​ទី​២​៩​ ​ដែល​បាន​ប្រារព្ធ​ធ្វើឡើង​យ៉ាង​ម​ហោ​ឡារឹ​ក​ក្នុង​ឆ្នាំ​២​០​១​៧​ ​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ ​ប្រទេស​ម៉ាឡេស៊ី​ ​គួរ​ជាទី​មោនភាព​ក្រៃលែង​។​ ​លោកស្រី​ ​កែ​ ​ឡេង​ ​វ័យ​៥​៥​ឆ្នាំ​ ​ជា​ម្ចាស់​មេដាយ​មាស​កីឡា​ស៊ី​ហ្គេ​ម​ ​លើក​ទី​២​៩​ ​និង​ ​ជា​ម្ចាស់​មេដាយ​ផ្សេងៗ​ជិត​៤​០​ទៀត​។​ ​កីឡា​ការិនី​ទាំងពីរ​នេះ​បាន​ឈ្នះ​រាល់​ការ​ប្រកួត​ក្នុង​អំឡុង​ពេល​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​លើក​ទី​២​៩​ ​នៅ​ប្រទេស​ម៉ាឡេស៊ី​។​ ​ក្រុម​កីឡាករ​ ​កីឡា​ការិនី​ជាតិ​កម្ពុជា​បាន​ទទួល​មេដាយ​សរុប​ចំនួន​ ​០​៦​ ​ក្នុង​នោះ​មេដាយ​មាស​ចំនួន​០​១​ ​និង​ ​មេដាយ​សំរឹទ្ធ​ចំនួន​ ​០​៥​។​ ​លុះដល់​ចប់​ការ​ប្រកួត​ខាងលើ​ ​ជា​លទ្ធផល​ ​ព្រះរាជាណាចក្រកម្ពុជា​ទទួល​បាន​មេដាយ​សរុប​ចំនួន​១​៧​ (​មេដាយ​មាស​ ​០​៣​ ​មេដាយ​ប្រាក់​ ​០​២​ ​និង​មេដាយ​សំ​រឹទ្ធិ​១​២​)​។

          ​នៅ​ក្នុង​ប្រវត្តិ​សា​ស្រ្ត​កីឡា​ប៉េ​តង់​កម្ពុជា​ ​កីឡា​ការិនី​ទាំងពីរ​រូប​ត្រូវ​បាន​ចាត់ទុកជា​ ​វីរ​កីឡា​ការិនី​ឈ្នះ​បាន​មេដាយ​ជាបន្តបន្ទាប់​លើឆាកអន្តរជាតិ​រហូត​ឈ្នះ​បាន​មេដាយ​មាស​ពិភពលោក​ដែល​ពុំ​មាន​ស្រី​ខ្មែរ​ណា​ម្នាក់​ធ្លាប់ធ្វើ​បាន​ដូចនោះ​ឡើយ​។​ ​ជាក់ស្តែង​ ​កីឡា​ការិនី​ ​កែ​ ​ឡេង​ ​ធ្លាប់​បាន​ឈ្នះ​មេដាយ​មាស​កីឡា​ប៉េ​តង់​នារី​ ​ពិភពលោក​ក្នុង​ការប្រកួតកីឡា​ប៉េ​តង់​នារី​ពិភពលោក​លើក​ទី​១​៤​ ​នៅ​ម៉ុង​តូប​ង់ (​M​on​t​a​u​ban​) ​ប្រទេស​បារាំង​ ​កាលពី​ឆ្នាំ​២​០​១​៣​ ​។​ ​ម្ចាស់​មេដាយ​មាស​ពិភពលោក​រូប​នេះ​បាន​ចូលរួម​ប្រកួត​នៅ​ក្រៅ​ប្រទេស​ជាលើកដំបូង​ដើម្បី​ដណ្តើម​ពានរង្វាន់​ជើងឯក​អាស៊ី​នៅ​ប្រទេស​សិង្ហបុរី​កាលពី​ឆ្នាំ​១​៩​៩​៩​ ​ហើយ​ជា​លទ្ធផល​អ្នកស្រី​ដណ្តើម​បាន​មេដាយ​មាស​ជូន​កម្ពុជា​។​ ​ក្រោយមក​ទៀត​ ​កីឡា​ការិនី​រូប​នេះ​ធ្លាប់​បាន​ទៅ​ចូលរួម​ប្រកួត​ជាបន្តបន្ទាប់​នៅ​តាម​បណ្តា​ប្រទេស​ជាច្រើន​ ​រួម​មាន​ ​ម៉ាឡេស៊ី​ ​ឥណ្ឌូ​នេ​ស៊ី​ ​ភី​លី​ពី​ន​ ​ជប៉ុន​ ​ថៃ​ ​វៀតណាម​ ​ឡាវ​ ​និង​ ​បារាំង​។​ ​គិត​មកទល់​ពេល​បច្ចុប្បន្ននេះ​ ​វីរនារី​ ​កែ​ ​ឡេង​ ​បាន​ដណ្តើម​បាន​មេដាយ​សរុប​ចំនួន​ ​៤​០​ ​ក្នុង​នោះ​មាន​មេដាយ​មាស​ចំនួន​ ​១​៧​ ​មេដាយ​ប្រាក់​ចំនួន​ ​១​២​ ​និង​ ​មេដាយ​សំ​រឹទ្ធិ​ចំនួន​ ​១​១​ ​ព្រមទាំង​ប័ណ្ណសរសើរ​ពី​ក្រសួង​ការពារ​ជាតិ​ ​និង​ ​សហ​ព័ន្ធ​កីឡា​កម្ពុជា​ ​ថែមទៀត​ផង​។​

          ដោយឡែក​ ​កីឡា​ការិនី​ ​អ៊ុក​ ​ស្រីមុំ​ ​ក៏មាន​ប្រវត្តិ​កសាង​ស្នាដៃ​ផ្នែក​កីឡា​ជូន​ជាតិ​មាតុភូមិ​មិនធម្មតា​ដែរ​។​ ​កីឡា​ការិនី​ជម្រើស​ជាតិ​រូប​នេះ​បាន​ក្លាយ​ជា​ជើងឯក​មេដាយ​មាស​ពិភពលោក​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ជើងឯក​ប៉េ​តង់​ពិភពលោក​ប្រចាំ​ឆ្នាំ​២​០​១​៧​ (​World​ ​Championship​ ​P​e​tan​qu​e​ 2017) ​ដែល​បាន​ប្រព្រឹត្ត​ ​ទៅ​ពី​ថ្ងៃ​ទី​១​៣​ ​ដល់​ថ្ងៃ​ទី​១​៦​ ​ខែ​មេសា​ ​នៅ​ទីក្រុង​ ​G​hen​t​ ​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក​ ​តាមរយៈ​វិញ្ញាសា​វាយ​ប៉េ​តង់​ឯកត្តជន​ ​ដែល​មាន​ការចូលរួម​ពី​កីឡា​ការិនី​ជាង​៤​០​នាក់​មកពី​ទូទាំង​ពិភពលោក​។​ ​ដើម្បី​តបស្នង​នឹង​គុណបំណាច់​របស់​កីឡា​ការិនី​ ​អ៊ុក​ ​ស្រីមុំ​ ​ដែល​ខិតខំ​ដណ្តើម​បាន​មេដាយ​មាស​ពិភពលោក​ ​ក្នុង​ឱកាស​នោះ​សម្តេច​អគ្គមហាសេនា​ប​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋ​ម​ន្រ្តី ​នៃ​កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​កីឡា​ការិនី​រូប​នេះ​ចូល​ជួប​សំណេះសំណាល​និង​លើកទឹកចិត្ត​ ​ព្រមទាំង​ផ្តល់​ប្រាក់ឧបត្ថម្ភ​ ​ផ្ទាល់​ចំនួន​ ​១​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ (​បន្ថែម​លើ​ថវិកា​រដ្ឋ​ចំនួន​១​២​០​លាន​រៀល​) ​រួម​នឹង​ទទួល​បាន​ការដំឡើង​ឋានន្តរសក្តិ​ពី​អនុសេនីយ៍ឯក​ទៅជា​វរសេនីយ៍ត្រី​ថ្នាក់​មហា​សិរី​វ​ឌ្ឍន៍​ពី​ក្រសួង​ការពារ​ជាតិ​ថែមទៀត​ផង​។​

          ​កម្ពុជា​ក៏មាន​វីរនារី​មួយ​រូប​ទៀត​ដែល​នាំឲ្យ​ពិភពលោក​ស្គាល់​ប្រទេស​កម្ពុជា​តាមរយៈ​កីឡា​ស្នូក​ឃ័​រ​ ​ឬ​ ​បុក​ប៊ីយ៉ា​ផង​ដែរ​នោះ​គឺ​ ​កីឡា​ការិនី​ ស្រួ​ង​ ​ភា​វី​ ​មកពី​ខេត្ត​ត្បូងឃ្មុំ​ ​ដែល​សព្វថ្ងៃ​កំពុង​រស់នៅ​ប្រទេស​កូរ៉េ​។​ ​ចាប់ពី​ឆ្នាំ​២​០​១​៣​មក​ ​ភា​វី​បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ប្រភេទ​នេះ​ ​រហូត​ទទួល​បាន​ពានរង្វាន់​ស្ទើរគ្រប់​ប្រភេទ​ទាំង​នៅ​ប្រទេស​កូរ៉េ​ ​សហរដ្ឋអាមេរិក​ ​និង​ ​តំបន់​អឺរ៉ុប​មួយ​ចំនួន​ថែមទៀត​ផង​។​ ​ក្នុង​មួយ​ឆ្នាំ​ ​នៅ​ប្រទេស​កូរ៉េ​មាន​រៀបចំ​ការប្រកួតកីឡា​ស្នូក​ឃ​័​រ​ចំនួន​ប្រមាណ​៧​-​៨​ដង​ ​ហើយ​រាល់​ព្រឹត្តិការណ៍​នេះ​ម្តងៗ​ ​ភា​វី​តែងតែ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១​ ​ឬ​ ​លេខ​២​ជានិច្ច​។​ ​ពានរង្វាន់​ទាំងនោះ​បាន​ធ្វើឲ្យ​ភា​វី​និយាយ​ដោយ​ជឿជាក់​ថា​មិនមែន​សម្រាប់​តែខ្លួន​ភា​វី​ផ្ទាល់​ទេ​តែ​ក៏​ដើម្បីឲ្យ​ពិភពលោក​បាន​ស្គាល់​ពី​ប្រទេស​កម្ពុជា​តែម្តង​។

          ​កើត​ក្នុង​គ្រួសារ​​​ដែល​មាន​ខ្សែស្រឡាយ​ជា​កីឡាករ​ហែលទឹក​ដ៏​ល្បីល្បាញ​ប្រចាំ​ប្រទេស​កាលពី​ទ​.​វ​៦​០​ ​កញ្ញា​ ​ហែម​ថុ​ន​ វិទិ​នី​ ​ត្រូវ​បាន​ក្រុម​គ្រួសារ​ជំរុញ​ឱ្យ​រៀន​ហែលទឹក​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​តាំងពី​អាយុ​ ​៤​ ​ឆ្នាំ​មក​ម្ល៉េះ​។​ ​កាល​នៅ​វ័យ​ទើប​តែ​ ​៦​-​៧​ឆ្នាំ​ ​នាង​បាន​ចូលរួម​ប្រឡង​កីឡា​ហែលទឹក​ដំបូង​ក្នុង​វិញ្ញាសា​ចម្ងាយ​២​៥​ម៉ែត្រ​ដោយ​ទទួល​បាន​ជ័យ​លា​ភី​ចំណាត់ថ្នាក់​លេខ​២​។​ ​លុះ​មកដល់​ឆ្នាំ​ ​២​០​០​៣​ ​នាង​បានជា​ប់​ឈ្មោះ​ក្លាយ​ជា​កីឡា​ការិនី​ហែលទឹក​ជម្រើស​ជាតិ​ដែល​មាន​វ័យក្មេង​ជាងគេ​បំផុត​។​ ​កញ្ញា​បាន​ចូលរួម​ប្រឡង​ហែលទឹក​ជម្រើស​ជាតិ​ដំបូង​ ​ក្នុង​ឆ្នាំ​២​០​០​៦​ ​ហើយ​ពេល​នោះ​ដែរ​ ​កញ្ញា​ដណ្តើម​បាន​ជ័យ​លា​ភី​លេខ​១​តែម្ដង​សម្រាប់​វិញ្ញាសា​ហែលកង្កែប​ចម្ងាយ​១​០​០​ម៉ែត្រ​ ​និង​២​០​០​ម៉ែត្រ​ ​។​ ​ចាប់តាំង​ពី​ពេល​នោះ​មក​ ​កញ្ញា​ ​ហែម​ថុ​ន​ វិទិ​នី​ ​បាន​ចូលរួម​ប្រកួត​កម្មវិធី​ប្រឡងប្រជែង​ថ្នាក់​ជាតិ​ជា​រៀងរាល់​ឆ្នាំ​ហើយ​តែងតែ​ទទួល​បាន​មេដាយ​មាស​ជានិច្ច​។​ ​រីឯ​ការចូលរួម​ប្រកួត​នៅ​លើឆាកអន្តរជាតិ​វិញ​ ​កញ្ញា​ធ្លាប់​បាន​ចាកចេញ​ទៅ​ប្រកួត​តំណាង​កម្ពុជា​នៅ​ប្រទេស​ជាច្រើន​ដូចជា​ ​ប្រទេស​ថៃ​ ​ឥណ្ឌូ​នេ​ស៊ី​ សឹង្ហ​បុរី​ ​ចិន​ ​ជប៉ុន​ ​កូរ៉េ​ ​អា​រ៉ាប់​ ​អ៊ីតាលី​ អេស្ប៉ា​ញ​ រុស្ស៊ី ទួ​រ​គី​ ​និង​ ​អង់គ្លេស​-​ល​-​។​

          ​ដោយឡែក​ ​កញ្ញា​ ​អ៊ុំ​ ​ថា​រ័ត្ន ​កីឡា​ការិនី​ល្បុក្កតោ​វ័យ​ ​២​៦​ឆ្នាំ​ ​បាន​ចូល​ហាត់​ក្បាច់​គុណ​ល្បុក្កតោ​នេះ​តាំងពី​អាយុ​១​៧​ឆ្នាំ​ ​កាលពី​ចុង​ឆ្នាំ​២​០​០​៧​ ​ហើយ​ថា​រ​័ត្ន​បាន​ឈានជើង​ចេញទៅ​ប្រកួត​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​កាលពី​ចុង​ឆ្នាំ​២​០​១​០​ ​ចេញទៅ​ប្រកួត​ជា​ក្រុមក្នុង​កម្មវិធី​ “ ​ប្រកួត​ក្បាច់​គុន​យុទ្ធ​សិល្ប៍​ប្រចាំ​ប្រទេស​នីមួយៗ​” ​សម្រាប់​តំណាង​ឲ្យ​ប្រទេស​របស់​ខ្លួន​ ​ហើយ​ក្នុង​នោះ​ផង​ដែរ​ ​វា​ជា​លើក​ទី​១​សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​ការចូលរួម​ប្រកួត​ ​ប៉ុន្តែ​ជា​លទ្ធផល​យើង​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​២​។​ ​បន្ទាប់ពី​នោះ​មក​ ​ដោយសារតែ​សមត្ថភាព​ប្រកបដោយ​ទេពកោសល្យ​ខ្ពស់​ ​ថា​រ​័ត្ន​បាន​ទទួលការ​ប្រកួត​ជាបន្តបន្ទាប់​នៅ​ក្រៅ​ប្រទេស​ជា​ញឹកញាប់​មាន​ដូចជា​ ​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​ចំនួន​បី​ឆ្នាំ​ជាប់គ្នា​ ​ប្រកួត​នៅ​ប្រទេស​វៀតណាម​បាន​ចំនួន​២​ដង​ ​ហើយ​បាន​ទទួលការ​អញ្ជើញ​ជា​កិត្តិយស​ពី​សាធារណរដ្ឋ​ឆែក​ ​និង​ ​ប្រទេស​ជប៉ុន​ ​ដើម្បី​បង្ហាញ​ពី​ក្បាច់​គុនល្បុក្កតោ​លើឆាកអន្តរជាតិ​ឲ្យ​គេ​បាន​ស្គាល់​ផង​ដែរ​៕​

Article by​ SRINSOKMEAN


SUGGESTIONS