×

ពី​អតីត​សាលាក្រុង​សម័យ​បារាំង​មក​ជា​សារមន្ទីរ​ព្រះស្រី​ឦសាន​វរ្ម័ន​ដ៏​ទំនើប​ទាន់សម័យ​

NEWS 3 years ago
 
 

          ​បើ​និយាយ​ពី​សារមន្ទីរ​ភ្លាម​ ​ម្នាក់ៗ​ច្បាស់ជា​នឹកនា​ដល់​ “​សារមន្ទីរ​ជាតិ​” ​ដែល​ស្ថិតនៅ​ជាប់​ព្រះបរមរាជវាំង​ដែល​ជា​ទីតាំង​តម្កល់​ទុក​នូវ​បុរាណវត្ថុ​មាន​តម្លៃ​ជាច្រើន​សម័យកាល​នៃ​ប្រវត្តិ​សា​ស្រ្ត​ជាក់​ជាមិនខាន​។​ ​ប៉ុន្តែ​សព្វថ្ងៃ​ ​សារមន្ទីរ​ដ៏​ថ្មីសន្លាង​មួយ​ដោយឡែក​ទៀត​បាន​ចាប់បដិសន្ធិ​ឡើង​ប្រប​តាម​បណ្តោយ​អតីត​ព្រែក​ពាម​ផ្លុង​ (​ផ្លូវ​លេខ​ ​១​០​៦​) ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ស្ពាន​នាគ​វត្តភ្នំ​និង​ផ្សារ​រាត្រី​។​ ​ថ្វី​ដ្បិតតែ​មានឈ្មោះ​ជា​សារមន្ទីរ​ក៏​ពិត​មាន​ ​ប៉ុន្តែ​ទីនេះ​មិនមែន​ត្រឹមតែ​ជា​សារមន្ទីរ​តម្កល់​វត្ថុបុរាណ​ដូច​សារមន្ទីរ​ជាតិ​នោះ​ទេ​ ​វា​ជា​ទីតាំង​ប្រើប្រាស់​លក្ខណៈ​ពហុ​បំណង​ទំនើប​ប្លែក​ ​បំពាក់​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​សតវត្សរ៍​ទី​២​១​ ​ឬ​ហៅ​បាន​ម្យ៉ាងទៀត​ថា​ “​សារមន្ទីរ​រស់​” ​មិនចាញ់​សារមន្ទីរ​នៅ​ស្រុកក្រៅ​ប៉ុន្មាន​នោះ​ទេ​។​ ​សូម​អញ្ជើញ​ឈ្វេង​យល់​អំពី​លក្ខណៈ​ពិសេស​នៃ​សារមន្ទីរ​ព្រះស្រី​ឦសាន​វរ្ម័ន​ (​សារមន្ទីរ​ ​ស​.​ស​.​រ​) ​ដូច​ខាងក្រោម​:

          ​កាលពី​ឆ្នាំ​ ​២​០​០​៩​ ​សម្តេច​អគ្គមហាសេនា​ប​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋ​ម​ន្រ្តី​នៃ​ព្រះរាជាណាចក្រកម្ពុជា​បាន​អនុញ្ញាត​ឲ្យ​ធនាគារជាតិនៃកម្ពុជា​រៀបចំ​កសាង​សារមន្ទីរ​សេដ្ឋកិច្ច​និង​រូបិយវត្ថុ​ជាតិ​មួយ​ដែល​មានឈ្មោះ​ថា​ “​សារមន្ទីរ​សេដ្ឋកិច្ច​និង​រូបិយវត្ថុ​ ​ព្រះស្រី​ឦសាន​វរ្ម័ន​” ​ហៅ​កាត់​ថា​ “​ស​.​ស​.​រ​” ​មាន​និមិត្តសញ្ញា​ជា​ “​រូប​ព្រះអាទិត្យ​កំពុង​រះ​” ​និង​ត្រូវ​បាន​ដាក់​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ច​័ន្ទ ​ទី​៨​ ​ខែ​មេសា​ ​ឆ្នាំ​២​០​១​៩​ ​ក្រោមអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​នាយក​រដ្ឋ​ម​ន្រ្តី​។​

          ​សារមន្ទីរ​ ​ស​.​ស​.​រ​ ​ស្ថិត​ក្នុង​អគារ​បន្សល់​ពីសម័យ​បារាំង​ដែល​ជា​អតីត​សាលា​រាជធានី​ភ្នំពេញ​។​ ​វា​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​ដើម្បី​ចងក្រង​បង្ហាញ​អំពី​ប្រវត្តិ​សា​ស្រ្ត ​ទិដ្ឋភាព​សេដ្ឋកិច្ច​ ​និង​ ​រូបិយវត្ថុ​នៅ​កម្ពុជា​។​ ​សារមន្ទីរ​ត្រូវ​បាន​បែងចែក​ជា​ពីរ​ផ្នែក​សំខាន់​ៗ​រួម​មាន​ ​ផ្នែក​ទី​១​ ​បែងចែក​ជា​៦​អនុ​ផ្នែក​ ​ស្ថិតនៅ​ជាន់​ទី​១​ ​ឆ្លុះបញ្ចាំង​ពី​ប្រវត្តិ​និង​តួនាទី​របស់​រូបិយវត្ថុ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​និង​ការ​ធ្វើ​ពាណិជ្ជកម្ម​តាំងពី​សម័យ​ ​ហ្វូណន​រហូតដល់​សម័យ​ប៉ុ​ល​ព​ត​ដែល​បាន​លុប​បំបាត់​​នូវ​ការ​ចរាចរ​រូបិយវត្ថុ​នៅ​ក្នុង​សេដ្ឋកិច្ច​កម្ពុជា​។​ផ្នែក​ទីពីរ​ ​ស្ថិតនៅ​លើ​ជាន់​ផ្ទាល់​ដី​ ​មាន​៦​អនុ​ផ្នែក​ ​ផ្តោត​លើ​ការ​ស្តារ​ឡើងវិញ​នូវ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​បញ្ហា​ប្រឈម​ ​និង​ ​គោល​នយោបាយសេដ្ឋកិច្ច​និង​រូបិយវត្ថុ​ដែល​បាន​នាំមក​នូវ​កំណើន​ដ៏​ខ្ពស់​។​

          សារមន្ទីរ​ខាងលើ​ជា​សារមន្ទីរ​ដ៏​ទំនើប​សម្បូរ​បែប​ដែល​ស្តែង​ឡើង​តាមរយៈ​ផ្ទាំង​អក្សរ​ ​ទូរ​តាំង​ពិព័រណ៍​ វីដេអូ​ ​ល្បែង​ល្បងប្រាជ្ញា​ ​និង​អេក្រង់​ចុច​ ​Touch​ ​Screen​។​ ​ជាមួយគ្នា​នេះ​ដែរ​ ​ទីនេះ​ក៏មាន​បណ្ណាល័យ​និង​កុំព្យូទ័រ​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​អុីន​ធឺ​ណេ​ត​ដែល​សាធារណជន​អាច​ធ្វើការ​សិក្សាស្រាវជ្រាវ​ដោយ​ឥត​គិតថ្លៃ​ ​ព្រមទាំង​មាន​ហាង​លក់​វត្ថុ​អនុ​ស្សា​វ​រី​យ៍​និង​សៀវភៅ​ទាក់ទង​នឹង​ប្រវត្តិ​សេដ្ឋកិច្ច​និង​រូបិយវត្ថុ​។​ ​នៅ​ក្នុង​បរិវេណ​សារមន្ទីរ​នេះ​ ​មាន​ហាង​កាហ្វេ​និង​សួនច្បារ​លម្អ​ទៅ​ដោយ​ដើម​ជ្រៃក្រឹម​អាយុកាល​១​០​០​ឆ្នាំ​។​ ​ម៉ោង​ចូល​ទស្សនា​ ​ចាប់ពី​ម៉ោង​៩​ព្រឹក​ដល់ម៉ោង​៦​ល្ងាច​ ​ចាប់ពី​ថ្ងៃអង្គារ​ដល់​ថ្ងៃអាទិត្យ​ (​បិទ​ថ្ងៃបុណ្យ​ជាតិ​)​៕​

Artcle by SRIN SOKMEAN


SUGGESTIONS