×

​សេង​ ​រាសី​ ស្រ្តី​ដើម្បី​ស្រ្តី​សតវត្សរ៍​ទី​២​១

NEWS 3 years ago
 
 

           ​ដោយសារ​បញ្ហា​សមភាព​យេ​ន​ឌ័​រ​ជា​កម្លាំង​ច​លក​រ​សំខាន់​បំផុត​សម្រាប់​ជីវិត​ស្រ្តី​គ្រប់រូប​ ​អ្នកនាង​ ​សេង​ ​រាសី​ ​ដែល​ជា​បច្ចុប្បន្ន​មាន​តួនាទី​ជា​នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​សីល​ការ​(S​I​L​A​K​A​) ​បាន​និង​កំពុងតែ​បំពេញបេសកកម្ម​ការងារ​និង​រៀបចំ​គម្រោង​ផែនការ​សម្រាប់​លើក​ក​ម្ពស់​តម្លៃ​ស្រ្តី​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ឲ្យ​រួចផុត​ពី​ទ​ស្សនៈ​បុរាណ​និយម​ “​កូនស្រី​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​” ​។​

           ​​ដំបូង​ឡើយ​ ​អ្នកនាង​ ​សេង​ ​រាសី​ ​គ្រាន់តែ​ជា​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​រដ្ឋបាល​ពាណិជ្ជកម្ម​ ​និង​ ​និស្សិត​បរិញ្ញាបត្រ​ជាន់ខ្ពស់​ឬ​អនុ​បណ្ឌិត​ហិរញ្ញវត្ថុ​អន្តរជាតិ​។​ ​ប៉ុន្តែ​ក្រោយ​ពី​បាន​សិក្សា​ឈ្វេងយល់​ស្គាល់​ពី​ខ្លួនឯង​កាន់តែ​ច្បាស់​ ​អ្នកនាង​បាន​សម្រេច​ចិត្ត​ឈានជើង​ចូល​ប្រឡូក​ក្នុង​វិ​ស័​យ​យេ​ន​ឌ័​រ​ក្នុងស្រុក​ក្នុង​ឆ្នាំ​២​០​១​២​ក្នុង​តំណែង​ជា​លេខា​នាយក​ប្រតិបត្តិ​អង្គការ​សីល​ការ​។​ ​អ្នកនាង​បាន​ខិតខំ​ប្រឹងប្រែង​ហាត់​ពត់​លត់ដំ​អភិវឌ្ឍ​សមត្ថភាព​ខ្លួនឯង​ក្នុង​បរិ​បទ​ការងារ​នេះ​រហូត​ទទួល​បាន​ទំនុក​ចិត្តជឿ​ជាក់​ខ្ពស់​ពីសំណាក់​មនុស្ស​ជុំវិញ​ជ្រើសតាំង​ឲ្យ​កាន់​តំណែង​ជា​នាយិកា​ប្រតិបត្តិ​ថ្មី​ប្រចាំ​អង្គការ​ដដែល​នេះ​ចាប់តាំង​ពី​ចុង​ឆ្នាំ​២​០​១​៨​មក​។​

           ​នាយិកា​ប្រតិបត្តិ​រូប​នេះ​បាន​រំ​ព្ញ​ក​ពី​អតីតកាល​ថា​អ្នកនាង​ក៏​មិនសូវ​ខុស​អ្វី​ដែល​ស្រ្តី​ខ្មែរ​ទូទៅ​ជួបប្រទះ​នោះ​ដែរ​ពោល​គឺ​ស្រ្តី​តែងតែ​ទទួលរង​នូវ​ឥទ្ធិពល​នៃ​ទ​ស្សនៈ​អវិជ្ជមាន​ក្នុង​សង្គម​ខ្មែរ​ពី​មជ្ឈដ្ឋាន​ជុំវិញ​គ្រាន់តែ​ក្នុង​ក​ម្រិ​ត​តិច​ឬ​ច្រើន​តែប៉ុណ្ណោះ​។​ ​អ្នកនាង​បាន​បន្ត​ថា​ជាក់ស្តែង​កាលពីក្មេង​ចាស់ៗ​តែងតែ​ហាមប្រាម​មិន​ឲ្យ​ក្មេងស្រី​លេង​ដោយសេរី​ដូច​ក្មេងប្រុស​ “ ​យើង​ជា​ស្រី​អត់​គួរ​លេង​…​អត់​គួរ​សើច​ឮ​…​អត់​គួរ​ដើរ​ខ្លាំង​ៗ​ […] ” ​។​ ​នៅ​ពេល​ធំ​ពេញវ័យ​ក៏​មនុស្ស​ស្រី​នៅតែ​ត្រូវ​ទទួល​សម្ពាធ​ប៉ះពាល់​យ៉ាង​ខ្លាំង​ពី​ទ​ស្សនៈ​អវិជ្ជមាន​ក្នុង​សង្គម​រស់នៅ​របស់​ខ្លួន​ជាអាទិ៍​ “​ឲ្យ​កូន​(​ស្រី​) ​រៀន​ខ្ពស់​ម្ល៉ះ? ​ប្រយ័ត្ន​អត់មាន​អ្នក​យក​!” ​ជាដើម​ ​ដែល​សុទ្ធសឹងតែ​ជាម​តិ​ប​ន្ទុ​ច​បង្អាក់​ចំពោះ​ការ​អភិវឌ្ឍ​សមត្ថភាព​របស់​ស្រ្តី​ទោះបីជា​ពំនោល​ទាំងនោះ​ជា​ពាក្យកំប្លែង​លេង​ក៏ដោយ​។​

           ​ទោះបីជា​យ៉ាងនេះ​ក្តី​ក៏​អ្នកនាង​មិន​គិតថា​ជា​កំហុស​របស់​ភាគី​ខាង​បុរស​ ​ឬ​ ​កំហុស​របស់​បុគ្គល​ណា​ម្នាក់​ឡើយ​ដោយសារតែ​ពួកគាត់​ដែល​ប្រកាន់​ផ្នត់គំនិត​បែប​នេះ​សុទ្ធសឹងតែ​ទទួលរង​ឥទ្ធិពល​ផ្នត់គំនិត​បន្ត​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ ​ឬ​ ​អាច​និយាយ​បាន​ថា​ជា​កត្តា​សង្គម​តែម្តង​។​ ​ដូចនេះ​ ​មានន័យ​ថា​ ​ដើម្បី​បង្កើត​ដំណោះស្រាយ​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ​អ្នកនាង​ក្នុងនាម​ជា​អ្នកដឹកនាំ​ស្រ្តី​វ័យក្មេង​មួយ​រូប​ ​តែងតែ​រិះរក​វិធី​សា​សា​ស្រ្ត​ជជែកវែក​ញែក​ពិភាក្សា​ហេតុផល​ដោយ​សន្តិវិធី​ដោយ​ចៀសវាង​ការ​ជជែក​ក្នុង​ន័យ​បន្ទោស​ពួក​ ​គាត់​ ​ហើយ​ត្រូវ​ព្យាយាម​ឈ្វេងយល់​ពី​បរិ​បទ​សង្គម​ដែល​ពួកគាត់​រស់នៅ​ជាក់ស្តែង​និង​ផ្តល់​ការគោរព​ជានិច្ច​ចំពោះ​ភាគី​ម្ខាងទៀត​ដែល​យើង​ត្រូវ​ប្រឈម​។​ ​ស្រប​ជាមួយគ្នា​នេះ​ដែរ​ ​អ្នកនាង​យល់ថា​បញ្ហា​វិសមភាព​យេ​ន​ឌ័​រ​មិនមែន​កើតឡើង​លំ​បាក់​ខ្លាំង​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ​ “​គ្មាន​ប្រទេស​​ណា​ល្អ​​​ជាង​ប្រទេស​ណា​នោះ​ទេ​” ​។​ ​ផ្ទុយទៅវិញ​ ​ប្រទេស​ណា​ក៏ដោយ​ ​ឲ្យតែ​ស្ថិត​ក្នុង​បរិ​បទ​អភិរក្សនិយម​ ​វា​នឹង​បង្ក​ផល​លំបាក​ចំពោះ​ការដោះស្រាយបញ្ហា​ទាំងអស់​នេះ​ដូចជា​បញ្ហា​សុខភាព​បន្ត​ពូជ​ ​បញ្ហា​ប្រាសចាក​ពី​ប្រពៃណី​(​tab​oo) ​ជាដើម​។​

           ​​ក្នុង​អាណត្តិ​ថ្មី​ក្រោម​ការ​​​ដឹកនាំ​របស់​អ្នកនាង​ផ្ទាល់​ ​អង្គការ​សីល​ការ​កំពុង​បំពេញបេសកកម្ម​គោល​សំខាន់​ៗ​មួយ​ចំនួន​ ​តួយ៉ាងដូចជា​ ​ការធានា​ឆ្ពោះទៅ​រក​សមភាព​យេ​ន​ឌ​័​រ​ ​ការ​ពង្រឹង​អំណាច​ស្ត្រី​ ​និង​ ​ជន​ងាយ​រងគ្រោះ​ ​និង​ការ​ចង​ក្រង​​បណ្តាញ​ ​ព្រមទាំង​ការ​ប្រកាន់ខ្ជាប់​នូវ​គុណ​តម្លៃ​ស្នូល​គឺ​ ​តម្លា​ភាព​ ​យុត្តិធម៌​ ​សុចរិត​ភាព​ ​និង​ការគោរព​គ្នា​ទៅ​វិញ​ទៅមក​ដោយ​គ្មាន​ការរើសអើង​។​ ​ក្នុងរយៈពេល​២​ឆ្នាំ​ចុងក្រោយ​នេះ​ ​អង្គការ​សីល​ការបាន​សម្រេច​នូវ​ជោគជ័យ​ជា​បន្ត​បន្ទាប់​រហូតដល់​ប្រមាណ​៧​០​-​៨​០​ភាគរយ​ ​ក្នុង​នោះ​រួម​មាន​ ​ទីមួយ​ ​ការ​កសាង​ស្មារតី​ក្រុម​ ​ទីពីរ​ ​ការ​កសាង​អ្នក​ដឹកនាំ​បន្ត​ ​ទីបី​ ​ការចូលរួម​ចំណែក​យ៉ាង​ពិតប្រាកដ​ស្របតាម​ទិសដៅ​បេសកកម្ម​និង​ចក្ខុវិស័យ​ដែល​បាន​កំណត់​ ​និង​ ​ទី​បួន​ ​ការ​ផ្លាស់​ប្តូរ​វប្បធម៌​នៃ​ការ​​​ដឹកនាំ​។​ ​អ្វី​ដែល​សំខាន់​បំផុត​ដើម្បី​ដឹកនាំ​ស្ថាប័ន​ទាំងមូល​ឲ្យ​ទទួល​បាន​ជោគជ័យ​នោះ​គឺ​ ​ធ្វើ​ឲ្យ​ស​មា​ជិ​ក​ទាំងអស់​ធ្វើការ​ដើម្បី​គុណ​តម្លៃ​រួម​ ​យល់ច្បាស់​ពី​ចក្ខុវិស័យ​នៃ​គម្រោង​នីមួយៗ​ ​មិនមែន​ធ្វើការ​ដើម្បី​តែ​ទទួល​បាន​ប្រាក់បៀវត្សរ៍​នោះ​ទេ​ ​ហើយក៏​មិនមែន​ធ្វើការ​ដោយ​ពឹងផ្អែក​លើ​មេ​ជាធំ​ខ្វះ​មិនបាន​នោះ​ដែរ​។​

           ​ជាចុងក្រោយ​ ​អ្នកនាង​ ​សេង​ ​រាសី​ ​បាន​បង្ហាញ​អំពី​ផែនការ​អភិ​វ​ឌ្ឍ៍​សម្រាប់​ពេល​អនាគត​របស់​អង្គការ​ខាងលើ​ថា​ ​អង្គការ​នឹង​ធ្វើ​យ៉ាងណា​ចូល​រួមចំណែក​ផ្លាស់​បទ​បរិយាយ​អវិជ្ជមាន​ចំពោះ​មនុស្ស​ស្រី​ ​ព្រមទាំង​បន្ត​បេសកកម្ម​ដើម្បី​ធានា​ឲ្យបាន​ថា​គ្រប់​គម្រោង​ទាំងអស់​របស់​សីល​ការ​ត្រូវតែ​ឆ្លើយតប​ទៅ​នឹង​ការ​ពង្រឹង​សិទ្ធិ​និង​តម្លៃ​របស់​ស្រ្តី​។​ ​ទន្ទឹម​នឹង​នេះ​ ​អ្នកនាង​បាន​ផ្តាំផ្ញើ​ដល់​ស្រ្តី​គ្រប់រូប​ឲ្យ​ពេញចិត្ត​នឹង​ខ្លួនឯង​ ​កុំ​យក​ស្តង់​ដារ​អ្នកដទៃ​ដើម្បី​កំណត់​ស្តង់​ដារ​ខ្លួនឯង​ “​ការ​ស្គាល់​ខ្លួនឯង​មិនមែន​អាត្មានិយម​ ​ស្គាល់​ខ្លួនឯង​មុន​ស្គាល់​អ្នកដទៃ​” ​។​ ​បុរស​និង​ស្រ្តី​ត្រូវតែ​ទទួល​បាន​សិទ្ធិ​ស្មើ​គ្មា ​យល់​ដឹង​ពី​គ្នា​ ​និង​ ​ជួយ​យកអាសា​គ្នា​ទៅវិញទៅមក​ដើម្បី​ឆ្ពោះទៅ​រក​សុភមង្គល​ទាំង​ផ្លូវ​កាយ​និង​ផ្លូវចិត្ត​ក្នុង​ក្រុម​គ្រួសារ​និង​សង្គមជាតិ​ទាំងមូល​៕


SUGGESTIONS