មូលហេតុដែលជំរុញឲ្យកញ្ញា ហុក សារិតុលា ក្លាយជាជ័យលាភី Miss Wisdom Cambodia
NEWS 3 years agoដើម្បីទទួលបានជ័យលាភីក្នុងការប្រកួតប្រជែងកម្មវិធីនីមួយៗ ជាពិសេស កម្មវិធីកញ្ញាឯក មិនមែនជារឿងងាយស្រួលនោះទេ ទាល់តែបេក្ខជន ឬ បេក្ខនារីម្នាក់តស៊ូស្វិតស្វាញបង្ហាញចំណុចខ្លាំងលេចធ្លោរបស់ខ្លួនទាំងអស់ដោយបើកចំហ រួមទាំងវិធីសាស្រ្តផ្ទាល់ខ្លួនគួបផ្សំជាច្រើនទៀត។ យ៉ាងណាមិញ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ កន្លងមកនេះ កញ្ញា ហុក សារិតុលា បេក្ខនារីមកពីខេត្តបាត់ដំបង បានក្លាយជាម្ចាស់មកុដជ័យលាភី ក្រោយពីបានឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញអស់ជាច្រើនវគ្គនៅក្នុងកម្មវិធីប្រកួតបវរកញ្ញាឆ្លាតវៃ ឬ Miss Wisdom Cambodia 2021 ដែលជាកម្មវិធីទទួលសិទ្ធិពីកម្មវិធីប្រកួតបវរកញ្ញាអន្តរជាតិធំមួយឈ្មោះ Miss Wisdom World 2021។ តើកញ្ញាមានចំណុចពិសេសអ្វីខ្លះ? ធ្វើបានដោយសារអ្វី?
សំនួរដែលកញ្ញាបានឆ្លើយនៅវគ្គផ្តាច់ព្រ័ត្របានធ្វើឲ្យគណៈកម្មការ និង ទស្សនិកជនដែលទន្ទឹងរង់ចាំទស្សនាពិតជារំភើបរំជួលចិត្ត ព្រោះការឆ្លើយគឺពោរពេញដោយអត្ថន័យនិងមានភាពរលូនប្រកបដោយភាពជឿជាក់ គួបផ្សំនឹងទឹកមុខញញឹមញញែមស្រស់ស្រាយថែមទៀតផង។ ឆ្លើយតបនឹងសំនួរថា “តើកញ្ញាអាចធ្វើឲ្យទស្សនិកជនជឿថាកញ្ញាពិតជាស័ក្តិសមនឹងឈ្នះក្នុងកម្មវិធីយប់នេះបានយ៉ាងដូចម្តេច?” កញ្ញាបានលើកឡើងថា “ខ្ញុំជឿជាក់ថាសម្រាប់យប់នេះ មិនមែនត្រឹមដឹងថានិយាយភាសាអង់គ្លេសបានស្ទាត់ និង មានចម្លើយដ៏ល្អនោះទេ។ ប៉ុន្តែសរុបមក សម្រាប់អ្នក(បេក្ខនារី) ណាម្នាក់ដែលអាចបញ្ជាក់ថានាងស័ក្តិសមនឹងឈ្នះ គឺនាងគួរតែមានបេះដូងស្តាប់អ្នកដទៃ ហើយប្រើប្រាស់សំឡេងរបស់នាងក្នុងការបញ្ជ្រាបការយល់ដឹងដើម្បីជួយចំពោះបុព្វហេតុណាមួយដែលនាងជឿលើវា។ ប្រសិនបើខ្ញុំជាប់រាត្រីនេះ ខ្ញុំនឹងលូកដៃចូលជួយបន្លឺសំឡេងស្តីពីអ្វីដែលដក់ជាប់ក្នុងបេះដូងរបស់ខ្ញុំដែលនោះគឺសិទ្ធិស្មើភាពក្នុងការទទួលបានការអប់រំ។ ហើយសម្រាប់វិស័យអប់រំនេះឯង វាជាសំបុត្ររបស់យើងឆ្ពោះទៅរកអនាគតកាន់តែប្រសើរ ”។
ការឆ្លើយជាភាសាអង់គ្លេសដោយគ្មានស្ទាក់ស្ទើរនៅលើឆាកបែបនេះមិនមែនជារឿងចៃដន្យនោះទេ។ ម្ចាស់ជ័យលាភី វ័យ១៩ឆ្នាំ សិស្សថ្នាក់ទី១២ នៃវិទ្យាល័យនេតយ៉ង់ ក្រុងបាត់ដំបង រូបនេះបានបង្ហើបប្រាប់ពីអាថ៌កំបាំងថា “ការដែលខ្ញុំនិយាយភាសាអង់គ្លេសបានបែបនេះ គឺជាការហ្វឹកហាត់គួបផ្សំពីខាងក្រៅ។ ខ្ញុំគិតថាវាគ្រាន់តែជាសំនួរ។ សំនួរគេសួរចង់ឲ្យយើងឆ្លើយចេញពីចិត្ត។ អ៊ីចឹង ខ្ញុំដាក់អារម្មណ៍ខ្លួនឯងថា សំនួរហ្នឹងគេសួរពីអ្វី ហើយខ្ញុំត្រូវឆ្លើយអ្វីទៅគេវិញ ”។ កញ្ញាបានប្រាប់បន្ថែមថា តាមពិតទៅ កញ្ញាក៏មានភាពភិតភ័យនៅលើឆាកពេលឆ្លើយសំនួរខ្លះដែរ តែកញ្ញាព្យាយាមប្រើវិធីសាស្រ្តផ្ទាល់ខ្លួនក្នុងការគ្រប់គ្រងអារម្មណ៍ ពោលគឺ កញ្ញាត្រូវគិតថា នៅលើឆាកគឺមានតែម្នាក់ឯង ហើយនិងឪពុកម្តាយដែលចូលមកទស្សនាគាំទ្រផ្តល់កម្លាំងចិត្ត ទើបអាចឈ្នះអារម្មណ៍ភ័យនៅពេលមានទស្សនិកជនច្រើននៅជុំវញខ្លួនបាន។ ទន្ទឹមនឹងនេះ កញ្ញាចេះគិតទុកនូវចម្លើយចំពោះសំនួរដែលអាចនឹងចេញនៅក្នុងកម្មវិធី គួបផ្សំនឹងការឈ្វេងយល់គន្លឹះនៃការឆ្លើយសំនួររបស់ជ័យលាភីបវរកញ្ញាជំនាន់មុនៗទៀតផង។ លើសពីនេះទៅទៀត កញ្ញាឆ្លៀតពេលអនុវត្តការនិយាយភាសាអង់គ្លេសជាមួយបងថ្លៃដែលជាជនជាតិបរទេសស្រាប់ៗ ស្តាប់បទចម្រៀង និងទស្សនាភាពយន្តបរទេសជាញឹកញាប់ ទើបធ្វើឲ្យបានលទ្ធផលល្អដូចអ្វីដែលទស្សនិកជនបានឃើញនេះឯង។
ចំណុចខ្លាំងដែលកញ្ញាយល់ថាអាចយកឈ្នះបេក្ខនារីផ្សេងទៀតបាននោះគឺដោយសារតែ កញ្ញាជាមនុស្សហ៊ានទទួលស្គាល់ការពិត យល់ថាសម្រស់មួយមុខមិនអាចធ្វើឲ្យទទួលបានជោគជ័យឡើយ គឺត្រូវគួបផ្សំនឹងចំណេះដឹង អត្តចរិត និងកត្តាជាច្រើនទៀត។ ចាប់តាំងពីពេលទទួលបានតំណែងជាម្ចាស់ជ័យលាភីបវរកញ្ញាវៃឆ្លាតកម្ពុជា ឬ Miss Wisdom Cambodia នេះមក កញ្ញាយល់ថាខ្លួនឯងមានការផ្លាស់ប្តូរច្រើន ជាពិសេសឥរិយាបថ ដើរ ដេក ឈរ អង្គុយ និង វិធីសាស្រ្តទំនាក់ទំនង ព្រមទាំងទទួលបាននូវការគាំទ្រយ៉ាងសម្បើមពីមហាជនជុំវិញចំពោះទេពកោសល្យយ៉ាងល្អបែបនេះ។
ឆ្លៀតក្នុងខណៈនេះ កញ្ញាក៏ចង់ចែករំលែកវិធីសាស្រ្តថែសម្រស់ងាយៗសម្រាប់មិត្តនារីយើងអនុវត្តប្រចាំថ្ងៃ។ សុភាពនារីទាំងឡាយអាចចំណាយពេលម៉ាស្សាមុខ និង បិតម៉ាសខ្លះ ប្រើក្រែមការពារកម្តៅថ្ងៃពេលចេញក្រៅជាប្រចាំ ហើយកុំភ្លេចគេងឲ្យបានទៀតទាត់និងទទួលទានទឹកឲ្យបានច្រើនដើម្បីសុខភាពព្រោះបើយើងមិនថែទាំសុខភាពជាប្រចាំ សម្រស់ក៏ធ្លាក់ចុះទៅតាមនោះដែរ។
ជាចុងក្រោយ ក្នុងនាមជាបវរកញ្ញាតំណាងកម្ពុជាមួយរូប កញ្ញាប្តេជ្ញាថានឹងហ្វឹកហាត់បន្ថែមដើម្បីអភិវឌ្ឍខ្លួនឈានទៅកាន់តំណែងបន្ទាប់នៅក្នុងកម្មវិធីដែលនឹងប្រារព្ធធ្វើឡើងនៅប្រទេសវៀតណាមក្នុងពេលចុងឆ្នាំនេះ និងយកឲ្យបាននូវកេរ្តិ៍ឈ្មោះល្អជូនប្រទេសយើងមិនឲ្យអ្នកគាំទ្រខកបំណងឡើយ។ ជាមួយគ្នានេះដែរ កញ្ញាក៏មិនភ្លេចនូវក្រុមគ្រួសារដែរ គឺនឹងបន្តធ្វើឲ្យអ្នកមានគុណមានមោទកភាពចំពោះកញ្ញាទៅមុខទៀត៕