បច្ចុប្បន្នការប្តូរពណ៌សក់មានការពេញនិយមខ្លាំង ជាពិសេសយុវវ័យ ដោយហេតុវានឹងជួយលើកសម្រស់ឲ្យមើលទៅទាន់សម័យមួយកម្រិត។ យ៉ាងណាមិញ ការប្តូរពណ៌សក់ញឹកញាប់រមែងជួបបញ្ហាដូចជា សក់ស្ងួត បែកចុង និង ផុយស្រួយ ដែលទាំងនេះសុទ្ធសឹងជាបទពិសោធន៍កើតឡើងចំពោះអ្នកនិយមប្តូរពណ៌សក់។ ដូច្នេះដើម្បីថែទាំសក់ពណ៌ឲ្យនៅតែភ្លឺរលោងមានសុខភាពល្អ សូវរីន សូមណែនាំនូវគន្លឹះងាយៗចំនួន៥ដូចខាងក្រោម។
គន្លឹះទី១៖ កក់សក់តិចជាងមុន: ក្រោយលាបពណ៌សក់រួច សក់របស់អ្នកនឹងប្រែទៅជាស្ងួតបាត់បង់សំណើម។ អ្នកមិនគួរកក់សក់រៀងរាល់ថ្ងៃ ឬទុកដល់ច្រើនថ្ងៃពេកទើបកក់នោះទេ។ ការកក់សក់រៀងរាល់៣ទៅ៤ថ្ងៃម្តងអាចធ្វើឲ្យសក់របស់អ្នកមានសំណើមឡើងវិញ និងមិនងាយប្រែពណ៌ផងដែរ។ នៅពេលកក់សក់គួរប្រើទឹកក្តៅឧណ្ហៗ ឬទឹកធម្មតា និងម៉ាស្សាថ្មមៗ។ ការធ្វើបែបនេះអាចជួយសម្រួលដល់ស្បែកក្បាល និងសរសៃសក់មានសុខភាពល្អ។
គន្លឹះទី២៖ ប្រើក្រែមបន្ទន់សក់: សក់របស់អ្នកកាន់តែមានភាពល្អប្រសើរឡើងវិញ នៅពេលដែលអ្នកប្រើក្រែមបន្ទន់សក់ជាជំនួយ ដែលវាជួយឲ្យសក់របស់អ្នកភ្លឺរលោង និងទន់រលាស់ឡើង។ បន្ទាប់ពីកក់សក់រួច យកក្រែមបន្ទន់សក់មកលាបលើសក់ (តែមិនត្រូវលាបឲ្យដល់គល់សក់ទេ) បន្ទាប់មកទុករយៈពេល១០ទៅ១៥នាទី រួចលាងជម្រះដោយទឹកត្រជាក់ជាការស្រេច។ បើអ្នកមិនទាន់មានក្រែមបន្ទន់សក់ គួរប្រមើលមើលក្រែមបន្ទន់សក់ណាមួយដែលមានគុណខ្ពស់សម្រាប់ប្រើផ្ទាល់ខ្លួន ហើយធ្វើការបន្ទន់ជាប្រចាំក្រោយពេលកក់សក់រួច។
គន្លឹះទី៣៖ ប្រើប្រេងជំនួយសក់: ការប្រើប្រេងជំនួយសក់ អាចជួយជំរុញដល់សក់កាន់តែឲ្យមានសុខភាពល្អ ជាពិសេសសម្រាប់អ្នកមានបញ្ហាសក់ស្ងួត ឬសំពោង ក្នុងចំណោមប្រេងធម្មជាតិ អ្នកអាចជ្រើសរើសប្រេងសំខាន់ណាមួយចំណោមប្រេង៤ខាងក្រោម ហើយអនុវត្តតាមវិធីងាយៗដូចជា៖
ប្រេងដូង៖ យកប្រេងដូងចំនួន២ឬ៣ស្លាបព្រាបាយ(អាស្រ័យទៅតាមបរិមាណសក់របស់អ្នក) លាបលើសក់ស្ងួត ឬសើមក៏បាន បន្ទាប់មកយកថង់ ឬកន្សែងមករុំឲ្យជិតទុករយៈពេលប្រាំពីរម៉ោង ឬមួយយប់ រួចកក់សក់ចេញជាការស្រេច។
ប្រេងអូលីវ៖ យកប្រេងអូលីវ៣ស្លាបព្រាបាយ និងទឹកឃ្មុំ១ស្លាបព្រាបាយមកលាយចូលគ្នាឲ្យទៅជាល្បាយតែមួយ។ បន្ទាប់មកកក់សក់ឲ្យស្អាត ជូតឲ្យស្ងួតហើយយកល្បាយខាងលើមកលាបលើសក់ឲ្យសព្វ ទុកចោលរយៈពេល៣០នាទី ចុងក្រោយកក់សក់ទៅតាមទម្លាប់ធម្មតាជាការស្រេច។ អនុវត្តក្នុងមួយសប្តាហ៍ឲ្យបាន១ទៅ២ដងតាមដែលអាចធ្វើទៅបាន។
ប្រេង Argan៖ ប្រេងArgan សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយការពារសក់ពីបញ្ហាផ្សេងៗ។ អ្នកគ្រាន់តែយកប្រេងនេះ២ទៅ៣តំណក់មកលាបលើសក់ជាការស្រេច ធ្វើបែបនេះសក់អ្នកនឹងភ្លឺរលោងមានសុខភាពល្អ។
ប្រេងអាល់ម៉ុន៖ ប្រេងនេះជួយឲ្យសក់មិនងាយជំពាក់ ហើយសរសៃសក់មានភាពរឹងមាំ ដោយសារវាមានផ្ទុកទៅដោយប្រូតេអ៊ីន និងវីតាមីនខ្ពស់ដែលល្អចំពោះសក់។
គន្លឹះទី៤៖ របបអារហារ: អ្នកគួរទទួលទានអារហារណាដែលសម្បូរទៅដោយសារធាតុចិញ្ចឹមដែលល្អចំពោះសក់។ ត្រីសាលម៉ុនត្រូវបានគេរកឃើញថាសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា៣ ប្រូតេអ៊ីន វីតាមីនB12 និងជាតិដែក ដែលមានអត្ថប្រយោជន៍ជួយចិញ្ចឹមស្បែកក្បាលធ្វើឲ្យសក់ភ្លឺរលោង និងទន់រលាស់។ លើសពីនេះទៅទៀតផ្លែប៊ឺរី និងខាត់ណាក៏ជាអារហារចាំបាច់សម្រាប់ធ្វើឲ្យសក់មានសុខភាពល្អផងដែរ ព្រោះវាផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីនB7។ មិនត្រឹមតែរបបអារហារនោះទេដែលសំខាន់ចំពោះសក់ សូម្បីតែការទទួលទានទឹកក៏ដូចគ្នា អ្នកគួរផឹកឲ្យបានច្រើនដើម្បីផ្តល់ជាតិទឹកដល់រាងកាយទាំងខាងក្នុង និងខាងក្រៅ។ អ្នកជំនាញបាននិយាយថាមនុស្សមានសុខភាពល្អធម្មតា ក្នុងមួយថ្ងៃគួរផឹកទឹកឲ្យបាន១៥កែវសម្រាប់បុរស និង១១កែវសម្រាប់នារី។
គន្លឹះទី៥៖ កាត់បន្ថយសក់ពីការត្រូវកម្តៅ: កម្តៅគឺជាអាវុធចម្បងមួយដែលបំផ្លាញសក់ពណ៌ កាន់តែខូចដូចជាធ្វើឲ្យ ស្ងួត បែកចុង និងផុយជាដើម។ កម្តៅព្រះអាទិត្យមិនត្រឹមតែបំផ្លាញស្បែកនោះទេ តែវាក៏អាចបំផ្លាញសក់ផងដែរ។ អ្នកគួរការពារសក់របស់អ្នកកុំឲ្យត្រូវនឹងកម្តៅថ្ងៃ ឬពាក់មួកនៅពេលចេញក្រៅ។ មួយវិញទៀត ការប្រើកម្តៅដោយម៉ាស៊ីនធ្វើសក់ដូចជា ផ្លុំ គាប កឹប មូរ ញឹកញាប់ក៏បណ្តាលឲ្យសក់កាន់តែខ្សោយ ជួនក្តៅខ្លាំងអាចឆេះទៀតផង។ ដូច្នេះអ្នកគួរកាត់បន្ថយការប្រើម៉ាស៊ីនទាំងនេះ ឬបើខានមិនបាន គួរប្រើក្នុងកម្តៅសមល្មម ហើយបើអាចគួរមានស្ព្រៃយ៍បាញ់ការពារមុនពេលធ្វើម៉ូដកាន់តែប្រសើរ៕
Article by SOUNG SOKSAN