×

«​M​Free​»​សមិទ្ធ​ករ​«​ពណ៌​»​ដែល​យិ​ត​យោង​វីដេអូ​-​ភាពយន្ត​យើង​ឲ្យ​ឆ្ងាយ​ពី​ការ​កែ​ពណ៌​ពឹងផ្អែក​អ្នកបច្ចេកទេស​ពី​ស្រុកក្រៅ​

NEWS 2 years ago
 
 

           ​នៅ​ក្នុងរង្វង់​វិ​ស័យ​សិល្បៈ​ទី​៧​ ​ឬ​ វិ​ស​័​យ​ភាពយន្ត​-​វីដេអូ​ ​ក្នុងស្រុក​ ​កាលពី​ពីរបី​ទសវត្សរ៍​មុន​ ​សម្រាប់​ដំណាក់កាល​ក្រោយ​ការ​ផលិត​ (​Post​-​production​) ​ផលិតករ​ធំ​ៗ​ច្រើន​និយម​យក​ស្នាដៃ​ដែល​ថត​រួច​ទៅកាត់​ត​កែ​សម្រួល​ពណ៌​នៅ​ប្រទេសជិតខាង​ដោយសារ​កត្តា​កង្វះ​អ្នកជំនាញ​ក្នុង​វិ​ស័យ​នេះ​ដើម្បី​ធ្វើឲ្យ​វីដេអូ​ ​ឬ​ស្ប៉ត​ពាណិជ្ជកម្ម​នោះ​មានគុណ​ភាព​ស្តង់​ដារ​ឆ្លើយតបនឹង​សម័យកាល​។​ ​ផ្ទុយទៅវិញ​ ​ដោយសារ​ភាព​ទំនើប​នៃ​បច្ចេកវិទ្យា​និង​កំណើន​សមត្ថភាព​ធន​ ​ធាន​មនុស្ស​ក្នុងស្រុក​ ​បច្ចុប្បន្ន​យើង​សង្កេតឃើញ​ថា​ ​កម្ពុជា​យើង​ក៏​អាច​កែ​សម្រួល​ពណ៌​ក្នុង​ឧស្សាហកម្ម​ខាងលើ​ដោយ​ប្រើប្រាស់​អ្នកជំនាញ​ក្នុងស្រុក​ ​ដោយ​មិនបាច់​ពិបាក​ចំណាយ​ពេល​រង់ចាំ​យកទៅ​កែ​ដល់​ប្រទេសជិតខាង​ទៀត​ឡើយ​។​

          ​រហស្សនាម​ ​«​M​Free​»​ ​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ទូលាយ​ក្នុងចំណោម​ផលិតករ​ភាពយន្ត​ ​ឬ​ ​ម្ចាស់ក្រុមហ៊ុន​ថត​ស្ប៉ត​ក្នុងស្រុក​ធំ​ៗ​ក្នុង​ពេល​បច្ចុប្បន្ន​ ​ដោយសារតែ​ទេពកោសល្យ​ការងារ​ប្រកបដោយ​គុណភាព​ស្តង់​ដារ​មិនចាញ់​បរទេស​របស់​គាត់​ចាប់តាំង​ពី​ឆ្នាំ​២​០​១​៩​មក​។​ ​យុវជន​«​M​Free​»​ ​មានឈ្មោះ​ពិត​ថា​ ​សៀង​ ​ស៊ី​លាង​ ​បច្ចុប្បន្ន​មាន​តួនាទី​ជា​ផលិតករ​ ​និង​ជា​អ្នកបច្ចេកទេស​កែ​ពណ៌​។​ ​ស្នាដៃ​សំខាន់​ៗ​របស់​គាត់​ដែល​ទស្សនិកជន​ជាច្រើន​ធ្លាប់​ទស្សនា​ ​រួម​មាន​ជាអាទិ៍​ វីដេអូ​ភាគ​ ​«​ពន្លឺ​នៃ​ក្តី​ស្រមៃ​»​ (​Yellow​ ​Light​) ​សម្តែង​ដោយ​ ​សាយ​ (S​a​i​) ​និង​ ​ក​. ​យូ​ ​កា​ម៉ុ​ន​រ៉ាត់​,​ វីដេអូ​ពាណិជ្ជ​ ​កម្ម​«​១​០​ឆ្នាំ​ ​អច្ឆរិយភាព​នៃ​ផលិតផល​ជាតិខ្មែរ​»​ ​របស់​ក្រុមហ៊ុន​ទឹកបរិសុទ្ធ​ ​វី​តា​ល់, ​«​មី​ជាតិ​ញ៉ាំ​ម៉េចក៏​ជាតិ​»​ ​របស់​ក្រុមហ៊ុន​មី​ជាតិ​ ​និង​«​សង្ក្រាន្ត​ ​Smart​N​as​»​ ​របស់​ក្រុមហ៊ុន​ ​Smart​ ​A​x​i​at​a​។​ ​ក្រៅពី​នេះ​ ​លោក​ក៏​បម្រើ​ការ​ក្រៅ​ម៉ោង​ឲ្យ​ផលិត​ ​កម្ម​ក្នុងស្រុក​ផង​ដែរ​ ​ដែល​មាន​ស្នាដៃ​កែ​ពណ៌​ ​ក្នុង​បទ​ ​«​ជំនាន់​ទូរទស្សន៍​ស​ខ្មៅ​»​ ​ដោយ​ ​តន់​ ​ចន្ទ​សី​ម៉ា​, ​បទ​ ​«​ហ្សឹ​ម​»​ ​ដោយ​ ខេ​ម​ ​និង​បទ​ ​«​លក់​ឡាន​ប្រញាប់​»​ ​ដោយ​ ​ព្រាប​ ​សុវត្ថិ​ ​f​t​.​តន់​ ​ចន្ទ​សី​ម៉ា​ ​។​ល​។​

          ​តើ​លោក​ឆ្លងកាត់​ការសិក្សា​ជំនាញ​កែ​ពណ៌​ពីណា​ដែរ​? ​លោក​ឆ្លើយតប​ថា​ ​ដំបូង​ឡើយ​ ​លោក​រៀន​ខាង​ព័ត៌មាន​វិទ្យា​ (​IT​) ​ទេ​ ​ប៉ុន្តែ​ក្រោយមក​លោក​​​មានឱកាស​បាន​ប្រឡូក​ការងារ​ខាង​ថតរូប​ឲ្យ​ក្រុមហ៊ុន​ S​a​bay​ ​ក្នុង​ឆ្នាំ​២​០​១​៥​។​ ​ក្រោយមក​ ​ដោយសារ​មាន​ទំនាក់ទំនង​ជាមួយ​អ្នកជំនាញ​ផ្នែក​ក្រោយ​ផលិត​ ​លោក​តែង​ព្យាយាម​សង្កេត​លើ​ការងារ​របស់​ពួកគេ​ ​បន្ថែម​លើ​ក្តី​ស្រឡាញ់​ចំពោះ​ផ្នែក​នេះ​ដែល​លោក​​​មានស្រាប់​។​ ​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ខ្លួនឯង​ឲ្យ​កាន់តែ​ស៊ី​ជម្រៅ​ក្នុង​វិ​ស​័​យ​នេះ​ ​តាមរយៈ​ទំនាក់ទំនង​ជាមួយ​រៀមច្បង​នៅ​ស្រុកក្រៅ​ ​លោក​បាន​សម្រេច​ចិត្ត​វិនិយោគ​ពេលវេលា​ទៅ​សិក្សា​ផ្នែក​ ​Color​ ​Grading​ ​វគ្គ​ខ្លី​ ​នៅ​ប្រទេស​ថៃ​ ​ក្នុង​ឆ្នាំ​២​០​១​៩​។​ ​នៅ​ឆ្នាំ​ ​២​០​២​០​ ​លោក​បាន​បញ្ចប់​ថ្នាក់​កែ​ពណ៌​ ​របស់​វិទ្យាស្ថាន​ ​«​International​ ​Color​i​s​t​ ​Academy​»​ ​នៅ​សិង្ហបុរី​ ​ហើយ​បាន​ទទួល​លិខិត​បញ្ជាក់​ពី​ក្រុមហ៊ុន​ ​«​Black​magic​ ​Design​»​ (​D​a​v​inc​i​ ​Resolve​: ​Color​ ​Correction​ ​Certified​ ​End User​)​។​ ​ឆ្នាំ​២​០​២​១​-​២​០​២​២​ ​លោក​បាន​បញ្ចប់​វគ្គសិក្សា​ខ្លី​លើ​ជំនាញ​កែ​ពណ៌​ភាពយន្ត​លក្ខណៈ​ ​Feature​ ​Film​, ​កែ​វីដេអូ​ពាណិជ្ជកម្ម​និង​គ្រប់គ្រង​ពណ៌​ ​ជាមួយ​អ្នកជំនាញ​កែ​ពណ៌​ជើងចាស់​ ​ដែល​មាន​បទពិសោធន៍​វិជ្ជាជីវៈ​នៅ​អឺរ៉ុប​ ​និង​ហូ​លី​វូ​ដ​។​

Image Courtesy MFree

          ​ចំពោះ​មូលហេតុ​ដែល​ជំរុញ​ទឹកចិត្ត​លោក​ឲ្យ​ដើរ​លើ​វិថី​ជា​អ្នក​កែ​ពណ៌​អាជីព​ ​លោក​បាន​បញ្ជាក់​ថា​ ​«​អ្វី​ដែល​ធ្វើឲ្យ​ខ្ញុំ​ចាប់អារម្មណ៍​ជា​ ​Color​i​s​t​ ​ដោយសារ​ពីមុន​ខ្ញុំ​ធ្លាប់​មាន​បញ្ហា​លើ​ផ្នែក​ ​color​ ​grading​ ​ហើយ​ម្យ៉ាងទៀត​ដោយសារ​ខ្ញុំ​ឃើញ​ថា​ ​នៅ​(​ស្រុក​)​យើង​ ​ត្រូវការ​ផ្នែក​នេះ​។​ ​នៅ​ពេល​ខ្ញុំ​ចូល​ធ្វើការ​លើ​ផ្នែក​ ​color​ ​grading​ ​នៅ​យើង​គឺ​វា​មាន​ភាព​ខ្វះខាត​ច្រើន​ ​និង​ពុំសូវ​មាន​អ្នក​ស្គាល់​និង​ឲ្យ​តម្លៃ​លើ​ផ្នែក​នេះ​ ​ហើយ​ម្យ៉ាងទៀត​ ​ភាគច្រើន​ពេល​ត្រូវការ​ ​color​ ​grading​ ​ត្រូវ​បញ្ជូន​ទៅ​ប្រទេសជិតខាង​»​។​ ​លោក​ក៏បាន​ពន្យល់​ដែរ​ថា​ ​ជាទូទៅ​ ​នៅ​ប្រទេស​កម្ពុជា​ ​មហាជន​ភាគច្រើន​យល់​ច្រឡំ​ថា​ ​ការងារ​កែ​ពណ៌​ ​ជា​ការងារ​របស់​អ្នក​កាត់ត​វីដេអូ​ (​Video​ ​Editor​) ​តែ​តាមពិត​ ​បើ​យើង​សិក្សា​ឲ្យ​ស៊ី​ជម្រៅ​ ​អ្នកជំនាញ​ទាំងពីរ​ផ្នែក​នេះ​មាន​ទំនួល​ខុសត្រូវ​ការងារ​ខុសគ្នា​។​ ​ម្យ៉ាងទៀត​ ​នៅ​ស្រុក​យើង​ ​ចំពោះ​វីដេអូ​-​ភាពយន្ត​ ​ផលិតករ​ពីមុន​មក​ច្រើន​ទម្លាប់​យក​ពន្លឺ​ពណ៌​ស​ៗ​ឲ្យ​ស្បែក​តួអង្គ​មើលទៅ​ឃើញ​ស​ស្អាត​ ​ដែល​ប្រាសចាក​ពី​រូបារម្មណ៍​ ​នៃ​ឈុត​ឆាក​នីមួយៗ​(​ឧ​ទា​: ​ក្រី​ក្រលំបាក​ ​សោកសៅ​ ​ភ័យខ្លាច​ ​ស​ង្រ្គា​ម​ប្រយុទ្ធ​…) ​ក្នុង​វីដេអូ​ឬ​ភាពយន្ត​ជាក់ស្តែង​ដាច់​ស្រឡះ​។​

          ​ការងារ​ស្នូល​របស់​អ្នកជំនាញ​កែ​ពណ៌​ ​គឺ​ ​កែ​សម្រួល​ពណ៌​ ​ហើយ​វា​ជា​ផ្នែក​មួយ​នៅ​ក្នុង​ ​Post​-​Production​ ​សម្រាប់​ភាពយន្ត​,​ វីដេអូ​ចម្រៀង​ ​និង​ ​ស្ប៉ត​ពាណិជ្ជកម្ម​ ​ដែល​មាន​សារ​:​សំខាន់​ដូច​ទៅ​នឹង​ផ្នែក​សំឡេង​(​Sound​/ S​F​X/ ​Music​) ​និង​ការ​សម្តែង​របស់​តួ​ (​Acting​) ​ព្រោះ​ ​Color​ ​Grading​ ​ក៏​ផ្នែក​មួយ​នៃ​ការ​ប្រាប់​សាច់រឿង​តាម​រយ​:​ពណ៌​និង​ជួយ​ជំរុញ​អារម្មណ៍​របស់​អ្នកទស្សនា​ឲ្យ​ដល់​ចំ​នុ​ច​របស់​សាច់រឿង​និង​ស្រប​ទៅតាម​គោលបំណង​របស់​ ​អ្នកដឹកនាំ​ (​Director​) ​និង​អ្នកដឹកនាំ​ប្លង់​ថត​/​អ្នកបច្ចេកទេស​ប្លង់​ថត​ (​DO​P​/​Director​ o​f​ ​Photograph​y​) ​ហើយ​គេ​ត្រូវតែ​ធ្វើការ​សហការ​ជាមួយ​ ​Director​, ​Director​ o​f​ ​Photograph​y​, ​Art​-​Director​, ​Production​ ​Design​ ​និង​ផ្នែក​ ​V​F​X (​Visual​ ​effect​s)​។​ ​«​អ្នក​ទាំងអស់គ្នា​ដែល​ចាប់អារម្មណ៍​នៅ​ក្នុង​ភាពយន្ត​ ​ឬ​ ​Music​ ​Video​ ​មាន​ពណ៌​ខុសៗគ្នា​ ​ហើយ​ពណ៌​ទាំង​អស់ហ្នឹង​ ​ពេលខ្លះ​វា​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ផ្សេងៗ​ដោយ​មិនដឹងខ្លួន​ ​ដូចជា​ពេលខ្លះ​មាន​អារម្មណ៍​សប្បាយរីករាយ​ ​ខឹង​ ​ជាដើម​ ​ហើយ​នេះ​វា​ការងារ​របស់​ ​Color​i​s​t​»​ ​លោក​បាន​បន្ថែម​។​

          ​ថ្វីបើ​ការងារ​របស់​លោក​ដើរ​ដល់​ចំណុច​ដែល​មហាជន​និង​អ្នកធ្វើការ​ក្នុង​វិ​ស​័​យ​ភាពយន្ត​ទទួលស្គាល់​ច្រើន​ហើយក៏​ដោយ​ ​ក៏​លោក​នៅតែ​បន្ត​វិធី​សា​ស្រ្ត​អភិវឌ្ឍន៍​ខ្លួនឯង​ជាប្រចាំ​តាមរយៈ​ការ​ទស្សនា​ភាពយន្ត​បរទេស​ ​ស្វ័យ​សិក្សាស្រាវជ្រាវ​ ​រៀនសូត្រ​ពី​ឧបករណ៍​មុខងារ​ថ្មីៗ​ ​និង​សិល្បៈ​នៃ​កា​រលាយ​បញ្ចូល​ពណ៌​ពី​វិចិត្រករ​ថែមទៀត​ផង​។​ ​លោក​​​មាន​ទឹកចិត្ត​សប្បាយរីករាយ​នឹង​បន្ត​បេ​ស​សក​កម្ម​កា​ងារ​មួយ​នេះ​ ​ខណៈ​ដែល​លោក​តែងតែ​ទទួល​បាន​នូវ​ការ​កោតសរសើរ​ពី​មនុស្ស​ជុំវិញ​ជាពិសេស​អ្នកជំនាញ​រៀមច្បង​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​។​ ​លោក​ចង់ឲ្យ​ទាំងអស់គ្នា​យល់​ពី​សារៈសំខាន់​និង​សង្វាក់​នៃ​ការងារ​នេះ​ ​ព្រមទាំង​ឲ្យ​តម្លៃ​ចំពោះ​អ្នកធ្វើការ​ផ្នែក​នេះ​ ​ព្រោះ​ប្រសិនបើ​អ្នក​យល់​ដឹង​ពី​រឿង​នេះ​ ​អ្នក​នឹង​ក្លាយ​ជា​មនុស្ស​មានគំនិត​ច្នៃ​ប្រតិដ្ឋ​ហើយ​ផ្តោត​លើ​គុណភាព​។​ ​ជាចុងក្រោយ​ ​លោក​ប្តេជ្ញា​ចិត្ត​ថា​មិន​បោះ​ ​បង់​ការងារ​នេះ​ឡើយ​ ​ព្រោះ​លោក​​​មាន​ជំនឿ​សុទិដ្ឋិនិយម​ថា​វិ​ស​័​យ​ភាពយន្ត​ក្នុងស្រុក​យើង​នឹង​មិន​ដើរថយក្រោយ​នោះ​ទេ​ ​ដោយ​ស​ម្អា​ង​ថា​ ​ទោះបី​ក្នុង​វិបត្តិ​កូ​វី​ដ​១​៩​កន្លងមក​ ​ក៏​ភាពយន្ត​យើង​នៅតែ​អាច​មានឱកាស​ជាប់​ក្នុង​មហោស្រព​ភាពយន្ត​ ​និង​ទទួល​ពានរង្វាន់​ច្រើន​ដែរ​៕​

Article by SRINSOKMEAN


SUGGESTIONS