×

ជួប វិចិត្រ អ្នកច្នៃម៉ូដឈុតតំណាងជាតិដែលមានស្នាដៃលេចធ្លោ

NEWS one year ago
 
 

            លោក​ ​ជួប​ ​វិចិត្រ​ ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ហៅក្រៅ​ថា​ Skor Krob ​លោក​​​មាន​អាជីព​ជា​អ្នក​រៀបចំ​ឈុត​ស​ម្លៀ​ក​បំពាក់​បុរាណ​ ​និង​ឈុត​ស​ម្លៀ​ក​បំពាក់​បែប​សហសម័យ​សម្រាប់​ការ​ថតរូប​ ​ហើយក៏​ជា​អ្នក​ច្នៃ​ឈុត​តំណាង​ជាតិ​កំពុង​មាន​ស្នាដៃ​លេចធ្លោ​នៅ​ក្នុង​វិ​ស័យ​កម្មវិធី​ប្រកួត​សម្រស់​។​ ​លោក​បាន​ចាប់ផ្តើម​ស្រឡាញ់​ការ​ច្នៃ​ឈុត​តំណាង​ជាតិក្រោយ​ពេល​ដែល​បានឃើញ​អ្នក​ច្នៃ​ម៉ូដ​កម្ពុជា​ម្នាក់​បាន​ច្នៃ​ឈុត​តំណាង​ជាតិ​ឲ្យ​ម្ចាស់​មកុដ​បវរកញ្ញា​ចក្រវាល​កម្ពុជា​ឆ្នាំ​​២​០​១​៨​ ​កញ្ញា​ ​រឿន​ ​ណា​ត​ ​ដើម្បី​យកទៅ​ប្រកួត​នៅ​លើឆាកអន្តរជាតិ​។​ ​ជាក់ស្តែង​ ​លោក​បាន​ចូល​ប្រឡូក​ច្នៃ​ឈុត​តំណាង​សម្រាប់​កម្មវិធី​នេះ​នៅ​ក្នុង​ឆ្នាំ​២​០​២​០​ ​ដោយ​ក្នុង​នោះ​លោក​បាន​ធ្វើ​ឈុត​ឲ្យទៅ​បេ​ក្ខ​នារី​ដល់ទៅ​៣​ឈុត​ផ្សេងៗ​គ្នា​។​ ​យ៉ាងណាមិញ​ ​ការ​បោះជំហាន​ដំបូង​ហាក់​មិន​អំណោយផល​សម្រាប់​រូបលោក​ឡើយ​ ​លោក​ថា​លើកទីមួយ​មាន​ភាព​ពិបាក​ខ្លាំង​ ​មិន​ដឹង​ថា​ត្រូវធ្វើ​អ្វី​ ​ពេល​ធ្វើ​ហើយ​មើលទៅ​មិន​សិល្បៈ ​មិន​លេចធ្លោ​ ​នេះ​ក៏​ព្រោះ​លោក​នៅ​មិនទាន់​យល់ច្បាស់​ពី​អ្វី​ទៅជា​អត្ថន័យ​នៃ​ឈុត​តំណាង​ជាតិ​។​ ​

Image Courtesy: Skor Krob

            ក្រោយ​ឆ្លងកាត់​រួចមក​ ​លោក​បាន​ចាប់ផ្តើម​រៀន​ស្រាវជ្រាវ​ឡើងវិញ​ ​ព្រមទាំង​ឆ្លៀត​រៀន​ខ្លះ​បន្ថែម​ពី​អ្នក​ច្នៃ​ម៉ូដ​ម្នាក់​ដែល​ច្នៃ​ឲ្យ​កញ្ញា​ ​រឿន​ ​ណា​ត​ ​ដែល​មិនយូរប៉ុន្មាន​លោក​ក៏​យល់ច្បាស់​ពី​ឈុត​តំណាង​ជាតិ​ ​ហើយក៏​សាកល្បង​ធ្វើ​នៅ​ឆ្នាំ​បន្ទាប់​នៅ​ក្នុង​កម្មវិធី​មួយទៀត​គឺ​ ​Miss​ ​Cam​bo​d​i​a​ 2021 ​ដោយ​លោក​បាន​ធ្វើ​ឈុត​មួយ​ឈ្មោះថា​ ​«​នាង​ ភិ​ម៉ា​ល័​យ​ ​ភួង​ ភិគុន្ធ​»​ ​ឈុត​នេះ​ទទួល​បាន​ការចាប់អារម្មណ៍​ខ្លាំង​ ​និង​ជាប់​ជា​ឈុត​មួយ​ក្នុងចំណោម​ឈុត​៣​ដែល​ឈ្នះ​ជា​ឈុត​ល្អផ្តាច់គេ ​(​Best​ ​National​ ​Custom​) ​ហើយក៏​ត្រូវ​បាន​យកទៅ​បង្ហាញ​នៅ​លើឆាកអន្តរជាតិ​។​ ​ការ​បោះជំហាន​ចេះតែ​ឆ្ពោះទៅ​មុខ​ ​លោក​បាន​ច្នៃ​ឈុត​ឲ្យ​បវរកញ្ញា​សម្រាប់​កម្មវិធី​ដទៃទៀត​ដូចជា​ ​ឈុត​ ​«​មុន្នីខេ​ណី​ពិជ័យ​ទេវី​»​ ​គ្រង​ដោយ​ម្ចាស់​មកុដ​កញ្ញាឯក​ភេទ​ទី​៣​ ​កញ្ញា​ ​វ៉ាន់​ ​ប៊ី​ ​Miss​ ​Queen​ ​Cam​bo​d​i​a​ 2021 (​ឈុត​នេះ​ឈ្នះ​ ​Best​ ​National​ ​Custom​ ​លើ​ឆាក​ជាតិ​), ​ឈុត​ ​«​អ្នក​ច​ម្បាំ​ង​ចុងក្រោយ​»​ ​គ្រង​ដោយ​ ​កញ្ញា​ ​ឯម​ ​គុន​ថង​ ​Miss​ ​G​l​ob​a​l​ ​Cam​bo​d​i​a​ 2022, ​ឈុត​ ​«​សុ​វណ្ណា​ហង្ស​»​ ​គ្រង​ដោយ​កញ្ញា​ ​ហង្ស​ ​សុរិយា​ន់ ​បេ​ក្ខ​នារី​កំពូល​៦​នាក់​ចុងក្រោយ​ក្នុង​កម្មវិធី​ ​Miss​ ​Universe​ 2022, ​ឈុត​ ​«​គជ​រី​ ​ឰរាវ័ណ​ (​ដំរី​ ​អៃរ៉ា​វ៉ាន់​)​»​ ​គ្រង​ដោយ​ ​កញ្ញា​ ​ហង្ស​ ​ម៉ា​នីតា​ ​ម្ចាស់​មកុដ​កម្មវិធី​ ​Miss​ ​Universe​ ​Cam​bo​d​i​a​ 2022, ​ឈុត​ ​«​បុទុ​ម​ម៉ា​នាគី​»​ ​គ្រង​ដោយ​កញ្ញា​ ​សារី​ ​ស្រី​ពេជ្រ​ ​ម្ចាស់​មកុដ​បវរកញ្ញា​ ​Miss​ ​P​e​tit​e​ ​G​l​ob​a​l​ 2022 ​ដែល​ជា​ស្ត្រី​ខ្មែរ​ដំបូង​បាន​ឈ្នះ​មកុដ​នៅ​លើឆាកអន្តរជាតិ​ (​ឈុត​នេះ​ឈ្នះ​ ​Best​ ​National​ ​Custom​ ​លើឆាកអន្តរជាតិ​) ​និង​ឈុត​ ​«​សុវណ្ណ​មច្ឆា​»​ ​គ្រង​ដោយ​ ​កញ្ញា​ ​ពេជ្រ​ ​វ​ត្តី​សា​រ៉ា​វ៉ា​ឌី​ ​ម្ចាស់​មកុដ​កម្មវិធី​ ​Miss​ ​Grand​ ​Cam​bo​d​i​a​ 2022 (​ឈុត​នេះ​ជាប់​ជា​ឈុត​មួយ​ក្នុងចំណោម​ឈុត​ទាំង​៩​ដែល​ស្អាត​ជាងគេ​)​។​ ​បើ​មិនរាប់​ឈុត​៣​ដំបូង​ ​សរុប​មកដល់​បច្ចុប្បន្ន​ ​លោក​បាន​ធ្វើ​ឈុត​តំណាង​ជាតិ​ចំនួន​៦​ឈុត​ ​ដែល​ឈុត​នីមួយៗ​ចេញ​មក​មាន​លក្ខណៈ​ប្រណីត​ ​លម្អិត​ ​និង​មើលទៅ​រស់រវើក​ ​សុទ្ធ​សឹង​ទទួល​បានការ​គំា​ទ្រ​ ​និង​ទទួល​បាន​ពានរង្វាន់​ផង​ដែរ​។​

Image Courtesy: Skor Krob

            អ្នក​ច្នៃ​ម៉ូដ​ ​ជួប​ ​វិចិត្រ​ ​វ័យ​ ​២​៨​ឆ្នាំ​ ​រូប​នេះ​ ​បាន​បរិយាយ​ពី​ឈុត​តំណាង​ជាតិ​យ៉ាង​ដូច្នេះ​ “​ឈុត​តំណាង​ជាតិ​ពិតជា​សំខាន់​ណាស់​ ​ព្រោះ​ពេល​បង្ហាញ​នៅ​លើ​ឆាក​ ​មាន​មនុស្សជា​ច្រើន​តាមដាន​ ​ជាពិសេស​ប្រទេស​ដទៃ​នឹង​ចាំ​មើល​ថា​តើ​យើង​នឹង​នាំ​អ្វី​ដែល​ល្អ​បំផុត​មក​តំណាង​ឲ្យ​ប្រទេស​ ​ហើយ​ពេល​មាន​អ្វី​ដែល​ប្លែក​ចម្លែក​ ​គេ​នឹង​ធ្វើ​ការស្រាវជ្រាវ​ស្គាល់​ពី​ប្រទេស​របស់យើង​”​។​ ​លោក​បន្ថែម​ទៀត​ថា​ “​ឈុត​តំណាង​ជាតិ​មិន​ចាំបាច់​ទាល់តែ​ជា​ឈុត​បុរាណ​ទើប​ហៅថា​ឈុត​តំណាង​ជាតិ​នោះ​ទេ​ ​ឲ្យតែ​ឈុ​តនឹង​មាន​អ្វីមួយ​តំណាង​ឲ្យ​កម្ពុជា​គឺ​គ្រប់គ្រាន់​ ​ហើយក៏​មិន​ចាំបាច់​ទាល់តែ​ប្រើ​គ្រឿង​បុរាណ​នោះ​ដែរ​ ​អាច​ត្រឹមតែ​របស់​អ្វីមួយ​តំណាង​ឲ្យ​កម្ពុជា​ដូចជា​ ​ស្លឹក​ត្នោត​ ​ឬ​កន្ទេល​ជាដើម​។​ ​ដែល​សំខាន់​ទៀត​នោះ​ ​ក្នុង​ឈុត​មួយ​ផ្តោត​បង្ហាញ​មួយ​ដឹង​មួយ​ធ្វើ​យ៉ាងណា​ឲ្យ​អ្នកទស្សនា​មើល​មក​យល់​”​។​

Image Courtesy: Skor Krob

            តាម​បទពិសោធន៍​ក៏ដូចជា​ការស្រាវជ្រាវ​ផ្ទាល់ខ្លួន​ ​អ្នក​ច្នៃ​ឈុត​តំណាង​ជាតិ​មាន​ស្រុកកំណើត​មកពី​ខេត្ត​បន្ទាយ​មានជ័យ​រូប​នេះ​ថា​ ​ការ​ធ្វើ​ឈុត​តំណាង​ជាតិ​ចែកចេញជា​៣​៖​ ​ទី​១​ឈុត​បុរាណ​ ​ដែល​ជា​ឈុត​អភិ​រក្ស​ធ្វើតាម​ឈុត​ដើម​ទាំងស្រុង​, ​ទី​២​ឈុត​បុរាណ​ច្នៃ​ ​យក​ពី​ម៉ូដ​បុរាណ​មក​កែច្នៃ​ខ្លះ​ៗ​ដើម្បី​បង្កើត​ឈុត​ថ្មី​ ​និង​មួយទៀត​ឈុត​ច្នៃ​ថ្មី​ ​ដែល​ជា​ឈុត​មិន​ចម្លង​ពី​សម័យកាល​ណាមួយ​ ​និង​ជា​សិល្បៈ​បង្កើត​ស្នាដៃ​ថ្មី​សម្រាប់​ទសវត្សរ៍​ថ្មី​តែម្តង​។​ ​លោក​និយាយ​ទៀត​ថា​ ​ការ​ច្នៃ​ឈុត​តំណាង​ជាតិ​ត្រូវ​ផ្តោត​ទៅលើ​ចំណុច​សំខាន់​៣​ចម្បង​៖​ ​ទី​១​ ​ច្នៃ​យ៉ាងណា​តម្រូវ​ទៅតាម​រាងរៅ​ ​មុខមាត់​ ​និង​ចំណង់ចំណូលចិត្ត​របស់​អ្នក​ស្លៀកពាក់​, ​ទី​២​ ​ស្រាវជ្រាវ​គ្រប់ជ្រុងជ្រោយ​ដើម្បី​ឈុត​ចេញទៅ​មិន​ជាន់​ឈុត​ប្រទេសជិតខាង​ ​និង​ទី​៣​ ​ត្រូវ​ដឹង​ច្បាស់​ពី​ឈុត​ណា​ដែល​អាច​កែច្នៃ​បាន​ ​និង​ឈុត​ណា​ដែល​មិន​អាច​កែច្នៃ​បាន​ ​ជាពិសេស​គឺ​ឈុត​បុរាណ​។​

            សម្រាប់​អ្នក​ស្រឡាញ់​ការ​ច្នៃ​ម៉ូដ​ឈុត​តំណាង​ជាតិ​ ​លោក​ ​ជួប​ ​វិចិត្រ​ ​បាន​ផ្តាំផ្ញើ​ថា​ “​ពេល​ធ្វើ​គាត់​ត្រូវ​ជឿជាក់​ថា​យើង​ធ្វើ​ហើយ​ទទួល​បានអ្វី​ពី​វា​មកវិញ​ ​គួរ​កុំ​ធ្វើ​ទៅ​ដោយ​មិន​មាន​គោលដៅ​ ​ឬ​ចេះតែ​ធ្វើ​ទៅតាម​គេ​។​ ​អ្វី​ដែល​ធ្វើ​ចេញពី​ការ​ស្រឡាញ់​ ​លទ្ធផល​នឹង​ល្អ​ទៅតាម​នឹង​ ​ខ្ញុំ​ចង់ឲ្យ​ពួកគាត់​មានការ​តស៊ូ​ ​កុំ​ចូល​បាន​បន្តិច​ក៏​ឈប់​ ​បើ​ឈប់​មានន័យ​ថា​គាត់​បោះបង់​ក្តី​ស្រមៃ​របស់​ខ្លួន​”​៕​

​Article​ ​by​ ​HEM​ ​SO​KK​HIM​

Image Courtesy: Skor Krob


SUGGESTIONS