ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (32nd SEA Games) ជាអ្វីដែលប្រជាជនយើងទន្ទឹងរង់ចាំអស់រយៈពេលជាយូរណាស់មកហើយ ដែលនេះក៏ជាលើកដំបូងផងដែរសម្រាប់កម្ពុជាក្នុងការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត។ កីឡាករ កីឡារិនីជាច្រើនរូបដែលមកពីបណ្តាប្រទេសផ្សេងៗ បានខិតខំហ្វឹកហាត់យ៉ាងស្វិតស្វាញទៅលើវិញ្ញាសាការប្រកួតកីឡាផ្សេងៗគ្នា ក្នុងគោលបំណងតែមួយគឺចង់ទទួលបានជ័យជម្នះ។ ជាមួយគ្នានេះ កីឡាការិនីខ្មែរមួយរូប ដែលនឹងចូលរួមប្រកួតកីឡាគុនដាវក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនាពេលខាងមុខនេះ បានបង្ហើបប្រាប់អំពីការហ្វឹកហាត់ ការត្រៀមខ្លួន ក៏ដូចជាការប្តេជ្ញាចិត្ត តាមរយៈសូវរីនជូនប្រិយមិត្តអ្នកអានបានជ្រាបផងដែរ។
បើនិយាយពីដំណើរដើមទងដែលចូលរួមប្រឡូកក្នុងវិស័យកីឡានេះវិញ កញ្ញា ហៃ ស្រីស្រស់ បានរំលឹកឡើងថា ដំបូងឡើយកញ្ញាស្គាល់កីឡានេះតាមរយៈអ្នកស្គាល់ ក៏ចូលរួមហាត់ជាមួយគ្នារៀងរាល់ថ្ងៃសៅរ៍អាទិត្យ ដែលពេលនោះហាត់ក្នុងមួយថ្ងៃ ត្រឹម២ម៉ោងតែប៉ុណ្ណោះ។ ក្រោយពេលហាត់បាន១ខែ កញ្ញាក៏បានចូលប្រកួតជើងឯក Western Cup 2022 ហើយជាលទ្ធផល ក៏ទទួលបានមេដាយសំរិទ្ធចំនួន១គ្រឿង។ ដោយសារសម្លឹងឃើញពីសមត្ថភាពក្នុងអំឡុងពេលហ្វឹកហាត់របស់កីឡាការិនីរូបនេះ លោកគ្រូដែលបង្ហាត់ក្រុមជម្រើសជាតិ ក៏ណែនាំឲ្យកញ្ញាចូលលេងជម្រើសជាតិត្រឹមបម្រុងតែប៉ុណ្ណោះ។ ទោះត្រឹមជាកីឡាករបម្រុង តែ ហៃ ស្រីស្រស់ មិនដែលបោះបង់ការព្យាយាមរបស់ខ្លួនឡើយនៅតែខំប្រឹងទ្វេដងពីមួយថ្ងៃទៅមួយថ្ងៃ រហូតកញ្ញាបានវិវឌ្ឍខ្លួនពីបម្រុងមកជាកីឡាការិនីគុនដាវពេញសិទ្ធ។ បន្ទាប់ពីបានបង្ហាញខ្លួនជាផ្លូវការក្នុងនាមជាកីឡាការិនីជម្រើសជាតិ កញ្ញា ហៃ ស្រីស្រស់ ក៏ធ្លាប់ទទួលបានឱកាសចូលរួមក្នុងការប្រកួតជាច្រើនលើក តួយ៉ាង កម្មវិធីប្រកួតកីឡាជាតិលើកទី៣ ទទួលបានមេដាយប្រាក់១គ្រឿង និងមេដាយសំរឹទ្ធ១គ្រឿង និងកម្មវិធីប្រកួតជើងឯកយុវជន ទទួលបានមេដាយសំរឹទ្ធចំនួន១គ្រឿង។
កញ្ញា ហៃ ស្រីស្រស់
ងាកមកជជីកសួរអំពីការហ្វឹកហាត់ត្រៀមខ្លួនសម្រាប់ចូលរួមប្រកួត SEA Games នាពេលខាងមុខនេះវិញ កញ្ញាបានបង្ហើបដែរថា “សម្រាប់ការហាត់ត្រៀម SEA Games គឺខ្ញុំត្រូវហាត់ច្រើនជាងមុន ដោយក្នុងមួយសប្តាហ៍ត្រូវរត់ចំនួន៣ថ្ងៃ ក្នុងមួយថ្ងៃត្រូវរត់ឲ្យបាន៥គីឡូម៉ែត្រ។ បន្ទាប់មក មានម៉ោងហាត់ប្រាណ ហែលទឹក ហាត់សាច់ដុំយកកម្លាំងដៃ និងជើង។ សំខាន់មួយទៀតនោះគឺការហាត់បច្ចេកទេសផ្ទាល់ជារៀងរាល់ថ្ងៃនៅពេលល្ងាច”។ កញ្ញាក៏បានបន្ថែមទៀតថា ការលេងកីឡាគុនដាវនេះក៏មានផលលំបាកមួយចំនួនផងដែរសម្រាប់កញ្ញាផ្ទាល់ ព្រោះដើម្បីលេងបាន គឺទាមទារឲ្យយើងមានកម្លាំងកាយមាំមួន ភាពរហ័សរហួន បត់បែនមួយតួខ្លួន ទាំងដៃ ទាំងជើង ពិសេសគឺពេលលេងត្រូវប្រើខួរក្បាលគិតឲ្យបានរហ័សបំផុត។ ដូច្នេះហើយ មិនថាពេលហ្វឹកហាត់ ឬពេលប្រកួតនោះទេ គឺទាមទារខិតខំខ្លាំង និងរៀនសូត្រពីក្បាច់លេងថ្មីៗជានិច្ច។
ជាកីឡាការិនីដែលទើបតែចាប់ពន្លកថ្មី សម្រាប់ការប្រកួត SEA Games នេះ កញ្ញាក៏មានការព្រួយបារម្ភផងដែរ ដោយហេតុខ្លួនទើបតែប្រឡូកក្នុងវិស័យនេះ។ តែយ៉ាងណាកីឡាការិនីរូបនេះ ក៏បានរក្សាគោលជំហរដ៏រឹងមាំថា “ទោះខ្ញុំទើបតែប្រឡូក អាចថាមិនទាន់មានបទពិសោធន៍ច្រើន តែយ៉ាងណាក៏ដោយខ្ញុំខិតខំហ្វឹកហាត់ណាស់រាល់ថ្ងៃនេះ។ ខ្ញុំបានស្វែងរកក្បាច់លេងថ្មីៗ និងយកចិត្តទុកដាក់លើការបង្ហាត់បង្ហាញរបស់គ្រូបង្វឹក រួមទាំងរៀនសូត្រពីការលេងកីឡានេះពីរៀមច្បងបន្ថែមទៀត”។ ទោះជាយ៉ាងណា កីឡាការិនីរូបនេះនៅតែមានគំនិតសុទិដ្ឋិនិយមថា ទោះបីជាយ៉ាងណាក្តី ក៏កញ្ញានៅតែទទួលបានឱកាសចូលរួមប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (32nd SEA Games) នេះផងដែរ។
មកជ្រាបអំពីជីវប្រវត្តិរបស់កីឡាការិនីរូបនេះវិញ កញ្ញា ហៃ ស្រីស្រស់ មានវ័យ១៨ឆ្នាំ មានស្រុកកំណើតនៅទីក្រុងភ្នំពេញ កើតក្នុងគ្រួសារដែលមានលោកឪពុកជាទាហាន និងអ្នកម្តាយជាស្រ្តីមេផ្ទះ ហើយកញ្ញាជាកូនទី៣ក្នុងចំណោមបងប្អូនប្រុសស្រី៤នាក់។ បច្ចុប្បន្ន កញ្ញាកំពុងសិក្សាថ្នាក់ទី១២ នៅវិទ្យាល័យឥន្រ្ទទេវី៕
Article by SOUNG SOKSAN