លោក ឃុន វណ្ណៈ ម្ចាស់គម្រោង «ដំណើរទេចរណ៍ទីក្រុង-City Walking Tour»
NEWS 9 months agoលោក ឃុន វណ្ណៈ ជាសិល្បករពហុជំនាញជនជាតិខ្មែរមួយរូប ដែលមានជំនាញលើការថតរូប ការគូរគំនូរ និងការសម្តែងយ៉ាងប៉ិនប្រសប់ នៅទីក្រុងភ្នំពេញ។ នៅអំឡុងឆ្នាំ២០១៥ លោកបានយកស្នាដៃថតរូបរបស់លោកទៅបង្ហាញនៅពិព័រណ៍មួយក្នុងប្រទេសបារាំងដែលមានចំណងជើងថា «លេខ» ។ ស្នាដៃនេះហើយហើយដែលធ្វើឱ្យមហាជនទាំងជាតិ និងអន្តរជាតិបានចាប់អារម្មណ៍ និងទទួលស្គាល់សមត្ថភាពរបស់លោក។ មិនតែប៉ុណ្ណោះ លោកកក៏បានបង្កើត «ផ្ទះសិល្បៈ - Art Home» ដែលបានដាក់តាំងបង្ហាញរាល់ស្នាដៃគំនូរ និងការថតរូបរបស់លោក នៅក្នុងផ្ទះដែលគាត់រស់នៅតែម្តង។ ស្នាដៃគំនូរនីមួយៗ ត្រូវបានគូរឡើងយ៉ាងយកចិត្តទុកដាក់ ដែលមានបង្កប់នូវរឿងរ៉ាវជីវិតលោកផ្ទាល់តែម្តង។ សិល្បករពហុជំនាញរូបនេះ បានបន្តចិញ្ចឹមចិត្តស្រលាញ់វិស័យសិល្បៈ និងរមែងបង្កើតនូវស្នាដៃថ្មីៗជាបន្តបន្ទាប់ រហូតកាលពីដើមឆ្នាំ២០២៣ លោកបានបង្កើតគម្រោងមួយឡើងគឺ «ដំណើរទេចរណ៍ទីក្រុង-City Walking Tour»។
«ដំណើរទេចរណ៍ទីក្រុង-City Walking Tour» គឺជាគម្រោងថ្មីមួយ និងមានជាលើកដំបូងក្នុងទីក្រុងភ្នំពេញ ដែលនាំភ្ញៀវទេសចរធ្វើដំណើរកម្សាន្តពីកន្លែងមួយទៅកន្លែងមួយដោយថ្មើរជើងនៅតាមតំបន់មួយចំនួននៃទីក្រុងភ្នំពេញ ជាពិសេសតាមច្រកដឿងហែម។ លោក ឃុន វណ្ណៈ បានលើកឡើងពីគោលបំណងនៃការបង្កើតគម្រោងនេះថា “ខ្ញុំចង់បង្ហាញទៅកាន់ភ្ញៀវទេសចរ អំពីវប្បធម៌ អរិយធម៌ ការរស់នៅ ការប្រមូលផ្តុំ ទំនៀមទម្លាប់ និងប្រពៃណីរបស់ប្រជាជនខ្មែរ ដែលបានកំពុងតែលាក់ខ្លួនពួនសំងំនៅពីក្រោយអគារខ្ពស់ៗ។ ទោះបីតាមផ្លូវច្រកដឿងហែមមិនមែនជាទីចាប់អារម្មណ៍របស់ប្រជាជនគ្រប់គ្នា ប៉ុន្តែវាក៏មានបង្កប់នូវអត្ថន័យ និងសម្រស់ស្រស់ស្អាត មិនចាញ់សម្រស់អគារខ្ពស់ៗប៉ុន្មានឡើយ ហើយវាក៏មានរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ជាច្រើនខុសប្លែកពីគ្នាទៅតាមផ្លូវដឿងហែមនីមួយៗផងដែរ។” ម្ចាស់គម្រោងរូបនេះបានលើកឡើង និងបន្តទៀតថា ភាគច្រើនអតិថិជនរបស់លោកគឺជាភ្ញៀវបរទេស ច្រើនជាងគេគឺជាជនជាតិបារាំងតែម្តង។ ដំណើរទេសចរណ៍ទីក្រុងរបស់លោក គឺចាប់ផ្តើមពីនាំភ្ញៀវទេសចរដើរទស្សនាពីចំណុចផ្សារថ្មី រួចបន្តដំណើរទៅតាមផ្លូវច្រកដឿងហែមដែលនៅក្នុងប្លុកតំបន់នោះទៅតាមផ្លូវនីមួយៗ។ ធ្វើដំណើរដោយថ្មើរជើងបណ្តើរ លោកក៏បានរៀបរាប់អំពីអ្វីដែលបានឃើញជាក់ស្តែង ក៏ដូចជាសាច់រឿងនៅតាមផ្លូវនីមួយៗទៅកាន់ភ្ញៀវទេសចរ និងជជែកគ្នាកម្សាន្តដើម្បីរំលឹក និងបង្កើតអនុស្សាវរីយ៍រួមគ្នា។ លោកបានបង្ហើបដោយក្តីមោទកភាពចំពោះប្រជាជនខ្មែរដែលរស់នៅតាមតំបន់ច្រកដឿងហែមនោះថា “ យើងដឹងហើយថា ប្រជាជនខ្មែរយើង ពួកគាត់ពិតជារួសរាយណាស់ ស្នាមញញឹមយ៉ាងស្រស់ស្អាត និងចេញពីចិត្តពិតៗ ដែលបង្ហាញមកកាន់ខ្ញុំ និងភ្ញៀវទេសចរ វាពិតជាការស្វាគមន៍មួយដ៏កក់ក្តៅដែលខ្ញុំទទួលបានដោយមិនមានការបង្ខិតបង្ខំពីនរណាម្នាក់។ ខ្ញុំគ្រាន់តែជាអ្នកនាំ និងលើករឿងរ៉ាវមួយចំនួនប្រាប់ទៅកាន់ភ្ញៀវ ប៉ុន្តែប្រជាជនដែលរស់នៅតាមតំបន់ ពួកគាត់បានកំពុងបង្ហាញយ៉ាងច្បាស់ និងបំពេញបន្ថែមឱ្យដំណើរកម្សាន្តក្នុងទីក្រុងនេះកាន់តែមានអត្ថន័យទៅកាន់ភ្ញៀវទេសចរ។”
ស្ថិតក្នុងវ័យ៤៤ឆ្នាំ ជាមួយនឹងការស្រលាញ់សិល្បៈ និងចង់លើកស្ទួយដល់វិស័យទេសចរណ៍ក្នុងស្រុកឱ្យកាន់តែរីកចម្រើន និងមានភ្ញៀវបរទេសមកកម្សាន្តច្រើន លោក ឃុន វណ្ណៈ ក៏បានលើកឡើងដែរថា ទោះបីជាគម្រោងនេះទើបតែបង្កើតឡើងមែនពិត និងមិនមែនជាគម្រោងធំដុំអ្វី ប៉ុន្តែវាក៏បានរួមចំណែកមួយផងដែរ។ វាក៏អាចជាកត្តាមួយជំរុញឱ្យភ្ញៀវបរទេសបន្តស្នាក់នៅក្នុងទីក្រុងភ្នំពេញយើង វាជាការជួយដោយប្រយោលតាមរយៈការចំណាយផ្សេងៗ ដែលអាចឱ្យភ្ញៀវបរទេសគាត់ចំណាយលើកការស្នាក់នៅ ការហូបចុក ក៏ដូចជាការចំណាយលើមធ្យោបាយធ្វើដំណើរជាដើម។ អ្វីដែលសំខាន់ ធ្វើឱ្យភ្ញៀវបរទេសបានស្គាល់ពីកម្ពុជាយើងកាន់តែច្បាស់។
ជាចុងក្រោយតាមរយៈសូវរីន លោក ឃុន វណ្ណៈ មានជាសារផ្តាំផ្ញើដែរថា “សូមឱ្យយើងទាំងអស់គ្នាចូលរួមជួយគាំទ្រដោយផ្ទាល់ក្តី ដោយប្រយោលក្តី និងជួយលើកទឹកចិត្តសម្រាប់ពួកយើង ក៏ដូចជាអ្នកដែលជាម្ចាស់គម្រោងទេសចរណ៍ផ្សេងៗទៀត និងរូបខ្ញុំផ្ទាល់មានទឹកចិត្តនឹងបន្តទៅមុខទៀត។ ទោះគម្រោងនេះមិនបានផ្តល់កម្រៃច្រើនដល់ខ្ញុំ ប៉ុន្តែគឺខ្ញុំធ្វើចេញពីចិត្តជាអ្វីដែលខ្ញុំស្រលាញ់ ហើយខ្ញុំពិតជាសប្បាយចិត្តដែលបានរួមចំណែកនេះជាមួយអ្នកទាំងអស់គ្នាក្នុងការជួយលើកស្ទួយវិស័យទេសចរណ៍ស្រុកយើងឱ្យកាន់តែរីកចម្រើនទៅមុខ”៕
Article by SOUNG SOKSAN