ម៉ាកសម្លៀកបំពាក់ LYNY X M.PO បំផុសគំនិតឱ្យមនុស្សប្រើសេរីភាពក្នុងការស្វែងរកមហិច្ឆតារបស់ខ្លួន
NEWS 4 months agoផ្តើមចេញពីអ្នកច្នៃម៉ូដពីររូបគឺ លោក ទាវ មេងប៉ូ និង អ្នកនាង ញ៉ា គឹមម៉ូលីនី អ្នកទាំងពីរបានបញ្ចប់ការសិក្សាជំនាញច្នៃម៉ូដសម្លៀកបំពាក់ពីប្រភពដូចគ្នា ពោលពីសាលា MaPa Fashion ដែលបច្ចុប្បន្នបានប្តូរឈ្មោះទៅជា FASANA និង មួយទៀតជាគម្រោងហ្វឹកហ្វឺនច្នៃម៉ូដ និងបង្កើតសម្លៀកបំពាក់នៅ MEDC Cambodia។ អ្នកទាំងពីរបានធ្វើគម្រោងច្នៃម៉ូដរួមគ្នាដូចជា «Gender 101», «ONEUS», «KESOR ICON» និងគម្រោងធំៗជាច្រើនទៀត។
តាមរយៈការងាររួមគ្នា ដោយសង្កេតឃើញថាទាំងការធ្វើតេស្ត និងឌីហ្សាញ មានគោលគំនិតស៊ីចង្វាក់គ្នាច្រើន នៅក្នុងឆ្នាំ២០១៩ អ្នកច្នៃម៉ូដ ទាវ មេងប៉ូ និង ញ៉ា គឹមម៉ូលីនី បានសម្រេចចិត្តចាប់ដៃគ្នាបង្កើតម៉ាកសម្លៀកបំពាក់ LYNY X M.PO ដែលមានទាំងការចេញខូឡិកហ្សិន និងច្នៃតម្រូវទៅតាមការកុម្មង់របស់អតិថិជន។
ក្នុងជំនួបជាមួយក្រុមការងារ សូវរីន លោក ទាវ មេងប៉ូ សហស្ថាបនិកម៉ាកយីហោបានលើកឡើងថា៖ «គោលបំណងក្នុងការបង្កើតម៉ាកសម្លៀកបំពាក់មួយនេះ គឺយើងចង់បំផុសគំនិតឱ្យមនុស្សប្រើសេរីភាពដើម្បីស្វែងរកមហិច្ឆតារបស់ពួកគេ»។ លោកបានបន្ថែមទៀតថា៖ «ស្ទីលរបស់ LYNY X M.PO គឺសម្រាប់នារីដែលមានរសនិយមបែបថ្លៃថ្នូរ រួមទាំងបែបយុវវ័យឬអេឡេហ្គង់ យើងអាចច្នៃផ្តល់ឱ្យសមស្របទៅតាមកាលៈទេសៈ តាមកម្មវិធី ក៏ដូចជាតម្រូវការរបស់អតិថិជន»។
លោក ទាវ មេងប៉ូ និង អ្នកនាង ញ៉ា គឹមម៉ូលីនី
កន្លងមកម៉ាក LYNY X M.PO បានបញ្ចេញសម្លៀកបំពាក់ចំនួនពីរខូឡិកហ្សិនផងដែរ។ ក្នុងនោះខូឡិកហ្សិនទី១ មានឈ្មោះថា «RuleBreaker» កាលពីឆ្នាំ២០២២ និងខូឡិកហ្សិនទី២ នៅឆ្នាំ២០២៤ គឺ «Night Botanical»។ ខូឡិកហ្សិនចុងក្រោយនេះត្រូវបានបំផុសគំនិតចេញពីសួនរុក្ខជាតិ ដែលជាការតភ្ជាប់គ្នារវាង សុបិន និងការពិត។ ក្នុងមួយខូឡិកហ្សិន LYNY X M.PO បានកំណត់ចេញពី ៦ ទៅ ៨ម៉ូដ។
ទាក់ទិននឹងការបំផុសគំនិតបង្កើតខូឡិកហ្សិន ស្ថាបនិកទាំងពីររូបបានសហការគ្នាដោយបូកបញ្ចូលរវាងបុគ្គលិកលក្ខណៈនារីភាព និង muscling ផ្សំជាមួយស្ទីល office casual ស្ទីលតាមដងវិថី និងឈុតរាត្រី ព្រមទាំងច្របាច់ចូលគ្នាផងដែររវាង Avant Gard និង Couture ដើម្បីបង្កើតជាសម្លៀកបំពាក់ដ៏ទាក់ទាញ។ សម្រាប់ការផលិតវិញ សម្លៀកបំពាក់នីមួយៗត្រូវបានសម្រិតសម្រាំងគ្រប់ជំហានដោយក្រុមផលិត Structural Art Atelier ជាក្រុមរបស់ស្ថាបនិកផ្ទាល់។ ក្រុមផលិតនេះមានការយកចិត្តទុកដាក់ខ្លាំងរាប់តាំងពីចំណុចផ្តើមរហូតដល់សម្រេច។
តាមការបញ្ជាក់បន្ថែមពីស្ថាបនិក លក្ខណៈពិសេសក្នុងការផលិតសម្លៀកបំពាក់គឺផ្តោតសំខាន់ទៅលើតម្រូវការនៃការកុម្មង់ទាំងផ្នែកខាងក្នុង ក៏ដូចជារចនាសម័្ពន្ធរបស់សម្លៀកបំពាក់។ មួយវិញទៀត រាល់ការឌីហ្សាញតែងផ្តោតសំខាន់ទៅលើរាងរៅរបស់អ្នកពាក់ ដោយធ្វើយ៉ាងណាតម្រូវទៅតាមរសនិយម និងចំណង់ចំណូលចិត្តរបស់ពួកគេ។ សម្រាប់ គ្រឿងប្រើប្រាស់ មានការជ្រើសរើសយ៉ាងហ្មត់ចត់ ហើយការផលិតឱ្យចេញជារូបរាងសម្រេចគឺធ្វើដោយដៃពី ៤០ ទៅ ៥០%។
ក្រោយបោះជំហានលើទីផ្សារប៉ុន្មានឆ្នាំមកនេះ ម៉ាក LYNY X M.PO មានគម្រោងអភិវឌ្ឍន៍បន្ថែមទៅលើការផលិត ដោយព្យាយាមធ្វើយ៉ាងណាឱ្យអតិថិជនទទួលបានទំនុកចិត្ត និងការជឿជាក់ទៅលើការឌីហ្សាញ ក៏ដូចជាភាពច្នៃប្រតិដ្ឋថ្មីៗ។ លើសពីនេះ ស្ថាបនិកក៏ទទួលសហការជាមួយម៉ាកដទៃឬអ្នកច្នៃម៉ូដដទៃ មិនថាក្នុងស្រុកឬក្រៅស្រុកដើម្បីផលិតចេញនូវសម្លៀកបំពាក់ ដោយស្ថិតក្រោមការផលិតរបស់ក្រុម Structural Art Atelier ផងដែរ៕
Article by HEM SOKKHIM (ZM)
Image Courtesy: LYNY X M.PO