×

កម្មវិធី​ទូរសព្ទ​ថ្មីមួយ​បង្កើត​ដោយ​យុវជន​វ័យក្មេង​មួយក្រុម​ដែលអាច​ឲ្យ​យើង​ដេគ័រនំ​ខេក​ដោយ​ខ្លួនឯងបាន​

NEWS 5 years ago
 
 

        ស្រប​ពេល​ដែល​កម្ពុជា​កំពុងតែ​អភិវឌ្ឍ​ជាមួយនឹង​ទីផ្សារសេរី​នោះ​ ​កំណើនប្រជាជន​និង​ការយល់​ដឹង​ក៏​កាន់តែ​មាន​ភាព​រីកចម្រើន​ ​ចំណែក​ឯ​តម្រូវការ​និង​អាជីវកម្ម​នំ​ខេ​ក​ក៏​កំពុងតែ​មានសន្ទុះ​ទីផ្សារ​ខ្លាំង​ឡើង​ៗ​ផង​ដែរ​។​ ​ដោយ​សម្លឹង​មើលឃើញ ឱកាស​ទីផ្សារ​នេះ​ ​យុវជន​មួយ​ក្រុម​ដែល​ជា​និស្សិត​មក​ពី​ជំ​នាញ​ផ្សេង​ៗ​គ្នា​ ​សម្រេចចិត្ត​បង្កើត​នូវ​កម្មវិធី​ទូរសព្ទ​ដៃ​ថ្មី​មួយ​ដែល​មានឈ្មោះ​ថា​ ​«​ ​Phum​ ​Cake​ ​»​ ​ជា​កម្មវិធី​ទូរសព្ទ​ដែល​អាច​ឲ្យ​អ្នកប្រើ​ប្រាស់​អាច​ដេ​គ័រ​នំ​ខេ​ក​ដោយខ្លួនឯង​បាន​យ៉ាង​ឆាប់រហ័ស​។​

          ​​កម្មវិធី​ទូរសព្ទ​នេះ​បង្កើត​ឡើង​ដោយ​សហ​ស្ថាបនិក​វ័យក្មេង​មួយ​ក្រុម​ដែល​មាន​សមាជិក​បួន​នាក់​ ​សុទ្ធសឹងតែ​ជា​និស្សិត​ឆ្នាំទី​ពីរ​នៃ​សាកល​វិទ្យាល័យ​ ​ផា​រ៉ា​ហ្កន​អន្តរជាតិ​ ​រួមមាន​៖​ ​សុក​ ​គី​មហេង​ ​(​ជំនាញ​ ​ធនាគារ​)​ ​,​ ​ឈុយ​ ​សុង​ហួរ​ ​(​ជំនាញ​ពាណិជ្ជកម្ម​អន្តរជាតិ​និង​ភស្តុភារ​)​,​ ​ស៊ី​ណាត​ ​សុវិជ្ជា​(​ជំនាញ​ ​វិទ្យាសាស្រ្ត​កុំព្យូទ័រ​)​ ​និង​ ​ខាត់​ ​សេង​ហាក់​ ​(​ជំនាញ​ ​ធនាគារ​)​។​ ​បន្ទាប់ពី​បាន​ឈ្នះ​ប្រាក់​រង្វាន់​ចំនួន​ ​៥,០០០ដុល្លារ​ ​ក្នុង​ការប្រកួត​គំនិត​អាជីវកម្ម​បង្កើត​ថ្មី​ ​កាលពី​សប្តាហ៍​មុន​ ​សហ​ស្ថាបនិក​វ័យក្មេង​ទាំងបួន​នាក់​បាន​ប្រាប់​សូ​វរីន​ឲ្យដឹង​ថា​ ​កម្មវិធី​ទូរសព្ទ​ដៃ​ថ្មីនេះ​គ្រោង​នឹង​ដាក់ឲ្យ​ទាញ​យក​ប្រើប្រាស់​ជា​សាធារណៈ​ ​នៅ​ខែ​ ​តុលា​ ​ឆ្នាំ២០១៩នេះ​។​ ​ការប្រើ​ប្រាស់​កម្មវិធី​ទូរសព្ទ​ដៃ​ ​«​ ​Phum​ ​Cake​»​ ​ហាក់​ ​ដូចជា​ការ​លេង​ហ្គេម​ទូរសព្ទ​ដៃ​មួយ​ដែល​អនុញ្ញាតិ​ឲ្យ​អ្នកប្រើ​ប្រាស់​អាច​ជ្រើសរើស​សណ្ឋាន​នំ​ណាមួយ​ដែល​ខ្លួន​ពេញចិត្ត​ ​ហើយ​ធ្វើ​ការ​ដេ​គ័រ​នំ​នោះ​ជាមួយនឹង​រូបភាព​ស្អា​តៗ​នៅក្នុង​ទូរសព្ទ​ដៃ​របស់​ខ្លួន​ ​បន្ទាប់មក​ពួកគេ​អាច​បំពេញ​នូវ​ព័ត៌មាន​មួយចំនួន​ដូចជា​ឈ្មោះ​ម្ចាស់​ខួប​ ​ថ្ងៃខែ​ឆ្នាំ​កំណើត​ ​និង​ព័ត៌មាន​ផ្សេង​ៗ​ទៀត​។​ ​ក្រោយមក​ពួកគេ​ ​អាច​បញ្ជូន​រូបភាព​នំ​ខេ​ក​ដែល​ខ្លួន​បា​នដេ​គ័រ​ហើយ​នោះ​ ​ទៅកាន់​ហាង​នំ​ដែល​ស្ថិតនៅ​ជិត​ជាងគេ​បំផុត​ ​ឬ​ហាង​នំ​ណាមួយ​ដែល​ជា​ដៃគូ​សហការ​របស់​ ​«​Phum​ ​Cake​»​ ​ជាការស្រេច​។​ ​មិនមែន​សម្រាប់​តែ​ដេ​គ័រ​នំ​តែប៉ុណ្ណោះ​ទេ​ ​តែ​អ្នកប្រើ​ប្រាស់​កម្មវិធី​នេះ​ក៏អាច​បញ្ជាទិញ​នំ​ដែល​មានស្រាប់​របស់​ហាង​នី​មួយ​ៗ​បាន​ផង​ដែរ​។​ ​ជាមួយគ្នា​នេះ​ដែរ​ ​«​Phum​ ​Cake​»​ ​ក៏​នឹង​មាន​សេវា​ ​ដឹកជញ្ជូន​នំ​ដល់ទៅ​ទីកន្លែង​ទៅតាម​សេវាកម្ម​របស់​ហាង​នំ​នី​មួយ​ៗ​ទៀតផង​។​

​​          ការ​មូលមតិគ្នា​ ​ផ្តួចផ្តើម​គំនិត​បង្កើត​កម្មវិធី​ទូរសព្ទ​ដៃ​នេះ​ ​បាន​ចាប់ផ្តើម​អស់​រយៈពេល​ជា​យូរណាស់​មក​ហើយ​ ​រហូតមកដល់​សព្វថ្ងៃ​នេះ​ ​«​ ​Phum​ ​Cake​ ​»​ ​មានដៃ​គូ​សហការ​ដែល​ជា​ហាង​លក់​នំ​នេះ​ចំនួន​ ​១៥​ ​ហាង​ ​ហើយក៏​បន្ត​ស្វែងរក​និង​ស្វាគមន៍​ហាង​នំ​ជាច្រើន​ទៀតផង​ ​។​ ​កម្មវិធី​ទូរសព្ទ​ដៃ​ថ្មីនេះ​ក៏​ជួយ​សម្រួលការ​ងារ​ ​របស់​ហាង​លក់​នំ​មួយចំនួន​ ​ពោល​គឺ​ជួយ​ ​ផ្លាស់​ប្តូរ​ទំ​លាប់​នៃ​ការ​កត់ត្រា​ឈ្មោះ​ ​ឬ​ព័ត៌មាន​ផ្សេង​ៗ​របស់​ ​ហាង​នំ​នៅ​លើ​ក្រដាស​ដែល​មាន​ពេលខ្លះ​ ​មានការ​ភណ្ឌ​ច្រឡំ​ដោយសារតែ​បរិមាណ​នៃ​ការ​បញ្ជាទិញ​មាន​ច្រើនពេក​។​ ​«​Phum​ ​Cake​»​ ​ក៏​ជា​ប្រព័ន្ធ​គ្រប់គ្រង​ថ្មី​មួយ​ ​សម្រាប់​ហាង​នំ​ខេ​ក​ ​ដែល​មាន​ទាំង​រូបរាង​នំ​និង​ព័ត៌មាន​ស្រាប់​ៗ​របស់​អតិថិជន​ ​ដែល​បាន​ធ្វើការ​កុម្ម៉ង់​ទិញ​។​ ​ដើម្បី​ពង្រីក​សក្តា​នុ​ពល​និង​សេវាកម្ម​របស់​ខ្លួន​នោះ​ ​«​Phum​ ​Cake​»​ ​ក៏​កំពុងតែ​សិក្សា​លើ​សេវាកម្ម​ជាច្រើន​ទៀត​ ​ដែល​អាច​ឲ្យ​អ្នកប្រើ​ប្រាស់​ ​អាច​ដេ​គ័រ​ផ្កា​ ​និង​ ​កាដូ​នៅ​ថ្ងៃ​អនាគត​ផង​ដែរ​៕​

​Article​ ​by​ ​KEO​ ​SONG​

 


SUGGESTIONS