×

ក្រុម​អ្នក​ច្នៃ​ម៉ូដ​វ័យក្មេង​ ​The​ ​Mexart​ ​នឹង​បង្ហាញ​ផ្ទាំង​ទស្សនីយភាព​ថ្មី​មួយ​សម្រាប់​ពិធីបុណ្យ​អុំទូក​ខាងមុខនេះ​

FASHION & BEAUTY 5 years ago
 
 

          នៅ​មិនយូរ​ទៀត​នោះ​ទេ​ ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ ​បណ្តែត​ប្រទីប​ ​អក​អុំ​បុក​ ​និង​សំពះព្រះខែ​ ​បុណ្យប្រពៃណី​ជាតិខ្មែរ​ដែល​មាន​ដើមកំណើត​ពី​បុរាណកាល​នឹង​ប្រារព្ធ​ឡើង​យ៉ាង​ឱ​ឡា​រឹក​ពាសពេញ​ផ្ទៃ​ប្រទេស​។​ ​ជាក់ស្តែង​ ​ក្នុង​កំឡុង​ប្រារព្ធ​ពិធីបុណ្យ​ប្រពៃណី​ជា​តិ​ម្តង​ៗ​ ​គេ​សង្កេតឃើញ​ថា​ ​ស្ថិតនៅ​តាម​តំបន់​ទេសចរណ៍​មួយចំនួន​ ​ក៏ដូចជា​រាជធានី​ភ្នំពេញ​ ​កំឡុង​ពេល​ប្រារព្ធ​ពិធី​ ​និង​ក្រោយពី​ការ​ប្រារព្ធ​ពិធី​តែង​មាន​សំរាម​រាយប៉ាយ​ជាច្រើន​ប្រភេទ​ដែល​មាន​ក្លិន​មិនល្អ​ច្រើន​កន្លែង​ ​ហើយ​នេះ​មានផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់សម្រស់​​បរិស្ថាន​ធម្មជាតិ​ធ្លាប់​មាន​ភាព​ស្រស់បំព្រង​ប្រែក្លាយ​ជា​បរិស្ថាន​ដ៏​អាប់អួរ​ទៅវិញ​។​ ​

          ​ដោយ​ក្រឡេក​ឃើញ​ពីក​ត្តា​ប៉ះពាល់​មួយចំនួន​នេះ​ដែរ​ ​បាន​ធ្វើឲ្យ​យុវជន​ស្ម័គ្រចិត្ត​ ​«​ក្រៀល​កម្ពុជា​»​ ​​និង​ក្រុម​អ្នក​ច្នៃ​ម៉ូដ​សម្លៀកបំពាក់​វ័យក្មេង​ ​«​The​ ​Mexart​»​ ​បាន​សហការ​គ្នា​យ៉ាង​មុតមាំ​ ​ក្នុង​ការបង្កើត​នូវ​​ទស្សនីយ​ភាព​ថ្មី​ៗ​ ​និង​កម្មវិធី​ការ​ដើរ​បង្ហាញ​ម៉ូដ​ឈុត​សម្លៀកបំពាក់​ដែល​មានការ​រចនា​ពី​កាកសំណល់​​នានា​ដ៏​ពិសេស​ ​សម្រាប់​ចែករំលែក​នូវ​ចំណេះ​ដឹង​ផ្សេង​ៗ​ទាក់ទង​នឹង​ការបោះចោល​សំរាម​ឲ្យបាន​ត្រឹមត្រូវ​​តាម​សភាព​នៃ​កាកសំណល់​ទាំងនោះ​ផង​ដែរ​។​ ​

          ​ជំនួប​ពិភាក្សា​ជាមួយនឹង​ ​កញ្ញា​ ​ម៉ា​រ៉ា​ ​ប្រធាន​ក្រុម​អ្នក​ច្នៃ​ម៉ូដ​សម្លៀកបំពាក់​វ័យក្មេង​ ​«​The​ ​Mexart​»​ ​ដែល​មាន​សមាជិក​ប្រមាណ​ជាង​ ​១៩​ ​នាក់​ ​បាន​ឲ្យដឹង​ថា​ ​នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ខាងមុខនេះ​ ​អត្រា​នៃ​ប្រជាជន​ខ្មែរ​ដែល​នឹង​ចូលរួម​កម្មវិធី​នានា​ក្នុង​រាជធានី​ភ្នំពេញ​ ​ក៏ដូចជា​តាម​តំបន់​ទេសចរណ៍​នឹង​មាន​ចំនួន​កើនឡើង​ជាង​សព្វមួយដង​ ​ហេតុនេះ​ ​អត្រា​នៃ​ការ​បោះចោល​សំរាម​ឥត​សណ្តាប់​ធ្នាប់​រឹតតែ​កើន​ជាង​មុន​ទ្វេឡើង​។​ ​កញ្ញា​បង្ហាញថា​ ​«​ដើម្បី​ទប់ស្កាត់​នូវ​បញ្ហា​ទាំងនេះ​ ​ខ្ញុំ​រួម​ទាំង​សមាជិក​ក្រុម​របស់ខ្ញុំ​បាន​សហការ​គ្នា​ជាមួយ​ក្រុម​យុវជន​ក្រៀល​កម្ពុជា​ក្នុង​ការបង្កើត​នូវ​អ្វី​ដែល​ថ្មី​ ​ហើយ​អ្វី​ដែល​ពួក​ខ្ញុំ​បាន​បង្កើត​ឡើង​នោះ​សុទ្ធតែ​ជា​សារ​សំ​ខាន់​ៗ​សម្រាប់​ប្រជាជន​ខ្មែរ​ឲ្យ​គាត់​យល់ដឹង​ពី​ការ​វែកញែក​សំរាម​ដែល​អាច​ច្នៃ​បាន​ ​និង​មិន​អាច​ច្នៃ​បាន​»​។​ ​ជាមួយគ្នា​នេះ​ ​កញ្ញា​ ​ម៉ា​រ៉ា​បាន​បន្ត​ ​«​ហេតុនេះ​ក្រុម​របស់​យើង​ក៏​រួមគ្នា​ច្នៃ​ឈុត​សម្លៀកបំពាក់​ចំនួន១៣ឈុត​ដែល​មានឈ្មោះ​ថា​ ​«​Trash​ ​to​ ​Treasure​»​ ​ហើយ​សម្រាប់​ខូ​ឡិក​ហ្សិ​នរ​បស់​ពួក​យើង​រចនា​ឡើង​មកនេះ​គឺ​ច្នៃ​ពី​កាកសំណល់​ដែល​មនុស្ស​ទូទៅ​ប្រើប្រាស់​ច្រើន​ដូចជា​៖​ ​គម្រប​ទឹក​សុទ្ធ​ ​ក្រដាស​ ​និង​ប្លាស្ទិក​ជាដើម​»​។​ ​

          ​យ៉ាងណាមិញ​ ​សម្រាប់​ខូ​ឡិក​ហ្សិន​ទាំង១៣ឈុត​នេះ​ត្រូវ​បាន​បែងចែក​ជា​ពីរ​ផ្នែក​ផង​ដែរ​ ​ដោយ​នៅក្នុង​ឈុត​សម្លៀកបំពាក់​ចំនួន៨ឈុត​នឹង​ត្រូវ​ដើរ​បង្ហាញ​ម៉ូដ​ ​រី​ឯ​ឈុត​សម្លៀកបំពាក់​ចំនួន៥ឈុត​ទៀត​នឹង​ត្រូវ​ដើរ​​បង្ហាញ​ជា​លក្ខណៈ​សាធារណ​ ​ដើម្បី​បង្ហាញ​ឲ្យ​ប្រជាជន​ខ្មែរ​ដឹងពី​អត្ថ​ប្រយោជន៍​មួយចំនួន​នៃ​កាកសំណល់​​ដែល​អាច​ច្នៃ​សារ​ជាថ្មី​ម្តង​ទៀត​ ​និង​ជាផ្នែក​មួយ​ដែល​ងាយស្រួល​បំផុត​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​វិ​ស័យ​ហ្វេ​ហ្សិន​ទៀតផង​។​ ​ដោយឡែក​ ​កំឡុង​ពេល​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ ​អ្នក​នឹង​មានការ​ភ្ញាក់ផ្អើល​ជាមួយនឹង​ក្រុម​យុវជន​ស្ម័គ្រចិត្ត​ ​«​ក្រៀល​កម្ពុជា​»​ ​ដែល​មាន​សមាជិក​ប្រមាណ​ជាង១ពាន់​អ្នក​នឹង​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​​សំ​ខាន់​ៗ​មួយចំនួន​ដែល​ទាក់ទង​នឹង​ការថែទាំ​បរិស្ថាន​ ​អនាម័យ​ ​និង​ផល​អវិជ្ជមាន​ជាច្រើន​នៃ​កាកសំណល់​​ផ្សេង​ៗ​ដែល​មនុស្ស​គ្រប់រូប​បាន​ប្រើប្រាស់​រួច​។​ ​

          គួរ​ជម្រាប​ផង​ដែរ​ថា​ ​គោលបំណង​ចម្បង​របស់​ក្រុម​អ្នក​ច្នៃ​ម៉ូដ​សម្លៀកបំពាក់​ ​«​The​ ​Mexart​»​ ​និង​ក្រុម​យុវជន​ស្ម័គ្រចិត្ត​ ​«​ក្រៀល​កម្ពុជា​»​ ​នឹង​បង្ហាញ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ ​បណ្តែត​ប្រទីប​ ​អកអំបុក​ ​និង​សំពះព្រះខែ​ខាងមុខនេះ​ ​គឺ​ប្រជាជន​ខ្មែរ​ចេះ​បោះចោល​សំរាម​ត្រឹមត្រូវ​ក្នុង​ធុងសំរាម​ ​រួមគ្នា​សម្អាត​បរិស្ថាន​ ​បង្កើត​​នូវ​គំ​និ​ត​ថ្មី​ៗ​ដែល​ទាក់ទង​នឹង​សំរាម​អាច​ច្នៃ​សារ​ជាថ្មី​ម្តង​ទៀត​។​ ​កញ្ញា​ ​ម៉ា​រ៉ា​ ​រំពឹង​ដូច្នេះ​ ​«​សង្ឃឹមថា​សកម្មភាព​របស់​ពួក​យើង​ដែល​បាន​ស្ម័គ្រចិត្ត​ចូលរួម​ក្នុង​សង្គម​បី​ថ្ងៃនេះ​នឹង​ធ្វើឲ្យ​ប្រជាជន​ខ្មែរ​ ​និង​បរទេស​ទាំងឡាយ​នឹង​ចូលរួម​ចំណែក​ក្នុង​ការ​ថែ​បរិស្ថាន​ឲ្យ​មាន​សោភ័ណភាព​ ​និង​ដឹងពី​សារៈសំខាន់​មួយចំនួន​នៃ​វិស័យ​ហ្វេ​​ហ្សិន​មួយ​កម្រិត​ទៀត​»​៕​

Article​ ​by​ ​PAN​ ​SIVLY​


SUGGESTIONS