×

ឡូ​រ៉ែ​ន​ ​អ៊ី​ដា​ ​ស្រ្តី​បរទេស​ដំបូង​ដែល​បង្កើត​កញ្ចប់​ទេសចរណ៍​ផ្តោត​លើ​សិល្បៈ​សហសម័យ​នៅ​កម្ពុជា​

NEWS 4 years ago
 
 

​            ​“​Open​ ​Studio​ ​Cambodia​”​ ​(​អូ​ផិន​ស្ទូឌីយោ​ខេម​បូ​ឌា​)​ ​ជា​មជ្ឈមណ្ឌល​ប្រមូល​ផ្តុំ​សិល្បករ​សហសម័យ​ដែល​កំពុង​លេចធ្លោ​ឡើង​នៅ​ចំ​បេះដូង​ក្រុង​សៀមរាប​ ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​តំបន់​ក្រុម​ប្រាសាទ​អង្គរ​។​ ​ស្ទូឌីយោ​ដ៏​ថ្មីសន្លាង​នេះ​ដើរតួ​នាទី​ជាទី​តាំង​សហគមន៍​សិល្បករ​សហសម័យ​ផង​និង​ជា​វិចិត្រសាល​សម្រាប់​តាំងពិព័រណ៍​ ​ស្នាដៃ​សហសម័យ​របស់​សិល្បករ​ទាំងនោះ​ផង​ ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ស្ថាបនិក​ឈ្មោះ​ ​ឡូ​រ៉ែ​ន​ ​អ៊ី​ដា​ ​(​Lauren​ ​Iida​)​ ​ជនជាតិ​អាមេរិក​-​ជប៉ុន​ ​ជា​សិល្បករ​សហសម័យ​ផ្នែក​សិល្បៈ​កាត់​ក្រដាស​។​ ​តើ​ហេតុអ្វីបានជា​នារី​ជនជាតិ​បរទេស​ម្នាក់​នេះ​សុខចិត្ត​ចំណាយពេល​ទៅលើ​សិល្បៈ​សហសម័យ​នៅ​លើទឹក​ដី​សៀមរាប​អង្គរ​ ​ប្រទេស​កម្ពុជា​?​ ​តើ​នាង​បាន​រៀបចំ​កញ្ចប់​ទេសចរណ៍​របស់​នាង​យ៉ាងដូច​ម្តេច​ខ្លះ​?​ ​ហើយ​តើ​នាង​មាន​គម្រោង​ធ្វើអ្វី​ខ្លះទៀត​ទាក់ទង​នឹង​ការងារ​មួយ​នេះ​?​ ​

​            ​ជាបឋម​ ​កញ្ញា​ ​ឡូ​រ៉ែ​ន​ ​អ៊ី​ដា​ ​បាន​ណែនាំ​ខ្លួន​ថា​ ​«​នាងខ្ញុំ​ជា​សិល្បករ​សញ្ជាតិ​អាមេរិក​-​ជប៉ុន​មក​ពីទី​ក្រុង​ ​Seattle​ ​រដ្ឋ​វ៉ាស៊ីនតោន​ ​សហរដ្ឋអាមេរិក​។​ ​ខ្ញុំ​បាន​និង​កំពុង​រស់នៅ​ប្រទេស​កម្ពុជា​អស់​រយៈពេល១១ឆ្នាំ​មក​ ​ហើយ​។​ ​ខ្ញុំ​ជា​ស្ថាបនិក​និង​ជា​នាយិកា​គ្រប់គ្រង​ក្រុមហ៊ុនទេសចរណ៍​ផ្នែក​សិល្បៈ​និង​មជ្ឈមណ្ឌល​សិល្បៈ​សហសម័យ​ ​អូ​ផិន​ស្ទូឌីយោ​ខេម​បូ​ឌា​នៅក្នុង​ខេត្តសៀមរាប​»​ ​។​ ​ស្ថាបនិក​រូប​នេះ​បាន​បន្ត​ថា​ ​«​ខ្ញុំ​ស្រឡាញ់​ប្រទេស​កម្ពុជា​ ​ហើយ​ក្នុង​មួយ​ឆាកជីវិត​ខ្ញុំ​ ​ខ្ញុំ​បាន​រស់នៅ​កន្លែង​ជាច្រើន​នៃ​ប្រទេស​កម្ពុជា​ចាប់តាំងពី​ភូមិតូច​មួយ​ ​នៅ​ខេត្តស្វាយរៀង​ ​រហូតដល់​ភាគ​ខាងត្បូង​ជាប់មាត់​សមុទ្រ​ ​និង​ ​រាជធានី​ដ៏​អ៊ូអរ​កុះករ​។​ ​សព្វថ្ងៃ​នេះ​ ​ខ្ញុំ​កំពុង​នៅ​ក្រុង​សៀមរាប​ ​ជាទី​កន្លែង​ដែល​ខ្ញុំ​ទើបតែ​បាន​ផ្លាស់​ប្តូរ​មក​នៅ​ដើម្បី​បាន​នៅ​ជិត​ជាមួយនឹង​ទម្រង់​សិល្បៈ​ជាច្រើន​ ​និង​ ​បរិបទ​វិចិត្រសាល​ដែល​រីក​ដុះដាល​នៅ​ទីនេះ​»​ ​។​ ​

Image Courtesy: Open Studio

​            ​មូលហេតុ​ចំបង​ដែល​ជំរុញ​ទឹកចិត្ត​ ​កញ្ញា​ ​ឡូ​រ៉ែ​ន​ ​ឲ្យ​ប្រឡូក​ក្នុង​អាជីព​ជា​អ្នក​រៀបចំ​ដឹកនាំ​កញ្ចប់​ទេស​ ​ចរណ៍​សិល្បៈ​សហសម័យ​នៅ​កម្ពុជា​ ​គឺ​ដោយសារ​កញ្ញា​បាន​ស្វែងយល់​ឃើញថា​ ​សិល្បករ​ ​សិល្ប​ការិនី​ផ្នែក​សហសម័យ​នៅ​កម្ពុជា​បាន​ចាប់ផ្តើម​រីក​ដុះដាល​ឡើងវិញ​ ​ក្រោយពេល​ដែល​សិល្បករ​ ​សិល្ប​ការិនី​ ​ដែល​មាន​គំ​ន​ត​ច្នៃ​ប្រតិដ្ឋ​ជឿនលឿន​ជាច្រើន​កាលពី​ជំនាន់​មុន​បាន​បាត់បង់ជីវិត​នៅក្នុង​របប​ប្រល័យ​ពូជសាសន៍​។​សព្វថ្ងៃ​ ​ប្រទេស​កម្ពុជា​កំពុង​ផ្តោត​ការ​យកចិត្ត​ទុកដាក់​លើ​វិស័យ​សិល្បៈ​។​ ​ប្រជាជន​ក្នុង​ស្រុក​ក្មេង​ៗ​កំពុង​ចាប់ផ្តើម​ផ្តល់​តម្លៃ​លើ​សិល្បៈ​ ​បំពេញការងារ​លើ​ផ្នែក​សិល្បៈ​ ​និង​ជំរុញ​វិស័យ​សិល្បៈ​នៅ​កម្ពុជា​ឲ្យ​មានសន្ទុះ​លឿនទៅមុខ​ក្នុង​បរិបទ​ថ្មី​មួយ​ដែល​គួរឲ្យ​រំភើបចិត្ត​។​ ​ដូចនេះ​ ​កញ្ញា​ចង់​ស្វែងរក​មធ្យោបាយ​មួយ​ក្នុង​គោលបំណង​ផ្សារភ្ជាប់​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​ប្រទេស​កម្ពុជា​ទៅ​នឹង​ចំណុច​នៃ​សិល្បៈ​សហសម័យ​កម្ពុជា​ជាច្រើន​ដែល​ពួកគេ​មិនសូវ​បាន​យល់ដឹង​។​ ​ម្យ៉ាងវិញទៀត​ ​កញ្ញា​ក៏​ចង់​ស្វែងរក​វិធី​សាស្រ្ត​ដើម្បី​គាំទ្រ​លើកស្ទួយ​សិល្បករ​សហសម័យ​កម្ពុជា​តាមរយៈ​រូបភាព​ជា​អ្នក​រៀបចំ​កញ្ចប់​ទស្សនកិច្ច​ផង​និង​ជា​ការ​ផ្តល់​និកម្មភាព​ ​(​ការងារ​)​ផង​នៅពេល​ដែល​នាង​នាំ​ភ្ញៀវ​ទៅ​ទស្សនា​ស្ទូឌីយោ​របស់​សិល្បករ​ទាំងនោះ​និង​ស្តាប់​បាឋកថា​របស់​ពួកគេ​។​ ​

Image Courtesy: Open Studio

​            ​កញ្ញា​បាន​អះអាង​ថា​ ​កញ្ញា​ពិតជា​ស្រឡាញ់​ការងារ​នេះ​ណាស់​ ​ដោយសារតែ​កញ្ញា​ចូលចិត្ត​ផ្សារភ្ជាប់​ទំនាក់ទំនង​រវាង​មនុស្ស​មាន​វប្ប​ធម៌​ផ្សេង​ៗ​គ្នា​តាមរយៈ​ស្នាដៃ​សិល្បៈ​ ​ហើយ​ជំរុញ​ឲ្យ​មនុស្ស​កោតស្ញប់ស្ញែង​ចំពោះ​គំនិត​ច្នៃ​ប្រតិដ្ឋ​ដែល​ពោរពេញ​ដោយ​លក្ខណៈ​សិល្បៈ​។​ ​ទន្ទឹម​នឹង​នេះ​ ​ការងារ​នេះ​បាន​ទាក់ទាញ​ទេសចរ​អន្តរជាតិ​ដែល​មានបំណង​ចង់​ស្វែងយល់​ពី​សិល្បៈ​នៃ​ប្រទេស​កម្ពុជា​ក៏ដូចជា​ប្រជាជន​ក្នុង​ស្រុក​និង​ជនបរទេស​ដែល​កំពុង​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​មិនទាន់​យល់ដឹង​ច្បាស់​អំពី​ទម្រង់​សិល្បៈ​សហសម័យ​នៅ​ទីនេះ​។​ ​ជា​ជំហាន​ដំបូង​ ​កញ្ញា​បាន​ចាប់ផ្តើម​បើក​ស្ទូឌីយោ​តូច​មួយ​នៅផ្ទះ​របស់​នាង​នៅ​ខេត្តកំពត​ ​ហើយ​នាង​បាន​បបួល​សិល្បករ​ឲ្យ​មក​ជួបជុំគ្នា​ធ្វើការ​នៅ​ទីនោះ​ដោយមាន​ផ្តល់​វត្ថុធាតុដើម​ចាំបាច់​សម្រាប់​ការងារ​សិល្បៈ​របស់​ពួកគេ​ ​ហើយក៏​បាន​ជួយ​ស្វែងរក​អតិថិជន​គោលដៅ​ដើម្បី​ជាវ​ស្នាដៃ​របស់​ពួកគេ​ថែមទៀត​ផង​។​ ​ជា​លទ្ធផល​ ​ចំនួន​សិល្បករ​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​រហូតដល់៩នាក់​ ​ហើយ​ពួកគេ​ភាគច្រើន​ក៏បាន​សម្រេចចិត្ត​ផ្លាស់​ប្តូរ​ទីតាំង​មក​រស់នៅ​និង​ធ្វើការ​នៅ​ខេត្តសៀមរាប​ទាំងអស់គ្នា​។​ ​

Image Courtesy: Open Studio

​            ​រហូតមកដល់​ពេល​បច្ចុប្បន្ន​នេះ​ ​អូ​ផិន​ស្ទូឌីយោ​ខេម​បូ​ឌា​មានលទ្ធភាព​ពេញលេញ​ក្នុង​ការ​ផ្គត់ផ្គង់​ការងារ​ដល់​សិល្បករ​ទាំង៩រូប​ជា​អ​ចិន្​រ្តៃយ៍​តាមរយៈ​ប្រាក់ចំណូល​ដែល​បាន​មក​ពី​សេវាកម្ម​ទេសចរណ៍​។​ ​សព្វថ្ងៃ​នេះ​ ​ក្រុម​សិល្បករ​របស់​ស្ទូឌីយោ​នេះ​កំពុង​រៀបចំ​គម្រោង​តាំងពិព័រណ៍​ជាច្រើន​ទាំង​នៅក្នុង​និង​ក្រៅប្រទេស​ ​ជាអាទិ៍​រួមមាន​ ​នៅ​វិចិត្រសាល​ ​Artxchange​ ​(​រដ្ឋ​វ៉ាស៊ីងតោន​ ​សហរដ្ឋអាមេរិក​)​,​ ​រី​សត​ ​Anantara​ ​Angkor​ ​Resort​ ​(​ខេត្តសៀមរាប​)​,​ ​វិចិត្រសាល​ ​Galerie​ ​Lee​ ​(​ទីក្រុង​ប៉ារីស​ ​ប្រទេស​បារាំង​)​,​ ​មជ្ឈមណ្ឌល​សោតទស្សន៍​បុប្ផា​ណា​ ​(​រាជធានី​ភ្នំពេញ​)​ ​និង​ ​ទីកន្លែង​ជាច្រើន​ទៀត​សម្រាប់​ឆ្នាំ២០២០នេះ​។​ ​ក្រៅពី​នេះ​ស្ទូឌីយោ​នេះ​នឹង​ពង្រីក​កម្មវិធី​សិក្ខាសាលា​ស្តី​ពី​ការបង្កើត​វត្ថុ​សិល្បៈ​នៅ​រៀងរាល់ថ្ងៃ​អាទិត្យ​ដែល​ផ្តល់​ឱកាស​ឲ្យ​បងប្អូន​ស្រ្តី​កម្ពុជា​ដែល​មិន​មាន​ប្រវត្តិ​ការងារ​សិល្បៈ​ ​ប៉ុន្តែ​ចង់​សាកល្បង​អ្វី​ដែល​ថ្មី​ ​ចង់​ស្វែងរក​កន្លែង​បញ្ចេញស្នាដៃ​ខ្លួន​ ​និង​ ​ក្លាយជា​ផ្នែក​មួយ​នៃ​សហគមន៍​ស្រ្តី​ច្នៃ​ប្រតិដ្ឋ​។​ ​

​            ​ចំពោះ​កញ្ចប់​សេវាកម្ម​ទេសចរណ៍​សម្រាប់​ភ្ញៀវ​វិញ​ ​ស្ទូឌីយោ​នេះ​បាន​បែងចែក​ជា​កញ្ចប់​ជា​បី​ប្រភេទ​គឺ​កញ្ចប់​រយៈពេល​កន្លះ​ថ្ងៃ​នៅក្នុង​ខេត្តសៀមរាប​ ​កញ្ចប់​ទេសចរណ៍​ឯកជន​រយៈពេល​ច្រើនថ្ងៃ​ ​និង​កញ្ចប់​ទេស​ ​ចរណ៍​ចំនួន៤​-​៥លើក​ក្នុង​មួយឆ្នាំ​ដែល​មគ្គុទ្ទេសក៍​អូ​ផិន​ស្ទូឌីយោ​នឹង​ដឹកនាំ​ភ្ញៀវ​ចំនួន១២នាក់​ក្នុង​មួយ​ក្រុម​ទៅ​ទស្សនា​កន្លែង​សិល្បៈ​នៅ​ភ្នំពេញ​ ​ខេត្តបាត់ដំបង​ ​និង​ ​សៀមរាប​ ​ចំនួន១៤ថ្ងៃ​ក្នុង​មួយ​លើក​។​ ​លោកអ្នក​អាច​ទាក់ទង​សម្រាប់​ព័ត៌មាន​លម្អិត​នៅ​ស្ទូឌីយោ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​សាលា​កន្សែង​ ​សង្កាត់​ស្វាយ​ដង្គុំ​ ​ក្រុង​សៀមរាប​ ​បើក​ពី​ថ្ងៃអង្គារ​ដល់​ថ្ងៃសៅរ៍​ ​ចន្លោះ​ម៉ោង​ ​១០ព្រឹក​ ​ដល់ម៉ោង​ ​៥រសៀល​ ​។​ ​ជាចុងក្រោយ​ ​ស្ថាបនិក​រូប​នេះ​សង្ឃឹមថា​ប្រជាជន​កម្ពុជា​នឹង​ត្រូវ​បាន​ជំរុញ​ទឹកចិត្ត​ឲ្យ​គាំទ្រ​និង​ប្រើប្រាស់​វត្ថុ​សិល្បៈ​បែប​សហសម័យ​ ​និង​ចូលរួម​ព្រឹត្តិ​ការណ៍​សិល្បៈ​ឲ្យបាន​ច្រើន​ ​ជាពិសេស​គឺ​ព្យាយាម​រៀន​ជំនាញ​សិល្បៈ​ជា​ការកម្សាន្ត​ ​ព្រោះ​ជំនាញ​នេះ​មានតម្លៃ​ជាច្រើន​មិនមែន​តែ​តម្លៃ​ផ្នែក​ពាណិជ្ជកម្ម​នោះ​ទេ​!​ ​

​Article​ ​by​ ​SRIN​ ​SOKMEAN​


SUGGESTIONS