កញ្ញា អែម គុនថង បង្ហាញស្ទីលហ្វេហ្សិនរដូវកាលថ្មី ក្នុងទិដ្ឋភាពដ៏ស្រស់ត្រកាលនៃទឹកធ្លាក់ចម្ការតែ
NEWS 4 years agoតែមួយប៉ប្រិចភ្នែកសោះ ខែភទ្របទតំណាងរដូវកាលកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរយើងបានរំកិលខ្លួនចូលមកដល់ ក្រោយការឈប់សម្រាកសងពិធីបុណ្យចូលឆ្នាំថ្មីទើបតែកន្លងផុតទៅថ្មីៗមិនទាន់បំភ្លេចបាននៅឡើយផង។ ប្រជាជនយើងត្រៀមខ្លួនទាំងដើម្បីប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌផង ទាំងសម្រាប់ដំណើរកម្សាន្តទៅកាន់បណ្តារមណីយដ្ឋាននានាផង។ ដូចនេះ ហ្វេហ្សិនបែបរចនាបថបូហូ (Boho Style) ដែលពួកបស្ចឹមប្រទេសធ្លាប់និយមខ្លាំងកាលពីទសវត្សរ៍ទី៦០ ត្រូវបានរំលេចឡើងក្នុងបរិបទដំណើរកម្សាន្តទៅកាន់តំបន់ព្រៃភ្នំតាមរយៈទំព័រទស្សនាវដ្តី សូវរីន ប្រចាំខែកញ្ញានេះ ព្រមជាមួយនឹងហ្វេហ្សិនបែបគូស្នេហ៍ សម្រាប់ការជួបជុំពិកនិកនៅខាងក្រៅ និងឈុតលេងទឹកនៅតំបន់ទឹកជ្រោះដ៏ត្រកាល។
ក្រៅពីការបង្ហាញនូវឈុតហ្វេហ្សិនដ៏ប្រណិតៗខាងលើនេះ សូវរីន ក៏បានពាំនាំនូវសេចក្តីសោមនស្សរីករាយជាពន់ពេកក្រៃលែងជូនប្រិយមិត្តអ្នកអានតាមរយៈកិច្ចសម្ភាសន៍ដ៏កម្រជាមួយនឹងសែរាជវង្សមួយអង្គ នោះគឺ ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្សសូរិយា ដែលមានសម្រស់ព្រះកាយស្រស់សោភា ព្រះជន្មវ័យក្មេង និងព្រះជីវប្រវត្តិនៃការសិក្សាគួរឲ្យមោទក ភាពសម្រាប់ប្រជាជាតិខ្មែរទាំងមូល។ លោក មឿន ញាណ និងកញ្ញា ពេជ្រ ចរណៃ សុទ្ធសឹងតែជាធនធានមនុស្សដ៏ពិសិដ្ឋនៃប្រទេសកម្ពុជាយើងក្នុងវិស័យពីរផ្សេងគ្នា គឺ វិស័យថតរូប និង វិស័យក្បាច់គុនបុរាណខ្មែរ ដែលមហាជនទាំងឡាយគួរតែឈ្វេងយល់ពីពួកគាត់។
លើសពីនេះទៅទៀត ដើម្បីត្រៀមខ្លួនអបអរសាទរពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ខាងមុខនេះ យើងខ្ញុំក៏មិនភ្លេចនូវអត្ថបទអំពីប្រវត្តិនៃពិធីបុណ្យភ្ជុំបិណ្ឌដែលបានបន្សល់ទុកនៅក្នុងគម្ពីរសាសនាជាតិ ព្រមជាមួយវិធីសាស្រ្តក្នុងការកែច្នៃនំអន្សមជ្រូកធ្វើជាមុខម្ហូបផ្សេងៗ ស្របខណៈពេលដែលនំនេះកំពុងសម្បូរនៅតាមវត្តអារាមតាមភូមិស្រុកនានាក្នុងអំឡុងពេលនេះ ជាពិសេសគឺ ដំណើរកម្សាន្តទៅកាន់ឋានសួគ៌ធម្មជាតិនៃសហគមន៍កោះសាមសិប ភាគខាងជើងខេត្តក្រចេះដែលពោរពេញដោយធនធានសក្តានុពលទេសចរណ៍ច្រើនរាប់មិន អស់។ ជាចុងក្រោយ យើងខ្ញុំសូមលើកហត្ថជូនពរប្រជាជនរួមជាតិខ្មែរគ្រប់ទិសទីឲ្យជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និង សុវត្ថិភាពរាល់ពេលធ្វើដំណើរក្នុងរដូវកាលឈប់សម្រាកខាងមុខនេះ។