×

វិចិត្រសាល​គំនូរ​សហសម័យ និង​ថាស​ចម្រៀង​សម័យ​មុន​ ​លាក់ខ្លួន​ជិតបង្កើយ​!

NEWS 3 months ago

            ​ស្ថិតនៅ​ក្នុង​ផ្លូវលំ​តូច​មួយ​ដ៏​ស្រស់​ស្អាត​អម​ដោយ​គំនូរ​លើ​ជញ្ជាំង​ស្នាដៃ​វិចិត្រករ​វ័យក្មេង​ល្បីឈ្មោះ​ ​យី​ ​កក្កដា​ ​អម​សងខាង​ចន្លោះ​វិថី​ឧកញ៉ា​ឈុន​(ផ្លូវ​លេខ​២៤០) ​និង​ផ្លូវ​លេខ២៤៤​ ​ម្តុំ​ចំហៀង​ខាងក្រោយ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទី២​ក្បែរ​ព្រះបរមរាជវាំង​ ​វិចិត្រសាល​ជា​អគារ​ផ្ទះល្វែង​តូច​មួយ​នៅ​កែង​ផ្លូវបត់​ខាងក្នុង​ដែល​មាន​ស្លាកយីហោ​ថា​ “វ៉ាង​ ដុង​ ឌូឌល” (Wang​ ​Dong​ ​Doodle​ ​by​ ​Space​ ​Four​ ​Zero) ​បាន​បណ្តែត​ខ្លួន​យ៉ាង​ស្ងប់​ស្ងាត់​កំបាំង​ឆ្ងាយ​ពី​ខ្សែ​ចក្ខុ​របស់​អ្នកដំណើរ​ឬ​អ្នក​បើកបរ​ទាំងឡាយ​ដែល​ឆ្លងកាត់​ម្តុំ​នោះ។​ ​ថ្វី​ដ្បិតតែ​ស្ថិតនៅ​ដាច់​ពី​ផ្លូវ​ធំ​បន្តិច​ក៏​ពិតមែន​ ​តែ​ការ​តុបតែង​លម្អ​សោភ័ណ​ភាព​ខាងមុខ​ហាង​ហាក់​ទាញអារម្មណ៍​យើង​ទៅកាន់​ពិភព​សិល្បៈ​ត​ន្រ្តីរ៉ុ​ក​ខេន​រ៉ូ​ល​ (​Rock​ & ​Roll​) ​ខ្មែរ​ ​ទសវត្សរ៍​ឆ្នាំ៦០​-​៧០​ ​ភ្លាម​មួយរំពេច។​

            ​​គ្រាន់តែ​បើកទ្វារ​ចូល​ខាងក្នុង​ភ្លាម​ ​លោកអ្នក​ច្បាស់ជា​លាន់មាត់​សរសើរ​អំពី​វត្ថុ​សិល្បៈ​ក​ម្រ​ៗ​ជាច្រើន​ដែល​ពិបាក​រក​ណាស់​នៅ​ក្នុង​ទី​ផ្សារ​ក្នុងស្រុក​សព្វថ្ងៃនេះ។​ ​ពន្លឺ​ពណ៌​លឿង​ស្រាល​ស្រទន់​ចាំង​ឆ្លុះ​ផ្ទាំង​គំនូរ​ ​និង​ថាស​ចម្រៀង​ពីសម័យ​មុន​ប្លែកៗ​ជាច្រើន​គួរឲ្យ​ចាប់អារម្មណ៍​ជា​ពន់ពេក។​ ​នៅ​ជាប់នឹង​មាត់ទ្វារ​ ​មាន​ដាក់​តាំង​រូប​ផ្ទាំង​គំនូរ​ពណ៌​ប្រេង​បែប​សហសម័យ​ដែល​ជា​ស្នាដៃ​របស់​វិចិត្រករ​ខ្មែរ​ ​ស្វាយ​ ​គេ​ន​ (១៩​ ​៣៣​-​២០០៨​) ​អតីត​បុគ្គលិក​ជើងចាស់​ប្រចាំ​សណ្ឋាគារ​ឡឺរ៉ូ​យ៉ាល់​មុន និង​ក្រោយ​ឆ្នាំ១៩៧៩​ ​ដែល​ត្រូវ​បាន​ជនបរទេស​ជាច្រើន​ប្រសិទ្ធ​នាម​ឲ្យ​ថា​ជា​ “​វិចិត្រករ​ពី​កា​សូ​នៃ​កម្ពុជា​” (​T​h​e​ ​P​i​c​ass​o o​f​ ​Cam​bo​d​i​a​) ​រួម​ជាមួយ​ស្នាដៃ​កូនចៅ​ជំនាន់​ក្រោយ​របស់​គាត់​គឺ​ ​កញ្ញា​ ​អ៊ុក​ សុ​ជីវី​ (ចៅស្រី) ​និង​លោក​ ​អ៊ុក​ ​សា​ខន​ (កូនប្រសាប្រុស)។​

            ​រីឯ​នៅ​លើ​ជញ្ជាំង​ខាងឆ្វេង​ដៃ​ ​លោកអ្នក​នឹង​ឃើញ​ផ្ទាំង​គំនូរ​ស្រ្តី​ខ្មែរ​ចោមពុង​សារុង​កំពុង​លើក​អា​ល់​ទ័​រ​ ​តំណាង​ភាព​រឹង​មាំ​របស់​ស្រ្តី ​ដែល​ជា​ស្នាដៃ​លេចធ្លោ​មួយ​របស់​វិចិត្រករ​ខ្មែរ​មកពី​ខេត្ត​បាត់​ដំបង​ ​រួម​ជាមួយ​ផ្ទាំង​គំនូរ​សហសម័យ​តូច​ធំ​ជាច្រើន​ទៀត។​ ​នៅក្បែរ​នោះ​ដែរ​ ​ក៏​ដាក់​តាំង​អាវយឺត​រំលេច​ដោយ​រូបភាព​សិល្បៈ​កែច្នៃ​យ៉ាង​ស្រស់​ស្អាត​គួរឲ្យ​ចាប់អារម្មណ៍​ដែល​គ្មាន​លក់​នៅកន្លែង​ណា​ផ្សេងទៀត​ឡើយ​ក្រៅពី​ទីនេះ។​ ​ដោយឡែក​ ​នៅ​លើ​ជញ្ជាំង​ម្ខាងទៀត​ ​ផ្ទាំង​រូបភាព​ចម្រុះ​ពណ៌​ឆើត​ស្រស់​នៃ​អធិរាជ​សំឡេង​មាស​ ​ស៊ី​ន​ ​ស៊ី​សា​មុត​ ​និង​ ​រាជិនី​សំឡេង​មាស​ ​រស់​ ​សេរី​សុទ្ធា ​ក៏​កំពុង​បញ្ចេញ​សម្រស់​ទាក់​ភ្នែក​អ្នកទស្សនា​ទាំងឡាយ​មិន​ឲ្យ​សម្លឹង​រំលង​បាន​ឡើយ។​ ​បើ​លោកអ្នក​សម្លឹង​មក​ក្រោម​បន្តិច​ ​លោកអ្នក​នឹង​ប្រទះ​នូវ​សមុច្ច័យ​ថាស​ចម្រៀង​ខ្មៅ​ពីសម័យ​មុន​មាន​ចំនួន​រហូតដល់​ខ្ទង់​ជាង​៥០០​ដែល​ត្រូវ​បាន​តម្រៀប​ជាជួរ​ក្នុង​ប្រអប់​យ៉ាង​មាន​របៀបរៀបរយ​ត្រូវ​បាន​បែងចែក​ទៅតាម​ប្រភេទ​របស់​វា​ ​ពោល​គឺ​ ​បទ​ខ្មែរ​ដោយឡែក​ ​និង​បទ​បរទេស​ដោយឡែក។​

            ​លោក​ ​អ៊ែន​ថូ​នី​ ​ឡេ​ហ្វហ្វើ​ត​ស៍ (Anthony​ ​Lefferts) ​ស្ថាបនិក​ ​និង​ជា​អ្នកគ្រប់គ្រង​ហាង​នេះ​ ​បាន​បញ្ជាក់​ប្រាប់​សូវ​រី​ន​ថា​ ​បច្ចុប្បន្ន​ហាង​របស់​លោក​​​មាន​សមុច្ច័យ​ស្នាដៃ​សិល្បៈ​ប្រមាណ​៥០០​ផ្ទាំង​ ​និង​ថាស​ ​ចម្រៀង​ទាំង​ខ្មែរ​និង​បរទេស​ ​សរុប​ប្រមាណ​ ​១០០០​ថាស។​ ​ចំពោះ​ផ្ទាំង​រូបគំនូរ​ ​លោក​បាន​ប្រមូល​ពី​សិល្បករ​ជនជាតិ​បរទេស​នៅ​ស្រុកខ្មែរ​ ​និង​ ​សិល្បករ​ជន​ជាតិខ្មែរ​មកពី​បណ្តា​ខេត្ត​នានា។​ ​រីឯ​ថាស​ចម្រៀង​ ​លោក​បាន​សន្សំ​ទិញ​ពី​តាម​សមុច្ច័យ​សិល្បៈ​នានា​តាម​លទ្ធភាព​ជាក់ស្តែង​របស់​លោក។​ ​លោក​បាន​ចំណាយ​ពេល​រហូត​៤​០​ឆ្នាំ​ក្នុង​ការ​សន្សំ​របស់​ទាំងនេះ​ ​ប៉ុន្តែ​លោក​មិន​ជ្រើសរើស​របស់​ដែល​មាន​តម្លៃ​ថ្លៃ​កប់​ពពក​ពេក​នោះ​ទេ។​ ​ជាទូទៅ​ ​លោក​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ទិញ​ត្រឹមតែ​តម្លៃ​១០០​-​២០០​ដុល្លារ​ ​ប៉ុន្តែ​យូរៗម្តង​ទើប​លោក​ហ៊ាន​ចំណាយ​ទិញ​វត្ថុ​ខ្លះ​ដែល​មាន​តម្លៃ​ខ្ទង់​២​០​០​០​ដុល្លារ​ ​ដែល​ជា​លោក​ចាត់ទុកថា​ជា​រឿង​ក​ម្រ​សម្រាប់​លោក។​

            ​ត្រឡប់ទៅ​អតីតភាព​បន្តិច​ ​លោក​ ​អ៊ែន​ថូ​នី​ ​ហៅ​ តូ​នី​ ​មាន​ស្រុកកំណើត​នៅ​ទីក្រុង​អូ​ស្ទី​ន​ ​រដ្ឋ​តិច​សា​ស់ ​សហរដ្ឋអាមេរិក​ ​ហើយ​លោក​ក៏បាន​ចូល​សិក្សា​ក្នុង​សាលា​ភាពយន្ត​នៅ​ទីនោះ​ ​មុននឹង​លោក​ផ្លាស់មក​រស់នៅ​ទីក្រុង​ញូ​វ​យ៉​ក​និង​កា​លី​ហ្វ័​រ​ញ៉ា​អស់​រយៈពេល​៥ឆ្នាំ។​ ​នៅ​ក្នុង​អំឡុង​ពេល​នោះ​ ​លោក​ធ្លាប់ធ្វើ​ជំនួញ​ក្នុង​វិ​ស័​យ​ត​ន្រ្តី​ក្នុង​តំណែង​ជា​អ្នក​សម្របសម្រួល​គម្រោង​ប្រចាំ​ផលិតកម្ម​ ​PACE​ ​Entertainment​ ​LIVE​ ​Nation) ​ដែល​ធ្លាប់​ទទួលជោគជ័យ​ជាប់​ចំណាត់ថ្នាក់​ក្នុង​កំណត់​ត្រា​ផ្នែក​ត​ន្រ្តី ​Austin​ ​Fat​ ​Angel​ ​Records។​ ​បន្ទាប់មក​ទៀត​ ​លោក​ក៏បាន​ធ្វើដំណើរ​មក​រស់នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២​០​១​៣​មុននឹង​លោក​និង​មិត្តភក្តិ​ឈ្មោះ​ជូ​លាន​ ​ប៉ូល​សុ​ន​ (Julien​ ​Poulson) ​សហការ​គ្នា​បង្កើត​ទីតាំង​ ​Space​ ​Four​ ​Zero​ ​ក្នុង​ឆ្នាំ២០១៤។​

            ​មូលហេតុ​ដែល​លោក​បង្កើត​វិចិត្រសាល​នេះ​ឡើង​គឺ​ដោយសារតែ​លោក​ស្រឡាញ់​ដក់​ចិត្តនឹង​សិល្បៈ​ត​ន្រ្តី​ខ្មែរ​ទសវត្សរ៍​ឆ្នាំ​៦០​-​៧០​ ​ហើយ​លោក​ក៏​ធ្លាប់​ជា​ផលិតករ​ ​និង​ ​អ្នកគ្រប់គ្រង​ត​ន្រ្តី​ទេសចរណ៍​នៃ​ក្រុម​ត​ន្រ្តី ​Cambodian​ ​Space​ ​Project​ ​ដែល​ជា​ក្រុម​ត​ន្រ្តី​ជំរុញ​រ៉ុ​ក​ខេន​រ៉ូ​ល​បែប​ខ្មែរ​ទ​.​វ​.​ទី៦០​ឡើងវិញ​ ​បង្កើត​ឡើង​ក្នុង​ឆ្នាំ២០០៩​ ​ហើយ​បាន​ចេញទៅ​សម្តែង​ជាច្រើនលើក​នៅ​ជុំវិញ​ពិភពលោក។​ ​លោក​មិន​ចាត់​ទុក​កន្លែង​នេះ​គ្រាន់តែ​ជា​ទីតាំង​លក់​គំនូរ​និង​ថាស​ចម្រៀង​ធម្មតា​នោះ​ ​ប៉ុន្តែ​លោក​​​មាន​ទ​ស្សនៈវិស័យ​វែងឆ្ងាយ​ក្នុង​កា​របើក​ថ្នាក់​ ​បណ្តុះបណ្តាល​កូនខ្មែរ​ឲ្យ​យល់​ដឹង​ពី​វិធី​គន្លឹះ​ក្នុង​ការ​ជ្រើសរើស​ទិញ​សមុច្ច័យ​វត្ថុ​សិល្បៈ (Art​ ​Collections) ​ឲ្យបាន​ត្រឹមត្រូវ។​

            ​នៅដើម​ឆ្នាំ២០២១​ ​លោក​គ្រោង​នឹង​រៀបចំ​ពិព័រណ៍​សិល្បៈ​មួយ​នៅ​ទី​ក្រុងភ្នំពេញ​យើង​នេះ​អាច​នៅ​សណ្ឋាគារ​ ​Rose​wood​ ​ឬ​សណ្ឋាគារ​ ​Raffles ​Hotel​ ​Le​ ​Royal​ ​ប៉ុន្តែ​លោក​ក៏​មិនទាន់​សម្រេច​ចិត្ត​ច្បាស់​នៅឡើយ​ទេ។​ ​ជា​ដំណឹង​ល្អ​សម្រាប់​ស​ប្តាហ៍​នេះ​ ​លោក​បាន​បញ្ចេញស្នាដៃ​ថាស​ចម្រៀង​ពីដើម​ផលិត​ថ្មី​ឡើង​ ​វិញ​ក្រោម​ចំណងជើង​ថា​ “Sinn Sisa​mouth​ ​Groove​ ​Club​ ​Volume​ 4 ​record” ​ទៅកាន់​ពិភពលោក​ក្រោយ​ពី​លោក​បាន​ចំណាយ​ពេល​សហការ​ផលិត​រួម​ជាមួយ​ក្រុម​គ្រួសារ​លោក​ ​ស៊ី​ន​ ​ស៊ី​សា​មុត​ ​ផ្ទាល់​អស់​រយៈពេល​ ​២ឆ្នាំ​កន្លងមក៕​

Article​ ​by​ SRIN​ ​SOKMEAN​


SUGGESTIONS