×

បវរ​កញ្ញាឌី លីកា ត្រៀម​ខ្លួន​ដើម្បី​ចូល​រួម​ប្រកួត Miss Grand International 2018 នៅ​ភូមា​ថ្ងៃ​ខាង​មុខ​នេះ​

NEWS 2 months ago
 
 

          ប្រិយមិត្ត​តាម​ដាន​កម្មវិធី​ប្រឡង​បវរកញ្ញា Miss Grand Cambodia 2018 នៅ​លើ​កញ្ចក់​ទូរទស្សន៍ My TV ប្រាកដ​ជា​បាន​ជ្រាប​មក​ហើយ​ថា ក្រោយ​ពី​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​ និង​ធ្វើ​ការ​វិនិច្ឆ័យ​យ៉ាង​ល្អិត​ល្អន់​ពី​គណៈកម្មកា​រម្កុដ​ Miss Grand Cambodia 2018 បាន​ធ្លាក់​ទៅ​លើ​បវរកញ្ញា​រូប​ស្រស់​វ័យ ២១​ឆ្នាំ មក​ពី​ខេត្ត​កំពង់ចាមគឺ​កញ្ញា ឌី លីកា មាន​កម្ពស់ ១,៧២​ម៉ែត្រ។ ជា​ការ​ពិត​ណាស់បន្ទាប់​ពី​ទទួល​ជ័យលាភី​មិន​ទាន់​បាន​ប៉ុន្មាន​ផង​ ពោល​គឺ​កាល​ពី​រាត្រី​ថ្ងៃ​ទី​១៣ ​ខែ​កញ្ញា ​ឆ្នាំ២០១៨  ឌី​ លីកា បាន​ក្លាយ​ជា​បេក្ខភាព​បវរកញ្ញា​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ចូល​រួម​ប្រកួត​កម្មវិធី Miss Grand International 2018 ដែល​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​ភូមា ចាប់​ពី​ថ្ងៃ ០៥​ ដល់​ថ្ងៃ​ទី២៥ ខែ​តុលា ឆ្នាំ២០១៨​នេះ។

Image Courtesy: MISS GRAND CAMBODIA

          «នាង​ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​រំភើប និង​មាន​មោទកភាព​ខ្លាំង​ណាស់​ ដែល​បាន​ក្លាយ​ជា​បវរកញ្ញា​តំណាង​ឲ្យ​កម្ពុជា​ និង​បាន​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ការ​ប្រកួត​ប្រជែង​លក្ខណៈ​អន្តរ​ជាតិ​នៅ​ក្នុង​កម្មវិធី​ Miss Grand International 2018​ នៅ​ប្រទេស​ភូមា ដែល​មាន​ការ​ចូលរួម​ពី​បវរកញ្ញា​មក​ពី​បណ្តា​ប្រទេស​នានា​នៅ​លើ​ពិភពលោក​ដល់​ទៅ​ជិត​ ៨០​ប្រទេស​ ហើយ​នេះ​ក៏​ជា​ឱកាស​ដ៏​ពិសេស​មួយ​ដែល​នាង​ខ្ញុំ​នឹង​ឈាន​ជើង​ទៅ​បញ្ចេញ​សមត្ថភាព​ក៏​ដូច​ជា​ពាំនាំ​យក​នូវ​វប្បធម៌​ និង​អរិយធម៌​របស់​ខ្មែរ​យើង​ទៅ​បង្ហាញ​ដល់​បរទេស​បាន​ស្គាល់​ផង​ដែរ​»។ ទាំងអស់​នេះ​ ជា​អារម្មណ៌​ដែល​បាន​ផុស​ចេញ​ពី​ក្រអៅ​បេះដូង​ និង​ក្តី​សង្ឃឹម​ដោយ​ជឿជាក់​ពី ​បវរកញ្ញា​កម្ពុជា ឌី លីកា ក្នុង​ទឹក​មុខ​រីករាយ ជា​មួយ​នឹង​ការ​ផ្តល់​បទ​សម្ភាសន៍​ពី​សូវរីន។  ​ខណៈ​រៀបរាប់​លាយ​ឡំ​ស្នាម​ញញឹម​ពោរពេញ​ដោយ​ទំនុក​ចិត្ត ឌី លីកា បាន​បន្ថែម​ទៀត​ថា ដ្បិត​ការ​ចាក​ចេញ​ដូច​ជា​ឆាប់​រហ័ស​ក៏​ពិត​មែន​ ប៉ុន្តែ​ក្នុង​កំឡុង​ពេល​ខើចខ្លី​នេះ​ដែរ ​ឌី លីកា បាន​ត្រៀម​ខ្លួន​គ្រប់​បែប​យ៉ាង​រួច​ជា​ស្រេច តួ​យ៉ាង​ដូចជា​ការ​រៀប​ចំ​សម្លៀក​បំពាក់​ គឺ​សម្រិត​សម្រាំង​សុទ្ធ​តែ​ឈុត​ពិសេសៗ​ដែល​បង្ហាញ​អំពី​អត្តសញ្ញាណ​ជាតិ​ខ្មែរ ដែល​ពិសេស​បំផុត ឈុត​រាត្រី​សមោសរ​ទាំងអស់​មាន​ការ​រចនា​ឡើង​រំលេច​នូវ​ម៉ូដ​ និង​ក្បូរ​ក្បាច់​របស់​ខ្មែរ​។ រី​ឯ​ឈុត​តំណាង​ជាតិក៏​ត្រូវ​បាន​សហការ​ច្នៃ​ម៉ូដ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ក្រោម​ស្នា​ដៃ​សាស្ត្រាចារ្យ​ល្បី​ឈ្មោះ​មួយ​រូប​នៅ​សាកល​វិទ្យាល័យ​​ភូមិន្ទ​វិចិត្រ​សិល្បៈ។និយាយ​ដល់​ឈុត​តំណាង​ជាតិ ដែល​ជា​ឈុត​សំខាន់​បំផុត  បវរកញ្ញា​វ័យ​ក្មេង​រូប​នេះ ​បង្ហើប​ត្រួសៗ​ដែរ​ថា លក្ខណៈ​ពិសេស​របស់​ឈុត​តំណាង​ជាតិ​លើក​នេះ គឺ​ផ្តោត​សំខាន់​ទៅ​លើ​រចនា​ប័ទ្ម​សម័យ​ចេនឡា ​ដែល​ខុស​សព្វ​មួយ​ដង​ពី​ការ​ច្នៃ​ម៉ូដ​តែ​ទៅ​លើ​រចនាប័ទ្ម​បែប​សម័យ​អង្គរ។ ចំពោះ​ការ​តុបតែង​ក្នុង​ឈុត​បែប​ណា ​ឬ​តួ​អង្គ​ណា​មួយ ​ឌី  លីកា ​នៅ​មិន​ទាន់​បញ្ចេញ​នៅ​ឡើយ​នោះ​ទេ ដោយ​ចង់​ឲ្យ​ប្រិយមិត្ត​រង់​ចាំ​អ៊ុត​មើល​ទាំងអស់​គ្នា។

Image Courtesy: MISS GRAND CAMBODIA

          យ៉ាង​ណា​មិញ​ ក្រៅ​ពី​ការ​រៀប​ចំ​ឈុត​សម្លៀក​បំពាក់​ពិសេសៗ ក្នុង​នោះ ឌី លីកា ក៏​បាន​ត្រៀម​ខ្លួន​រួច​រាល់​ជាមួយ​ការ​ហ្វឹក​ហាត់​ការ​ដើរ​ម៉ូដ​ ហ្វឹក​ហាត់​ចំណេះ​ដឹង​តាម​រយៈ​វិញ្ញាសា​ប្រឡង​ពី​ឆ្នាំ​មុនៗ ពិសេស​ចែក​រំលែក​បទពិសោធន៍​ពី​បវរកញ្ញា​រៀម​ច្បង​ដែល​ធ្លាប់​បាន​ចូល​រួម​ប្រកួត​កាល​ពី​ឆ្នាំ​មុនៗ​ជាដើម។ យោង​តាម​ការ​រៀប​រាប់​ខាង​លើ អាច​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា​ ឌី លីកា ពិត​ជា​បាន​ត្រៀម​ខ្លួន​រួច​រាល់​យ៉ាង​ល្អ​បំផុត​ក្នុង​ការ​បោះ​ជំហាន​ទៅ​ដណ្តើម​ម្កុដ​នៅ​លើ​ឆាក​អន្តរជាតិ​ មិន​តែ​ប៉ុណ្ណោះ ឌី លីកា ក៏​បាន​លើក​ឡើង​យ៉ាង​ជឿជាក់​ថា « ក្នុង​នាម​ជា​បុគ្គល​សំខាន់​តំណាង​ឲ្យ​កម្ពុជា​មួយ​រូប​ ខ្ញុំ​ប្តេជ្ញា​ចិត្ត​ថា​នឹង​ប្រឹងប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​លើក​មុខ​មាត់​ប្រទេសជាតិ​ ក៏​ដូច​ជា​នាំ​យក​ភាព​ជោគ​ជ័យ​មក​កាន់​មាតុភូមិ​នៃ​យើង»។  ជាមួយ​គ្នា​នេះ​ដែរ សូវរីន ក៏​សូម​ផ្តល់​ជា​កម្លាំង​ចិត្ត ក៏​ដូច​ជា​ជូន​ពរ​ឲ្យ ​ឌី លីកា ទទួល​បាន​ជ័យ​ជំនះ ​និង​ត្រឡប់​មក​កាន់​មាតុ​ភូមិ​វិញ​ប្រកប​ដោយ​សុវត្ថិភាព៕

Article by HEM SOKKHIM



SUGGESTIONS