មុនធ្វើដំណើរកម្សាន្តទៅកាន់កន្លែងណាមួយ ស្ត្រីគឺជាមនុស្សម្នាក់ដែលចូលចិត្តរៀបចំគ្រប់ជ្រុងជ្រោយទុកជាមុន ជាពិសេសគឺការរៀបចំខ្លួនឲ្យស័ក្តិសមទៅនឹងកន្លែងដែលត្រូវទៅតែម្តង។ ក្នុងនោះក្រៅពីការរៀបចំសម្លៀកបំពាក់ឲ្យស៊ីមេទ្រីទៅនឹងបរិយាកាសទីកន្លែង ការជ្រើសរើសស្បែកជើងក៏ជាផ្នែកមួយដ៏សំខាន់ដែលជួយលើកសម្រស់ក៏ដូចជាផ្តល់ឲ្យការធ្វើដំណើរប្រកបដោយផាសុកភាពផងដែរ។ យ៉ាងណាមិញ ស្របពេលរដូវកាលចុងឆ្នាំគឺជាវេលាអំណោយផលសម្រាប់ដំណើរកម្សាន្តទៅកាន់គ្រប់ទិសទី សូវរីន សូមលើកយកនូវតិចនិចក្នុងការជ្រើសរើសស្បែកជើងឲ្យស័ក្តិសមទៅនឹងដំណើរកម្សាន្ត ដែលមិនត្រឹមតែផ្តល់នូវភាពស្រស់ស្អាត និងផាសុកភាពក្នុងការធ្វើដំណើរប៉ុណ្ណោះទេ តែថែមទាំងផ្តល់មកវិញនូវស្ទីលហ្វេហ្សិនដ៏ស៊ីវិល័យដែលបត់បែនទៅតាមកន្លែងកម្សាន្តនីមួយៗផងដែរ។
ជាការពិតណាស់ ស្បែកជើងមានច្រើនប្រភេទសម្រាប់ជ្រើសរើស ប៉ុន្តែក្នុងនោះស្បែកជើងស័ក្តិសមបំផុតចំពោះដំណើរកម្សាន្តមានចំនួន ៣ប្រភេទដូចជា ស្បែកជើងផ្ទាត់ឬស្បែកជើងសង្រែក ស្បែកជើងប៉ាតា និងស្បែកជើងឃ្លុបមុខរាបស្មើ។ ចុះតើស្បែកជើងប្រភេទនីមួយៗមានលក្ខណៈពិសេសយ៉ាងដូចម្តេច ហើយតើវាស័ក្តិសមនឹងប្រភេទដំណើរកម្សាន្តបែបណាខ្លះ? តោះ! យើងទៅទស្សនាទាំងអស់គ្នាដូចខាងក្រោម៖
1.ស្បែកជើងផ្ទាត់ឬសង្រែក៖ ប្រសិនបើមិត្តៗនារីមានគម្រោងធ្វើដំណើរកម្សាន្តទៅកាន់តំបន់សមុទ្រ ឬទីកន្លែងកម្សាន្តណាដែលមានទឹក ស្បែកជើងផ្ទាត់ និងស្បែកជើងសង្រែកគឺជាជម្រើសដ៏ស័ក្តិសមបំផុត។ ត្រូវនឹងបរិយាកាស ត្រូវនឹងស្ថានភាពទីកន្លែង ហើយថែមទាំងផ្តល់នូវភាពងាយស្រួលក្នុងការធ្វើដំណើរទៀតផង។ សុភាពនារីអាចជ្រើសរើសស្បែកជើងផ្ទាត់ពណ៌លេចៗ ឬមានបន្ថែមម៉ូដផ្ការំលេចពិតជាផ្តល់នូវភាពទាក់ទាញបំផុត ចំណែកស្បែកជើងសង្រែកក៏ដូចគ្នាផងដែរ អាចជ្រើសរើសពណ៌ឲ្យស៊ីគ្នានឹងឈុត ជាប្រភេទធ្វើពីខ្សែ ជ័រ ឬក្រណាត់ ដែលបំពាក់ទៅនឹងឃើញរាងជើងស្រលូនស្អាត និងសមសួននឹងបរិយាកាសលើឆ្នេរខ្សាច់។
2.ស្បែកជើងប៉ាតា (Sneaker) ៖ បច្ចុប្បន្នស្បែកជើងប៉ាតាជាប្រភេទស្បែកជើងពេញនិយមបំផុតសម្រាប់ការធ្វើដំណើរវែងឆ្ងាយ ហើយវាក៏ស័ក្តិសមបំផុតចំពោះការធ្វើដំណើរកម្សាន្តទៅកាន់តំបន់ភ្នំ ទេសចរក្នុងទីក្រុង ឬធ្វើដំណើរថ្មើរជើងគ្រប់ទីកន្លែងដែលគ្មានទឹក និងដើររយៈពេលយូរ។ ដើម្បីបន្ថែមភាពស្រស់សង្ហាចំពោះដំណើរកម្សាន្តរបស់អ្នកជម្រើសពណ៌លេចៗគឺពិតជាទាន់សម័យបំផុត និងមើលទៅមានភាពទាក់ទាញរាល់ពេលបោះជំហានផងដែរ រីឯការជ្រើសរើសស្បែកជើងប៉ាតាដែលផ្តល់នូវផាសុកភាពក្នុងការធ្វើដំណើរបានពេញមួយថ្ងៃ គឺស្បែកជើងដែលមានសភាពទន់ ស្រាល មានខ្យល់ចេញចូលល្អ បើអាចជ្រើសរើសប្រភេទស្រោបក្រណាត់យឺតព្រោះមិនងាយបែកញើស។
3.ស្បែកជើងឃ្លុបមុខរាបស្មើ ៖ ស្បែកជើងប្រភេទនេះផ្តល់នូវភាពទាន់សម័យមួយបែប និងស៊ីគ្នាជាមួយការស្លៀកពាក់បែបស្ទីលរៀបចំខ្លួនប្រចាំថ្ងៃ ហើយក៏ស័ក្តិសមចំពោះដំណើរកម្សាន្តលក្ខណៈជិតៗដូចជាដើរផ្សារ ទៅទទួលទានអាហារពេលល្ងាច និងដើរកម្សាន្តទីជិតៗជាមួយមិត្តភក្តិ និងក្រុមគ្រួសារជាដើម។
និយាយរួមមក ការជ្រើសរើសស្បែកជើងទៅតាមដំណើរកម្សាន្តគឺពិតជាផ្នែកមួយដ៏សំខាន់ ហើយប្រសិនបើអាចរាល់ដំណើរកម្សាន្តច្រើនថ្ងៃសុភាពនារីគួរតែមានស្បែកជើងទាំងបីប្រភេទនេះទៅតាមខ្លួន ដើម្បីពាក់ឲ្យសមស្របគ្រប់កាលៈទេសៈ។ ថែមលើសពីនេះ រាល់ដំណើរកម្សាន្តក្រោមកំដៅថ្ងៃ សុភាពនារីគ្រប់រូបគួរគប្បីថែរក្សាសម្រស់ឲ្យខ្ជាប់ខ្ជួនដោយលាបឡេការពារកំដៅថ្ងៃទាំងមុខ និងដងខ្លួន ព្រមទាំងពាក់មួកធំៗ និងពាក់អាវដៃវែងដើម្បីការពារសម្រស់ក៏ដូចជាការលេងស្ទីលប្លែកមួយបែបសម្រាប់ដំណើរកម្សាន្តរបស់ខ្លួនផងដែរ៕
Article by HEM SOKKHIM