ការបង្ហាញម៉ូដសម្លៀកបំពាក់ដ៏ថ្មីមួយពី MEDC ផ្តល់ឱកាសទីផ្សារហ្វេសហ្សិនកម្ពុជាចូលអ៊ឺរ៉ុប
FASHION & BEAUTY 5 years agoកម្មវិធីបង្ហាញម៉ូដសម្លៀកបំពាក់ជំនាន់ទី៣ នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលការច្នៃម៉ូដសម្លៀកបំពាក់ MEDC (The Modern Ethnic Design Centre) បានវិលត្រលប់មកវិញសារជាថ្មីកាលពីពេលកន្លងទៅថ្មីៗនេះ នៅឯសណ្ឋាគារ Penh House and Jungle Addition នាល្ងាចថ្ងៃសៅរ៍ ខែសីហា ឆ្នាំ២០១៩។ ក្នុងនោះផងដែរក៏មានការចូលរួមយ៉ាងកុះករពីសំណាក់អ្នករចនាម៉ូដសម្លៀកបំពាក់ខ្មែរ បរទេស និងអ្នកដែលមានចំណាប់អារម្មណ៏ខាងផ្នែកហ្វេសហ្សិនជាច្រើនរូប ក៏ដូចជាបានទទួលការជួយជ្រោមជ្រែងនិងគាំទ្រពីស្ថានទូតអាល្លឺម៉ង់ផ្ទាល់ផងដែរ។ ក្នុងកម្មវិធីមួយនេះមានអ្នកច្នៃម៉ូដវ័យក្មេងចំនួន១២រូបចូលរួមដោយមានសម្លៀកបំពាក់សរុប ១៧៥ ឈុត។ អ្វីដែលកាន់តែពិសេសនោះគឺក្នុងខូឡិកហ្សិននីមួយៗមានម៉ូដខុសប្លែកពីគ្នាយ៉ាងគួរឲ្យចាប់អារម្មណ៏ដែលផលិតឡើងត្រូវបានធ្វើស្របតាមស្តង់ដារពាណិជ្ជកម្មជាមួយនឹងវត្ថុធាតុដើមទាំងអស់ដែលមិនផ្តល់ផលប៉ះពាល់ដល់បរិស្ថាន។ គួរឲ្យដឹងផងដែរថា MEDC ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលអ្នករចនាម៉ូដក្នុងស្រុកដែលបានបើកដំណើរការជាផ្លូវការនៅខែកុម្ភៈ ឆ្នាំ ២០១៧ ដោយមានការសហការ រវាងវិទ្យាស្ថានរចនាម៉ូដសម្លៀកបំពាក់មកពីប្រទេសអាល្លឺម៉ង់និងសាកលវិទ្យាល័យអន្តរជាតិ Raffles ដែលបង្ហាត់បង្រៀននិងផ្តោតទៅលើការរួមបញ្ចូលគ្នានូវរចនាប័ទ្មបែបបុរាណរបស់កម្ពុជា ជាមួយនឹង ទំនោរ ថ្មីៗ ដើម្បីជួយសម្រួលដល់ការឈានជើងឆ្ពោះទៅកាន់ទីផ្សារអឺរ៉ុប។ MEDC គឺជាគម្រោងមួយរបស់ Bazaar Berlin ដែលជាពិព័រណ៍ពាណិជ្ជកម្មដ៏ល្បីដែល ប្រមូលផ្តុំទៅដោយផលិតផលពីគ្រប់ទិសទីជុំវិញពិភពលោកមកដាក់បង្ហាញ ដោយក្នុងនោះក៏មានកម្ពុជាចូលរួមផងដែរ។និស្សិតអាល្លឺម៉ង់ដែលបានបញ្ចប់ការសិក្សាខាងផ្នែករចនាម៉ូដពី FDI នឹងមកបង្រៀននិស្សិតកម្ពុជាយើងក្នុងការអភិវឌ្ឍការច្នៃប្រតិដ្ឋឲ្យសមស្របសម្រាប់អតិថិជនអឺរ៉ុប។ ជារៀងរាល់ឆ្នាំអ្នករចនាម៉ូដចំនួន ៥ រូបនឹងមានឱកាសទៅទស្សនា Bazaar Berlin ដើម្បីផ្សព្វផ្សាយពីខូឡិកហ្សិនរបស់ពួកគេនិងស្វែងរកបណ្តាញលក់តាមរយៈទីផ្សារដែលរៀបចំឡើងដោយ Bazaar Berlin ផ្ទាល់ផងដែរ៕
Article by TAING KIMLY