×

Mini​ ខូឡិ​ក​ហ្សិ​ន​ពី​អ្នក​ច្នៃ​ម៉ូដ​វ័យក្មេង​ ​បង្ហាញ​ពី​ទិដ្ឋភាព​នៃ​ជំងឺ​បាក់ទឹកចិត្ត​

FASHION & BEAUTY 4 years ago
 
 

           ​ជំងឺ​បាក់ទឹកចិត្ត​ ​ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​ជំងឺ​មួយ​ប្រភេទ​ងាយ​នឹង​មានការ​ប៉ះទង្គិច​យ៉ាង​ធ្ងន់ធ្ងរ​ដល់​​ផ្លូវចិត្ត​ ​ផ្លូវ​អារម្មណ៍​ ​ក៏ដូចជា​ទម្លាប់​នៃ​ការរស់នៅ​ប្រចាំថ្ងៃ​។​ ​ជាក់ស្តែង​ ​ពី​មួយថ្ងៃ​ទៅ​ថ្ងៃ​ទៅ​មួយថ្ងៃ​ ​អ្នក​ដែល​​មាន​ជំងឺ​បាក់ទឹកចិត្ត​ភាគច្រើន​ត្រូវ​បាន​គេ​ដឹង​ថា​ ​ពួកគេ​ងាយ​នឹង​ទទួលរង​នូវ​ការឈឺចាប់​យ៉ាង​លឿន​បំផុត​ ​ជាពិសេស​ ​ពួកគេ​ច្រើន​លាក់បាំង​ភាព​ស្មុគ​ស្មាញ​ ​និង​ការឈឺចាប់​តាំង​នោះ​តែម្នាក់ឯង​ដែល​ពុំ​ចែករំលែក​ភាព​ស្មុគ​ស្មាញ​ទាំងនោះ​ទៅកាន់​មនុស្ស​ជុំវិញ​ខ្លួន​ ​ដើម្បី​ស្វែងរក​នូវ​ដំណោះស្រាយ​នោះ​ឡើយ​ ​ប៉ុន្តែ​ពួកគេ​បែរជា​សម្រេច​ចិត្ត​ធ្វើបាប​ខ្លួនឯង​ទៅវិញ​។​

           ​ទន្ទឹម​នឹង​អត្រា​នៃ​ការ​កើន​ឡើង​នៃ​ជំងឺ​បាក់ទឹកចិត្ត​ ​ឬ​ជា​ភាសា​ឡាតាំង​ ​Depression​ ​បាន​ធ្វើឲ្យ​អ្នក​ច្នៃ​​ម៉ូដ​ស​ម្លៀ​ក​បំពាក់​វ័យក្មេង​២​រូប​បាន​បញ្ចេញ​នូវ​ ​Mini​ ខូឡិ​ក​ហ្សិ​ន​យ៉ាង​ពិសេស​ដែល​ពោរពេញ​ទៅ​ដោយ​អត្ថ​​ន័យ​នៃ​ការអប់រំ​ ​លើកទឹកចិត្ត​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​នេះ​។​ ​កញ្ញា​ ​រដ្ឋ​ ​ភ​ត្រា​ ​និង​ ​កញ្ញា​ ​ឆាន់​ ​គីម​សៀ​ ​មាន​​ការសិក្សា​នៅ​វិទ្យាស្ថាន​សិល្បៈ​ភ្នំពេញ​អន្តរជាតិ​ (​P​P​I​I​A​) ​នៃ​មុខជំនាញ​ហ្វេ​ហ្សិ​ន​ឌី​ហ្សា​ញ​បាន​ច្នៃ​ ​Mini​ ខូឡិ​ក​ហ្សិ​ន​ឈ្មោះថា​ ​«​Depression​»​ ​ចំនួន​ពីរ​ឈុត​ដែល​មាន​ភាព​ទាក់ទាញ​យ៉ាង​ខ្លាំង​។​ ​ថ្វី​ដ្បិតតែ​ ​Mini​ ខូឡិ​ក​ហ្សិ​ន​របស់​អ្នក​ទាំងពីរ​មានត្រឹមតែ​ពីរ​ឈុត​ក៏​ពិតមែន​ ​ប៉ុន្តែ​តាមរយៈ​ស​ម្លៀ​ក​បំពាក់​ទាំងនេះ​បាន​ឆ្លុះបញ្ចាំង​ពី​ភាព​ទន់ខ្សោយ​របស់​មនុស្សម្នាក់​ៗ​ ​ហើយ​ថែមទាំង​វិធីសាស្ត្រ​ដែល​អាច​ព្យាបាល​នូវ​មុខរបួស​របស់​គេ​យ៉ាង​ងាយស្រួល​ ​ទោះបីជា​អ្នក​ដែល​មាន​ជំងឺ​បាក់ទឹកចិត្ត​នោះ​រស់នៅ​ក្នុង​បរិ​បទ​សង្គម​ផ្សេងៗ​គ្នា​ជុំវិញ​ពិភពលោក​។​

Photo by CHUNKEAT

           ​​ជាក់ស្តែង​ ​ឈុត​ស​ម្លៀ​ក​បំពាក់​ទី​១​ ​ដែល​មាន​ការរចនា​ម៉ូដ​រ​ញ៉េ​រ​ញ៉ៃ ​មាន​ពណ៌​ទឹក​ប៊ិ​ក​ក្រ​ម៉ៅ​ ​ជាមួយនឹង​ស្នាម​រហែក​បន្តិច​ដែល​ប្រិយ​មិត្ត​កំពុងតែ​ឃើញ​នេះ​ជា​ឈុត​បង្ហាញ​ពី​មនុស្សម្នាក់​មានទុក្ខ​ព្រួយ​កំពុងតែ​កើតឡើង​ចំពោះ​គេ​ ​ប៉ុន្តែ​គេ​បែរជា​សម្តែង​ ​និង​លាក់បាំង​ការពិត​ពី​មនុស្ស​ជុំវិញ​ខ្លួន​ទៅវិញ​។​ ​ជាមួយគ្នា​នេះ​ ​អ្នក​ច្នៃ​ម៉ូដ​ ​កញ្ញា​ ​ឆាន់​គីម​សៀ​ ​បាន​លើកឡើង​ថា​ ​«​អ្វី​ដែល​ជ​ម្រុ​ញ​ឲ្យ​ខ្ញុំ​ធ្វើ​ស​ម្លៀ​ក​បំពាក់​ទាំងនេះ​ ​ក៏​ព្រោះតែ​ប៉ុន្មាន​ខែមុន​ខ្ញុំ​បានឃើញ​មនុស្ស​ស្រី​ម្នាក់​គាត់​មាន​ជំងឺ​នេះ​ ​ហើយ​បន្ទាប់មក​ទៀត​គាត់​បាន​សម្រេច​ចិត្ត​សម្លាប់​ខ្លួន​ ​ប៉ុន្តែ​ផ្នត់គំនិត​មនុស្ស​មួយ​ចំនួន​ក្នុង​បរិ​បទ​សង្គម​បែរជា​លើកឡើង​ថា​ម្តាយ​ឪពុក​មាន​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​ហើយ​​នៅតែ​ធ្វើ​រឿង​អត់ប្រយោជន៍​។​»​ ​ម៉្យាងវិញទៀត​ ​កញ្ញា​ក៏បាន​បង្ហាញ​ឲ្យដឹង​ថា​ ​ហេតុនេះ​ហើយ​ទើប​កញ្ញា​ចាប់ផ្តើម​មានគំនិត​ធ្វើ​ឈុត​ទី​១​នេះ​ ​ដើម្បី​ប​ញ្ជៀ​ស​នូវ​ភាព​ភាន់ច្រឡំ​មួយ​ចំនួន​នៃ​ផ្នត់គំនិត​ទាំងនោះ​។​

           ​​សម្រាប់​ឈុត​ទី​២​ ​ដែល​មាន​ការរចនា​ម្ជុលខ្ទាស់​សងខាង​ ​ហើយ​មាន​តាម​ទំហំ​ជា​ស្នាដៃ​របស់​ ​កញ្ញា​ ​រដ្ឋ​ ​ភ​ត្រា​ ​ផ្តោត​សំខាន់​ចំពោះ​ការ​លើកទឹកចិត្ត​សម្រាប់​អ្នក​កំពុង​មានវិបត្តិ​ផ្លូវចិត្ត​ ​ឬ​កំពុង​មាន​ជំងឺ​បាក់ចិត្ត​ជាដើម​។​ ​កញ្ញា​បានឲ្យ​ដឹងផង​ដែរ​ថា​ ​មូលហេតុ​ដែល​កញ្ញា​ច្នៃ​ស​ម្លៀ​ក​បំពាក់​ជាមួយនឹង​ម្ជុលខ្ទាស់​គ្រប់​ទំហំ​ ​ក៏​ព្រោះតែ​កញ្ញា​ចង់​បង្ហាញ​ថា​ ​គ្រប់​បញ្ហា​ ​និង​ភាព​សោកសៅ​ទាំងអស់​សុទ្ធតែ​មាន​ក​ម្រិ​ត​ ​ហើយ​សុទ្ធសឹងតែ​មាន​ដំណោះស្រាយ​ទាំងអស់​។​ ​អ្នក​ច្នៃ​ម៉ូដ​ ​ភ​ត្រា​ ​បាន​លើកឡើង​យ៉ាង​ដូច្នេះ​ថា​ ​«​សម្រាប់​ម្ជុលខ្ទាស់​តាម​ទំហំ​ដែល​ខ្ញុំ​បាន​ប្រើ​នោះ​ ​គឺជា​ការ​បង្ហាញ​ថា​បញ្ហា​តូច​ ​និង​បញ្ហា​ធំ​ ​យើង​ត្រូវ​ដោះស្រាយ​វិធីសាស្ត្រ​ផ្សេងៗ​គ្នា​ ​ដូចជា​ម្ចុ​ល​ខ្ទាស់​តូច​ចឹ​ង​ដែល​ជា​ ​បញ្ហា​តូច​ ​ឬ​បញ្ហា​ផ្ទាល់ខ្លួន​ ​យើង​គួរ​ស្វែងរក​អ្នកណា​ដែល​អាច​នឹង​ផ្តល់​យោបល់​ដូចជា​មិត្តភក្តិ​ជាដើម​ ​រីឯ​ម្ជុលខ្ទាស់​ធំ​វិញ​ ​ជា​បញ្ហា​ធំ​ ​ហើយ​អ្នក​ដែល​កំពុង​ជួប​បញ្ហា​ទាំងអស់​ ​គួរ​និយាយ​ចេញ​មក​ក្រៅ​ ​គួរ​ពិភាក្សា​ជាមួយនឹង​សមាជិក​គ្រួសារ​ ​ឬ​អ្នក​ដែល​ផ្តល់​ទំនុក​ចិត្ត​ខ្ពស់​ ​ដើម្បី​រំសាយ​ ​ឬ​បំបាត់​ភាព​សោកសៅ​ទាំងនោះ​ ​យូរ​ៗ​ទៅ​ជំងឺ​ផ្លូវចិត្ត​របស់​អ្នក​នឹង​ធូរស្រាល​»​។​

           ​​ជាចុងក្រោយ​ ​អ្នក​ច្នៃ​ម៉ូដ​ហ្វេ​ហ្សិ​ន​ឌី​ហ្សា​ញ​ទាំងពីរ​រូប​ ​បាន​បង្ហាញ​ជា​ចំណាប់អារម្មណ៍​ ​និង​លើកទឹកចិត្ត​ដល់​អ្នក​កំពុង​មានវិបត្តិ​ផ្លូវចិត្ត​ទាំងអស់​ ​គួរតែ​បង្ហាញ​នូវ​បញ្ហា​ទាំងអស់​ចេញ​មក​ខាងក្រៅ​ឲ្យបាន​ច្រើន​ ​ធ្វើអ្វី​ដែល​នាំឲ្យ​អារម្មណ៍​ស្រស់ស្រាយ​ឲ្យបាន​ច្រើនជាង​នៅ​ម្នាក់ឯង​ផង​ដែរ​៕​

​Article​ ​by​ ​PAN​ S​I​V​L​Y


SUGGESTIONS