×

​ឥទ្ធិពល​សិល្បៈ​ខ្មែរ​នៅ​ក្នុង​ឧស្សាហកម្ម​ហ្វេ​ហ្សិ​ន​ទំនើប​

FASHION & BEAUTY 2 years ago
 
 

           ​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​ ​សង្កេតឃើញ​ថា​វិ​ស័យ​ហ្វេ​ហ្សិ​ន​នៅ​កម្ពុជា​មានការ​រីក​ចម្រើន​ជាលំដាប់​។​ ​អ្នក​ច្នៃ​ម៉ូដ​ជើងចាស់​កំពុង​បង្កើន​ថ្វីដៃ​មិន​សំចៃ​ដៃ​ ​អ្នក​ច្នៃ​ម៉ូដ​ជាន់​ថ្មី​បាន​លេច​មុខ​មក​បន្តបន្ទាប់​បង្ហាញ​ឥទ្ធិពល​លើ​ភាព​ច្នៃ​ប្រតិដ្ឋ​ ​ដែល​ធ្វើឲ្យ​ហ្វេ​ហ្សិ​ន​ក្នុងស្រុក​ចាប់ផ្តើម​មាន​ការចាប់អារម្មណ៍​ខ្លាំង​ឡើង​ ​រហូត​មាន​មុខមាត់​លើឆាកអន្តរជាតិ​ជា​ញឹកញយ​។​ ​បើ​ទោះ​បច្ចុប្បន្ន​ហ្វេ​ហ្សិ​ន​ក្នុងស្រុក​មានការ​អភិវឌ្ឍ​ទៅ​តាមសម័យ​ទំនើប​ជឿនលឿន​ ​និង​ចរន្ត​សកល​ភា​វូប​នី​យ​កម្ម​យ៉ាងណាក្តី​ ​ប៉ុន្តែ​អ្នក​ច្នៃ​ម៉ូដ​ ​ក៏ដូចជា​អ្នកបង្កើត​ម៉ាក​យីហោ​ហ្វេ​ហ្សិ​ន​ហាក់​នៅតែ​មិន​បោះបង់​អត្តសញ្ញាណ​ជាតិ​របស់​ខ្លួន​ ​ដោយ​តែងតែ​លើកយក​សិល្បៈ​វប្បធម៌​មក​បង្ហាញ​តាមរយៈ​ខូឡិ​ក​ហ្សិ​ន​មិនថា​ ​ស​ម្លៀ​ក​បំពាក់​ប្រភេទ​ ​Ready​-​to​-​Wear​ ​ឈុត​សមោសរ​ ​ឈុត​ ​H​a​u​t​e​ C​out​ur​e​ ​ឈុត​ហែលទឹក​ ​ឈុត​ច្នៃ​ពី​សម្ភារ​ប្រើប្រាស់​ ​រួម​ទាំង​គ្រឿង​លម្អ​ដូចជា​អលង្ការ​ ​និង​កាបូប​ជាដើម​។​ ​ជាមួយ​ការ​បញ្ចូល​សិល្បៈ​ខ្មែរ​ទៅ​ក្នុង​ឧស្សាហកម្ម​ហ្វេ​ហ្សិ​ន​នេះ​ ​តើ​អ្នក​ច្នៃ​ម៉ូដ​ ​ក៏ដូចជា​អ្នកជំនួញ​ហ្វេ​ហ្សិ​ន​ក្នុងស្រុក​មាន​ទ​ស្សនៈ​យ៉ាងណា​?

• ​អ្នកស្រី​ ​សៀង​ ​រ៉ា​ណែ​ត​ ​ស្ថាបនិក​សាលា​ហ្វេ​ហ្សិ​ន​

           ​អ្នកស្រី​ ​សៀង​ ​រ៉ា​ណែ​ត​ ​ជា​ស្ថាបនិក​ ​ជា​នាយិកា​ ​និង​ជា​គ្រូបង្រៀន​ច្នៃ​ម៉ូដ​នៃ​សាលា​ ​MaP​a​ ​Fashion​។​ ​ពី​ឆ្នាំ​២​០​១​៨​មក​ ​អ្នកស្រី​បាន​បណ្តុះបណ្តាល​កូនខ្មែរ​ជាច្រើន​នាក់​ឲ្យ​ក្លាយ​ជា​អ្នក​ច្នៃ​ម៉ូដ​ជំនាញ​ពិតប្រាកដ​ ​និង​ប្រឡូក​ការងារ​ហ្វេ​ហ្សិ​ន​ច្រើន​ផ្នែក​នៅ​ក្នុង​ឧស្សាហកម្ម​ហ្វេ​ហ្សិ​ន​។​ ​ចំពោះ​ការ​បញ្ចូល​សិល្បៈ​ខ្មែរ​ទៅ​ក្នុង​ហ្វេ​ហ្សិ​ន​ទំនើប​ ​អ្នកនាង​បាន​និយាយ​ថា​ ​អ្នក​ច្នៃ​ម៉ូដ​ហ្វេ​ហ្សិ​ន​ខ្មែរ​ពិត​ជាចាំបាច់​ស្វែងយល់​ពី​សិល្បៈ​របស់​ខ្លួន​ឲ្យបាន​ច្បាស់​ ​និង​ស៊ី​ជម្រៅ​ ​ព្រោះ​វា​ជា​ឫសគល់​ដើមកំណើត​ ​ជា​ដួង​ព្រលឹង​របស់យើង​។​ ​តាមរយៈ​ការ​តាមដាន​ផ្ទាល់ខ្លួន​ ​អ្នកស្រី​ឃើញ​ថា​ការ​បញ្ចូល​សិល្បៈ​ខ្មែរ​ទៅ​ក្នុង​ហ្វេ​ហ្សិ​ន​ទំនើប​មានការ​ផ្សព្វផ្សាយ​ ​និង​ទទួលស្គាល់​ទូលំទូលាយ​ជាង​មុន​។​ ​ជាក់ស្តែង​ ​កន្លងមក​សិល្បៈ​ហ្វេ​ហ្សិ​ន​របស់​ខ្មែរ​បាន​បង្ហាញ​ទៅដល់​ប្រទេស​ល្បី​ៗ​ដូចជា​ ​អូស្ត្រាលី​ ​ជប៉ុន​ ​និង​អាស៊ី​អាគ្នេយ៍​ជាដើម​។​ ​អ្នកស្រី​លើកទឹកចិត្ត​ដល់​អ្នក​ច្នៃ​ម៉ូដ​ហ្វេ​ហ្សិ​ន​ក្នុងស្រុក​គ្រប់រូប​ ​គួរតែ​បញ្ចូល​សិល្បៈ​ខ្មែរ​ទៅ​ក្នុង​ការ​បង្ហាញ​ហ្វេ​ហ្សិ​ន​គ្រប់​ប្រភេទ​តាមដែល​អាច​ធ្វើ​ទៅ​បាន​ ​ជាពិសេស​តាមរយៈ​វិ​ស័​យ​ភាពយន្ត​ផង​ដែរ​។​ ​តែ​យ៉ាងណា​ការ​ឌី​ហ្សា​ញ​នីមួយៗ​គួរគប្បី​មាន​ ​Concept​ ​ច្បាស់លាស់​ ​និង​បែងចែក​ការ​ដកស្រង់​ក​ម្រិ​ត​សិល្បៈ​ទៅ​ក្នុង​លំដាប់​ហ្វេ​ហ្សិ​ន​ណាមួយ​។​ ​ដូចជា​ ​របាំ​ព្រះរាជទ្រព្យ​ ​គឺជា​សិល្បៈ​ស្ថិត​ក្នុង​ក​ម្រិ​ត​ខ្ពង់ខ្ពស់​សម្តែង​សម្រាប់​តែ​ក្នុង​សែ​រាជវង្ស​ ​ដូចនេះ​ការ​ដកស្រង់​ក៏​ត្រូវតែ​ស្ថិត​ក្នុង​ហ្វេ​ហ្សិ​ន​លំដាប់​ខ្ពស់​ដូចគ្នា​។​

• ​លោក​ O​l​i​v​a​ Kon​g​ ​អ្នក​ច្នៃ​ម៉ូដ​

           ​ជា​អ្នក​ច្នៃ​ម៉ូដ​ ​ជា​គ្រូបង្ហាត់​ដើរ​ម៉ូដ​ ​និង​មាន​ម៉ាក​យីហោ​ផ្ទាល់ខ្លួន​ ​Queen​ ​Victor​i​a​ ​លោក​ O​l​i​v​a​ Kon​g​ ​បាន​សាង​ប្រជាប្រិយភាព​មានការ​ទទួលស្គាល់​តាមរយៈ​ស្នាដៃ​ច្នៃ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​ប្លែកៗ​ដែល​ដកស្រង់​ពី​ធម្មជាតិ​ ​និង​សិល្បៈ​វប្បធម៌​របស់​ខ្មែរ​។​ ​លោក​ថា​មត៌ក​សិល្បៈ​ខ្មែរ​ពិតជា​មាន​តម្លៃ​ខ្លាំង​ណាស់​ ​ពាក្យ​ថា​ហ្វេ​ហ្សិ​ន​គឺជា​ការ​ច្នៃ​ប្រតិដ្ឋ​របស់​អ្វីមួយ​ទៅជា​របស់​ថ្មី​មួយទៀត​ ​ដូច្នេះ​មត៌ក​ដើម​នេះ​ហើយ​ជា​រូបមន្ត​ ​ជា​អ្វី​គ្រប់យ៉ាង​ដែល​អាច​បំ​បែកទៅជា​របស់​ថ្មី​។​ ​លោក​ថា​អ្នក​ច្នៃ​ម៉ូដ​គួរតែ​បញ្ចូល​សិល្បៈ​គ្រប់​ទម្រង់​ទៅ​ក្នុង​ការងារ​ច្នៃ​ម៉ូដ​ ​ហើយ​ការ​ច្នៃ​មិនមែន​យក​របស់​ដើម​មក​ដាក់​ទាំងស្រុង​នោះ​ទេ​ ​គឺ​ត្រូវ​ច្នៃ​បង្កើត​ជា​របស់​ថ្មី​មួយ​ទៅតាម​ការ​ពេញ​និយម​ ​និង​ភាព​ជឿនលឿន​។​ ​អាច​ជា​ការ​ដកស្រង់​តែ​ពី​ក្បាច់​ ​ពី​ចម្លាក់​ ​ឬ​ត្រង់​ចំណុច​ណាមួយ​នៃ​សិល្បៈ​ជាដើម​។​ ​លោក​ថា​ទោះ​មត៌ក​ដើម​អស្ចារ្យ​ប៉ុនណា​ ​បើ​មិន​មានការ​ច្នៃ​ប្រតិដ្ឋ​នោះ​ទេ​ ​ក៏​មិន​មាន​អ្វី​ដែល​ថ្មី​ហើយ​ប្លែក​សម្រាប់​ភាព​រីក​ចម្រើន​ដែរ​។​

• ​អ៊ី​ដូ ​ចម​ ​និង​ ​អ៊ី​យេ​ន​ ​ចម​ ​ស្ថាបនិក​ម៉ាក​គ្រឿងអលង្ការ​

           ​អ៊ី​ដូ ​ចម​ ​និង​អ៊ី​យេ​ន​ ​ចម​ ​គឺជា​បង​ប្អូនស្រី​បង្កើត​ធំធាត់​នៅ​តំបន់​ប្រ៊ូ​ឃ្លី​ន​នៃ​ទីក្រុង​ញូ​វយ​ក​សហរដ្ឋអាមេរិក​។​ ​អ្នក​ទាំងពីរ​បាន​បង្កើត​ម៉ាក​យីហោ​គ្រឿងអលង្ការ​ ​E​doE​yen​ ​កាលពី​ឆ្នាំ​ ​២​០​២​០​ ​ដោយ​ផ្តោត​លើ​ទី​ផ្សារ​ប៉ែក​អឺរ៉ុប​ ​ដែល​សំខាន់​ម៉ូដ​នីមួយៗ​សុទ្ធ​សឹង​ដកស្រង់​ពី​ក្បាច់​ខ្មែរ​ ​និង​ពី​អលង្ការ​របាំ​បុរាណ​ខ្មែរ​។​ ​ស្ថាបនិក​ទាំងពីរ​បាន​លើកឡើង​ថា​ “សិល្បៈ​ខ្មែរ​មាន​ភាព​លេចធ្លោ​ ​នៅពេលដែល​ច្នៃ​បញ្ចូលជាមួយ​ភាព​ទំនើប​។​ ​នៅពេលដែល​ការរចនា​ម៉ូដ​ល្អ​ស្អាត​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​គ្រឿងអលង្ការ​សម័យ​ទំនើប​ហើយ​នោះ​ ​វា​ជួយ​ផ្សព្វផ្សាយ​គ្រឿងអលង្ការ​បែប​នេះ​ឲ្យ​មាន​ភាព​ទាន់សម័យ​ ​និង​ពេញ​និយម​ឡើង​។​ ​យើង​ចង់ឲ្យ​អ្នក​ច្នៃ​ម៉ូដ​ ​បើក​ចិត្តទូលាយ​ក្នុង​ការ​ដកស្រង់​សិល្បៈ​ខ្មែរ​ប្រើ​សម្រាប់​ការ​ច្នៃ​ម៉ូដ​ដូចជា​គ្រឿងអលង្ការ​របស់​ ​E​doE​yen​ ​ដែល​ប្រើ​សម្រាប់​តុបតែង​អ្នកបង្ហាញ​ម៉ូដ​ ​ប្រើ​ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​ ​កម្មវិធី​បង្ហាញ​ម៉ូដ​ ​ក៏ដូចជា​ការ​បង្ហាញខ្លួន​តាម​ទូរទស្សន៍​។​ល​។​ ​ការ​ទទួល​យកគំនិត​ថ្មី​នៃ​ការ​រក្សា​សិល្បៈ​ខ្មែរ​ក្នុង​របៀប​សម័យថ្មី​នេះ​ ​នឹង​ជួយ​បង្កើត​ជីវិត​ថ្មី​ដល់​វប្បធម៌​ដែល​រៀបនឹង​រលុប​បាត់​។​”

• ​អ៊ិត​ ​សុវណ្ណ​រាជ​ ​ស្ថាបនិក​ ​L​a​ C​h​h​ouk

           “​តាម​បទពិសោធន៍​ផ្ទាល់ខ្លួន​ ​ការ​បញ្ចូល​សិល្បៈ​ខ្មែរ​ទៅ​ក្នុង​ R​e​cycle​d​ ​Fashion​ ​គឺ​មាន​ប្រសិទ្ធ​ភាពជា​ង​ ​និង​ឆាប់​ទាក់ទាញ​ចំណាប់អារម្មណ៍​ជាង​ការ​ច្នៃ​ម៉ូដ​ហ្វេ​ហ្សិ​ន​ទូទៅ​ ​ដោយសារ​អ្នកធ្វើ​ខាង​ R​e​cycle​d​ ​Fashion​ ​មាន​ចំនួន​តិច​ ​ពិសេស​ម៉ូដ​មើលទៅ​មាន​លក្ខណៈ​ប្លែកភ្នែក​។​ ​ចំពោះ​ការ​ផ្សព្វផ្សាយ​ក៏មាន​ភាព​ទូលំទូលាយ​ ​គេ​អាច​ចង់​យល់​ពី​អត្ថន័យ​ ​និង​ប្រវត្តិ​នៃ​សិល្បៈ​ដែល​ដកស្រង់​មក​បង្ហាញ​។​ ​និយាយរួម​យើង​ផ្តល់​ចំណេះ​ដឹង​ដោយប្រយោល​។​ ​មួយវិញទៀត​ហ្វេ​ហ្សិ​ន​បែប​នេះ​មាន​លក្ខណៈ​សហសម័យ​ ​វា​អាច​ជា​ទំនោរ​និយម​ថ្មី​មួយ​សម្រាប់​សិល្បៈ​ដែល​អាចឲ្យ​យើង​ឆ្ពោះទៅ​កាន់​ឆាក​អន្តរជាតិ​ផង​ដែរ​។​ ​ខ្ញុំ​ចង់​សំណូមពរ​ដល់​អ្នក​ច្នៃ​ម៉ូដ​ទាំងឡាយ​គួរតែ​មានការ​សិក្សាស្រាវជ្រាវ​ទៅលើ​ទម្រង់​សិល្បៈ​ខ្មែរ​ឲ្យបាន​ច្រើន​ ​និង​ច្បាស់លាស់​ ​ដើម្បី​ជៀសវាង​មានការ​ភ័ន្ត​ច្រឡំ​ជាមួយនឹង​ប្រទេសជិតខាង​។​”

• ​លោក​ ​គិត​ ហុ​ក​ឆេ​ ​ស្ថាបនិក​ម៉ាក​ស​ម្លៀ​ក​បំពាក់​ ​«​យក្ស​ ​ភ្នំពេញ​»​

           “​បច្ចុប្បន្ន​ឃើញ​ថា​ម៉ាក​យីហោ​ក្នុងស្រុក​ជាច្រើន​បាន​បញ្ចូល​សិល្បៈ​ខ្មែរ​ទៅ​ក្នុង​ការ​ច្នៃ​ម៉ូដ​របស់​ពួកគេ​។​ ​ជាក់ស្តែង​ការ​បញ្ចូល​សិល្បៈ​ខ្មែរ​ទៅ​ក្នុង​ ​Modern​ ​Street​wear​ ​គឺ​ធ្វើឲ្យ​ហ្វេ​ហ្សិ​ន​មាន​លក្ខណៈ​ពិសេស​ណាស់​ ​ព្រោះ​ម៉ូដ​នីមួយៗ​ជា​អារម្មណ៍​នៃ​ការ​បញ្ចេញ​គំនិត​របស់យើង​ខ្លួនឯង​ ​ហើយ​បាន​បង្ហាញ​ពី​មោទកភាព​នៃ​វប្បធម៌​ឬ​តម្លៃ​របស់​សិល្បៈ​ប្រវត្តិ​សា​ស្រ្ត​យើង​។​ ​ពិសេស​មួយទៀត​នោះ​យើង​អាច​ផ្សព្វផ្សាយ​ស្ទី​ល​សិល្បៈ​របស់យើង​តាមរយៈ​ហ្វេ​ហ្សិ​ន​នេះ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​ ​ដែល​ដូច​ទៅ​នឹង​ការ​ផ្សព្វផ្សាយ​ ​ដើម្បីឲ្យ​វប្បធម៌​ ​និង​ប្រវត្តិសាស្ត្រ​របស់​ជាតិ​យើង​មាន​ការចាប់អារម្មណ៍​កាន់តែ​ខ្លាំង​។​ ​ខ្ញុំ​សូមឲ្យ​យុវជន​ខ្មែរ​ទាំងអស់​បន្ត​នូវ​ការ​លើក​តម្កើង​តម្លៃ​នៃ​សិល្បៈ​ខ្មែរ​នេះ​ទៅមុខ​ទៀត​ ​ដើម្បីឲ្យ​យុវជន​ក្រោយៗ​ទៀត​បាន​យល់​ ​និង​បាន​ដឹង​”​៕​

Article ​by​ HEM SOKKHIM

FLY HEART FIT


SUGGESTIONS