×

ត្រៀម​ខ្លួន​ជាមួយ​ស្ទី​ល​តុបតែង​មុខ​យ៉ាង​ស្រស់បំព្រង​សម្រាប់​ការចូលរួម​កម្មវិធី​ជប់លៀង​ពី​សូវ​រី​ន​

FASHION & BEAUTY 10 months ago
 
 

        ជា​ធម្មតា​ ​ការ​តុបតែង​សម្រស់​របស់​នារី​ទាំងឡាយ​ ​រមែងតែ​ង​ផ្លាស់ប្តូរ​ទៅតាម​រដូវ​កាល​ជាក់ស្តែង​ ​រាប់​តាំងពី​រដូវរងា​ ​រដូវក្តៅ​ ​និង​តាម​ទំនោរ​និយម​ថ្មី​ជាដើម​។​ ​ស្រប​នឹង​ខែ​នេះ​ ​រដូវភ្លៀង​ធ្លាក់​ក៏បាន​ចូល​មកដល់​ ​ការ​លេង​ស្ទា​យ៍​តុបតែង​មុខ​ជាមួយនឹង​ពណ៌ខៀវ​ ​ដែល​ជា​ទំនោរ​និយម​មួយ​កំពុង​ទទួល​បាន​ប្រជាប្រិយភាព​ជាងគេ​។​ ​ដើម្បី​ជា​ការ​នាំ​យក​នូវ​អ្វី​ដែល​ថ្មី​ ​អ្វី​ដែល​ប្លែក​សម្រាប់​មិត្ត​ៗ​នារី​យើង​ ​សូវ​រី​ន​ ​សូម​លើកយក​ការផ្លាស់ប្តូរ​សម្រស់​ដែល​ជា​ការ​តុបតែង​មុខជា​មួយ​ពណ៌ខៀវ​ ​បន្ថែម​ដោយ​ភាព​ភ្លឺ​រលោង​ដូច​ទៅ​នឹង​ដំណក់ទឹក​ភ្លៀង​ ​ច្បិច​បញ្ចូលជាមួយ​ស្ទី​ល​ហ្វេ​ហ្សិ​ន​ ​និង​ភាព​ស៊ីវិល័យ​ ​ដើម្បី​បង្កើត​ជា​ស្ទី​ល​ថ្មី​មួយទៀត​សម្រាប់​ការ​ត្រៀម​ខ្លួន​ចូលរួម​ក្នុង​កម្មវិធី​ជប់លៀង​ឲ្យ​មាន​ភាព​លេចធ្លោ​។​

​          ​ផ្តើម​ពី​នារី​ដែល​សាមញ្ញ​ម្នាក់​ ​យើង​ក៏​អាច​ផ្លាស់ប្តូរ​សម្រស់​របស់យើង​ឱ្យ​ក្លាយ​ជានា​រី​ដែល​មាន​ភាព​ទាក់ទាញ​ ​ទាន់សម័យ​ ​និង​ពោរពេញ​ទៅ​ដោយ​មន្ត​ស្នេហ៍​។​ ​ចាប់ផ្តើម​ដោយ​ការ​តុបតែង​មុខ​ ​យើង​នឹង​ផ្តោត​ជ្រើសរើស​ពណ៌ខៀវ​ ​បែប​ភ្លឺ​រលោង​ជា​ចម្បង​ ​រួម​ទាំង​ការ​ប្រើ​ពណ៌​ប្រាក់​ដើម្បី​ឱ្យ​មើលទៅ​មាន​ភាព​ស៊ីវិល័យ​។​ ​តួយ៉ាង​ត្រង់​ភ្នែក​យើង​ប្រើ​ពណ៌​សាច់​ផាត់​ទ្រាប់​សាយ​ពេញ​ត្របកភ្នែក​ជាមុន​សិន​ ​បន្ទាប់មក​យក​ហាយ​ឡាយ​ពណ៌​ប្រាក់​ភ្លឺផ្លេក​មក​ផាត់​បន្ថែម​ពន្លឺ​ពីលើ​ត្រឹម​គន្លាក់​ត្របកភ្នែក​ ​រួម​បន្ថែម​ផាត់​គល់​រឹម​ភ្នែក​ខាងក្រោម​ផង​ដែរ​។​ ​បន្ទាប់មក​ ​ប្រើ​ពណ៌ខៀវ​មក​ផាត់​បន្ថែម​ជា​ឆ្នូត​នៅ​លើក​គន្លាក់​ត្របកភ្នែក​ ​និង​រឹម​ខាងក្រោម​ភ្នែក​។​ ​នៅ​ផ្នែក​កន្ទុយភ្នែក​ ​ដើម្បី​ឱ្យ​មើលទៅ​មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ ​និង​ហ្វេ​ហ្សិ​ន​ ​ដោយ​ប្រើ​ពណ៌ខៀវ​ជំនួស​ដោយ​ការ​ប្រើ​ ​Eye​liner​ ​តែម្តង​ ​ដែល​មើលទៅ​កន្ទុយភ្នែក​កាន់តែ​ឃើញច្បាស់​ ​និង​លេចធ្លោ​។​

​          ដោយសារ​កា​រផាត់​មុខ​នេះ​ ​យើង​ចង់​ឱ្យ​ឃើញ​ពណ៌​ត្របកភ្នែក​ច្បាស់​ ​ដូច្នេះ​មិន​ចាំបាច់​ពាក់​រោមភ្នែក​បន្ថែម​ក៏បាន​ ​គ្រាន់តែ​លាប​ម៉ា​ស្កា​រ៉ា​បន្តិច​ជាការស្រេច​។​ ​ចំណែក​ចិញ្ចើម​វិញ​ក៏​ដូចគ្នា​ ​យើង​ប្រើ​ពណ៌ត្នោត​គូរ​បន្ថែម​រាង​បន្តិច​គឺ​រួចរាល់​។​ ​សម្រាប់​ពណ៌​ក្រែម​វិញ​ ​អាច​ជ្រើសរើស​ជា​ប្រភេទ​ពណ៌​សូ​កូឡា​មក​គូស​រឹម​ជុំវិញ​បបូរមាត់​ដើម្បី​រំលេច​ទម្រង់​កាន់តែ​ស្អាត​ ​និង​ប្រើ​ពណ៌​ឈូក​បែក​ក្បឿង​ម​កលាប​ពេញ​បបូរមាត់​ ​ក៏​មិន​ភ្លេច​បន្ថែម​ជាមួយ​ក្រែម​រលោង​ពី​ខាងលើ​ ​កាន់តែ​មាន​មន្ត​ស្នេហ៍​។​ ​ថ្ពាល់​ ​យើង​ផាត់​យក​ពណ៌​ឈូក​ស្រាល​បំផុត​ដែល​មើលទៅ​ជួយ​លើក​សម្រស់​មាត់​ ​និង​ភ្នែក​ឃើញ​លេច​ស្រស់​ស្អាត​។​ ​ចំណុច​ចុងក្រោយ​គឺ​ ​យក​ហាយ​ឡាយ​ពណ៌​ប្រាក់លាយ​នឹង​ពណ៌​ស​ភ្លឺ​ ​មក​បន្ថែម​លើ​ថ្ពាល់​ខាងលើ​ចុង​ច្រមុះ​បន្តិច​ ​ដើម្បី​លើក​សម្រស់​ផាត់​មុខ​កាន់តែ​ស្រស់​ស្អាត​។​

​          ​ចំពោះ​ម៉ូដ​សក់​វិញ​ ​យើង​ច្នៃ​ប្រតិដ្ឋ​ម៉ូដ​សក់​ដែល​សាមញ្ញ​ពី​ខាងក្រោយ​ ​ដោយ​ចង​កួច​ទម្លាក់​ទៅ​ខាងក្រោយ​ ​ឯ​ខាងមុខ​អាច​ច្បិច​យក​ម៉ូដ​ហ្វេ​ហ្សិ​ន​ទាន់សម័យ​ ​កាច់​ជា​ទម្រង់​ទឹករលក​បន្តិច​ដើម្បី​ឱ្យ​ស័ក្តិសម​ជាមួយនឹង​ការ​តុបតែង​មុខ​។​ ​ម៉ូដ​សក់​នេះ​ក៏​ជួយ​លើក​ឱ្យ​ទម្រង់​មុខ​មើលទៅ​ស្លី​ម​ទាក់ទាញ​ផង​ដែរ​។​
​ចំណែក​ឯកា​រ​ស្លៀកពាក់​ ​មិត្ត​នារី​អាច​ជ្រើសរើស​ម៉ូដ​អាវ​ឬ​សំពត់​ដែល​មាន​ពណ៌​ស្រដៀង​ទៅ​នឹង​ពណ៌​ផាត់​ភ្នែក​ដើម្បី​ឱ្យ​មើលទៅ​មាន​ភាព​ស៊ីមេទ្រី​គ្នា​។​ ​អាច​ជា​អាវ​ពណ៌​សមាន​ម៉ូដ​ខើច​ ​និង​សំពត់​ក្រឡា​សំណាញ់​ ​ដើម្បី​កុំ​ឱ្យ​មើលទៅ​សាមញ្ញ​ពេក​ ​និង​បន្ថែម​ជាមួយ​ស្បែកជើង​កែង​ជាការស្រេច​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN​


SUGGESTIONS