យុវជន សួនម៉ៃ សុផានិត បានបង្កើតជាពុម្ពអក្សរខ្មែរដាក់ឱ្យប្រើប្រាស់យ៉ាងទូលំទូលាយ ដើម្បីលើកកម្ពស់អក្សរខ្មែរ
NEWS one year agoយុវជនវ័យក្មេង ដែលមានកេរិ៍្តឈ្មោះក្នុងវិស័យនៃការរចនាម៉ាកសញ្ញា និងការរចនាពុម្ពអក្សរខ្មែរ បានផលិតពុម្ពអក្សរថ្មីៗជាច្រើនសម្រាប់ឱ្យប្រើប្រាស់ដោយឥតគិតថ្លៃ នៅលើប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រ និងទូរសព្ទ បន្ទាប់ពីលោកយល់ឃើញថា ចំនួនពុម្ពអក្សរខ្មែរនៅមានកម្រិតនៅឡើយ ដែលទាមទារឱ្យមានការផលិតបន្ថែមទៀតដើម្បីផ្ដល់ជាជម្រើសដល់អ្នកប្រើប្រាស់ និងបំពេញនូវតំលូវការរបស់យុគសម័យបច្ចេកវិទ្យាឱ្យកាន់តែមានភាពងាយស្រួលជាងមុន។ ពុម្ពអក្សរចំនួន១៦ ត្រូវបានដាក់ឱ្យទាញយកជាផ្លូវការហើយកាលពីពេលថ្មីៗនេះ ក្រោមការផលិតរបស់យុវជនជំនាញរចនាម៉ាកសញ្ញា លោកសួនម៉ៃ សុផានិត។ គោលបំណងនៃការផលិតពុម្ពអក្សរទាំងនេះឡើង គឺជាចលនាមួយក្នុងការលើកកម្ពស់ការផលិតពុម្ពអក្សរខ្មែរឱ្យកាន់តែមានភាពរស់រវើក និងសំបូរបែបជាងមុន ហើយដើម្បីជាគំរូដល់យុវជនជំនាន់ក្រោយឱ្យងាក់មករចនាពុម្ពអក្សរខ្មែរថ្មីផងដែរ។
អ្នកច្នៃប្រតិដ្ឋនៃគម្រោងរចនាពុម្ពអក្សររូបនេះបានយល់ឃើញថា ការផលិតពុម្ពអក្សរនេះក៏ជាស្មារតីគាំទ្រសមត្ថភាពអ្នករចនាពុម្ពអក្សររបស់ខ្មែរ ក៏ដូចជាការក្រើនរំឮកអំពីកម្មសិទ្ធបញ្ញា ខណៈដែលស្ថាប័នមួយចំនួនតែងរំលោភយកស្នាដៃពុម្ពអក្សរខ្មែរ ដោយមិនផ្ដល់ដំណឹងជូនដល់ម្ចាស់ស្នាដៃ។ បន្ថែមពីនេះលោកបានលើកឡើងថា “ខ្ញុំគិតថាចង់បង្កើតពុម្ពនេះ ដើម្បីបំផុសគំនិតឱ្យអ្នកប្រើប្រាស់ផ្ដល់តម្លៃលើពុម្ពអក្សរខ្មែរជាងមុន និងបំផុសគំនិតដល់អ្នករចនាដទៃទៀតឱ្យងាកមកច្នៃពុម្ពអក្សរដោយខ្លួនឯង។ ជាក់ស្ដែង ពុម្ពអក្សរខ្មែរបច្ចុប្បន្នមានជម្រើសតិចណាស់ក្នុងការជ្រើសរើសបើធៀបនិងពុម្ពអក្សរបរទេស”។ លោកសេរី ត្រូវចំណាយពេលជាច្រើន សម្រាប់ការស្រាវជ្រាវ ស្វែងរកគំនិតដើម្បីផលិតពុម្ពអក្សរថ្មី និងការគូរពុម្ពអក្សរ។ “ការរចនាពុម្ពអក្សរវាមានការលំបាក ព្រោះត្រូវរចនាអក្សរនីមួយៗនៅលើកម្មវិធីឌីស្សាញឱ្យមានភាពទាក់ទាញ បន្ទាប់មកទើបទាញពុម្ពអក្សរទាំងនោះចូលទៅក្នុងកម្មវិធី Fonts Creator ដើម្បីបង្កើតជាអក្សរ។ ចំណុចដែលសំខាន់ជាងគេនោះគឺចុងក្រោយយើងត្រូវត្រួតពិនិត្យ និងសាកល្បងប្រើអក្សរនីមួយៗឡើងវិញ ដើម្បីប្រាកដថាពុម្ពអក្សរទាំងអស់មានដំណើរការបានល្អ។” លោកបានលើកឡើង។
អ្នកជំនាញច្នៃពុម្ពអក្សររូបនេះ មានស្រុកកំណើតនៅទីក្រុងភ្នំពេញ ដែលបានបញ្ចាក់ការសិក្សាថ្នាក់បរិញ្ញាបត្រព័ត៌មានវិទ្យានៅឆ្នាំ២០២១ ដែលសព្វថ្ងៃលោកបម្រើការងារនៅស្ថាប័នឯកជនមួយកន្លែងផ្នែក Graphic Design។ យោងតាមបទពិសោធ៍ជាច្រើនឆ្នាំ និងនៅក្នុងវិស័យនេះផ្ទាល់លោកបានយល់ឃើញថា អ្នកដែលចាប់យកអាជីបនេះបច្ចុប្បន្នគឺមានតិចណាស់ ដែលធ្វើឱ្យលោកមានភាពសោកស្ដាយជាខ្លាំងចំពោះការរចនាពុម្ពអក្សរខ្មែរ ដោយមិនសូវទាក់ទាញសិស្សនិស្សិតភាគច្រើនឱ្យរើសយកជាអាជីព ឬយកគំនិតដែលខ្លួនមានមកច្នៃឱ្យក្លាយជាពុម្ពអក្សរជាផ្លូវការឡើយ ដែលនេះជាចន្លោះប្រហោងទាំងការអភិវឌ្ឍអាជីព និងការអភិវឌ្ឍសង្គម។ បច្ចុប្បន្ននេះ ពុម្ពអក្សរទាំង១៦ ដែលមានឈ្មោះថា «KonKhmer AksorKhnhom, Konkhmer_RorBongPhtaes, KonKhmer_Besdong, Konkhmer SleokChher, Kh Phanith Bobble, Konkhmer_Songha, KonKhmer_NakChomBang, Konkhmer_ChokChey, KonKhmer AS ME, KonKhmer_AekReachAngKor, KonKhmer PheasaKomnith, KonKhmer Stress,, KonKhmer Moul, Konkhmer DuyMech, Konkhmer Arom និង KonKhmer Jivit Nis» បានដាក់ឱ្យប្រើប្រាស់រួចកំពុងមានការគាំទ្រពីសំណាក់អ្នកប្រើប្រាស់ជាបន្តបន្ទាប់។
លោក សួនម៉ៃ សុផានិត សង្ឃឹមថា ក្រៅពីការគាំទ្រពុម្ពអក្សរខ្មែរទាំង១៦ ក៏នឹងបានទទួលមតិត្រលប់មកវិញពីសំណាក់អ្នកប្រើប្រាស់ ដើម្បីជាគំនិតច្នៃពុម្ពអក្សរបន្ថែមទៀត ដែលគ្រោងនឹងចេញឱ្យប្រើនាខែបន្តបន្ទាប់ឱ្យកាន់តែមានភាពទាក់ទាញ និងងាយស្រួលប្រើប្រាស់ជាងមុន។ លោក ក៏អំពាវឱ្យអ្នកប្រើប្រាស់ទាំងអស់ឱ្យចូលរួមគាំទ្រពុម្ពអក្សរខ្មែរ ដើម្បីលើកកម្ពស់ស្មារតីរចនាអក្សរខ្មែរ ក៏ដូចជាចូលរួមគោរពសិទ្ធអ្នកផលិតឱ្យបានខ្ជាប់ខ្ជួន ដើម្បីលើកទឹកចិត្តអ្នកផលិតឱ្យបន្តការរចនារបស់ខ្លួនបន្តទៀត។ “ទៅថ្ងៃអនាគតខ្ញុំសង្ឃឹមថា ខ្ញុំនឹងអាចបង្កើតក្រុមចែករំលែកចំណេះដឹងពាក់ព័ន្ធអំពីការបង្កើតពុម្ពអក្សរខ្មែរ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋយើងងាកមកគាំទ្រវិស័យនេះឱ្យកាន់តែទូលំទូលាយ។” លោកបានលើកឡើង។ គួរបញ្ជាក់ថា ពុម្ពអក្សររបស់លោកអាចទាញយកដោយឥតគិតថ្លៃនិងអាចប្រើប្រាស់បានដោយសេរីទាំងការប្រើប្រាស់ឯកជន និងការប្រើប្រាស់ក្នុងការធ្វើពាណិជ្ជកម្ម។ ដើម្បីទាញយកពុម្ពអក្សរទាំង១៦សូមចូលទៅកាន់តំណភា្ជប់ដូចខាងក្រោម៖ Suon May Sophanith
Article by NI CHANNIKA