×

លោក​ ​អ៊ុក​ ​ជឹម​វិចិត្រ​ ​ធនធាន​ដ៏​ក​ម្រ​ពោរពេញ​ដោយ​សមត្ថភាព​សិល្បៈ

NEWS 11 months ago
 
 

           ​បើ​យើង​និយាយ​ពី​សិល្បៈ​គឺ​មាន​ភាព​ទូលំទូលាយ​ណាស់​ ​វា​មាន​ច្រើន​ទម្រង់​ ​លាយឡំ​ទៅ​ដោយ​ការ​ច្នៃ​ប្រតិដ្ឋ​ ​គំនិត​បង្កើត​ថ្មី​គ្មាន​ទី​បញ្ចប់​។​ ​ជាក់ស្តែង​ ​សិល្បករ​ខ្មែរ​មួយ​រូប​ដែល​បាន​ចូលរៀន​នៅ​សាកលវិទ្យាល័យ​វិចិត្រសិល្បៈ​តាំង​ពីក្មេង​រហូតដល់​រៀន​បញ្ចប់​បរិញ្ញាបត្រ​ ​រៀន​ ​និង​រស់នៅ​ជាមួយ​សិល្បៈ​ពហុ​ជំនាញ​ច្រើន​ទម្រង់​ទាំង​បុរាណ​ ​និង​សម័យ​ ​រហូត​មាន​ជំនាញ​បង្កើត​បានជា​សិល្បៈ​បែប​សម័យថ្មី​ ​រសជាតិ​ថ្មី​ ​តែ​ឈ​រលើ​រចនាបថ​មូលដ្ឋាន​របស់​ដូនតា​យើង​។

លោក​ ​អ៊ុក​ ​ជឹម​វិចិត្រ

           លោក​ ​អ៊ុក​ ​ជឹម​វិចិត្រ​ ​ឬ​ត្រូវ​បាន​គេ​ស្គាល់​លោក​លើ​បណ្តាញ​សង្គម​ថា​ ​V​i​c​h​e​t​ ​Peace​ ​Art​s ​។​ ​លោក​គឺជា​វិចិត្រករ​ពហុ​ជំនាញ​មួយ​រូប​ពោរពេញ​ដោយ​សមត្ថភាព​ ​ពោល​គឺ​លោក​ចេះ​ទាំងគូ​រ​គំនូរ​គ្រប់​ប្រភេទ​ ​ការ​ធ្វើ​ចម្លាក់​ ​ហើយ​បច្ចុប្បន្ន​លោក​ចាប់អារម្មណ៍​ ​និង​ផ្តោត​ទៅលើ​ការងារ​ច្នៃ​ដែក​ដែល​ត្រូវ​បាន​គេ​បោះបង់​ចោល​មក​ធ្វើ​រូប​សិល្បៈ​សម្រាប់​តាំង​លម្អ​ដ៏​មាន​តម្លៃ​។​ ​លោក​ ​វិចិត្រ​ ​បាន​ចាប់​យក​ជំនាញ​នេះ​តាំងពី​អំឡុង​ឆ្នាំ​២​០​០​០​ជាង​ ​ដោយមាន​រោងជាង​តូច​មួយ​ក្នុង​ផ្ទះ​ ​រហូត​បាន​បង្កើត​រោងជាង​សម​ល្មម​មួយ​ ​និង​លោក​បាន​បណ្តុះបណ្តាល​ក្រុម​ការងារ​ច្នៃ​រូប​សិល្បៈ​នេះ​រហូតមកដល់​បច្ចុប្បន្ន​។​ ​លោក​បាន​បង្ហើប​អំពី​គោលបំណង​សំខាន់​ជាងគេ​ដែ​លោក​សម្រេច​ជ្រើស​យក​ជំនាញ​ច្នៃ​រូប​សិល្បៈ​នេះ​ ​គឺ​ចង់​ឱ្យ​ពិភពលោក​បាន​ស្គាល់​ប្រទេស​កម្ពុជា​របស់យើង​ទាំងអស់គ្នា​ ​តាមរយៈ​រូប​សិល្បៈ ​និង​ទទួល​បានការ​កោត​ស​សើ​រ​ពី​ការ​ច្នៃ​ប្រតិដ្ឋ​សម័យថ្មី​នេះ​ដែល​ជា​ស្នាដៃ​កូនខ្មែរ​ឱ្យ​បាន​ច្រើន​។​ ​ជាក់ស្តែង​ ​ស្នាដៃ​របស់​លោក​មិន​ត្រឹមតែ​ត្រូវ​បាន​គេ​ទទួលស្គាល់​នៅ​ក្នុង​ប្រទេស​ប៉ុណ្ណោះ​ទេ​ ​តែ​ក៏មាន​គេ​ជាវយក​ទៅបរទេស​ជាច្រើន​ប្រទេស​ ​រហូតដល់​សហរដ្ឋ​អា​មេ​រិ​ច​ ​ដោយ​ដាក់​តាំង​បង្ហាញ​សា្ន​ដៃ​សិល្បៈ​របស់​លោក​នៅ​ក្នុង​សា​រ​មន្ទីរ​មួយ​នៃ​ ​University​ o​f​ ​M​i​c​h​i​gan​ (U​M​MA​) ​ជា​ចម្លាក់​រូប​អប្សរា​កាច់​បំផ្លាញ​កាំភ្លើង​។​ ​រូប​ចម្លាក់​សិល្បៈ​នេះ​ជា​រូប​មួយ​ក្នុងចំណោម​រូប​សិល្បៈ​ផ្សេងទៀត​ដែល​ត្រូវ​បាន​គេ​ចាប់អារម្មណ៍​ខ្លាំង​លើ​ស្នាដៃ​របស់​លោក​។​

Image Coutesy : VICHET PEACE ARTS

           ចំពោះ​ការ​ច្នៃ​រូប​សិល្បៈ​នេះ​ ​លោក​បាន​បង្ហើប​អំពី​គំនិត​នៃ​ការ​ច្នៃ​ម៉ូត​នីមួយៗ​ ​ដោយ​វិចិត្រករ​រូប​នេះ​បាន​ដក់​ស្រង់​ពី​ស្នាដៃ​ដូនតា​ខ្មែរយើង​ ​ការស្រមើស្រមៃ​ដោយធ្វើ​យ៉ាងណា​ឱ្យ​មាន​ភាព​ច្នៃ​ប្រតិដ្ឋ​មិន​ច្រំដែល​មក​បង្កើត​ជា​រូប​សិល្បៈ​ថ្មី​មួយ​មិន​ចម្លង​ពី​គេ​ ​តែ​នៅ​រក្សា​កេរមរតក​ដូនតា​ជានិច្ច​។​ ​ទន្ទឹម​នឹង​នេះ​ ​វត្ថុធាតុដើម​សំខាន់​ៗ​លោក​បាន​ជ្រើសរើស​យកមក​ធ្វើ​ ​តួយ៉ាង​ ​ដែក​គ្រប់​ទម្រង់​ចាស់​ថ្មី​ ​គ្រឿងបន្លាស់​ផ្សេងៗ​ជា​ចម្បង​ ​មាន​ឈើ​ ​ថ្ម​ ​ស៊ីម៉ង់​តិ៍ ​និង​របស់របរ​ជាច្រើន​ទៀត​ដែលគេ​បោះចោល​។​ ​ថ្វីបើ​គ្រាន់តែ​ជា​ដែក​ ​ឬ​របស់​ដែលគេ​មិន​ត្រូវការ​មែនពិត​ ​តែ​លោក​ ​វិចិត្រ​ ​បាន​កែច្នៃ​ធ្វើ​ឱ្យ​របស់​ទាំងនោះ​ប្រែក្លាយ​មក​ជា​វត្ថុ​ដ៏​មាន​តម្លៃ​។​ “​គុណ​តម្លៃ​នៃ​រូប​សិល្បៈ​នីមួយៗ​ ​គឺ​ត្រូវ​បាន​ច្នៃ​ម៉ូត​ថ្មី​ជានិច្ច​ ​ហើយ​មានតែ​មួយ​ប៉ុណ្ណោះ​ ​ទុក​កាន់តែ​យូរ​កាន់តែ​មាន​តម្លៃ​ទ្វេ​ដង​ ​ព្រោះ​វា​កើត​ចេញពី​សិល្បករ​ដែល​ល្បីឈ្មោះ​មាន​ជំនាញ​ច្បាស់លាស់​ ​រាប់​តាំងពី​ការ​ចេញ​ម៉ូត​ ​ការ​ជ្រើសរើស​គ្រឿង​ប​ង្គុំ ​អ្វី​ដែល​សំខាន់​គឺ​មិន​ចម្លង​ពី​គេ​ឡើយ​។​” ​សិល្បករ​ ​អ៊ុក​ ​ជឹម​វិចិត្រ​ ​បាន​លើកឡើង​។​ ​បើ​និយាយ​ពី​ដំណាក់កាល​ធ្វើ​វិញ​ ​ត្រូវ​ឆ្លងកាត់​ច្រើន​ដំណាក់កាល​ ​រួម​ទាំង​ការ​អត់ធ្មត់​ ​ការ​សិក្សាស្រាវជ្រាវ​ ​ការរៀបចំ​វត្ថុធាតុដើម​ ​ការ​ចេះ​រៀបចំ​ក្រុម​ការងារ​ដែល​មាន​ជំនាញ​ត្រូវនឹង​រូប​សិល្បៈ​នីមួយៗ​ ​ជាពិសេស​ពេល​ធ្វើមាន​រយៈពេល​យូរ​ ​ព្រោះ​ទម្រាំ​បាន​សម្រេច​រូប​នីមួយៗ​គឺ​ត្រូវ​គិតគូរ​ពី​បច្ចេកទេស​ការងារ​ពាក់ព័ន្ធ​សុខភាព​ ​និង​សុវត្ថិភាព​ផង​ដែរ​។​ ​ស្រប​ជាមួយគ្នា​នេះ​ ​វា​ក៏មាន​ផល​លំបាក​តាំងពី​ចាប់ផ្តើម​ធ្វើ​រហូតដល់​បញ្ចប់​ ​ដោយ​ត្រូវ​រក​វត្ថុធាតុដើម​មក​ដាក់បញ្ចូល​គ្នា​ឱ្យ​សម​ស្អាត​ ​ការ​កែតម្រូវ​ច្រើនដង​ ​ទម្រាំ​ផ្គុំ​ត្រូវ​ស្អាត​ដូច​អ្វី​ដែល​យើង​ចង់បាន​។​ ​ចំណែក​តម្លៃ​វិញ​គឺ​អាស្រ័យ​ទៅតាម​រូប​សិល្បៈ​នីមួយៗ​ ​ជាក់ស្តែង​មាន​តម្លៃ​ចាប់ពី​ ​៥​០​ដុល្លារ​ ​រហូតដល់​១​០​០​០​០​០​ដុល្លារ​ ​ផ្អែក​ទៅតាម​អ្វី​ដែល​ធ្លាប់ធ្វើ​កន្លងមក​។​ ​តែ​យ៉ាងណា​ស្នាដៃ​ទាំងនេះ​ពិតជា​ស័ក្តិសម​នឹង​តម្លៃ​ ​ព្រោះ​សា្ន​ដៃ​ផុស​ចេញពី​គំនិត​ច្នៃ​ប្រតិដ្ឋ​ពោរពេញ​ដោយ​សិល្បៈ ​ហើយ​គ្រប់​ដំណាក់កាល​គឺ​ត្រូវ​បាន​ធ្វើ​យ៉ាង​យកចិត្តទុកដាក់​ ​និង​ធ្វើ​ដោយដៃ​យ៉ាង​ប្រុងប្រយ័ត្ន​។

Image Coutesy : VICHET PEACE ARTS

           ងាក​មក​ជ្រាប​អំពី​ជីវប្រវត្តិ​របស់​សិល្បករ​រូប​នេះ​វិញ​ ​លោក​ ​អ៊ុក​ ​ជឹម​វិចិត្រ​ ​មាន​វ័យ​៤​២​ឆ្នាំ​ ​មាន​ស្រុកកំណើត​នៅ​ទី​ក្រុងភ្នំពេញ​។​ ​លោក​បាន​បញ្ចប់​ការសិក្សា​ជំនាញ​សូនរូប​បែប​ទំនើប​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​នៅ​ឆ្នាំ​២​០​០​៦​។​ ​នៅ​ឆ្នាំ​២​០​០​៣​ ​និង​២​០​០​៤​ ​លោក​ជា​និស្សិត​ខ្មែរ​មួយ​រូប​ដែល​បាន​បង្កើត​កម្រង​សិល្បៈ​សន្តិភាព​នៅ​កម្ពុជា​ដែល​បាន​ឧបត្ថម្ភ​ដោយ​សហភាព​អឺ​រ៉ុ​ប​ក្នុង​រូបភាព​ការ​ទប់​ស្កាត់​អាវុធ​ធុន​តូច​ ​និង​អាវុធ​ធុន​ស្រាល​នៅ​កម្ពុជា​។​ ​នេះ​ជា​ចំណុច​ស្នូល​នៃ​ការ​អភិវឌ្ឍ​ស្នាដៃ​សិល្បៈ​របស់​លោក​ ​រហូតដល់​បច្ចុប្បន្ន​ស្នាដៃ​របស់​លោក​បាន​ដាក់​តាំង​តាម​ស្ថាប័ន​ទាំង​សាធារណៈ​ ​និង​ឯកជន​មួយ​ចំនួន​ជុំវិញ​ពិភពលោក​។​ បច្ចុប្បន្ន​លោក​ជាម​ន្រ្តី​រាជការ​ ​និង​ជា​សា​ស្រ្តាចារ្យ​មួយ​រូប​ដែល​បង្រៀន​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN


SUGGESTIONS