តើនារីៗគួរតុបតែងសក់បែបណាទើបសក្តិសមសម្រាប់អ្នកដែលមានសក់ស្ដើង?
FASHION & BEAUTY 6 years agoសក់គឺជាសោភ័ណភាពមួយយ៉ាងសំខាន់សម្រាប់មនុស្សគ្រប់រូបមិនថាក្មេងមិនថាចាស់ប្រុសឬស្រីឡើយ។ មានស្រ្ដីមួយចំនួនមានសក់ស្ដើងដែលវាជាបញ្ហាសម្រាប់ពួកគេ ហើយអ្នក ខ្លះទៀតខ្លាចក្នុងការធ្វើម៉ូដសក់ ព្រោះមើលទៅវាមិនមានភាពស្រស់ស្អាតដូចអ្នកដែលសក់ក្រាស់។ ដូច្នេះបានជានៅពេលដែលមានកម្មវិធីពិសេសម្ដងៗ សុភាពនារីដែលមានសក់ស្ដើងពិបាកក្នុងការជ្រើសរើសធ្វើម៉ូដសក់យ៉ាងខ្លាំង។ ជាការពិតណាស់ការធ្វើម៉ូដសក់តែងតែមានលក្ខណៈខុសៗគ្នាទៅតាមចំណង់ចំណូលចិត្ដរៀងៗខ្លួន ប៉ុន្តែក៏ត្រូវគិតថាម៉ូដសក់ណាសក្តិសមនឹងប្រភេទសក់របស់អ្នកផងដែរ។ ភាពស៊ីវិល័យ ភាពទាន់សម័យ ភាពទាក់ទាញ មិនអាចមើលតែទៅលើសម្លៀកបំពាក់ និងគ្រឿងអលង្ការនោះទេ តែសក់ក៏ជាផ្នែកមួយនៃការតុបតែងខ្លួនផងដែរ។ នារីគ្រប់រូបរមែងនិងរចនាម៉ូដសក់ទៅតាមស្ទីលរៀងៗខ្លួន។ដោយសារសុភាពនារីដែលមានសរសៃសក់ស្ដើងគាត់មានផលលំបាកក្នុងការតុបតែងម៉ូដបន្តិចត្រង់ថាបើធ្វើទៅមិនទំនងនោះ នឹងឃើញទម្រង់ក្បាលរបស់គាត់កាន់តែធ្វើឱ្យឃើញច្បាស់នូវសរសៃសក់រាបស្មើ។ ទន្ទឹមនឹងនេះដែរ សូវរីន បានបង្ហាញជូននូវម៉ូដសក់ចំនួន២ម៉ូដដែលសក់សក្តិសមបំផុតសម្រាប់សុភាពនារីដែលមានសរសៃសក់ស្ដើង។
ដូចដែលបានបង្ហាញជូនក្នុងរូបភាពស្រាប់សម្រាប់ម៉ូដសក់មូររួញភ្លីធំៗដូចទឹករលកនេះ ព្រោះតែអ្នកជំនាញម៉ូដសក់យើងចង់បង្ហាញឱ្យឃើញសក់រាងសំពោងបន្តិច ប៉ុន្តែមានភ្លីរៀបរយស្អាតដែលអាចបិទបាំងនូវសក់ស្ដើងរបស់អ្នកបាន ដោយអ្នកជំនាញយើងបានមូរសរសៃសក់ម្ដងមួយដុំៗគៀបដោយដង្កៀបខ្មៅ រួចទុកមួយសន្ទុះបានធ្វើការរលាវាចេញជារាងភ្លីទឹករលកយ៉ាងស្រស់ស្អាត។ ចំណុចមួយទៀតនៅផ្នែកខាងមុខនៃសក់ អ្នកជំនាញយើងបានសាប់សក់ធ្វើឌឺមីបកឡើងលើដើម្បីលើកឱ្យឃើញសក់ក្រាស់និងបិទបាំងរាល់ចំណុចខ្វះខាត (សក់ស្ដើង) ដែលមាន។ ម៉ូដសក់នេះថ្វីត្បិតតែសាមញ្ញបន្តិច ប៉ុន្តែវាបង្កប់ទៅដោយភាពទាន់សម័យ និងមានរសនិយមខ្លាំងសម្រាប់សុភាពនារីដែលមានសរសៃសក់ស្ដើងអាចធ្វើចូលរួមគ្រប់កម្មវិធីរាត្រីសមោរសបានប្រកបដោយភាពជឿជាក់។
សម្រាប់សុភាពនារីដែលមានសក់ស្ដើងហើយមិនសូវពេញចិត្តជាមួយម៉ូដសក់ទម្លាក់អ្នកអាចជ្រើសរើសម៉ូដសក់ដែលអ្នកជំនាញយើងបានបង្ហាញជូនដោយគាត់បានបែងចែកសក់ជាពីរផ្នែកខាងមុខនិងខាងក្រោយ។ ដោយផ្ទៃខាងមុខនៃសក់អ្នកជំនាញយើងបានធ្វើការសាប់សក់អោយសំពោងបន្តិច ដើម្បីឱ្យមើលទៅឃើញសក់ក្រាស់ បន្ទាប់មកផ្នែកខាងក្រោយអ្នកជំនាញបានសាប់សក់ឱ្យរាងសំពោងដូចគ្នាបន្តិច រួចចាប់ចងដោយមានមូរជាភ្លីរួញនៅខាងចុងសក់ដើម្បីបង្កើនសោភ័ណភាពនៃម៉ូដសក់នោះ។ ម៉ូដសក់នេះពិតជាទាន់សម័យនឹងស៊ីវិល័យបំផុតសម្រាប់សុភាពនារីដែលមានសក់ស្ដើងអាចបិទបាំងចំណុចអវិជ្ជមានដែលមានលើសក់របស់អ្នកបានយ៉ាងស្រស់ស្អាត៕
Article by HENG CHANMAKARA