ទោះបីជារដូវក្ដៅបានមកដល់ក៏ពិតមែន ប៉ុន្តែសុភាពនារីមិនគួរបោះបង់នូវការផាត់មុខដើម្បីបង្កើនភាពស្រស់ស្រាយនៅលើផ្ទៃមុខឡើយ
FASHION & BEAUTY 6 years agoជាការពិតណាស់នៅពេលដែលរដូវក្ដៅបានចូលមកដល់ សុភាពនារីមួយចំនួនតែងតែ មិនសូវយកចិត្តទុកដាក់ក្នុងការតុបតែងផ្ទៃមុខនោះទេ ដោយពួកគាត់លើកអំណះអំណាងថា ផាត់មុខធ្វើអ្វីបើក្ដៅយ៉ាងនេះ! ប្រសិនបើអ្នកមានទម្លាប់នៃការគិតបែបនេះ អ្នកនឹងធ្វើឱ្យសម្រស់ផ្ទៃមុខរបស់ខ្លួនកាន់តែធ្លាក់ដុនដាបទៅ ហើយពេលខ្លះធ្វើឱ្យអ្នកដទៃដែលនៅជុំវិញអ្នក ក្រឡេកមកឃើញអ្នកមានសភាពចាស់ជាងអាយុថែមទៀតផង។ ប៉ុន្តែពេលខ្លះសុភាពនារីមួយចំនួនមិនបានយល់ដឹងពីការផាត់មុខសម្រាប់រដូវកាលនីមួយឡើយ បើតាមអ្នកជំនាញខាងផ្នែកប្រាប់មុខបានបង្ហាញឱ្យដឹងថា ការផាត់មុខមិនធ្វើឡើងតែមួយរបៀបហើយប្រើក្នុងរដូវកាលណាក៏បាននោះទេ។ ជាក់ស្ដែងការផាត់មុខក៏មានការបែងចែករបៀបផាត់ទៅតាមរដូវកាល នឹងកម្មវិធីដែលអ្នកត្រូវទៅចូលរួមផងដែរ។ ដូចដែល សូវរីន ធ្លាប់បានធ្វើការបង្ហាញជូនពីរបៀបនៃការផាត់ទៅតាមកម្មវិធីនីមួយៗ ដល់ប្រិយមិត្តបានជ្រាបកាលពីលេខមុនៗ កន្លងមកហើយ ប៉ុន្តែដោយឡែកសម្រាប់លេខថ្មីនេះ សូវរីន សូមបង្ហាញពីរបៀបនៃការផាត់ក្នុងរដូវក្ដៅ ព្រមជាមួយការធ្វើម៉ូដសក់បែបសាមញ្ញៗ ប៉ុន្តែបង្កប់ទៅដោយភាពទាន់សម័យទៅតាមរដូវកាលនេះផងដែរ។
សម្រាប់ទំនោរនិយមនៃការផាត់មុខក្នុងរដូវក្ដៅនេះ សុភាពនារីមិនចាំបាច់លាបម្សៅទ្រនាប់ ឬផាត់ម្សៅក្រាស់ៗពេកនោះទេ ព្រោះវាអាចបណ្ដាលឱ្យកកម្សៅមើលទៅមិនស្រស់ស្រាយ។ មុននឹងផាត់ប្រើម្សៅទ្រនាប់ អ្នកគួរតែលាបប្រភេទក្រែមការពារកម្ដៅថ្ងៃដើម្បីបង្កាការកើតរោលឬរមាស់នៅលើស្បែកមុខ។ ដោយឡែកចំពោះការផាត់ពណ៌ត្របកភ្នែក ជាដំបូងអ្នកត្រូវយកConcealer មកលាបជុំវិញត្របកភ្នែកខាងលើ និងខាងក្រោមជាមុនសិនដើម្បីបិទបាំងភាពស្លក់ខ្មៅនៃរង្វង់ភ្នែក។ បន្ទាប់មកចូរអ្នកយកពណ៌សាច់ ឬពណ៌ពងមាន់ស្រាលដែលមានជាតិស្អិតនឹងភ្លឺបន្តិចមកលាបពីលើត្របកភ្នែក និងក្រោមត្របកភ្នែកដូចគ្នាហើយបន្ថែមពីលើនូវពណ៌ទឹកក្រូចស្រាល ព្រោះពណ៌នេះហ្នឹងធ្វើឱ្យរង្វង់ភ្នែករបស់អ្នកពោរពេញទៅដោយភាពស្រស់ស្រាយក្នុងរដូវក្ដៅនេះ។ បន្ទាប់មកសុភាពនារីអាចបន្ថែមជាមួយការលាបម៉ាស្ការ៉ា ត្រង់រោមភ្នែកបន្តិចដើម្បីបង្កើនសោភ័ណភាព និងភាពទាក់ទាញត្រង់រង្វង់ភ្នែកឱ្យកាន់តែស្រស់ស្អាតទេ្វដង។ ដោយឡែកសម្រាប់ការផាត់ពណ៌ថ្ពាល់ដ៏សក្តិសមសម្រាប់រដូវកាលនេះ គឺយើងត្រូវជ្រើសរើសយកពណ៌ពង់មាន់ស្រាល ហើយផាត់អូសស្រមោលពណ៌សូកូឡាស្រាលដើម្បីបង្កើតត្រេមុខដ៏ស៊ីចស៊ីពោរពេញទៅដោយភាពស្រស់ស្រាយក្នុងរដូវក្ដៅនេះ។ សម្រាប់ពណ៌បបូរមាត់សុភាពនារីអាចជ្រើសរើសពណ៌ទឹកក្រូចស្រាល ព្រោះវាជាពណ៌ដ៏សក្តិសមបំផុតក្នុងរដូវក្ដៅនេះ នៅពេលដែលអ្នកបានលាបវានៅលើបបូរមាត់ហើយនោះវានឹងធ្វើឱ្យអ្នកមានទំនុកចិត្តក្នុងការបញ្ចេញស្នាមញញឹមទៅកាន់អ្នកដែលនៅជុំវិញខ្លួន។
ម៉ូដសក់សម្រាប់រដូវក្ដៅនេះហាក់មិនមានភាពសាំញុំា និងស្មុគស្មាញដែលនាំឱ្យសុភាពនារីពិបាកក្នុងការតុបតែងនោះឡើយពោលគឺ សុភាពនារីគ្រាន់តែច្រូងសក់ទៅក្រោយឱ្យអស់ហើយបន្ថែមជាមួយជែលដែលធ្វើឱ្យសក់អ្នកមើលទៅសើមបន្តិចៗ វានឹងបង្កើនភាពលេចធ្លោ និងទាក់ទាញយ៉ាងខ្លាំងក្នុងរដូវក្ដៅនេះ៕
Article by HENG CHANMAKARA