×

ការ​ប្តូរ​ពណ៌​សក់​តាម​បែប​ធម្មជាតិ​

FASHION & BEAUTY 6 years ago
 
 

          ថ្វីត្បិតតែការ​ប្តូរ​ពណ៌​សក់​បាន​បង្ហាញ​ពីរ​ស​និយម​ផ្ទាល់​ខ្លួន​ក៏​ដូចជា​ភាព​ស៊ី​វិល័យ​របស់​សុភាព​នារី​យើង​នា​ពេល​បច្ចុប្បន្ន​នេះ​យ៉ាង​ណាក្តី ប៉ុន្តែ​វា​ក៏​បាន​ពាំ​នាំ​មក​នូវ​កត្តា​អវិជ្ជ​មាន​ជា​ច្រើន​ផង​ដែរ ដែល​យើង​គួរ​តែយក​ចិត្ត​ទុក​ដាក់​ខ្ពស់។ ជាការ​ពិត​ណាស់​ដើម្បី​ទទួល​បាន​នូវ​ពណ៌​សក់​គួរ​ជាទី​ពេញ​ចិត្ត យើង​​ម្នាក់ៗ​តែង​ងាក​ទៅ​រក​សេវា​កម្ម​លាប​ពណ៌​សក់​នៅ​តាម​ហាងកែសម្ជស្ស​នានា ឬ​ជ្រើសរើស​ប្រើ​នូវ​ថ្នាំ​លាប​ពណ៌​ដែល​មាន​ផ្ទុក​នូវ​សារ​ធាតុ​គីមី​ដោយ​ខ្លួន​ឯង​ផ្ទាល់។ តើ​អ្នក​មាន​ដឹងទេថាការលាប​ពណ៌​សក់​នេះ វាអាចបង្ក​ឲ្យ​កើត​មាន​នូវ​ប្រតិកម្ម​អាឡែកហ្ស៊ី​ដ៏​ធ្ងន់ធ្ងរ? ដើម​ចម​នៃ​អាឡែកហ្ស៊ី​ទាំង​នេះ​គឺ​បណ្តាល​មកពី​សារ​ធាតុ​ម្យ៉ាង​ដែល​ហៅ​ថា “ផារ៉ាភីនីលិណិឌាមីន” (Paraphenylenediamine) ឬ​ភីភីឌី។ រោគសញ្ញា​ដែល​តែង​តែ​កើត​មាន​ឡើង​ជាញឹកញយ​នោះ​គឺការ​រមាស់​ស្បែក​ក្បាល ស្នាមក្រហម​ឬ​ហើម​នៅ​លើស្បែក​ក្បាល ការជ្រុះសក់ អង្គែ ការហើម​នៅ​ខាង​ក្រោម​ភ្នែក និង​ត្របក​ភ្នែក ក៏​ដូចជា​កើត​មាន​នូវ​ស្បែក​ប្រេះស្រកា​នៅ​បរិវេណ​ផ្ទៃ​មុខ​ជា​ដើម។ មិន​តែ​ប៉ុណ្ណោះ វា​ធ្វើ​ឲ្យ​បាត់​បង់​នូវ​ជាតិ​សំណើម​នៃ​ឬ​សសក់​ដែល​នាំ​ឲ្យ​សរសៃ​សក់​មាន​ភាព​ស្ងួត​និង​ផុយស្រួយ ព្រម​ទាំង​បាត់​បង់​នូវ​ភាពភ្លឺចែងចាំង​នៃ​សរសៃ​សក់​ផង​ដែរ។ លើស​ពី​នេះ​ទៅ​ទៀត តាម​ការ​សិក្សា​​ស្រាវជ្រាវ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា អ្នក​ដែល​ទទួល​រង​នូវ​ការ​ប៉ះពាល់​ពីការលាប​ពណ៌​សក់​នៅ​ក្នុង​កម្រិត​អតិបរមា​មួយ​នោះ​នឹង​ត្រូវ​ប្រឈម​មុខ​ទៅ​នឹង​អាឡែកហ្ស៊ី​ស្បែក និង​ជំងឺ​ហឺត ហើយ​សារ​ធាតុ​ភីភីឌីអាច​ឈាន​ទៅ​បំផ្លាញ​កោសិកាឌីអិនអេ​របស់​មនុស្ស​យើង​ដែល​អាច​បណ្តាល​ឲ្យ​កើត​មាន​ជំងឺ​មហា​រីក​ក៏​មាន។

          ហេតុ​ដូច្នេះ​​ហើយ ដើម្បី​បញ្ចៀស​​នូវ​ផល​ប៉ះពាល់​ជា​ច្រើន​នេះ អ្នក​ក៏​អាចងាកមក​ទទួល​យក​នូវ​បទ​ពិសោធន៍​ថ្មី​មួយ​នៃ​ការ​ផ្លាស់​ប្តូរ​ពណ៌​សក់​តាម​បែប​ធម្ម​ជាតិ​វិញ​ម្តង ដែល​មិន​បណ្តាល​ឲ្យ​ប៉ះពាល់​សុខភាព មិន​ចំណាយ​ថវិកា​ច្រើន និង​ទទួល​បាន​នូវ​ភាពស្រស់​ស្អាត​ដែល​នឹកស្មាន​មិន​ដល់​ថែម​ទៀត​ផង។ ចូរអាន​នូវ​វិធី​សាស្រ្ត​ងាយៗ​ខាង​ក្រោម​នេះ​ដើម្បីស្វែង​យល់​ពីការ​ប្តូរ​ពណ៌​សក់​តាម​បែប​ធម្ម​ជាតិ។

          កាហ្វេ៖ កាហ្វេ​គឺជា​ឱសថ​ដ៏​ស័ក្តិ​សិទ្ធិ​ក្នុង​ការ​ប្តូរ​ពណ៌​សក់​ឲ្យ​ក្លាយ​ទៅ​ជា​ពណ៌​ខ្មៅ​រលោង​ស្រិល​ដើម្បីបិទបាំង​នូវ​សក់ស្កូវ ឬ​ក៏​ដើម្បី​បន្ថែម​កម្រិត​ពណ៌​ខ្មៅ​ទៅ​ដល់​គល់សក់​របស់​អ្នក។ ចូរឆុង​កាហ្វេ​ឲ្យ​ចាស់​ខ្លាំង រួច​ទុកវា​ឲ្យ​ត្រ​ជាក់ បន្ទាប់​មកលាយ​កាហ្វេ​ចំនួន​មួយ​ពែងជា​មួយ​នឹង​ក្រែមបន្ទន់សក់ (Leave-in conditioner)​ ពីរ​ពែង និង​កាហ្វេ​ម៉ត់​ចំនួន​២​ស្លាបព្រា​បាយ។ ចូរលាប​ឲ្យ​សព្វ​នៅ​លើ​សរសៃ​សក់​និង​ទុក​ចោល​រយៈ​ពេល​ប្រហែល​ជា​មួយ​ម៉ោង សឹមលាងជម្រះ​ចេញ​ជា​មួយ​នឹង​ទឹក​ខ្មេះ​រស​ជាតិ​ផ្លែប៉ោម (Apple Cider Vinegar)។ ដើម្បី​ទទួល​បាន​លទ្ធផល​គួរ​ជាទី​ពេញ​ចិត្ត ចូរអនុ​វត្តន៍​នូវ​វិធី​សាស្រ្ត​នេះ​ចំនួន​ពីរ​ទៅ​បីដង។

          តែ៖ ក៏​ដូច​គ្នា​ទៅ​នឹង​កាហ្វេ​ផង​ដែរ តែអាច​ជួយ​ធ្វើ​ឲ្យ​សរសៃ​សក់​របស់​អ្នក​មាន​សភាព​ខ្មៅ​ដិត រួម​ទាំង​បំ​បាត់​នូវ​សក់ស្កូវថែម​ទៀត​ផង។ ប្រសិន​បើ​អ្នក​មាន​សក់​ពណ៌​ស្រាល ដូចជា​ពណ៌​ទង់ដែង​ជា​ដើម​​នោះ ប្រភេទ​តែ​ដែល​ស័ក្តិសម​បំផុត​សម្រាប់​អ្នក​គឺខាមូមិល (Chamomile)។ អ្នក​ត្រូវ​ឆុងតែ​ឲ្យ​រាង​ចាស់​​បន្តិច ដោយ​ប្រើ​តែ៣​ទៅ​៥​កញ្ចប់​តូចៗ​សម្រាប់​ទឹក​ចំនួន​២ពែង។ អ្នក​អាចលាបតែ​ដែល​ត្រ​ជាក់​នៅ​លើ​សរសៃ​សក់តែ​ម្តង​​ក៏​បាន​​ឬ​ក៏​លាយជា​មួយ​នឹង​ក្រែមបន្ទន់សក់​ដោយ​ទុក​ចោល​ប្រមាណ​ជា១​ម៉ោង​ឬ​យូរ​ជាង​នេះ ប្រសិន​បើ​អ្នក​ចង់​បាន​នូវ​ពណ៌​កាន់​តែដិត​ខ្លាំង។

          ទឹក​ក្រូចឆ្មារ៖ ប្រសិន​បើ​អ្នក​ចង់​លេង​ពណ៌​សក់​បែប​សាមញ្ញ​តែស្រស់​ស្អាត ទឹក​ក្រូចឆ្មារ​គឺជា​ជម្រើស​ដ៏​ប្រសើរ​មួយ។ ចូរ​ច្របាច់​ក្រូចឆ្មារ​ស្រស់​ដាក់​នៅ​ក្នុង​ដប​តូច​ល្មម រួច​បាញ់​វា​នៅ​លើ​សរសៃ​សក់​របស់​អ្នក​ឬ​ធ្វើ​ការ​ត្រដុស​ឲ្យ​សព្វ​ល្អ ទុក​ចោល​រយៈ​ពេល​ពី២​ទៅ​៣​ម៉ោង និង​ចុង​ក្រោយ​លាងជម្រះ​ចេញ​ជា​មួយ​នឹង​ទឹក​ខ្មេះ​រស​ជាតិ​ប៉ោម ឬ​លាយ​បញ្ចូល​​គ្នា​រវាង​ទឹក​ខ្មេះ​រស​ជាតិ​ប៉ោម​មួយ​សា្លបព្រាបាយជា​មួយ​នឹង​ទឹក​មួយ​ពែង រួច​សឹមច្រកវា​ដាក់​នៅ​ក្នុង​ដប​មួយ​សម្រាប់​បាញ់​នៅ​លើ​សរសៃ​សក់​បន្ទាប់​ពី​លាប​រួច។ ប្រសិន​បើ​អ្នក​ស្ថិត​នៅ​ក្រោម​កម្ដៅ​ថ្ងៃ​នោះ​សក់​របស់​អ្នក​នឹង​មាន​ពណ៌​កាន់​តែស្រាល​ជាង​មុន​ជាក់​ជា​មិន​ខាន​ឡើយ។ ចូរ​ធ្វើ​ការអនុ​វត្តន៍​នូវ​វិធី​សាស្រ្ត​នេះ​ឲ្យ​បាន ​២ ​ទៅ ​៣ដង​ឡើង​ទៅ ដើម្បី​ទទួល​នូវ​ប្រសិទ្ធិ​ភាព​ខ្ពស់។

          ទឹក​ការ៉ុត៖ ទឹក​ការ៉ុត​គឺជា​វី​តាមីន​ដ៏​ស័កិ្ត​សិទ្ធិ​ដែល​អាច​បន្ថែម​ពណ៌​ក្រហមព្រឿងៗ​នៅ​លើ​សរសៃ​សក់ធម្ម​ជាតិ​របស់​អ្នក​បាន​យ៉ាង​អស្ចារ្យ។ វិធី​សាស្រ្ត​មួយ​នេះ​គឺ​ពិត​ជាងាយស្រួល​មែន​ទែន​ដោយ​អ្នក​គ្រាន់​តែលាប​ទឹក​ការ៉ុត​ប្រមាណ​មួយ​ពែង​ប៉ុណ្ណោះ​នៅ​លើ​សរសៃ​សក់​ជាការ​ស្រេច។ បន្ថែម​ពី​នេះ​ទៀត អ្នក​ក៏​អាចលាយ​ប្រេង​ដូងជា​មួយ​នឹង​ទឹក​ការ៉ុត​ដើម្បី​ធ្វើ​ការបន្ទន់សក់​នៅ​ក្នុង​ពេល​តែ​មួយ​តែ​ម្តង​​ក៏​បាន។ បន្ទាប់​មក ចូរ​ធ្វើ​ការរុំសក់​ឲ្យ​ជិត​ល្អ​នឹង​ទុក​ចោល​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​ប្រមាណ​ជា១​ម៉ោង​សិន ទើប​ធ្វើ​ការលាងជម្រះ​ចេញ ដោយ​អមជា​មួយ​នឹង​ការ​បាញ់​នូវ​ស្រៃ្ពយ៍​បាញ់​សក់​ដែល​ផ្សំ​ឡើង​ពី​ទឹក​ខ្មេះ​រស​ជាតិ​ប៉ោម​របស់​អ្នក៕


SUGGESTIONS