×

បង្កើន​សម្រស់​ពី​ធម្មជាតិ​ដោយ​បន្ថែម​ជាមួយ​គ្រឿង​សម្អាង​បន្តិច​បន្តួច​

FASHION & BEAUTY 6 years ago
 
 

​          ការទុក​ឱ្យ​ផ្ទៃ​មុខ​នៅ​ទទេ ដោយ​គ្មាន​​បន្ថែម​ជា​មួយ​ការតុប​តែង​មុខ​​បន្តិច​បន្តួច​គឺជា​រឿង​ខុស​ឆ្គង​មួយ​សម្រាប់​ស្រ្ដី​គ្រប់រូប​មិន​គួរ​មើល​រំលង។ មិន​ថាសុភាពស្រ្ដី​ដែល​បំ​ពេញ​ការ​ងារ​ឬ​ជាស្ដ្រីមេ​ផ្ទះ​នោះ​ឡើយ គឺ​អ្នក​ត្រូវ​តែ​រៀបចំ​តុប​តែង​ផ្ទៃ​មុខ​បែប​ស្រាលៗជា​ប្រចាំ​ដើម្បី​លើក​សម្រស់​ផ្ទៃ​មុខ​របស់​អ្នក​ឱ្យ​កាន់​តែផូរ​ផង់។ សម្រាប់​លេខ​ថ្មី​នេះ​ទំព័រ​Makeover របស់ SOVRIN នឹង​បង្ហាញ​ជូន​ប្រិយ​មិត្ត​អ្នក​អាន​នូវ​ការ​រៀបចំ​តុប​តែង​ដែល​មើល​ទៅ​សាមញ្ញៗ ប៉ុន្តែ​ពោរ​ពេញ​ដោយ​ភាពស្រស់​ស្រាយ​សម្រាប់​រដូវ​កាល​នេះ។ ប្រសិន​បើសុភាព​នារី​ទាំង​ឡាយ​មិន​ចង់​ចំណាយ​ថវិកា​ខ្ជះខ្ជាយ​ច្រើន​រាល់​ពេល​មាន​កម្មវិធី​ជប់លៀង ឬ​ដំណើរ​កម្សាន្ត​ទៅ​កាន់​ទី​ជិត​ទីឆ្ងាយ​នោះ។ សុភាព​នារី​អាច​សាកល្បង Make Up តាម​ជំហាន​ដែល SOVRIN នឹង​ធ្វើ​ការ​បង្ហាញ​ជូន​ដូច​ខាង​ក្រោម​នេះ។

​          ១. ជា​ដំបូង​សុភាព​នារី​គួរ​តែ​ធ្វើ​ការសម្អាត​ផ្ទៃ​មុខ​ឲ្យ​បាន​ស្អាត​នឹង​ជូត​ឱ្យ​ស្ងួត អ្នក​អាចលាបម្សៅទ្រនាប់​អោយ​ពេញ​ផ្ទៃ​មុខ​ជា​មុន​សិន បន្ទាប់​មកលាបម្សៅ​ដោយ​ប្រើ​ជក់ផាត់វាស​ឲ្យ​ពេញ​នៅ​លើ​ផ្ទៃ​មុខ​ថើរៗ លៃ​យ៉ាង​ណាកុំ​ឱ្យ​វាក្រាស់ពេក។

​          ២. ការផាត់​ពណ៌​ត្របក​ភ្នែក ត្រូវ​យក​ពណ៌​សូ​កូឡា​ក្រម៉ៅមកលាបយកស្រមោល​នៅ​ខាង​ចុង​នៃ​ត្របក​ភ្នែក និង​ខាង​ចុង​នៃ​ភ្នែក​ខាង​ក្រោម​ដូច​គ្នា ហើយ​ទើប​យក​ពណ៌​ហាយឡាយស យកមក​គូស​នៅ​ខាង​ក្រោម​ភ្នែក​​បន្តិច​ដើម្បី​ជួយ​ឱ្យ​ពណ៌​ភ្នែក​មាន​ភាព​ទាក់​ទាញ​ជាការ​ស្រេច។

​          ៣. ការលាបម៉ាស្ការ៉ា​ត្រូវ​លាប​ឱ្យ​ក្រាស់​បន្តិច ព្រោះ​ដើម្បី​ជួយ​ឱ្យ​ភ្នែក​មាន​ភាពស្រស់​ស្អាត ដោយ​យើង​ពុំ​ចាំបាច់​ពាក់​នូវ​រោម​ភ្នែក​ក្លែង​ក្លាយ​នោះ​ទេ ដើម្បី​ឱ្យ​មើល​ទៅ​ឃើញ​បែប​ធម្ម​ជាតិ​​បន្តិច។

​          ៤. ការគូសចិញ្ចើម ត្រូវ​គូស​តាម​ទម្រង់​មុខ និង​ភ្នែក​ដែល​យើង​បាន​លាប​រួច​មក​ហើយ។

​          ៥. ការផាត់ថ្ពាល់កុំជ្រើសរើសយកពណ៌ក្រម៉ៅពេកត្រូវជ្រើស​រើសយកពណ៌ផ្កាឈូក ព្រោះពណ៌នេះជួយឱ្យមើល​ទៅឃើញមុខស្រស់​ស្រាយ​ស្រទន់និងក្មេងវ័យ។

​          ៦. បបូរមាត់ជា​ចំណុច​ដ៏​ទាក់​ទាញ​នឹង​លេចធ្លោរ​ហើយ​លើក​សម្រស់​ផ្ទៃ​មុខ​របស់​សុភាព​នារី សម្រាប់​ការផាត់​មុខ​បែប​ធម្ម​ជាតិ​បែប​នេះ អ្នក​ជ្រើសរើស​ក្រែម​ពណ៌​ឈូកស្រាល ឬ​ពណ៌​ណា​ដែល​ស្រាលៗ។

​          ​បន្ទាប់​ពី​ប្រិយ​មិត្ត​បាន​អាន​នូវ​តិកនិច​ក្នុង​ការតុប​តែង​មុខ​បែប​សាមញ្ញៗ ដែល​ពោរ​ពេញ​ទៅ​ដោយ​ភាព​ស៊ី​វិល័យមក​ហើយ​នោះ សូវរីន​សង្ឃឹម​នឹង​ជឿ​ជាក់​ថា​អ្នក​នឹង​ក្លាយ​ទៅ​ជា​នារី​សម័យ​ថ្មី​យ៉ាង​ពិត​ប្រាកដ ប្រសិន​បើ​អ្នក​សាកល្បងអនុ​វត្ត​តាម​ជំហាន​ខាង​លើ៕​

Article by HENG CHANMAKARA


SUGGESTIONS