រដូវបុណ្យចូលឆ្នាំចិនបានខិតជិតមកដល់ហើយ ក្រៅពីការអបអរសាទរទទួលឆ្នាំថ្មី អ្នកខ្លះក៏បានគម្រោងធ្វើដំណើរកម្សាន្ដនានា។ ថ្វីត្បិតតែការធ្វើដំណើរកំសាន្តផ្តល់អោយយើងនូវភាពរីករាយ និងការចងចាំដែលពុំអាចបំភ្លេចបានក៏ពិតមែន ប៉ុន្តែអ្នកច្បាស់ជាមិនចង់បន្សល់នូវបញ្ហាស្បែកផ្សេងៗក្រោយដំណើរកំសាន្តត្រូវបានបញ្ចប់នោះឡើយ។ សម្រាប់មិត្តនារី គប្បីចាប់អារម្មណ៍អំពីការថែទាំសុខភាពសម្រស់ផងដែរ ដោយសារតែសម្រស់អ្នកនឹងទទួលរងនូវការប៉ះពាល់ពីកំដៅព្រះអាទិត្យ ធូលីដី ទឹកសមុទ្រ សំណើមដែលមាននៅតាមមាត់សមុទ្រ ក៏ដូចជាការខ្សោះនូវជាតិទឹកក្នុងខ្លួន ព្រមទាំងខ្យល់ដែលមាននៅតាមតំបន់ព្រៃភ្នំជាដើម។ យ៉ាងណាមិញ ដើម្បីថែរក្សាសម្រស់របស់អ្នកពីការបំផ្លាញនានា ចូរសាកល្បងអនុវត្តតាមវិធីសាស្រ្តដ៏ល្អៗខាងក្រោមនេះដូចតទៅ៖
- ការពារស្បែកពីកម្ដៅព្រះអាទិត្យ៖ មិនថាអ្នកធ្វើដំណើរកំសាន្តទៅកាន់តំបន់ឆ្នេររឺតំបន់ព្រៃភ្នំនោះឡើយ ឡេការពារកម្ដៅថ្ងៃគឺតែងតែជាមិត្តដ៏ស្និទ្ធសា្នលរបស់អ្នកគ្រប់ពេលវេលា។ ដើម្បីទប់ទល់ពីការយាយីផ្សេងៗពីកម្ដៅថ្ងៃ ចូរគប្បីលាបនូវឡេការពារកម្ដៅថ្ងៃដែលមានសារធាតុ SPF30 ឬលើសពីនេះនៅលើមុខ ដៃ និងជើង អោយបាន២០នាទីមុននឹងចេញត្រូវថ្ងៃ។
- សម្អាតស្បែកជាប្រចាំ៖ ស្បែករបស់អ្នកនឹងទទួលរងនូវជាតិពុលនិងការបំផ្លាញនានាដោយមិនដឹងខ្លួន ខណៈដែលយើងបានចំណាយពេលវេលាជាច្រើនទៅទស្សនានៅកន្លែងផ្សេងៗ។ ដើម្បីបញ្ចៀសនូវស្នាមអុចខ្មៅ ការកើតមុន ការរបកស្បែក និងបញ្ហាស្បែកផ្សេងទៀត ការលាងសម្អាតស្បែកគឺជារឿងដ៏សំខាន់។ ការលាងសម្អាតស្បែកគឺជាថ្នាំបង្ការដ៏ស័ក្តិសិទ្ធិមួយប្រភេទ ដើម្បីទប់ទល់ទៅនឹងបាក់តេរី ធូលីដី និងវត្ថុមិនល្អចំពោះស្បែក។
- ផ្តល់សំណើមដល់ផ្ទៃមុខ៖ ក្រែមផ្តល់សំណើមនឹងជួយរក្សានូវជាតិទឹកនៃស្បែកមិនអោយបាត់បង់នោះឡើយ។ យ៉ាងណាមិញ ការប្រើនូវក្រែមដែលមានសភាពស្រាលអាចធានាបាននូវការការពារដ៏ល្អប្រសើរចំពោះស្បែកកំឡុងពេលធ្វើដំណើរកំសាន្ត។ រីឯទឹកជូតមុខវិញនោះ ក៏នឹងផ្តល់អោយមិត្តនារីយើងនូវភាពស្រស់ថ្លានៃស្បែក រួមទាំងបញ្ចៀសនូវបញ្ហាជាតិខ្លាញ់ដ៏គួរឲ្យធុញទ្រាន់ផងដែរ។ ប៉ុន្តែចំពោះអ្នកដែលមានស្បែកស្ងួត ពុំគួរប្រើនូវទឹកជូតមុខឡើយ។
- ជៀសវាងនូវការប៉ះពាល់ផ្ទៃមុខញឹកញាប់៖ ជាការពិតណាស់ យើងពុំបានដឹងនោះទេថាតើដៃរបស់យើងបានប៉ះពាល់ទៅនឹងមេរោគក៏ដូចជាពពួកបាក់តេរីមិនល្អអ្វីខ្លះនោះឡើយ ហើយនៅពេលដែលយើងយកដៃទៅប៉ះនឹងផ្ទៃមុខ គឺដូចជាកំពុងតែធ្វើការចម្លងនូវបាក់តេរីទាំងនោះឲ្យមកយាយីស្បែករបស់យើងដូច្នោះដែរ ដែលជាហេតុបណ្តាលឲ្យកើតមាននូវកន្ទួលរមាស់ និងការកើតមុនជាដើម។
- ញ៉ាំទឹកឲ្យបានច្រើន៖ ដើម្បីទទួលបាននូវជាតិទឹកគ្រប់គ្រាន់ដែលរាងកាយត្រូវការ ការទទួលទានទឹកឲ្យបានច្រើនគឺពិតជាមានសារសំខាន់ខ្លាំងណាស់ក្នុងកំឡុងពេលធ្វើដំណើរកម្សាន្ដ ដោយសារអាកាសធាតុក្ដៅនាំឲ្យកង្វះនូវជាតិទឹក។ ទឹកផ្ទុកនូវជាតិមេតាបូលីសឹម(Metabolism)ដែលអាចដុតរំលាយអាហារនៅក្នុងរាងកាយរបស់យើង និងជួយទ្រទ្រង់នូវសារជាតិទឹកក្នុងរាងកាយរបស់មនុស្សបានយ៉ាងល្អប្រសើរ។
- ប្រើប្រាស់នូវគ្រឿងសម្អាងដែលមិនជ្រាបទឹក៖ ជម្រើសដ៏ល្អបំផុតនៅក្នុងការតុបតែងមុខរបស់អ្នកកំឡុងពេលធ្វើដំណើរកំសាន្តនេះគឺជាការជ្រើសយកនូវប្រភេទគ្រឿងសម្អាងដែលមិនជ្រាបទឹក។ ជាការពិតណាស់ ប្រភេទគ្រឿងតុបតែងមុខទាំងនោះអាចផ្តល់នូវផ្ទៃមុខដ៏ស្រស់ផូរផង់បានពេញមួយថ្ងៃ។
- ការថែទាំសរសៃសក់៖ សរសៃសក់គឺជាផ្នែកមួយដែលងាយទទួលរងនូវការប៉ះពាល់ខ្លាំងជាងគេនៅពេលដែលយើងធ្វើដំណើរចេញទៅខាងក្រៅ។ សាប៊ូកក់សក់ និងក្រែមបន្ទន់សក់ដែលមានគុណភាពខ្ពស់ គឺជាវត្ថុសំខាន់ដែលអ្នកមិនគួរភ្លេចយកទៅតាមខ្លួននោះឡើយ។
- សម្លៀកបំពាក់ដ៏ស័ក្ដិសម៖ នៅពេលដែលនិយាយដល់ការធ្វើដំណើរកំសាន្ត សម្លៀកបំពាក់គឺជាធាតុចម្បងដែលជួយបំពេញបន្ថែមនូវមន្តស្នេហ៍របស់អ្នកអោយកាន់តែកើនឡើងទ្វេដង។ អ្នកអាចជ្រើសរើសនូវប្រភេទសម្លៀកបំពាក់ដែលខ្លួនពេញចិត្ត ប៉ុន្តែវាគួរតែជាប្រភេទដែលអាចផ្តល់ឲ្យអ្នកនូវផាសុកភាពពេញបរិបូរណ៍។ កំឡុងរដូវក្តៅនេះ សម្លៀកបំពាក់ដែលផលិតឡើងពីសាច់គូតុង(Cotton) នឹងផ្តល់អោយអ្នកនូវអារម្មណ៍ស្រស់ស្រាយ។ រីឯការជ្រើសរើសពណ៌ក៏ជារឿងសំខាន់ផងដែរ គួរជ្រើសយកពណ៌សឬពណ៌ស្រាលៗ ដោយជៀសវាងការស្លៀកពាក់ពណ៌ខ្មៅនិងពណ៌ដិតដែលអាចស្រូបយកនូវកម្ដៅព្រះអាទិត្យទ្វេដងនៅក្នុងការបំផ្លាញស្បែករបស់អ្នក។
- ចូរគេងអោយបានច្រើន៖ បើទោះបីជាអ្នកមានការរវល់ខ្លាំងប៉ុណ្ណាក៏ដោយកំឡុងពេលធ្វើដំណើរកំសាន្ត ដោយសារតែការធ្វើដំណើរ ការដើរទិញឥវ៉ាន់ ការជប់លៀង និងហេតុផលជាច្រើនផ្សេងទៀត ក៏អ្នកពុំគួរលះបង់នូវការសម្រាកឲ្យបានគ្រប់គ្រាន់នោះឡើយ ពីព្រោះថាការគេងមិនបានគ្រប់គ្រាន់នឹងបង្កជាបញ្ហាដល់សុខភាពរាងកាយក៏ដូចជាសម្ផស្សរបស់អ្នកផងដែរ៕

Article by NOU SOPHON & LENG CHANREASEY