×

​ក្លិន​ឈ្ងុយឈ្ងប់​ពី​ទៀន​ក្រអូប​​ផលិត​ពី​សណ្ដែក​សៀង​បង្កើន​អារម្មណ៍​ស្រស់ស្រាយ​

NEWS 5 years ago
 
 

​          ទៀន​ ​គឺជា​គ្រឿង​អុជ​បំភ្លឺ​ពន្លឺ​សិប្បនិម្មិត​ធ្វើឡើង​ពី​ក្រមួន​ឬ​ខ្លាញ់​មាន​អំបោះ​ជា​ប្រឆេះ​ ​ដែល​ជាទូទៅ​គេ​តែង​ប្រើ​សម្រាប់​អុជ​យក​ពន្លឺ​ជា​សក្ការបូជា​ឬ​ប្រើ​បំភ្លឺ​អុជ​តាមធម្មតា​នៅពេល​ព្រះសុរិយា​ចាប់ផ្តើម​អស្តង្គត​ ​ខណៈ​បច្ចុប្បន្ន​មនុស្ស​ក្នុង​សម័យ​ទំនើប​បាន​កែខៃ​ច្នៃ​ទៀន​ឲ្យ​កាន់តែ​មាន​លក្ខណៈ​ពិសេស​តាមរយៈ​ការ​បន្ថែម​ពណ៌​ ​បន្ថែម​ក្លិន​ ​ចម្អិន​ចាក់​រំលេច​ចេញ​ជា​រូប​រាង​ប្លែក​ៗ​យក​ទៅ​ប្រើប្រាស់​អុជ​បំភ្លឺ​លម្អ​មិនថា​នៅក្នុង​បន្ទប់គេង​ ​បន្ទប់ទឹក​ ​ការិយាល័យ​ ​សណ្ឋាគារ​ ​ឬ​កន្លែង​ស្ប៉ា​ជាដើម​ ​ដើម្បី​បង្កើន​បរិយាកាស​ឲ្យ​កាន់​តែ​រ៉ូមែ​ន​ទិច​ ​និង​ទទួល​បាន​នូវ​អារម្មណ៍​ស្ងប់​សុខ​ស្រាក​ស្រាន្ត​មួយ​គ្រា​។​ ​ថែម​លើស​ពី​វិសេសភាព​ទាំងនេះ​ ​សិប្បកម្ម​ផលិត​ទៀន​ក្រអូប​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​ក្រោម​ស្លាកយីហោ​ ​ទៀន​ក្រអូប​ ​ដន​ ​សិន​ ​(​Dawn​ ​Scent​ ​Candle​)​ ​បាន​បង្កើត​ទៀន​ក្រអូប​មួយ​ប្រភេទ​ធ្វើឡើង​ពី​ធម្មជាតិ​សុទ្ធសាធ​ទាំង​ក្លិន​ ​ទាំង​ទៀន​សុទ្ធសឹង​គ្មាន​សារធាតុគីមី​ ​ពោល​គឺ​ចម្រាញ់​ចេញពី​ក្រមួន​សណ្តែកសៀង​ឬ​យើង​ហៅថា​ក្រមួន​បន្លែ​។​ ​

​          Dawn​ ​Scent​ ​Candle​ ​មាន​អត្ថន័យ​ផ្តោត​ទៅលើ​ពិដោរ​ទៀន​នា​ព្រឹកព្រហាម​ ​គឺជា​កន្លែង​លក់​ ​និង​កន្លែង​ផលិត​ទៀន​ក្រអូប​មួយ​ដែល​ទើបនឹង​បង្កើត​ឡើង​នៅ​កំឡុង​ពាក់កណ្តាល​ឆ្នាំ​ ​២០១៥​ ​ក្រោម​សង្វាក់​ផលិតកម្ម​ផលិត​របស់​សហគ្រិន​ជា​ស្ត្រី​វ័យក្មេង​មួយ​រូប​គឺ​ ​អ្នកនាង​ ​វ៉ា​ ​ចាចែង​ ​។​ ​មាន​ទីតាំង​អាជីវកម្ម​សិប្បកម្ម​ខ្នាត​តូច​ស្ថិតនៅ​ក្នុង​បុរី​សម្បូរ​មាស​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រាជធានី​ភ្នំពេញ​ ​ហាង​ទៀន​ក្រអូប​ ​ដន​ ​សិន​ ​បាន​ផ្តោត​ការផលិត​ ​និង​លក់​ទៀន​ក្រអូប​ធ្វើឡើង​ពី​ធម្មជាតិ​សុទ្ធសាធ​ដែល​រាល់​ទាន​ទាំងអស់​ចម្រាញ់​ចេញពី​ក្រមួន​សណ្តែកសៀង១០០​%​ ​(​មួយ​រយ​ភាគរយ​)​។​ ​ចុះ​តើ​អ្វីទៅ​ជា​ទៀន​ក្រមួន​សណ្តែកសៀង​?​ ​ហើយ​តើ​វា​មាន​លក្ខណៈ​ពិសេស​ខុសគ្នា​យ៉ាងដូច​ម្តេច​ពី​ទៀន​ទូទៅ​?​។​ ​ធ្វើដំណើរ​មក​ជំនួប​ស្ថាបនិក​ផ្ទាល់​នៅ​សិប្បកម្ម​ផ្ទាល់​ ​គ្រាន់តែ​បើកទ្វារ​បោះជំហាន​ចូល​ទៅ​ខាងក្នុង​ភ្លាម​ ​ពិដោរ​ទៀន​ក្រអូប​ស្រាល​ស្រទន់​ឈ្ងុយ​ដូចជា​ក្លិន​បុប្ផា​ព្រៃ​ម្យ៉ាង​បាន​លួងលោម​អារម្មណ៍​យើង​ឲ្យ​ទោរទន់​បន្ធូរបន្ថយ​ភាព​ហត់នឿយ​ពី​ការ​ធ្វើដំណើរ​មួយរំពេច​។​ ​ស្វាគមន៍​ដោយ​ស្ថាបនិកា​រូប​ស្រស់​ ​ជាមួយនឹង​ការ​លើក​បង្ហាញ​ទៀន​ពី​កែវ​មួយ​ទៅ​កែវ​មួយ​អម​នឹង​ក្លិន​ក្រ​អូ​ប​ប្លែក​ៗ​ពីគ្នា​ ​អ្នកនាង​ ​វ៉ា​ ​ចាចែង​ ​បាន​រៀបរាប់​ដូច្នេះ​ ​«​ទីនេះ​បាន​បង្កើត​ឡើង​ជាង៤ឆ្នាំ​ ​មក​ហើយ​ ​វា​ជា​ហាង​លក់​ផង​ ​និង​ជា​កន្លែង​ផលិត​ផង​ដែរ​។​ ​ផលិតផល​ទៀន​របស់​ ​ដន​ ​សិន​ ​គឺជា​ទៀន​ចម្រាញ់​ចេញពី​សណ្តែកសៀង​សុទ្ធ​ឬ​យើង​ហៅថា​ក្រមួន​បន្លែ​ ​វា​មានគុណ​ភាព​ខ្ពស់​គ្មាន​ផ្សែង​ ​មិន​ប្រឡាក់​ពិតាន​ ​អុជ​បាន​យូរ​ជាង​ទៀន​ធម្មតា​ ​ដែល​សំខាន់​ទោះ​ប្រើ​យ៉ាងណា​ក៏​មិន​ប៉ះពាល់​សុខភាព​ដូច​ទៀន​ក្រអូប​ដទៃ​នៅ​លើ​ទីផ្សារ​ឡើយ​»​។​ ​អ្នកនាង​បាន​បង្ហើប​អំពី​ដំណើរដើមទង​នៃ​ការបង្កើត​ទៀន​នេះ​ឡើង​ទៀត​ដែរ​ថា​ ​ដោយសារ​មាន​ទំនោរ​ចិត្តស្រឡាញ់​ទៀន​តាំងតែពី​ក្មេង​វ័យ​ ​គោលបំណង​ក៏ដូចជា​ក្តី​ស្រមៃ​នៃ​ការបង្កើត​ទាន​ត្រូវ​បាន​លេចជារូបរាងឡើង​នៅ​ខណៈ​ពេល​ដែល​សហគ្រិន​រូប​នេះ​រៀប​ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​បាន​រយៈពេល​ពីរ​ឆ្នាំ​។​ ​

​          ដោយ​ឃើញថា​ទាំង​ទៀន​ធម្មតា​ ​និង​ទាន​ក្រអូប​នៅ​លើ​ទីផ្សារ​ស្រុកខ្មែរ​ភាគច្រើន​ជា​ទៀន​ឥន្ធនៈ​ឬ​ទៀន​ចម្រាញ់​ចេញពី​ប្រេង​សេសសល់​ ​ហើយ​ទៀន​ខ្លះ​មាន​ដាក់​លាយ​សារធាតុគីមី​ក្រអូប​អាច​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ទៀត​នោះ​ ​អ្នកនាង​ ​ចាចែង​ ​បាន​ងាក​មក​សិក្សា​ស្វែងយល់​ពី​ទៀន​ក្រមួន​ធម្មជាតិ​ ​ហើយក៏​សម្រេចចិត្ត​នាំចូល​គ្រឿងផ្សំ​ធ្វើ​ទៀន​ក្រមួន​សណ្តែកសៀង​ពី​សហរដ្ឋអាមេរិក​មក​ផលិត​បង្កើត​ជា​ម៉ាក​របស់​ខ្លួន​តែម្តង​។​ ​រយៈពេល​តេ​ស្ត​ធ្វើ​ទៀន​ដំបូង​ ​អ្នកនាង​បាន​ជួប​នូវ​ផលវិបាក​ច្រើន​ ​ដូចជា​ការប្រើ​សីតុណ្ហភាព​កម្តៅ​ដាំ​ខុស​អង្សា​ដែល​ធ្វើឲ្យ​សាច់​ទៀន​ ​និង​ក្លិន​មិនល្អ​ ​ជួនកាល​ធ្វើខុស​ច្រើនដង​ត្រូវ​កុម្មង់​វត្ថុធាតុដើម​ច្រើន​លើក​ច្រើន​សារ​ពី​សហរដ្ឋអាមេរិក​រហូត​អូស​បន្លាយ​បាន​រយៈពេល៦ខែ​ទើប​ទទួល​បាន​សមិទ្ធផល​ជោគជ័យ​ទាំងស្រុង​។​ ​ការ​ធ្វើ​ទៀន​ត្រូវ​ចំណាយពេល​យ៉ាងហោចណាស់​កន្លះ​ថ្ងៃ​ដោយ​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​ដូចជា​ ​ស្លក្រមួន​រយៈពេល​ពីរ​ម៉ោង​ក្នុង​សីតុណ្ហភាព​ ​៩០អង្សា​ ​បន្ទាប់មក​ដាក់ប្រេង​ក្រអូប​យក​ក្លិន​ ​រួច​ចាក់​ចូល​កែវ​។​ ​វិធី​ធ្វើ​យើង​អាច​គិតថា​ស្រួល​ ​ប៉ុន្តែ​កម្តៅ​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការផលិត​ទៀន​ ​ដូច​អ្នកជំនាញ​បាន​ជម្រាប​ជូន​ខាងលើ​ប្រសិនបើ​ប្រើ​កម្តៅ​ខុស​ ​សូម្បីតែ​ក្លិន​ ​សាច់​ទៀន​ ​និង​ការ​យក​ទៅ​អុជ​ក៏​មិន​អំណោយផល​ល្អ​ផង​ដែរ​។​ ​ក្រឡេក​មួយភ្លែត​ទៀន​ក្រមួន​សណ្តែកសៀង​ ​និង​ទៀន​ឥន្ធនៈ​អាច​មាន​លក្ខណៈ​ស្ទើរតែ​ដូចគ្នា​ទាំងស្រុង​ ​ទោះ​យ៉ាងណា​យើង​នៅតែ​អាច​សម្គាល់​ជាក់លាក់​តាមរយៈ​ការសង្កេត​សាច់​ទៀន​សណ្តែកសៀង​ដែល​មាន​ពណ៌​ដើម​គឺ​ពណ៌ស​ទឹកដោះគោ​ ​សាច់​ទៀន​ខាប់​ហាប់​ល្មួត​ល្អ​ ​រី​ឯ​ទៀន​ឥន្ធនៈ​បើ​ទោះ​ដាក់​ក្លិន​ឬ​ពណ៌​យ៉ាងណា​ក៏​យើង​អាច​សម្គាល់​តាមរយៈ​សាច់​ទៀន​មើលទៅ​រាង​ផុស​ៗ​ថ្លា​ៗ​ ​និង​រលោង​។​ ​ទាំងនេះ​ជាហេតុ​ដែល​ ​សហគ្រិន​វ័យ៣០ឆ្នាំ​សម្រេចចិត្ត​ជ្រើសរើស​ផលិត​ទៀន​មានគុណ​ភាព​ខ្ពស់​មិន​ប៉ះពាល់​សុខភាព​ ​ដោយ​សុខចិត្ត​ជ្រើសរើស​ប្រើ​គ្រឿងផ្សំ​ពីក្រៅ​ប្រទេស​ដ្បិត​ត្រូវ​ចាយ​ទុន​លើ​ការនាំចូល​ច្រើនយ៉ាង​ណា​ក្តី​។​ ​

​          បច្ចុប្បន្ន​ ​ដន​ ​សិន​ ​បាន​ផលិត​ទៀន​ក្រមួន​សណ្តែកសៀង​មាន​រហូតដល់​ទៅ​ ​២៩​ ​ក្លិន​ ​ចំណែក​ក្លិន​កំពុងពេញនិយម​ជាងគេ​ពីសំណាក់​អតិថិជន​មាន​ដូចជា​ ​ក្លិន​ស្លឹកគ្រៃ​ ​ក្លិន​លំអង​ទឹកឃ្មុំ​ ​ក្លិន​ម្លិះ​ ​ក្លិន​ផ្កា​សាគូ​រ៉ា​ ​ក្លិន​ ​Red​ ​wine​ ​និង​ក្លិន​ឡា​វែ​នដ័រ​ជាដើម​។​ ​ច្រក​ក្នុង​កែវ៤ទំហំ​ ​ដូចជា​ទំហំ​ ​៤៥ក្រាម​ ​ដុត​បាន​រយៈពេល​ពី​ ​៨ទៅ១០ម៉ោង​ ​ទំហំ​ ​២០០ក្រាម​ ​ដុត​បាន​ពី​ ​៤០ទៅ​ ​៤៥ម៉ោង​ ​ទំហំ​ ​៤០០ក្រាម​ ​ដុត​បាន​ពី​ ​៨០​ ​ទៅ៩០​ ​ម៉ោង​ ​និង​ទំហំ​ ​៥០០ក្រាម​ ​ដុត​បាន​ពី​ ​១១០ទៅ១២០ម៉ោង​ ​អ្វី​ដែល​ពិសេស​ ​ទៀន​ក្រមួន​សណ្តែកសៀង​អាច​អុជ​បាន​យូរ​ជាង​ទៀន​ធម្មតា​រហូតដល់​ទៅ​បី​ឬ​បួន​ម៉ោង​ឯណោះ​។​ ​ជា​ការពិត​ ​គ្រាន់តែ​ចាប់កាន់​បើក​គម្រប​កែវ​ទៀន​មិនទាន់​បាន​អុជ​បំភ្លឺ​ផង​ ​ក្លិន​ទៀន​ហាក់​ឈ្ងុយ​ប្រហើរ​ចម្រុះ​ណាស់​ទៅ​ហើយ​ ​អ្វី​ដែល​គួរឲ្យ​ចាប់ចិត្ត​ចាប់អារម្មណ៍​ពេល​ស្រង់​ក្លិន​ពី​ទៀន​មួយ​ទៅ​ទៀន​មួយ​មិនថា​ក្លិន​បែប​ស្រាល​ឬ​ក្លិន​ខ្លាំង​កម្រិត​ណា​ក៏​វា​នៅតែ​បង្កប់​ក្លិន​បែប​ស្រទន់​ទន់ភ្លន់​គួរឲ្យ​ចង់​នែបនិត្យ​បំផុត​។​ ​ក្លិន​មានដល់​ទៅ​ជិត៣០ក្លិន​ ​ជាមួយគ្នា​នេះ​សូ​វរីន​ ​ក៏​ឆ្លៀត​ឲ្យ​អ្នកជំនាញ​ណែនាំ​អំពី​ក្លិន​ដែល​សក្តិ​សម​ប្រើប្រាស់​ទៅតាម​ទីកន្លែង​ក៏ដូចជា​បរិយាកាស​ផង​ដែរ​ ​ជាក់ស្តែង​ដូចជា​ក្លិន​ស្លឹកគ្រៃ​ ​និង​ឡា​វែ​នដ័រ​ ​មាន​ក្លិន​បែប​ប្រហើរ​ៗ​ជួយ​បន្ធូរបន្ថយ​អារម្មណ៍​តានតឹង​ ​និង​ភាព​ហត់នឿយ​ ​វា​សក្តិ​សម​បំផុត​សម្រាប់​ប្រើ​អុជ​នៅ​កន្លែង​ស្ប៉ា​ ​ចំណែក​ក្លិន​ម្លិះ​ក្លិន​សាគូ​រ៉ា​ ​ក្រអូប​បែប​ស្រាល​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​ប្រសាទ​ធ្វើឲ្យ​ខួរក្បាល​ស្ងប់​គេងលក់​ស្រួល​ ​សក្តិ​សម​ចំពោះ​ការអុជ​ក្នុង​បន្ទប់គេង​ឬ​ក្នុង​ផ្ទះ​ ​រី​ឯ​ងាក​មក​ក្លិន​ ​Red​ ​Wine​ ​វិញ​ ​ក្រអូប​បែប​ផ្អែមល្ហែម​ត្រូវ​នឹង​បរិយាកាស​បែ​បរ៉ូ​មែន​ទិច​បំផុត​ ​ជាពិសេស​ត្រូវចិត្ត​សម្រាប់​យុវវ័យ​។​ ​

​          យ៉ាងណាមិញ​ ​ដន​សិន​ ​ក៏បាន​គាំទ្រ​ទៅលើ​គម្រោង​ប្រើប្រាស់​ផលិតផល​ប្រើ​ឡើងវិញ​ផង​ដែរ​ ​ក្នុង​នោះ​ទៀតសោត​សំបក​ដប​ស្រា​ចម្រុះ​ពណ៌​ត្រូវ​បាន​យក​មក​កាត់​ច្នៃ​តុបតែង​រំលេច​ចេញ​ជា​កែវ​ទៀន​យ៉ាង​ប្រណីត​ឥត​ខ្ចោះ​ ​ដែល​ក្រៅពី​អុជ​បំភ្លឺ​បង្ហើរ​ក្លិនក្រអូប​សាយ​ជាមួយគ្នា​នេះ​វា​ក្លាយជា​វត្ថុ​ស្រស់​ស្អាត​មួយ​អាច​ដាក់​តាំង​លម្អ​បង្កើន​ភាព​ទាន់សម័យ​ដល់​គេហដ្ឋាន​ផង​ដែរ​។​ ​ទៀន​ក្រអូប​មានតម្លៃ​ចាប់ពី​ ​២.៥០ដុល្លារ​ ​រហូតដល់​ ​២៤.៥០ដុល្លារ​ ​អាស្រ័យ​ទៅតាម​ទំហំ​ក៏ដូចជា​ក្លិន​ផ្សេង​ៗ​ពីគ្នា​។​ ​អាច​និយាយ​បាន​ថា​ ​ដន​សិន​ ​គឺជា​កន្លែង​ផលិត​ទៀន​ក្រមួន​សណ្តែកសៀង​ដ៏​កម្រ​មួយ​នៅ​រាជធានី​ភ្នំពេញ​ ​ហើយ​នា​ពេល​ខាងមុខ​ ​ស្ថាបនិក​ទាន​ក្រអូប​ ​ដន​សិន​ ​ក៏បាន​បង្ហើប​ដែរ​ថា​នឹង​នាំ​យក​នូវ​ទៀន​ក្រអូប​ប្រភេទ​ថ្មី​មួយទៀត​ដែល​មាន​ក្លិនក្រអូប​ពិសេស​ខ្លាំង​ ​ជាមួយ​តម្លៃ​ ​និង​គុណភាព​ខ្ពស់​ ​សំខាន់​មិនធ្លាប់​មាននៅ​លើ​ទីផ្សារ​កម្ពុជា​ពីមុន​មក​ឡើយ​៕​ ​

Article by HEM SOKKHIM


SUGGESTIONS