មកទទួលយកអារម្មណ៍ស្រស់ស្រាយស្ងប់សុខផ្លូវកាយផ្លូវចិត្តជាមួយបទពិសោធន៍ក្បួនម៉ាស្សាបួនសាសន៍បញ្ចូលគ្នាមកពីប្រទេសឥណ្ឌូនេស៊ីនៅ សមថ ស្ប៉ា
NEWS 5 years agoសមថ គឺជាភាសាបាលីសង្ក្រឹតផ្តោតអត្ថន័យទៅលើសេចក្តីស្ងប់នៃចិត្តឬសមាធិធម៌ ដែលត្រូវបានជ្រើសរើសប្រសិទ្ធនាមកន្លែងស្ប៉ាដ៏ប្រណីតមួយដែលទើបនឹងបង្កើតឡើងទៅចំកណ្តាលទីក្រុងភ្នំពេញដែនដីរាជធានីនៃយើង។ តាំងខ្លួននៅលើបណ្តោយផ្លូវលេខ ២៧៨ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន ក្បែរទៅនឹងវិមានឯករាជ្យដែលជាទីតាំងអំណោយផលងាយស្រួលរក និងក្នុងទីប្រជុំជនស្រាប់ សមថ ស្ប៉ា បានបំផុសរូបរាងយ៉ាងទាន់សម័យជាអគារសកម្ពស់៥ជាន់ពណ៌ស លម្អសម្រស់ដោយរុក្ខជាតិខៀវខ្ចីអមនឹងសិល្បៈច្នៃប្រឌិតតុបតែងបែបសហសម័យគួរឲ្យចាប់ចិត្តជាទីបំផុត។
ធ្វើដំណើរឆ្ពោះមកដល់កន្លែងផ្ទាល់ ស្វាគមន៍ដោយបុគ្គលិកប្រកបដោយស្នាមញញឹម៣ទៅ៤នាក់ គ្រាន់តែបើកទ្វារបោះជំហានចូលទៅផ្នែកខាងក្នុងភ្លាម ក្លិនឈ្ងុយប្រហើរដូចជារុក្ខជាតិពពួកមើមឱសថបុរាណខ្មែរម្យ៉ាងលាយផ្សំនឹងបរិយាកាសដេគ័របែបបុរាណបន្តិចសម័យបន្តិចមានតាំងលម្អរូបចម្លាក់ និងសម្ភារប្រើប្រាស់បុរាណ សូម្បីតែលើជញ្ចាំង និងពិតាន ក៏បានច្បិចរំលេចនូវក្បាច់ចម្លាក់ពីប្រាង្គប្រាសាទអង្គរមករចនាគួរឱ្យចាប់អារម្មណ៍ ដែលធ្វើឲ្យគ្រាចូលមកដល់នេះហាក់ស្រឡះចិត្តស្បើយអារម្មណ៍ពីភាពហត់នឿយបន្ទាប់ពីការធ្វើដំណើរមួយរំពេច។ ជំនួបជាមួយនឹងស្ថាបនិក សមថ ស្ប៉ា អ្នកនាង ហ៊ុល ស្រីស្រស់ បានឲ្យដឹងថា «សមថ គឺជាកន្លែងស្ប៉ាតែមួយគត់ដែលផ្តល់នូវបទពិសោធន៍ម៉ាស្សាបែបខ្មែរលាបញ្ចូលចម្រុះក្បួនម៉ាស្សា៤ប្រទេសចូលគ្នាគឺ ខ្មែរ ឥណ្ឌា ឥណ្ឌូនេស៊ី និងម៉ូរ៉ូកូ ដែលក្បួននេះត្រូវបានបំបែកក្បាច់ដោយគ្រូម៉ាស្សាដ៏ល្បីឈ្មោះនៅកោះបាលីប្រទេសឥណ្ឌូនេស៊ី ឬអាចនិយាយបានថាជាក្បាច់ពិសេសថ្មីបង្កើតឡើងសម្រាប់ សមថ ផ្ទាល់ ហេតុដូច្នេះក្បាច់ម៉ាស្សានៅទីនេះគឺមានភាពប្លែកគេ និងមានតែមួយគត់ផងដែរ»។ ជាមួយនឹងជម្រើសសេវាកម្មម៉ាស្សារហូតដល់ទៅជាង ៤០មុខ ស្ថាបនិករូបនេះបានបន្ថែមទៀតថា បុគ្គលិកជំនាញរមែងផ្តល់ការប្រឹក្សាសម្រាប់ការជ្រើសរើសសេវាកម្មណាមួយដោយផ្អែកលើបញ្ហាដែលអតិថិជនកំពុងតែមាន ឧទាហរណ៍ជាក់ស្តែង ដូចជាសេវាកម្ម Stress Reliever ស័ក្តិសមបំផុតចំពោះអ្នកធ្វើការមុខកុំព្យូទ័រច្រើនម៉ោង ចំណែកអ្នកលេងកីឡាអាចសាកល្បងសម្រួលសាច់ដុំជាមួយសេវាកម្ម Lomi-Lomi ខណៈអ្នកចូលចិត្តដៃធ្ងន់នឹងអាចត្រូវចិត្តជាមួយសេវាកម្មខ្មែរម៉ាស្សា ឬក៏អ្នកគ្រាន់តែចង់ផ្តល់ឲ្យរាងកាយសម្រាកស្រួលខ្លួនអាចសាកល្បងជាមួយសេវាកម្ម Aroma Therapyជាដើម។ លើសពីនេះ សមថ ស្ប៉ា ក៏មានផ្តល់សេវាកម្មជាកញ្ចប់ជាមួយនឹងតម្លៃសមរម្យផងដែរ។
យ៉ាងណាមិញ បំណាច់នឹងមកដល់ហើយដើម្បីជ្រាបកាន់តែច្បាស់យើងក៏បានសាកល្បងជ្រើសរើសទទួលនូវសេវាកម្ម Stress Reliever ផងដែរ។ ឃើញថាមុនពេលឆ្ពោះទៅដល់បន្ទប់ម៉ាស្សាបុគ្គលិកបានណែនាំនូវជម្រើសប្រេងម៉ាស្សាចំនួនប្រាំប្រភេទក្នុងនោះ មានប្រេងចំប៉ី ប្រេងស្លឹកគ្រៃ ប្រេងឡាវែនឌ័រ ប្រេងដូង និងប្រេងផ្កាកុឡាប បើតាមការឲ្យដឹងពីអ្នកនាង ហ៊ុល ស្រីស្រស់ ប្រេងទាំងនេះគឺនាំចូលពីប្រទេសថៃមានគុណភាពខ្ពស់ចម្រាញ់ចេញពីធម្មជាតិសុទ្ធ ១០០ភាគរយ ហើយអ្វីដែលពិសេសលើសនេះទៀតនោះ មុនពេលឆ្ពោះឡើងទៅបន្ទប់ម៉ាស្សាមានផ្តល់ជូនការសម្អាតជើងជម្រះកោសិកាចាស់ៗជាមួយអំបិល គល់ស្លឹកគ្រៃ ក្រូចឆ្មារ និងស្លឹកក្រូចសើចលាងជាមួយទឹកក្តៅឧណ្ហៗបម្រើយ៉ាងយកចិត្តទុកដាក់ថ្នាក់ថ្នមក្រោមថ្វៃដៃបុគ្គលិកប្រកបដោយវិជ្ជាជីវ។ នៅជាន់ខាងលើ បន្ទប់ម៉ាស្សាមានដល់ទៅ ៤ជាន់ និង ១៥បន្ទាប់ ដោយជាន់នីមួយៗមានបន្ទប់ Sweet គ្រែគូចំនួន ពីរ និងបន្ទាប់ standard គ្រែ១ចំនួនពីរ ដែលផ្តល់នូវភាពងាយស្រួលសម្រាប់អ្នកចង់ម៉ាស្សាជាលក្ខណៈគូក៏បាន គ្រួសារក៏បាន ឬឯកជនក៏បាន។ ពីមួយបន្ទប់ទៅមួយបន្ទប់មានការរៀបចំដេគ័រយ៉ាងប្រណីតលម្អិតតាំងពីឥតការ៉ូរហូតដល់សម្ភារប្រើប្រាស់ និងគ្រឿងលម្អសមសួនស៊ីគ្នានឹងបរិយាកាសឥតខ្ចោះ ឬបើនិយាយឲ្យចំការរៀបចំបន្ទប់មិនឲ្យចាញ់សណ្ឋាគារលំដាប់ផ្កាយឡើយ។ ដោយឡែកសម្រាប់កន្សែងប្រើប្រាស់ សមថ បានជ្រើសរើសកន្សែងប្រភេទធ្វើពីកប្បាសរបស់ប៉ាគីស្ថានដែលជាកប្បាសដែលមានគុណភាពខ្ពស់ ក៏ព្រោះតែដណ្តប់ឆាប់ផ្តល់ភាពកក់ក្តៅ ហើយបើដណ្តប់យូរក៏មិនធ្វើឲ្យហប់ខ្យល់ផងដែរ។
ខណៈពេលម៉ាស្សាអ្នកជំនាញ សមថយកចិត្តទុកដាក់ប្រើក្បាច់ម៉ាស្សាយ៉ាងល្អិតល្អិន ពិសេសផ្លាស់ប្តូរពីផ្នែកមួយទៅផ្នែកមួយនៃដងខ្លួនអ្នកជំនាញហាក់ដឹងច្បាស់គ្រប់ជ្រុងជ្រោយនៃចំណុចដែលកំពុងមានបញ្ហា ដោយធ្វើចលនាប្រើដៃឈ្លីរឹតបន្តិចម្តងៗរហូតភាពចុករោយទាំងប៉ុន្មានរសាយគ្មានសល់។ គេងម៉ាស្សានៅក្នុងបន្ទប់ដ៏មានផាសុកភាពអមនឹងទិដ្ឋភាពពន្លឺភ្លើងដ៏ស្រទន់លាយឡំនឹងសំឡេងតន្ត្រីកំដរអារម្មណ៍បន្លឺឡើងរហឹមៗហាក់ធ្វើឲ្យការម៉ាស្សាប្រៀបបានកំពុងសម្រាន្តយ៉ាងសុខស្រួលនៅទីស្ថានព្រៃប្រឹកក្សាណាមួយដ៏សែនមនោរម្យ។ ភ្លេចៗខ្លួនមួយម៉ោងកន្លះការម៉ាស្សាក៏ត្រូវបានបញ្ចប់ ដោយយើងមិនត្រឹមតែទទួលបានមកវិញនូវបទពិសោធន៍ម៉ាស្សាស្រួលខ្លួនតាមក្បួនបែបប្លែកនោះទេ ថែមទាំងបានព្យាបាលអារម្មណ៍តានតឹងតប់ប្រមល់ទាំងប៉ុន្មានឲ្យធូរស្បើយស្រាកស្រាន្តមួយគ្រាផងដែរ។ នេះគឺជាបទពិសោធន៍ស្ប៉ាប្លែកថ្មីមួយដែលមានតែមួយគត់នៅ សមថ ស្ប៉ា ដូច្នេះមិនថាអ្នករវល់នឹងការងារច្រើនប៉ុណ្ណា យ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍អ្នកក៏គួរតែឆ្លៀតពេលផ្តល់ពេលវេលាដល់ខ្លួនឯងមកបន្ធូរអារម្មណ៍បង្កើនស្មារតី និងផ្តល់សេក្តីសុខដល់ខ្លួនតាមរយៈទទួលយកសេវាកម្មម៉ាស្សាដូចដែលសូវរីនទើបទទួលបានបទពិសោធន៍នេះ។ សមថស្ប៉ាបើកបម្រើរៀងរាល់ថ្ងៃចាប់ពីម៉ោង ១០ព្រឹករហូតដល់ម៉ោង ១១យប់ និងមានកម្មវិធីបញ្ចុះតម្លៃ ៣០ភាគរយចាប់ពីម៉ោង ១០ព្រឹករហូតដល់ម៉ោង ២រសៀល៕
Article by HEM SOKKHIM