រៀម មុនីស៊ីឡុង មិនខ្វល់ពាក្យគេហៅ “មនុស្សសំរាម” តស៊ូរហូតក្លាយជាសិល្បករច្នៃសំរាមអាជីព
NEWS 4 years agoមនុស្សគ្រប់គ្នាសុទ្ធតែចង់រស់នៅក្នុងបរិស្ថានស្អាត ហើយអះអាងថាស្រឡាញ់បរិស្ថាន ប៉ុន្តែកម្រមានអ្នកណាដែលសុខចិត្តប្រឡាក់ប្រឡូកខ្លួនប្រាណនឹងសំរាមណាស់ដើម្បីជួយសង្រ្គោះបរិស្ថានភពផែនដីនេះណាស់។ ទោះបីជាយុវជនសព្វថ្ងៃជាច្រើនស្ម័គ្រចិត្តដើររើសសំរាមក្នុងន័យស្នេហាបរិស្ថាន ពួកគេមិនបានចំណាយពេលរើសសំរាមនៅតាមទីសាធារណៈជាប្រចាំនោះទេ លើកលែងតែក្នុងទិវាឬព្រឹត្តិការណ៍បរិស្ថានណាមួយប៉ុណ្ណោះ។ ដោយឡែក បុរសវ័យជាង៣០ឆ្នាំម្នាក់ ដែលកំពុងរស់នៅខេត្តសៀមរាប និងមានប្រវត្តិរងគ្រោះដោយសារផ្សែងសំរាមជាក់ស្តែងបានបូជាពេលវេលាផ្ទាល់ខ្លួនប្រមូលសំរាមកាកសំណល់ចម្រុះប្រភេទក្នុងតំបន់ដែលគាត់រស់នៅដើម្បីឲ្យពិភពលោកស្រស់ស្អាតជាងមុន ព្រមទាំងចូលរួមចំណែកលើកស្ទួយការងារសិល្បៈកែច្នៃនៅស្រុកខ្មែរឲ្យមានតម្លៃដូចនៅបរទេស។
លោក រៀម មុនីស៊ីឡុង ជាប់មមាញឹកនឹងការតាំងពិព័រណ៍វត្ថុសិល្បៈកែច្នៃរបស់លោកនៅក្នុងកម្មវិធីពិព័រណ៍មួយដែលមានឈ្មោះថា “ព្រះរាមផ្លែងសរ” នៅទីតាំងបរិវេណបណ្ណាល័យជាតិ រាជធានីភ្នំពេញ កាលពីពាក់កណ្តាលខែវិច្ឆិកាកន្លងទៅថ្មីៗនេះ។ លោកបានប្រាប់សូវរីនអំពីមូលហេតុដែលជំរុញឲ្យលោកផ្តោតសំខាន់លើការងារកែច្នៃសំរាមនេះថា ដំបូងឡើយ លោកជាអតីតវិចិត្រករគំនូរតាមវត្តអារាមមួយរូបនៅខេត្តសៀមរាប ប៉ុន្តែជាអកុសល ថ្ងៃមួយលោកបានជួបគ្រោះថ្នាក់ឧបទ្ទវហេតុមួយដែលធ្វើឲ្យលោកធ្លាក់ខ្លួនពិការម្រាមដៃមិនអាចចាប់អាជីពជាជាងគំនូរដូចមុនទៀតបាន។ បន្ទាប់ពីគ្រោះថ្នាក់នោះមក ក្នុងឆ្នាំ២០០៩ លោកបានចូលធ្វើការងារស្ម័គ្រចិត្តក្នុងអង្គការមួយឈ្មោះ “អង្គការខ្មែរជីវិតឯករាជ្យ” ក្នុងជំនាញឯកទេសកែច្នៃ។ លោកបន្តការងារនៅទីនោះរហូតដល់ឆ្នាំ២០១៤។
ក្រោយមក លោកបានវិលត្រឡប់ទៅប្រកបរបរកសិកម្មមួយរយៈវិញ ដោយសារតែកត្តាទីផ្សារ។ ក្នុងអំឡុងពេលនោះហើយដែលលោកធ្លាប់បានពុលផ្សែងសំរាមដែលភរិយារបស់លោកបានដុតចោលនៅមុខផ្ទះ “ខ្ញុំគិតថាយើងដុតនៅលើដី វាឡើងជាតិអាស៊ីតនៅលើដី បំពុលបរិស្ថាន ហើយធ្វើឲ្យស្រទាប់អូហ្សូនកាន់តែក្តៅចុះមកលើភពផែនដី ” ។ ដោយសារតែមានផ្នត់គំនិតបែបនេះ លោកក៏បានសាកល្បងរើសយកស្លឹកឈើមកច្នៃជាក្រដាស ហើយក្រោយមកលោកក៏បានប្រមែប្រមូលវត្ថុកាកសំណល់ផ្សេងៗទៀតមកលាយបញ្ចូលគ្នា តួយ៉ាង កាកសំណល់ផ្ទះបាយ សំណល់សរីរាង្គ ថង់ប្លាស្ទិក និង បំពង់បឺត។
ដោយសារតែតម្រូវការកែច្នៃកាន់តែកើនឡើងជាលំដាប់ លោកត្រូវស្វែងរកកាកសំណល់ទាំងនេះនៅតាមទីផ្សារ ហើយក៏បានបង្កើតក្រុមក្មេងៗដើម្បីជួយប្រមូលឲ្យបានច្រើនទៅតាមតម្រូវការជាក់ស្តែង។ លោកបានអះអាងថា ក្នុងមួយថ្ងៃ ជាមធ្យម លោកបានប្រមូលកាកសំណល់បំពង់បឺតប្រមាណ៣-៤គីឡូក្រាម ប៉ុន្តែតម្រូវការនេះប្រែប្រួលអាស្រ័យលើការបញ្ជាទិញរបស់អតិថិជន។ នេះមានន័យថា បើអតិថិជនត្រូវការច្រើន កាកសំណល់សំរាមក៏ត្រូវប្រមូលកាន់តែច្រើនដែរ។ គួរបញ្ជាក់ផងដែរថា វត្ថុសិល្បៈដែលលោកផលិតនៅពេលកន្លងមករួមមាន ផ្ទាំងគំនូរកែច្នៃ រូបសត្វកែច្នៃដូចជា សត្វពីងពាង សត្វតុកកែ សត្វឃ្មុំ ផលិតផលសិប្បកម្មរពាក់ និង ពែងធ្វើពីប្ញស្សី ។ ផលិតផលទាំងនោះត្រូវបានដាក់តាំងលក់នៅផ្សារផលិតផលកម្ពុជា នៅខេត្តសៀមរាប (ខាងកើតមាត់ស្ទឹងសៀមរាប ជាប់រង្វង់មូលវត្តដំណាក់) និង នៅរាជធានីភ្នំពេញ (នៅហាង Backstreet Bar នៅទល់មុខសកលវិទ្យាល័យបៀលប្រាយ)។ អតិថិជនភាគច្រើនជាជនជាតិអឺរ៉ុប។
“ខ្ញុំតែងសួរខ្លួនឯងរាល់ថ្ងៃថា តើខ្ញុំធ្វើដើម្បីអ្វី? ដើម្បីអ្នកណា? ខ្ញុំធ្វើមិនមែនដើម្បីខ្លួនខ្ញុំ ខ្ញុំធ្វើជាសារសម្រាប់ក្មេងជំនាន់ក្រោយឲ្យយល់ដឹងពីការប្រើប្រាស់ប្លាស្ទិក សម្ភារដែលយើងបោះចោល។ យើងត្រូវកែច្នៃឲ្យអស់លទ្ធភាព” លោកបានបង្ហាញអំពីឆន្ទៈផ្ទាល់ខ្លួន។ ការកែច្នៃសំរាមមិនមែនជារឿងងាយស្រួលទេ ជាពិសេសគឺទាក់ទងនឹងការប្រមូលនិងសម្អាតវាមុនពេលកែច្នៃ។ ជាចុងក្រោយ លោកសង្ឃឹមថា នៅថ្ងៃអនាគត លោកអាចបង្កើតសារមន្ទីរកែច្នៃសំរាមនៅប្រទេសកម្ពុជាដើម្បីលើកស្ទួយសិល្បៈកែច្នៃ។ ទន្ទឹមនឹងនេះ លោកបានអំពាវនាវសូមឲ្យប្រជាពលរដ្ឋមេត្តាកុំបោះសំរាមពាសវាលពាសកាល និង ដុតសំរាមនៅពេលយប់ព្រោះវាធ្វើឲ្យជាតិពុលចេញខ្លាំង ខណៈដែលដើមឈើក៏បញ្ចេញឧស្ម័នកាបូនិចដូចគ្នា ជាហេតុបណ្តាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពមនុស្សយើង៕
Article by HENG CHANMAKARA