ភ្នំពេញ៖ នៅថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៥ល្ងាច នៅសារមន្ទីរខ្លែង ទល់មុខរដ្ឋសភា ជាប់នឹងអតីតសាលមហោស្រពទន្លេបាសាក់ មានការរៀបចំកម្មវិធីសម្ពោធន៍ផ្លូវការពិព័រណ៍សិល្បៈតម្បាញហូលពិតានខ្មែរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា និង វត្តមានចូលរួមពីសំណាក់មន្រ្តីរាជការក្រោមឱវាទក្រសួង សិប្បករតម្បាញពីតាមបណ្តាខេត្ត ព្រមទាំងសិស្ស និស្សិត ជាច្រើនទៀត។
លោក ឈឹម សុធី ប្រធាននាយកដ្ឋានសិល្បៈសូនរូបនិងសិប្បកម្ម នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងក្នុងឱកាសកម្មវិធីសម្ពោធន៍ជាផ្លូវការនោះថា កម្មវិធីពិព័រណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីលើកតម្កើងមត៌កវប្បធម៌អរូបីតម្បាញហូលពិតានខ្មែរយើងឲ្យគង់វង្សស្ថិតស្ថេរ “សិល្បៈតម្បាញពិតានខ្មែរកំពុងប្រឈមនឹងការបាត់បង់ ដោយសិល្បៈតម្បាញហូលនិងផាមួងទូទៅមានការរីកចម្រើន ប៉ុន្តែតម្បាញហូលពិតាននេះមានអ្នកតម្បាញតិចតួចបំផុត ហើយពួកគាត់កាន់តែចាស់ៗ ក្រុមគ្រួសាររបស់គាត់មួយចំនួនងាកទៅរកវិស័យរោងចក្រ វាយនភណ្ឌទំនើប […] ” ។
ក្នុងខណៈនោះដែរ លោកក៏បានរាយការណ៍អំពីកិច្ចការគាំពារអភិរក្សសិល្បៈតម្បាញហូលពិតានខ្មែរដោយនាយកដ្ឋានសិល្បៈសូនរូបនិងសិប្បកម្មថា សព្វថ្ងៃនេះនាយកដ្ឋានកំពុងផ្តោតខ្លាំងលើការអភិរក្សផងនិងការអភិវឌ្ឍផង។ ឈរលើស្មារតីនេះ នាយកដ្ឋានបានបង្កើតជាសាលាតម្កល់ផលិតផលសិល្បៈជាច្រើនប្រភេទ តួយ៉ាង ចម្លាក់ខ្មុក ចម្លាក់ស្បែក ជាដើម ទុកសម្រាប់ជាគំរូដល់អ្នកជំនាន់ក្រោយ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏លោកសំណូមពរដល់លោកជំទាវរដ្ឋមន្រ្តីឲ្យជួយផ្តល់ទីតាំងសារមន្ទីរខ្លែងទាំងមូលដែលជាអតីតសាលពិព័រណ៍សមិទ្ធផលសង្គមតាំងពីសម័យសម្តេចតា (ព្រះបរមរតនកោដ្ឋ) នេះធ្វើសាលពិព័រណ៍សិល្បៈដូចដើមវិញ ព្រោះបច្ចុប្បន្ន សារមន្ទីរខ្លែងនេះអាចប្រើប្រាស់បានតែមួយផ្នែកតែប៉ុណ្ណោះ។
ឆ្លើយតបនឹងរបាយការណ៍របស់ប្រធាននាយកដ្ឋានខាងលើ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានថ្លែងសុន្ទរកថាថា សិល្បៈតម្បាញហូលពិតានខ្មែរពិតជាមានលក្ខណៈពិសេសនិងមានបញ្ហាលំបាកជាងទម្រង់វប្បធម៌រូបីក្នុងការអភិរក្ស “ដូចយើងដឹងស្រាប់ហើយ វត្ថុសិល្បៈអរូបីនេះគឺងាយបាត់ណាស់! ប្រាសាទថ្មយើងអាចសល់ទុករាប់ពាន់ឆ្នាំ ប៉ុន្តែមនុស្សមិនអាចរស់រាប់ពាន់ឆ្នាំទេ ៧០-៨០ឆ្នាំ តែគាត់ស្លាប់ទៅ អត់មានអ្នកណាបន្ត គឺបាត់ហើយ ” ។ លោកជំទាវបានលើកទឹកចិត្តដល់មហាជនឲ្យបន្តជួយគាំទ្រជាវហូលពិតាននេះទៅប្រើប្រាស់តុបតែងគេហដ្ឋានតាមសម័យនិយមដើម្បីឲ្យអ្នកត្បាញមានលទ្ធភាពបានបន្តការងារតម្បាញបែបបុរាណនេះទៅមុខទៀត។ ទន្ទឹមនឹងនេះ លោកជំទាវសូមអំពាវនាវចំពោះយុវជនជំនាន់ក្រោយឲ្យក្រោកឡើងរួមគ្នារៀនសូត្រ ផ្តល់តម្លៃ និងផ្សព្វផ្សាយមត៌កសិប្បកម្មតម្បាញប្រភេទនេះកុំឲ្យបាត់បង់ក្នុងជំនាន់យើង “ឲ្យមានទឹកចិត្តស្រឡាញ់អ្វីដែលជារបស់ជាតិ! បើគ្មានព្រលឹងជាតិក្នុងខ្លួនទេ មនុស្សយើងមានតែសំបកទេ!”។
ដោយឡែក លោក ផេង សុផល ម្ចាស់ហាងលក់ផលិតផលតម្បាញសូត្រ “កីខ្មែរ” រាជធានីភ្នំពេញ បានបង្ហាញចំណាប់អារម្មណ៍ថា កម្មវិធីនេះនឹងជួយមហាជនទាំងឡាយឲ្យទទួលបាននូវចំណេះដឹងអំពីហូលពិតានខ្មែរ និង ផលិតផលទាក់ទងនឹងតម្បាញសូត្រ ដូចជា ល័ក្តខ្មែរធម្មជាតិ និង ឧបករណ៍តម្បាញបែបបុរាណ ជាដើម។ លោកបានចូលរួមរៀបចំជ្រើសរើសសម្រិតសម្រាំងផលិតផលហូលពិតានចំនួន៦ផ្ទាំងស្តីពីពុទ្ធប្បវត្តិ និង រូបសត្វលម្អផ្សេងៗដែលមានខ្នាតទំហំពី១ម៉ែត្រដល់៤ម៉ែត្រ និង ល័ក្តខ្មែរ ដើម្បីតាំងបង្ហាញឲ្យមហាជនបានទស្សនា។
តាមរយៈបទពិសោធន៍លក់នាពេលកន្លងមក លោកសង្កេតឃើញថា ប្រជាជនខ្មែរយើងងាកមកគាំទ្រផលិតផលសូត្រជ្រលក់ល័ក្តខ្មែរធម្មជាតិគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ប៉ុន្តែដោយឡែក ការគាំទ្រចំពោះហូលពិតាននៅមានកម្រិតទាបនៅឡើយ។ លោកសង្ឃឹមថា ក្រោយពីពិព័រណ៍នេះទៅ ប្រជាជនខ្មែរយើងនឹងមានការចាប់អារម្មណ៍ចំពោះហូលពិតាន ប៉ុន្តែត្រង់ថាវាជំរុញដល់ការលក់ដល់កម្រិតណានោះ លោកក៏ពុំទាន់ហ៊ានសន្និដ្ឋានដែរ៕
Article by SRIN SOKMEAN