បណ្តុំស្នាដៃនៃសិល្បករឆ្នើមបង្ហាញខ្លួនដ៏ត្រចង់នាហាងរចនាមួយកន្លែង
TRAVEL & LIVING 4 years agoស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៦០ (ភាគច្រើនស្គាល់ថាជាផ្លូវឡានទឹក) នឹងប្រទះឃើញថាប្លុកនេះពោរពេញទៅដោយភោជនីយដ្ឋាន ហាងលក់ទំនិញជាច្រើន តួយ៉ាង ប្រសិនបើយើងធ្វើដំណើរមកដល់ត្រង់ចំណុចហាងលក់សម្ភារប្រើប្រាស់មួយកន្លែងឈ្មោះថា «Mini Station» នឹងបានឃើញផ្លូវលំមួយក្បែរនោះ រួចបន្តធ្វើដំណើរតាមផ្លូវលំមួយក្បែរនោះ ប្រមាណជា៥នាទីនឹងប្រទះឃើញនូវស្លាកយីហោមួយនាស្តាំដៃឈ្មោះថា «ពិចិត្រ» ដែលកន្លែងនេះមានអតីតឈ្មោះ «កន្លែងខ្ញុំ» ជាមិនខាន។
«ពិចិត្រ» ជាហាងរចនា និងវិចិត្រសាលមួយនៃគំនិតច្នៃប្រតិដ្ឋប្រកបទៅដោយសោភ័ណភាពបានបង្ហាញវត្តមានដំបូងរបស់ខ្លួននាចុងខែកក្កដា ឆ្នាំ២០២០ ក្រោមការគ្រប់គ្រងនៃស្ថាបនិក កញ្ញា ម៉ឹង មេត្តា និងសហស្ថាបនិក លោក វុធ លីណូ។ តាមរយៈហាងរចនា និងវិចិត្រសាល «ពិចិត្រ» គេសង្កេតឃើញថាស្នាដៃសិល្បករជាច្រើនរូបត្រូវបានបង្ហាញនៅទីនេះ តួយ៉ាង ស្នាដៃរបស់សិល្បករខ្មែរដ៏មានប្រជាប្រិយភាពប្រមាណជាង ១០ រូប និងស្នាដៃសិល្បករបរទេសពីររូបមកពីខេត្ត ឈៀង ម៉ៃ នៃប្រទេសថៃផងដែរ។ ជាក់ស្តែង ប្រសិនបើតាមការលើកឡើងរបស់សហស្ថាបនិក «ពិចិត្រ» បានឲ្យដឹងផងដែរថា រាល់សម្ភារទាំងអស់សុទ្ធសឹងតែជាសម្ភារកែច្នៃដែលពុំមានផលប៉ះពាល់ដល់បរិស្ថានឡើយ តួយ៉ាង ទាំងការវេចខ្ជប់ ទាំងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ។ ទន្ទឹមនឹងនេះដែរ លោក លីណូ បានបញ្ជាក់ពីបរិវេណ «សម្រាប់ពិចិត្រត្រូវបានបែងចែកជាបរិវេណពីរផ្សេងគ្នា តួយ៉ាង បរិវេណខាងក្នុងជាវិចិត្រសាលដែលអាចឲ្យភ្ញៀវដែលមកទីនេះអាចជាវជាសម្ភារដែលគេពេញបានក្នុងតម្លៃសមរម្យ រីឯបរិវេណខាងក្រៅឯណេះវិញជាកន្លែងដែលអាចឲ្យភ្ញៀវអង្គុយពិភាក្សាគ្នាពីគម្រោងអ្វីមួយដូច្នេះដែរ។» ដូច្នេះ ភ្ញៀវដែលបានអញ្ជើញមកហាងរចនា «ពិចិត្រ» មិនត្រឹមតែជាវនូវវត្ថុអនុស្សាវរីយ៍ និងសមិទ្ធិផលនានាផលិតដោយដៃផ្ទាល់នោះទេ ក៏ប៉ុន្តែពួកគេក៏អាចជជែកកម្សាន្តគ្នាដោយសេរីផងដែរ។ យ៉ាងណាមិញ ក្រៅពីសម្ភារ វត្ថុអនុស្សាវរីយ៍នានាដែលជាសមិទ្ធិផលរបស់សិល្បករខ្មែរ និងបរទេស ប្រិយមិត្តក៏អាចស្វែងរកនូវម៉ូដសម្លៀកបំពាក់នានាដែលជាស្នាដៃរបស់អ្នកច្នៃម៉ូដខ្មែរ ផ្ទាំងគំនូរឌីជីថលដែលបង្ហាញពីអគារបេតិកភណ្ឌ និងប្រភេទសៀវភៅជាច្រើនផ្សេងទៀតបកស្រាយពីអត្ថន័យនៃផ្ទាំងគំនូរ ក៏ដូចជាប្រភេទសៀវភៅដែលបានផ្តល់ចំណេះដឹងទូទៅទាក់ទងនឹងរង្វង់សិល្បៈជាដើម។
ទន្ទឹមនឹងនេះផងដែរ សហស្ថាបនិក «ពិចិត្រ» បានលើកឡើងយ៉ាងដូច្នេះ «ថ្វីដ្បិតតែហាងរចនា និងវិចិត្រសាលស្ថិតក្នុងផ្លូវលំពិតមែន ប៉ុន្តែពិចិត្របានផ្តល់នូវបទពិសោធន៍ថ្មីមួយទៀតសម្រាប់អ្នកដែលមានបំណងមកទីនេះ ពោល អ្នកអាចទស្សនាពីការរស់នៅរបស់អ្នកស្រុក អ្នកភូមិ មុននឹងមកដល់ពិចិត្រ»៕
Article by PAN SIVLY
លោក វុធ លីណូ
កញ្ញា ម៉ឹង មេត្តា
Image Courtesy: META MOENG