JATI ចាប់ផ្ដើមដំណើរការបដិសណ្ឋារកិច្ចដ៏ល្អប្រណីតលើកោះឫស្សី ជិតបង្កើយនឹងឆ្នេរសមុទ្ររាម
TRAVEL & LIVING 2 weeks agoការលំហែកាយនៅលើឆ្នេរខ្សាច់ អមដោយសម្រស់ធម្មជាតិ និងមានតែសំឡេងទឹកសមុទ្រជាតន្ត្រីកំដរអារម្មណ៍ពិតជាស្រស់ស្រាយបំផុត ពិសេសបើគ្មានការរំខានពីភាពអ៊ូអរនៃជីវភាពទីក្រុងនិងមនុស្សម្នា។ គោលដៅវិស្សមកាលថ្មីស្រឡាងមួយទៀតដែលប្រិយមិត្តមិនគួររំលង នោះគឺ JATI Koh Russey ដែលជារីស្សតទើបនឹងបើកដំណើរការថ្មីដើមខែមេសា ឆ្នាំ២០២៥នេះ ហើយផ្ដល់នូវសេវាកម្មឥតខ្ចោះសម្រាប់ប្រិយមិត្តដែលចូលចិត្តភាពស្ងប់ស្ងាត់ ជាមួយសម្រស់ធម្មជាតិនៃដែនកោះសមុទ្រកម្ពុជា។
កោះឫស្សី មានចម្ងាយត្រឹមតែ១០នាទីប៉ុណ្ណោះពីផែរបស់ JATI នៅឯឆ្នេរសមុទ្ររាម តាមរយៈកាណូតលឿន។ ពិសេសសម្រាប់អ្នកពុលរលក គឺលែងជាកង្វល់ហើយ តែមួយប្រឹបទៅដល់កោះតែម្ដង។ JATI ត្រូវបានបង្កើតជាទម្រង់រីស្សតបែបឯកជន ដែលរាល់បន្ទប់ស្នាក់នៅបានរៀបចំឡើងជាកូនវីឡាដាច់ដោយឡែកពីគ្នា រក្សាបាននូវឯកជនភាពសម្រាប់ភ្ញៀវគ្រប់ៗបន្ទប់។ ចំនួនវីឡាសរុប ៨២វីឡា ដោយរួមមានប្រភេទវីឡាជាប់សួនច្បារ និងវីឡាមុខឆ្នេរជាដើម។ ចាប់ពីកំពង់ផែឡើងកាណូតរហូតដល់លើកោះ គឺយើងទទួលបានការរាក់ទាក់ និងស្នាមញញឹមមិនដាច់ពីសំណាក់បុគ្គលិកគ្រប់រូប ធ្វើឲ្យយើងមានអារម្មណ៍កក់ក្ដៅនិងសោមនស្សជានិច្ច។
JATI ដើម្បីរំលេចអត្ដសញ្ញាណជាតិ បានរចនាឡើងរួមបញ្ចូលជាមួយនឹងដើមឫស្សីមកច្នៃ ព្រមជាមួយនឹងការរចនាបែបខ្មែរយ៉ាងប្រណីតឲ្យសមជាឈ្មោះរីស្សតនៅកោះឫស្សីបែបសាមញ្ញតែប្រណីត។ វីឡាមានទំហំទូលាយ មានម៉ូដប្រក់ស្បូវ កន្ទេសជំនួសព្រំ ក្នុងបន្ទប់មានលាយសារធាតុឈើ ឫស្សី និងរុក្ខជាតិបៃតង បានបង្កឲ្យការស្នាក់នៅរឹតមានភាពស្រស់ស្រាយ ខណៈដែលមានសួនច្បារខៀវស្រងាត់ឡោមព័ទ្ធជុំវិញវីឡា។ ចំណែកវីឡានៅមុខឆ្នេរ ក៏បានរៀបចំមានអាងហែលទឹកឯកជនមួយទៀត ដែលអាចឲ្យយើងហែលបណ្ដើរ គយគន់ទេសភាពមាន់សមុទ្របណ្ដើរ។ រឹតតែពិសេសទៀតនោះ គឺបន្ទប់ទឹករចនាឡើងយ៉ាងធំទូលាយ ភ្ជាប់ជាមួយនឹងWalking Closet(បន្ទប់ដាក់ខោអាវ) ដោយបរិវេណនេះហ៊ុមព័ទ្ធទៅដោយកញ្ចក់ដែលមើលឃើញដំណាំរុក្ខជាតិបែបត្រូពិកយ៉ាងស្រស់ត្រកាល វាពិតជាបង្កើនអារម្មណ៍ស្រស់ស្រាយបំផុតរាល់ពេលយើងចូលម្ដងៗ។ ក្នុងវីឡានីមួយៗសុទ្ធតែបំពាក់ម៉ាស៊ីនត្រជាក់គ្រប់បរិវេណបន្ទប់ទាំងអស់ យើងអាចបន្ថែមបន្ថយសីតុណ្ហភាពតាមតម្រូវការរៀងៗខ្លួនក្នុងពេលតែមួយ។ គ្រែគេងមានទំហំធំទូលាយ ជាមួយនឹងពូកទន់មានផាសុកភាពបំផុត គឺថាអស់មានភាពនឿយហត់ និងមានតែសុបិនល្អ។
ប្រាកដណាស់ ក្រៅពីទីស្នាក់នៅដែលមានស្ដង់ដារខ្ពស់ JATI ក៏មានរៀបចំហេដ្ឋារចនាសម្ព័ន្ធជាច្រើនសម្រាប់បម្រើតម្រូវការរបស់ភ្ញៀវទាំងអស់ រួមមានភោជនីយដ្ឋាន ARUN, ភោជនីយដ្ឋាននិងបារ The Beach Club, ភោជនីយដ្ឋាន Koko Steak House, ហាងស្រា Le Manolis និងមានបារក្រោមម្លប់ដើមពោធិ័ Banyan Bar ដែលនឹងរួចរាល់ឆាប់ៗខាងមុខនេះ។ ក្រៅពីនេះ យើងអាចមានសកម្មភាពកម្សាន្ដជាច្រើនរៀងរាល់ថ្ងៃតាមកាលវិភាគដែលបានរៀបចំដោយរីស្សត ក្រុមការងារខាងរីស្សតនឹងបញ្ចាក់បន្ថែម។ ជាក់ស្ដែង យើងបានចូលរួមការធ្វើលំហាត់ប្រាណយោហ្គាពេលថ្ងៃរះ(Sunrise Yoga) បន្ថូរភាពតានតឹង និងវគ្គរៀនធ្វើម្ហូប (Cooking Class)ជាដើម។ យើងបានជួបជាមួយនឹងមេចុងភៅផ្ទាល់ មកបង្ហាត់បង្ហាញពីការធ្វើមុខម្ហូប២មុខ គឺភ្លាម្រះសាច់ត្រីឆ្ពុង និងម្ជូរខ្ទិះបង្គា។
ក្រៅពីសម្រាកលំហែអាំងថ្ងៃ យើងក៏អាចហែលទឹកនៅអាងធំទល់មុខមាត់សមុទ្រ នៅមានកន្លែងម៉ាស្សា ស្ប៉ា និងកន្លែងហាត់ប្រាណយ៉ាងប្រណីត តារាងបាល់ទះលើឆ្នេរ ព្រមទាំងតារាងលេងកីឡានានាដូចជាវាយសី វាយកូនបាល់(Pickle Ball) វាយតេនីស បាល់បោះ វាយកូនហ្គោល(Mini Golf) បោះប៉ូល(Petong)។ល។ ពិសេសការវាយកូនបាល់ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវ។ក្រៅពីកីឡាទាំងនេះ យើងក៏អាចជិះកង់លេងជុំវិញរីស្សតគយគន់ទេសភាព ជិះកង់ក្នុងព្រៃ(Jungle Track Cycling) ដើរព្រៃ(Jungle Trekking)។ ឯអ្នកចូលចិត្តលេងទឹកវិញ អាចកម្សាន្តលើសមុទ្រដូចជាអុំកាយ៉ាក ជិះក្ដារបណ្ដែត(SUP)។ល។ លើសពីនេះទៅទៀត យើងក៏អាចជួលទូកកាណូតដើរលេងកោះ (Island Hopping) ឬជួលទូកនេសាទជិះស្ទូចត្រីលេងក៏បាន ឬក៏អាចមើលថ្ងៃលិចនៅលើមហាសាគរបែបរ៉ូមេនទិកជាមួយដៃគូថែមទៀត។
និយាយពីម្ហូបវិញ សុទ្ធតែមានឱជារសជាប់ចិត្ត និងស្រស់ៗបំផុត មិនថាម្ហូបខ្មែរ ម្ហូបបែបលោលខាងលិច សុទ្ធតែបំពេញតាមតម្រូវការគ្រប់ភ្ញៀវជាតិសាសន៍។ អាហារពេលព្រឹកនៅភោជនីយដ្ឋានARUN គឺថាសម្បូរបែបណាស់ទាំងបែបខ្មែរ និងបរទេស ពេលខ្លះមានរៀបជាប៉ូហ្វេ ឬបើភ្ញៀវតិច យើងអាចកុម្ម៉ង់ភ្លាមៗតាមមុខម្ហូបយើងពេញចិត្ត ដោយទំហំមិនធំពេកទេ អ៊ីចឹងយើងអាចនាំគ្នាកុម្ម៉ង់ច្រើនមុខដើម្បីភ្លក្សបាន។ យើងក៏អាចទទួលទានម្ហូបច្នៃពីគ្រឿងសមុទ្រស្រស់ៗនៅឯឆ្នេរ ស្រូបខ្យល់ជំនោរសមុទ្រ ឬរៀបចំទទួលទាននៅក្នុងបន្ទប់កញ្ចក់ ញ៉ាំបណ្ដើរមើលទេសភាពបណ្ដើរក៏បាន នៅឯ The Beach Club។ បើចង់អាហារបែបរ៉ូមេនទិកជាមួយដៃគូ អាចសាកសាច់គោស្តេក នៅ Koko Steak House ហើយក្រេបស្រាជាប់នោះនៅហាងលាក់ខ្លួនឈ្មោះថា Le Manolis។ ប្រាកដណាស់ បើចង់ទទួលទានបែបឯកជននៅឯវីឡា ក៏មិនមែនជាបញ្ហាឡើយ កុម្ម៉ង់បានចាប់ពីម៉ោង ០៧:០០ – ២២:០០ (បញ្ជាទិញចុងក្រោយ ម៉ោង ២១:៤៥)។
ទាក់ទងកក់ឥឡូវនេះដើម្បីទទួលបានការបញ្ចុះតម្លៃលើគ្រប់ប្រភេទវីឡា ហើយថែមទាំងអាចមានឱកាសទទួលបានអត្ថប្រយោជន៍ពិសេសជាច្រើនទៀត៕
Article by LENG CHANREASEY